Sunday 26 March 2023

ជនជាតិ​ដើម​​កួយ​រស់​នៅ​តំបន់​រ៉ែ​មាស​ខេត្ត​ព្រះវិហារ ចង់​ឃើញ​រដ្ឋ​គ្រប់គ្រង​ធនធាន​រ៉ែ​មាស​បាន​ល្អ និង​មាន​តម្លាភាព


ដោយ ទីន ហ្សាការីយ៉ា
2023.03.25
ជនជាតិ​ដើម​​កួយ​រស់​នៅ​តំបន់​រ៉ែ​មាស​ខេត្ត​ព្រះវិហារ ចង់​ឃើញ​រដ្ឋ​គ្រប់គ្រង​ធនធាន​រ៉ែ​មាស​បាន​ល្អ និង​មាន​តម្លាភាព 

ទីតាំង​អាជីវកម្ម​រ៉ែ​មាស នៅ​តំបន់​ភ្នំលុង ឃុំ​រមទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៧។
Photo courtesy of Mother Nature

 

អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ជាច្រើន​កន្លែង បែប​អនាធិបតេយ្យ​នៅ​តំបន់​ភ្នំ​លុង ខេត្ត​ព្រះវិហារ នៅ​តែ​ជា​បញ្ហា​ប្រឈម​ដដែលៗ ដែល​រដ្ឋាភិបាល​គ្មាន​យន្តការ​គ្រប់គ្រង​ឱ្យ​មាន​តម្លាភាព​នៅ​ឡើយ​ទេ។ ពលរដ្ឋ​សោកស្តាយ ពី​ការបាត់បង់​ធនធាន​រ៉ែ​មាស​ដ៏​មានតម្លៃ​ទាំងនេះ ដែល​រដ្ឋាភិបាល​ហាក់​មើល​រំលង ហើយ​បន្ត​ធ្វេសប្រហែស​ជាច្រើន​ឆ្នាំ​មក​ហើយ នាំ​ឱ្យ​ខាតបង់​ប្រាក់​ចំណូល​ជាតិ និង​ដីធ្លី​ស្រែចម្ការ​របស់​ជនជាតិ​ដើម​ភាគតិច​ជាច្រើន​គ្រួសារ។

ជនជាតិ​ដើម​កួយ​ជាច្រើន​គ្រួសារ រស់នៅ​តំបន់​ភ្នំ​លុង ឃុំ​រមទម ស្រុក​រវៀង បន្ត​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល គិតគូរ​ឡើងវិញ​ពី​យន្តការ​គ្រប់គ្រង​ធនធាន​រ៉ែ​មាស​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ធ្វើ​យ៉ាងណា ទាញ​ប្រយោជន៍​ជា​ប្រាក់ចំណូល​ថវិកា​ជាតិ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ពលរដ្ឋ​ឱ្យ​ចប់​សព្វគ្រប់។

ពួកគាត់​សង្កេត​ឃើញ​ថា នៅ​រយៈពេល​ជាង ១០​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រោយ​ពី​មាន​វត្តមាន​ក្រុមហ៊ុន​ឌែលខម ខែមបូឌា (Delcom Cambodia) និង​ថៅកែ​បរទេស​ជាច្រើន​នាក់ បើក​ការដ្ឋាន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​នោះ ធ្វើ​ឱ្យ​អ្នកភូមិ​លំបាក​វេទនា​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​បាត់បង់​ធនធាន​ធម្មជាតិ​ប៉ុណ្ណោះ​ទេ ពលរដ្ឋ​ជាង ២០០​គ្រួសារ បាន​ក្លាយជា​ជនរងគ្រោះ​ដោយសារ​បាត់បង់​ដីធ្លី​កេរ​ឪពុកម្ដាយ។



ពលរដ្ឋ​រស់នៅ​តំបន់​ភ្នំលុង លោក ទុយ ឆេង ឱ្យ​ដឹង​នៅ​ថ្ងៃទី​២៤ មីនា ថា មក​ទល់​ពេល​នេះ មាន​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ចំនួន ៣​ទីតាំង​ធំៗ របស់​ថៅកែ​ជនជាតិ​វៀតណាម ឋិត​នៅ​ចំណុច ប្រឡាយ​ស្មាច់ ក្នុងភូមិ​ត្រពាំង​ទន្ទឹម​ឃុំ​រមទម ។ លើស​ពី​នេះ អាជីវកម្ម​រ៉ែ​មាស​ទាំងនេះ បាន​ប្រើ​រំសេវ​បំផ្ទុះ​ថ្ម និង​កម្លាំង​កម្មករ​ជាច្រើន​នាក់ ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ជាង ១០​ឆ្នាំ មក​ហើយ ដោយ​គ្មាន​អាជ្ញាធរ​ណា​រារាំង​នៅ​ឡើយ​ទេ។

លោក​ស៊ើប​ឲ្យ​ដឹង​ថា ទីតាំង​រ៉ែ​មាស​ខុសច្បាប់​ទាំង​នេះ មាន​ថៅកែ​ជនជាតិ​វៀតណាម ៣​នាក់ ដែល​គេ​ស្គាល់ឈ្មោះ​ហៅ​ក្រៅ​ថា ចេង ឈ្មោះ ជី និង​ឈ្មោះ កេង បាន​ឃុបឃិត​ជាមួយ អភិបាល​ស្រុក​រវៀង លោក ហោ ប៊ុនហួរ កាង​អាជីវកម្ម​ឱ្យ​ខ្លួន។

លោក​ថា ថៅកែ​ជនជាតិ​វៀតណាម​ទាំងនោះ បាន​ធ្វើ​អាជីវកម្ម​ដោយ​ជីក​រណ្តៅ​ធំៗ បង្ហូរ​កាក​សំណល់​គីមី​ចូល​ទឹកអូរ ប៉ះពាល់​គុណភាព​ទឹក ហើយ​កន្លង​ទៅ សត្វពាហនៈ​របស់​អ្នកភូមិ​ជាច្រើន​ក្បាល​ងាប់ ដោយសារ​ពុល​ទឹកអូរ។

    លោក ទុយ ឆេង៖ «ប៉ះពាល់​ខ្លាំង​ហ្នឹងហើយ ធនធានធម្មជាតិ​ក្នុង​ដី ហើយ​យក​អំណាច​អភិបាល​ស្រុក​ហ្នឹង​មក គំរាម​ប្រជាជន ចង់​ធ្វើ​ម៉េច​? តាម​អំពើ​ចិត្ត​វា បង់​ខែ​ក៏​បង់​ឱ្យ​អភិបាលស្រុក នៅពេល​ទទួល​បាន​ធនធាន​រ៉ែ គេ​មាន​ភាគហ៊ុន​នៅ​ហ្នឹង ក្នុង​មួយ​ក្រុមៗ​គេ ត្រូវ​ផ្តល់​ទៅ​អភិបាល​ស្រុក»។

មក​ទល់​ពេល​នេះ តំបន់​រំដេង នៅ​អែម​ជើងភ្នំ​លុង​បាន​ក្លាយ​ជាទី​តាំងធ្វើ​អាជីវកម្ម​រ៉ែ​មាស យ៉ាង​គគ្រឹកគគ្រេង​ជាង ១​ទសវត្សរ៍​មក​ហើយ ដោយ​មាន​ផ្នែក​ខ្លះ មាន​រណ្តៅ​ដី​ជាច្រើន​កន្លែង ដាច់​ដោយ​កង់ៗ ហើយ​តំបន់​ខ្លះទៀត ហ៊ុមព័ទ្ធ​របង​ជិត មិន​ឱ្យ​អ្នក​ខាងក្រៅ​ចេញ​ចូល។

អ្នក​ភូមិ​ថា ថៅកែ​ជនជាតិ​វៀតណាម ៣​នាក់ កំពុង​កាក់កប នឹង​មុខរបរ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយមាន​អភិបាលស្រុក​រវៀង កាង​ការពារ​។ រីឯ​អាជីវកម្ម​រ៉ែ​មាស របស់​ក្រុមហ៊ុន​ឌែលខម ខែមបូឌា និង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ទៀត នៅតែ​ធ្វើ​អាជីវកម្ម​មាស​នៅ​តំបន់​ភ្នំ​លុង​ទ្រង់ទ្រាយ​ធំ ដោយ​ហ៊ុមព័ទ្ធ​យក​ដី​នៅ​តំបន់​នោះ​មួយ​ផ្នែក​ធំ និង​មាន​សន្តិសុខ​យាមកាម​យ៉ាង​ប្រុងប្រយ័ត្ន​មិន​ឱ្យ​មនុស្ស​ប្លែក​មុខ​ចេញ​ចូល។

កន្លង​ទៅ ក្រសួង​រ៉ែ​ធ្លាប់​បកស្រាយ​ថា ក្រុមហ៊ុន​ឌែលខម កម្ពុជា ទើប​ចាប់ផ្តើម​សាកល្បង​ផលិត​មាស​នៅ​ដើម​ខែ​សីហា​ឆ្នាំ ២០២២ នៅ​តំបន់​ភ្នំ​លុង ដោយ​ផលិត​បាន​មាស ២០​គីឡូក្រាម​ហើយ។

តំណាង​ពលរដ្ឋ លោក ទុយ ឆេង បន្ថែម​ថា នៅ​គ្រា​ដែល​អាជ្ញាធរ​បើកដៃ​ឱ្យ​មាន​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់ ការ​ប្រើប្រាស់​សារជាតិ​គីមី​បំផ្ទុះ​ថ្ម ការ​ខូង​រណ្តៅ​ដី​មិន​ប្រក្រតី និង​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​លក្ខណៈ​បច្ចេកទេស​ច្បាស់លាស់ បង្ក​គ្រោះថ្នាក់​ដល់​បរិស្ថាន និង​ជីវិត​មនុស្ស។

លោក​ថា កន្លង​ទៅ មនុស្ស​យ៉ាង​ហោច​ណាស់​ជាង ១០​នាក់​បាន​ស្លាប់​ក្នុង​រណ្តៅ​រ៉ែ​មាស ហើយ​សត្វ​ពាហនៈ​អ្នកស្រុក រាប់​រយ​ក្បាល​ទៀត បាន​ងាប់​ជា​បន្ត​បន្ទាន់ នៅ​ពេល​ផឹកទឹក​អូរ​ដែល​គេ​បង្ហូរ​សារជាតិ​គីមី​ចូល។

លោក​អះអាង​ថា រដ្ឋាភិបាល​ខ្វះចន្លោះ​ច្រើន គ្រប់គ្រង​ធនធាន​រ៉ែ​មាស​នៅ​តំបន់​ភ្នំ​លុង​ជាច្រើន​ឆ្នាំ​មក​ហើយ ធ្វើ​ឱ្យ​ជនជាតិ​ដើម​ភាគតិច​រាប់​រយ​គ្រួសារ​មាន​បញ្ហា​ជាច្រើន ដោយសារ​ជម្លោះដីធ្លី និង​ការបាត់បង់​ទីកន្លែង​អាស្រ័យ​ផល​ធនធានធម្មជាតិ បែប​ប្រពៃណី។

    លោក ទុយ ឆេង៖ «លំបាក​យ៉ាងម៉េច​ក៏​គេ​ធ្វើ​បាន គេ​មាន​លុយ ពួក​អស់ហ្នឹង​តែ​បង់លុយ​គេ​ធ្វើ​ហើយ ដូច​តែ​គេ​ប្រគល់​អំណាច​ទៅ​ពួកវា​ហើយ បាន​ខ្ញុំ​ថា អំណាច​នៅ​លើ​ពួកវា»។

យុវជន​ម្នាក់​ដែល​បាន​ចុះ​ពិនិត្យ​ទីតាំង​រ៉ែ​មាស នៅ​តំបន់​ភ្នំ​លុង គឺ លោកស្រី ខេម ស្រីមុំ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អាជីវកម្ម​រ៉ែ​មាស​ជាច្រើន​កន្លែង​នៅ​តំបន់​នោះ ពុំ​បាន​ផ្តល់​ផល​ចម្រើន​ដល់​ប្រជា​សហគមន៍​មូលដ្ឋាន​នោះ​ឡើយ តែ​ផ្ទុយទៅវិញ ធ្វើ​ឱ្យ​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ជួប​ការ​លំបាក​ផ្នែក​ជីវភាព ដោយសារ​បាត់បង់​ដីស្រែ​បង្ក​បង្កើនផល។

លោកស្រី​ថា អាជ្ញាធរ​គ្មាន​ភាព​ច្បាស់លាស់​គ្រប់គ្រង​រ៉ែ​មាស ឱ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ​ទេ ខណៈ​ដែល​រណ្តៅ​ដី​រាប់​រយ​កន្លែង​ពាស​ពេញ​ដីស្រែ​ចម្ការ នៅ​តំបន់​ភ្នំ​លុង គឺជា​ស្នាម​រុករក​រ៉ែ​មាស បែប​អនាធិបតេយ្យ ប៉ះពាល់​បរិស្ថាន។

លោកស្រី​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ចាប់អារម្មណ៍​គ្រប់គ្រង​ធនធាន​រ៉ែ​មាស​ឡើងវិញ ចៀសវាង​បណ្តែតបណ្តោយ​ឱ្យ​រឿង​នេះ កើតឡើង​ដដែលៗ គ្មាន​ដំណោះស្រាយ។

    លោកស្រី ខេម ស្រីមុំ ៖ «គេ​បាញ់​ដូរ​គ្រហួង វា​បាក់​ដី ការ​គ្រប់គ្រង​អន់ បើ​នៅ​ក្រុមហ៊ុន​ធំៗ​ទៀត វា​អ៊ីចឹង​ទៀត ហានិភ័យ​ទៀត ពលរដ្ឋ​បាត់បង់​ដី​លួច​ប្លន់​វា​លើស​ដើម។ ឈឺក្បាល​ណាស់ ស្រុក​រវៀង​និយាយ​ទៅ»។

មុន​ពេល​មិន​ទាន់​មាន​វត្តមាន​ក្រុមហ៊ុន​ឯកជន​ចម្រាញ់​រ៉ែ​មាស និង​ទីតាំង​អាជីវកម្ម​រ៉ែ​ខុសច្បាប់​នៅ​តំបន់​ភ្នំ​លុង កាលពី​២០​ឆ្នាំមុន។ តំបន់​ភ្នំ​លុង​គឺជា​កន្លែង​ផ្តល់​សក្ដានុពល សម្រាប់​អ្នកភូមិ​រក​អនុផល​ព្រៃឈើ និង​រែង​រ៉ែ​មាស​លក្ខណៈ​សហគមន៍ ក៏​ប៉ុន្តែ​មក​ទល់​ពេលនេះ មុខរបរ​ទាំងនេះ បាន​បាត់បង់​ស្ទើរ​ទាំងស្រុង​ហើយ។

ចំណែក​អាជ្ញាធរ​មូលដ្ឋាន​តែងតែ​លម្អៀង​ខាង​ភាគី​ក្រុមហ៊ុន និង​ថៅកែ​ជនជាតិ​វៀតណាម គំរាម​ឱ្យ​ពលរដ្ឋ​លក់​ដី​ថោកៗ ហើយ​មាន​ពលរដ្ឋ​ខ្លះទៀត​ផ្លាស់ប្ដូរ​លំនៅឋាន ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​រ៉ែ លោក អ៊ឹង ឌីប៉ូឡា បាន​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃទី២៤ មីនា។

ក៏ប៉ុន្តែ​អ្នកនាំពាក្យ​រូប​នេះ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ខែ​សីហា ឆ្នាំ ២០២២ ដោយ​អះអាង​ថា ក្រសួង​រ៉ែ បាន​លុបបំបាត់​ស្ទើរតែ​ទាំងស្រុង​នូវ​អាជីវកម្ម​រ៉ែ​បែប​អនាធិបតេយ្យ​នានា​ទូទាំង​ប្រទេស ដើម្បី​ធានា​បាន​នូវ​សុខដុមរមនា​ដល់​ពលរដ្ឋ​រស់នៅ​តំបន់​រ៉ែ​មាស។

លោក​ថា ក្រុមហ៊ុន​ឌែលខម គ្រោង​នឹង​ផលិត​មាស​ឱ្យ​បាន​៣៤០ គីឡូក្រាម​ក្នុង​មួយឆ្នាំ​ដោយ​ត្រូវ​បង់ពន្ធ​សួយ​សារ​ជូន​រដ្ឋ​ជិត​៦០ ម៉ឺន​ដុល្លារ​(៦០.០០០) ក្នុង​មួយឆ្នាំ​ដែល​គម្រោង​នេះ​ជា​ការ​បណ្ដាក់​ទុន​រួមគ្នា​ជាមួយ​អ្នក​វិនិយោគ​ក្នុងស្រុក និង​ជនជាតិ​ចិន។

    លោក អ៊ឹង ឌីប៉ូឡា៖ «តើ​មូលនិធិ​រ៉ែ​បាន​មកពីណា នៅ​ពេល​ក្រុមហ៊ុន​មួយ គាត់​ធ្វើ​អាជីវកម្ម​រ៉ែ​នៅ​ទីតាំង​រ៉ែ​នៅ​ចំណុច​ណា គាត់​មាន​កាតព្វកិច្ច​បង់​មូលនិធិ​រ៉ែ ។ ដូច្នេះហើយ សូម​លោក​មេឃុំ ប្រជុំ​ក្រុមប្រឹក្សា តើ​ឃុំ​ហ្នឹង​មាន​តម្រូវការ​អ្វីខ្លះ»?

ចំណែក មេឃុំ​រមទម អ្នកស្រី វឹក យា មានប្រសាសន៍​ថា អាជ្ញាធរ​ឃុំ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​ក្រសួង​រ៉ែ ដើម្បី​កសាង​ផ្លូវ​មួយ​ខ្សែ​ប្រវែង ៧ គីឡូម៉ែត្រ ហើយ​មក​ទល់​ពេល​នេះ ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចុះ​សិក្សា​រួចហើយ ដោយ​ត្រៀម​នឹង​ស្ថាបនា​ផ្លូវ នៅ​ពេល​ឆាប់ៗ​ខាងមុខ​នេះ។

លោកស្រី​បន្ថែម​ថា ក្រុមប្រឹក្សាឃុំ បាន​ប្រជុំ​ពិភាក្សា​គ្នា​រួចហើយ​ថា នឹង​អភិវឌ្ឍនៅ​តំបន់​ណាមួយ ជា​អាទិភាព​ដូចជា ផ្លូវថ្នល់​នៅ​តំបន់​ដាច់ស្រយាល បង្គន់​អនាម័យ អណ្តូង​ទឹក និង សាលារៀន​ជាដើម ព្រោះ​ថវិកា​កសាង​ទាំងនេះ ជា​ប្រាក់​ជំនួយ​ពី​ក្រុមហ៊ុន​រ៉ែ​មាស និងអ្នក​ពាក់ព័ន្ធ។

    អ្នកស្រី វឹក យា៖ «គេ​ជួយ​ហើយ​តើ នៅ​សាលាឃុំ​ខ្ញុំ​ក៏​គេ​ជួយ​តើ គេ​ជួយ​ធ្វើ​ខ្លោងទ្វារ និង​បង្គន់​អនាម័យ ដាក់​ដី និង​ទិស​សម្ភារៈ​។ ខ្ញុំ​ដឹង​តែ​តិច​តែ​សំខាន់​ឱ្យ​បាន​ជួយ​មក​បណ្តើរៗ»។

តំបន់​ភ្នំ​លុង​មាន​ផ្ទៃដី​ជាង ១​ពាន់ ២​រយ​ហិកតារ (១.២៦២ ) ដែល​សំបូរ​ដោយ​រ៉ែ​មាស​ក្រោម​នៅ​ដី​ត្រូវ​បាន​ក្រុមហ៊ុន​ឌែលខម និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត រួម​ទាំង​ថៅកែ​ជនជាតិ​វៀតណាម​ជាច្រើន​នាក់ ពុះ​ចែក​គ្នា​ធ្វើ​អាជីវកម្ម​ដោយ​បើកចំហ។

មក​ទល់​ពេល​នេះ​មាន​ពលរដ្ឋ​ជាង ២០០​គ្រួសារ រស់នៅ​ក្នុង​ភូមិ​ចំនួន ០៧ ដែល​ភាគច្រើន​ជា​ជនជាតិ​ដើម​ភាគតិច​កួយ កំពុង​មាន​ជម្លោះដីធ្លី​រ៉ាំរ៉ៃ ជាមួយ​ក្រុមហ៊ុន និង​បុគ្គល​មានអំណាច បន្ទាប់ពី​មាន​វត្តមាន​ក្រុមហ៊ុន​ទាំងនេះ។

ពលរដ្ឋ​ចាត់ទុក​អាជីវកម្ម​រ៉ែ​មាស​ទាំងនេះ ជា​ឧក្រិដ្ឋកម្ម​ធនធាន​ធម្មជាតិ​កេងប្រវ័ញ្ច​សម្បត្តិ​ជាតិ​ជាច្រើន​ឆ្នាំ​មក​ហើយ​ធ្វើ​ឱ្យ​រដ្ឋ​ខាតបង់​ប្រាក់​ចំណូល​ជាតិ។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​តំណាង​ក្រុមហ៊ុន ឌែលខម ខែមបូឌា បាន​នៅឡើយ​ទេ​នៅ​ថ្ងៃទី២៤ មីនា។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្តព្រះវិហារ លោក ឡោ ចាន់ យល់ថា រដ្ឋាភិបាល​គួរតែ​ពិនិត្យ​ឡើង​វិញ​នូវ​បញ្ហា​នេះ ព្រោះ​ការ​បណ្តែតបណ្តោយ​ឱ្យ​មាន​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់ ប៉ះពាល់​ធំធេង​ដល់​បរិស្ថាន និង​រំលោភសិទ្ធិ​ពលរដ្ឋ។ លោក​ថា រដ្ឋាភិបាល​គួរតែ​អនុវត្ត​ច្បាប់​លើ​មន្ត្រី​ខិលខូច ដែល​ឃុបឃិត​ជាមួយ​ជនបរទេស​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់។

    លោក ឡោ ចាន់៖ «កុំ​ថា​តែមួយ​ឆ្នាំ ឬ ៤ និង ១០ ឆ្នាំ ចង់​៤០​ឆ្នាំ​ទៀត ក៏​នៅ​ដដែលៗ​ដែរ ព្រោះ​រឿង​ហ្នឹង​មិន​ចេះ​ហើយ​ដែរ។ ត្រូវ​សំអាត​ឱ្យ​ស្អាត​មន្ត្រី​មួយចំនួន​ឃុបឃិត​ជាមួយ​ឈ្មួញ​ខុសច្បាប់ ទើប​អាច​ទៅ​រួច»។

តំណាង​ពលរដ្ឋ លោក ទុយ ឆេង បន្ថែម​ថា អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​ភ្នំ​លុង អាច​រក​មាស​បានជា​ច្រើន​តោន​ក្នុង​មួយឆ្នាំៗ រយៈពេល​ជាង​១០ ឆ្នាំ​មក ហើយ​មិន​បាន​បង់ពន្ធ​ចូល​រដ្ឋ​ទាល់តែសោះ។

ចំណែក អ្នក​ដែល​ទទួល​ប្រយោជន៍ គឺ​ក្រុម​អ្នក​មាន​អំណាច មន្ត្រី​ខិលខូច និង​ក្រុមហ៊ុន។ រីឯ​ពលរដ្ឋ​ខ្មែរ​មិន​ត្រឹមតែ​គ្មាន​បាន​ផល​ពី​អាជីវកម្ម​ទាំងនេះ​ទេ បែរជា​ក្លាយជា​ជនរងគ្រោះ​ដោយសារ​វិបត្តិ​ដីធ្លី ធនធាន​ធម្មជាតិ និង​គោក្របី​ងាប់​អស់​ជាច្រើន​ក្បាល​ដោយសារ​ពុល​សារធាតុគីមី៕

1 comment:

Anonymous said...

Everything is destroyed under thank you peace Kanduoy Meh Vear.

Again with Ah Roleuy Hun Sen, Khmer Oss Ey Oss Touv. How many Khmer people die during the K5 project ? Ah Chker Chkuot Hun Sen killed Khmer people to please the evil Yuon in exchange for his power.