ដោយ ជីវិតា
2023.03.20
កញ្ញា សេង ធារី ពេលថ្ងៃប្រកាសសាលក្រម នៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ មិថុនា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
មេធាវី និងមន្ត្រីសង្គមស៊ីវិល ស្នើដល់សាលាឧទ្ធរណ៍ភ្នំពេញឱ្យពន្លឿនសំណុំរឿងរបស់ សកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី ដែលតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ៦ឆ្នាំពីបទរួមគំនិតក្បត់។ សំណើនេះធ្វើឡើងបន្ទាប់ពីមេធាវីបានប្តឹងជំទាស់សាលក្រមសាលាដំបូងអស់រយៈពេលជាង៨ខែមកហើយ ប៉ុន្តែសាលាឧទ្ធរណ៍នៅមិនទាន់កំណត់ពេលសវនាការនៅឡើយ។
បើទោះបីជាក្រមព្រហ្មទណ្ឌកម្ពុជាមិនបានកំណត់អំពីថេរវេលាជាក់លាក់ទាក់ទងនឹងការបើកសវនាការក្រោយប្តឹងជំទាស់សាលក្រមសាលាដំបូង នៅសាលាឧទ្ធរណ៍យ៉ាងណាក្តី ក៏កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាបានទទួលយក ហើយទទួលស្គាល់ថា ជាច្បាប់ជាតិហើយនោះ តម្រូវឱ្យសវនាការតុលាការត្រូវធ្វើឡើងឱ្យបានឆាប់រហ័ស ដើម្បីផ្តល់យុត្តិធម៌ និងកុំឱ្យបាត់បង់ប្រយោជន៍ដល់ជនជាប់ចោទ។
មេធាវីការពារក្តីឱ្យកញ្ញា សេង ធារី គឺលោក សំ ទិត្យសីហា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ មីនា ថា រហូតមកដល់ពេលនេះសាលាឧទ្ធរណ៍ភ្នំពេញមិនទាន់កំណត់ថ្ងៃសវនាការនៅឡើយទេ បន្ទាប់ពីតុលាការជាន់ខ្ពស់មួយនេះ បានចុះបញ្ជីសំណុំរឿងតាំងពីខែកក្កដា ឆ្នាំ២០២២ មកម្ល៉េះ។ លោកបន្តថា លោកនឹងទៅជួបពិភាក្សាជាមួយកូនក្តីនៅពន្ធនាគារខេត្តព្រះវិហារជុំវិញការដាក់ពាក្យស្នើសុំឱ្យសាលាឧទ្ធរណ៍ពន្លឿននីតិវិធីលើសំណុំរឿងរបស់កញ្ញា សេង ធារី នៅពេលឆាប់ៗខាងមុខនេះ ដើម្បីជាប្រយោជន៍ដល់កូនក្តីទទួលបានការជំនុំជម្រះឆាប់រហ័សនៅសាលាឧទ្ធរណ៍។
លោក សំ ទិត្យសីហា៖ «នីតិវិធីនៅសាលាឧទ្ធរណ៍រហូតមកដល់ពេលនេះទាក់ទងដំណើរការសវនាការ គឺអត់ទាន់មាននៅឡើយទេ ហើយកញ្ញា សេង ធារី សួរមេធាវីដែរ បើសិនមានធ្វើកិច្ចផ្សេងៗរបស់សាលាឧទ្ធរណ៍ស្នើសុំឧទ្ធរណ៍ហ្នឹងជួយផ្ញើដីកាដើម្បីឱ្យគាត់ចូលរួមឱ្យបានទាន់ពេលវេលាទាក់ទងនឹងនីតិវិធីរបស់សាលាឧទ្ធរណ៍នេះផង»។
លោក សំ ទិត្យសីហា ឱ្យដឹងថា ថ្មីៗនេះលោកបានទៅជួបកញ្ញា សេង ធារី នៅពន្ធនាគារ ដោយកូនក្តីរបស់លោកមានសុខភាពល្អធម្មតា ប៉ុន្តែកញ្ញានៅតែស្នើដល់អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃផ្ទេរនាងមកកាន់ពន្ធនាគារព្រៃសនៅភ្នំពេញវិញ។
ស្រដៀងគ្នានេះដែរ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា ការអូសបន្លាយសំណុំរឿងមួយនេះអាចប៉ះពាល់ដល់សិទ្ធិរបស់កញ្ញា សេង ធារី ហើយសាលាឧទ្ធរណ៍ភ្នំពេញគួរពិចារណាលើកយករឿងក្តីក្តាំនេះមកជំនុំជម្រះឱ្យបានឆាប់។ លោក នី សុខា កត់សម្គាល់ឃើញថា មកដល់ពេលនេះអាជ្ញាធរនៅតែរឹតបន្តឹងដោយមិនអនុញ្ញាតឱ្យអង្គការសង្គមស៊ីវិល និងមិត្តភ័ក្ដិចូលជួបសួរសុខទុក្ខកញ្ញា សេង ធាវី នៅឡើយ ទោះបីលោកដាក់ពាក្យស្នើអាជ្ញាធរពាក់ព័ន្ធយ៉ាងណាក្តី។
លោក នី សុខា៖ «សំណុំបែបហ្នឹងបើសិនតុលាការពុំមានភាពចាំបាច់ណាមួយក្នុងការបន្តស៊ើបអង្កេតតទៅទៀត គឺយើងមិនត្រូវឃុំអ្នកដែលជាប់ឃុំដើម្បីរង់ចាំសវនាការប៉ុណ្ណឹងទេ ការឃុំខ្លួនអ្នកជាប់ឃុំគឺត្រូវឃុំខ្លួនដើម្បីស៊ើបអង្កេត ប្រមូលភស្តុតាង ប្រមូលព័ត៌មានអីឱ្យបានសព្វជ្រុងជ្រោយមិនមែនគ្រាន់តែឃុំដើម្បីរង់ចាំពេលវេលាត្រឹមសវនាការទេ អ៊ីចឹងយើងឃើញថាការអូសបន្លាយសវនាការនេះ ហាក់មានរយៈពេលយូរហើយដែរ ដូច្នេះទោះបីនីតិវិធីមិនកំណត់ក៏ដោយ ប៉ុន្តែសិទ្ធិរបស់ជនជាប់ចោទ បើសិនយើងឃុំខ្លួនយូរវាអាចប៉ះពាល់ដល់សិទ្ធិទទួលបានយុត្តិធម៌»។
សមត្ថកិច្ចក្រុងភ្នំពេញ បានចាប់ខ្លួនកញ្ញា សេង ធារី កាលពីថ្ងៃទី១៤ ខែមិថុនា នៅខាងមុខតុលាការក្រុងភ្នំពេញ ក្រោយតុលាការប្រកាសសាលក្រមកាត់ទោសឲ្យ កញ្ញាជាប់ពន្ធនាគារ ៦ឆ្នាំ ពីបទចោទរួមគំនិតក្បត់ក្នុងសំណុំរឿងវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។ មួយថ្ងៃបន្ទាប់មក តុលាការបានបញ្ជូនកញ្ញាទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារដែលជាតំបន់ដាច់ស្រយាលឆ្ងាយពីរាជធានីភ្នំពេញ រហូតមកទល់នឹងបច្ចុប្បន្ននេះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញលោក ប្លង់ សំណាង ដើម្បីបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៩ ខែមីនា។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូលោក អំ សំអាត លើកឡើងថាកញ្ញា សេង ធារី រួមទាំងជនជាប់ឃុំដទៃទៀតមានសេរីភាពជួបប្រាស្រ័យទាក់ទងជាមួយមិត្តភ័ក្តិ សាច់ញាតិដោយលើកលែងតែសិទ្ធិសេរីភាពដែលតុលាការដកហូតតែប៉ុណ្ណោះ។ លើសពីនេះមន្ត្រីសិទ្ធិមនុស្សរូបនេះបញ្ជាក់ថា ពួកគេក៏មានសិទ្ធិទទួលបានការជំនុំជម្រះពីតុលាការដោយឆាប់រហ័ស ស្មើភាព និងយុត្តិធម៌ផងដែរ។ លោក អំ សំអាត មើលឃើញថា សហគមន៍ជាតិនិងអន្តរជាតិនៅតែអំពាវនាវដល់រដ្ឋាភិបាលដោះលែងកញ្ញា សេង ធារី សកម្មជននយោបាយ និងមេសហជីពជាបន្តបន្ទាប់ ដោយសារសកម្មភាពពួកគេកន្លងមកជាការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។
លោក អំ សំអាត៖ «ទោះបីនៅសាលាឧទ្ធរណ៍មិនកំណត់កាលបរិច្ឆេទត្រូវបើកសវនាការក្នុងពេលណាក៏ដោយ តែបើយើងមើលរដ្ឋធម្មនុញ្ញ ក៏ដូចបទដ្ឋានអន្តរជាតិផ្សេងៗស្ដីពីយុត្តិធម៌ ឬភាពស្មើគ្នាចំពោះមុខច្បាប់ គឺគេលើកឡើងថា សវនាការត្រូវធ្វើយ៉ាងមិចឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ពីព្រោះគេខ្លាចវាប៉ះពាល់ដល់សិទ្ធិ និងការទទួលបានយុត្តិធម៌នៃជនជាប់ចោទបាទ»។
សភាអឺរ៉ុបសំឡេងច្រើនលើសលុបកាលពីថ្ងៃទី១៦ ខែមីនា បានអនុម័តសេចក្តីសម្រេចថ្មីមួយដែលមាន៧ចំណុចធំៗ។ សេចក្តីសម្រេចរបស់ក្រុមតំណាងរាស្ត្រសភាអឺរ៉ុបក៏បានលើកឡើងពីការកាត់ទោសជាក្រុមក្នុងពេលតែមួយលើក្រុមមន្ត្រីគណបក្សប្រឆាំង ការកាត់ទោសកញ្ញា សេង ធារី និងមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនដទៃទៀត នារយៈពេលកន្លងមកនេះ។ សភាអឺរ៉ុបបានអំពាវនាវដល់អាជ្ញាធរកម្ពុជាបញ្ឈប់រាល់គ្រប់ទម្រង់នៃការយាយី ការបំភិតបំភ័យ និងត្រូវទម្លាក់ចោលរាល់បទចោទប្រកាន់ប្រឆាំងនឹងសមាជិកគណបក្សប្រឆាំង សហជីព អ្នកការពារសិទ្ធិមនុស្ស សង្គមស៊ីវិល និងអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យអាចបើកដំណើរការឡើងវិញបាន៕
1 comment:
If you can't stand the heat, don't play with fire. Good luck lady Liberty. Jesses Christ will come to save you. Stay low and stay calm and more importantly stay away from lice for now.
Post a Comment