2023.03.02
សង្គមស៊ីវិលបន្តរិះគន់ថា មន្ត្រីជំនាញ ដែលនៅតែអនុវត្តតាមការបង្គាប់បញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយមិនយកច្បាប់មកអនុវត្តជាគោលនោះ។ ការរិះគន់នេះបានធ្វើឡើង បន្ទាប់ពីលោក ហ៊ុន សែន បានបញ្ជាឱ្យកែប្រែច្បាប់ដើម្បីអនុញ្ញាតឱ្យមានចិញ្ចឹមសត្វព្រៃជិតផុតពូជ ដើម្បីកុំឱ្យលោក និងកូនក្មួយរបស់លោក ត្រូវប្រឈមនឹងការអនុវត្តច្បាប់។
កិច្ចអន្តរាគមន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រឿងសត្វក្ងោក និងចេញបញ្ជាឲ្យមន្ត្រីរបស់លោក កែប្រែច្បាប់ដើម្បីអនុញ្ញាតឲ្យមានការចិញ្ចឹមសត្វព្រៃនេះ ត្រូវបានគេមើលឃើញថា ទំនងជាមិនមែនដើម្បីប្រយោជន៍ពលរដ្ឋ ឬផលប្រយោជន៍សាធារណៈនោះទេ។ ករណីនេះ អាចដោយសារក្រុមគ្រួសារលោក ហ៊ុន សែន កំពុងចិញ្ចឹមសត្វក្ងោកដូចពលរដ្ឋ និងហាក់ដូចជាមានគោលដៅប្រែក្លាយសកម្មភាពល្មើសច្បាប់របស់ក្រុមគ្រួសារនិងសាច់ញាតិរបស់លោកដែលចូលចិត្តចិញ្ចឹមសត្វព្រៃនោះ ឲ្យទៅជាសកម្មភាពស្របច្បាប់វិញ។
សមាជិកបណ្ដាញយុវជនកម្ពុជា (CYN) លោក សាន់ ម៉ាឡា ប្រាប់អាស៊ីសេរីនៅថ្ងៃទី២ មីនានេះថា វប្បធម៌អន្តរាគមន៍លើសំណុំរឿងតូចធំរបស់លោក ហ៊ុន សែន បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពទន់ខ្សោយប្រពន្ធយុត្តិធម៌របស់កម្ពុជា ជាពិសេសបង្ហាញពីឱ្យឃើញពីអ្វីដែលក្រុមអង្គការសង្គមស៊ីវិល ឬអ្នកមាននិន្នាការមិនគាំទ្ររដ្ឋាភិបាល តែងហៅប្រទេសកម្ពុជាថា ជាប្រទេសនីតិមាត់ ពីព្រោះរាល់កិច្ចការទាំងអស់ គឺសម្រេចទៅតាមការចាត់ចែងឬបទបញ្ជារបស់អ្នកដឹកនាំ មិនផ្អែកទៅលើច្បាប់ជាគោលឡើយ។
លោកថា៖ «ខ្ញុំគិតថា មន្ត្រីគួរតែអនុវត្តច្បាប់ទៅតាមអ្វីដែលកំពុងមានជាធរមាន។ ត្បិតបញ្ជានាយករដ្ឋមន្ត្រីនៅក្នុងការឱ្យអាជ្ញាធរពាក់ព័ន្ធប្រគល់សត្វក្ងោកទៅម្ចាស់វិញ វាជារឿងល្អហើយ។ ប៉ុន្តែវាជាការបំពានទៅលើច្បាប់ដែលសភាបានអនុម័ត និងច្បាប់ ដែលសភានៅមិនទាន់ធ្វើវិសោធនកម្ម ដូច្នេះ វាជារឿងមួយ»។
ការលើកឡើងនេះបានធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអន្តរាគមន៍រឿងមន្ត្រីរដ្ឋបាលព្រៃឈើបានចុះដកហូតសត្វក្ងោកពីពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ដើម្បីប្រគល់ទៅឱ្យម្ចាស់ដើមវិញ និងបានបញ្ជាឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំធ្វើវិសោធនកម្មច្បាប់រដ្ឋបាលព្រៃឈើ ដើម្បីអនុញ្ញាតឱ្យមានចលនាចិញ្ចឹមសត្វព្រៃជិតផុតពូជតាមផ្ទះ។
នៅក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកាលពីថ្ងៃទី១ មីនា លោក ហ៊ុន សែន បានសារភាពថា បើអនុវត្តទៅតាមច្បាប់ គឺលោក និងកូនក្មួយរបស់លោក ត្រូវជាប់ពន្ធនាគារមុនគេ ខណៈនៅភូមិគ្រឹះរបស់លោកនៅក្រុងតាខ្មៅ ក៏ធ្លាប់មានចិញ្ចឹមសត្វក្ងោកដែរ។ លើសពីនេះ ផ្ទះកូនស្រីពៅរបស់លោក គឺលោកស្រី ហ៊ុន ម៉ាលីស ក្រៅពីសត្វក្ងោក មានចិញ្ចឹមសត្វព្រៃជាច្រើនផ្សេងទៀត និងក្មួយរបស់លោកមួយចំនួនទៀត ដូចជា លោក ហ៊ុន តូ និង លោក ហ៊ុន ជា ក៏កំពុងចិញ្ចឹមទាំងសត្វព្រៃដែរ។
លោកថា៖ «ដើម្បីបើកលទ្ធភាពឱ្យប្រជាជនចិញ្ចឹមសត្វដ៏កម្រ ហើយបើនិយាយពីការជាប់ទោសវិញ។ អ្នកជាប់ទោសមុនគេជានរណា? គឺនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប់ទោសមុនគេ។ ចិញ្ចឹមក្ងោកច្រើនជាងក្ងោកអ្នកកំពង់ឆ្នាំង»។
សកម្មជនការពារធនធានធម្មជាតិលោក សាន់ ម៉ាឡា បន្តថា លោកខ្ញុំមិនជំទាស់នឹងការធ្វើវិសោធនកម្មច្បាប់នេះឡើយ ដោយលោកថា ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់អភិរក្ស តែងតែមានប្រពៃណី និងវប្បធម៌ចិញ្ចឹមសត្វ ជាពិសេស សត្វដំរីជាដើម។
ជុំវិញការបញ្ជារបស់លោក ហ៊ុន សែន ឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើវិសោធនកម្មច្បាប់អនុញ្ញាតឱ្យមានការចិញ្ចឹមសត្វព្រៃតាមផ្ទះនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីអនុរដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងនេះ គឺកញ្ញា អឹម រចនា បានទេ ដោយសារទូរសព្ទហៅចូលត្រូវបានចុចបិទ។ ទោះជាយ៉ាងណា ក្ដី រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានប្រាប់វិទ្យុបារាំងអន្តរជាតិថា ក្រសួងនឹងជំរុញឱ្យមានការចិញ្ចឹមសត្វព្រៃតាមផ្ទះឱ្យបានត្រឹមត្រូវ សម្រាប់អ្នកស្រលាញ់សត្វព្រៃពិតប្រាកដ ដូចជាណែនាំពីបច្ចេកទេសចិញ្ចឹមនិងការជួយទៅដល់សុខភាពសត្វ ជៀសវាងការចិញ្ចឹមសម្រាប់ជួញដូរ និងការបរិភោគសាច់។
រឿងរ៉ាវទាំងនេះ ផ្ដើមចេញពីមន្ត្រីរដ្ឋបាលព្រៃឈើបានចុះដកហូតសត្វក្ងោក ២០ក្បាល ជាប្រភេទសត្វព្រៃកម្រពីប្រជាពលរដ្ឋនៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៦ កុម្ភៈ។ មន្ត្រីបានចោទប្រកាន់ពលរដ្ឋនោះថា បានចិញ្ចឹមក្ងោកសម្រាប់ជួញដូរពាណិជ្ជកម្ម ដែលអាចប្រឈមជាប់ពន្ធនាគារពី ១ឆ្នាំទៅ ៥ឆ្នាំ ខណៈម្ចាស់ក្ងោកវិញបានបកស្រាយថា ខ្លួនបានចិញ្ចឹមក្ងោកទាំងនោះអស់រយៈពេលជាង ១០ឆ្នាំមកហើយ និងដោយសារសេចក្ដីស្រលាញ់ខ្លាំង មិនដាច់ចិត្តលក់ដូរក្ងោកទាំងនោះទេ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត យល់ឃើញថា ការធ្វើវិសោធនកម្មច្បាប់ដើម្បីអនុញ្ញាតឱ្យពលរដ្ឋចិញ្ចឹមសត្វកម្រតាមផ្ទះ ដើម្បីចូលរួមអភិរក្ស ជារឿងល្អមួយ ប៉ុន្តែលោកចង់ឱ្យមានការពិចារណាក្នុងការហាមឃាត់ការចិញ្ចឹមប្រភេទសត្វសាហាវឬសត្វបង្កគ្រោះដល់ប្រជាពលរដ្ឋ។
លោកថា៖ «ខ្ញុំយល់ថា ការដែលអនុញ្ញាតឱ្យចិញ្ចឹមសត្វកម្រ វាជារឿងល្អមួយ ក៏ប៉ុន្តែ ក៏គួរតែពិនិត្យដែរ សត្វកម្រប្រភេទណាអាចអនុញ្ញាតឱ្យធ្វើការចិញ្ចឹម ដើម្បីបន្តរក្សាពូជសត្វកម្រហ្នឹង និងសត្វព្រៃកម្រណា ដែលមិនអាចអនុញ្ញាតឱ្យចិញ្ចឹមបាន គឺវាអាចបង្កគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋ»។
ក្រៅពីមានចិញ្ចឹមសត្វព្រៃនៅផ្ទះ កន្លងមកកូនចៅរបស់លោក ហ៊ុន សែន ក៏ធ្លាប់គេសង្ស័យថា ចូលចិត្តបរបាញ់សត្វព្រៃដែរ។ កាលពីចុងឆ្នាំ២០២២ មានរូបភាពបង្ហោះតាមហ្វេសប៊ុកបង្ហាញពីកូនប្រសាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក សុខ ពុទ្ធិវុធ ត្រូវជាប្ដីរបស់លោកស្រី ហ៊ុន ម៉ាលីស បានកាន់កាំភ្លើងវែងតកាណុងបរបាញ់សត្វព្រៃ ដែលជាអំពើល្មើសច្បាប់មួយនៅកម្ពុជា ហើយដែលអាចប្រឈមដាក់ពន្ធនាគារពី ១ឆ្នាំទៅដល់ ៥ឆ្នាំ។ រូបភាពទាំងនោះបង្ហាញពីលោក សុខ ពុទ្ធិវុធ បានញញឹមដាក់កាមេរ៉ា និងមានកាន់ជ្រូកព្រៃងាប់មួយក្បាល និងរូបភាពផ្សេងទៀត បង្ហាញពីសត្វឈ្លូស និងឆ្មាព្រៃជាដើម។
ក្រោយមានរូបភាពរបស់លោក សុខ ពុទ្ធិវុធ បង្ហោះតាមហ្វេសប៊ុក ក្រសួងបរិស្ថាន ក៏កំពុងធ្វើច្បាប់មួយអនុញ្ញាតឱ្យមានការរៀបចំសកម្មភាពកីឡាប្រមាញ់សត្វព្រៃនៅក្នុងតំបន់អភិរក្ស ដែលជាតំបន់ទីពីរបន្ទាប់ពីតំបន់ស្នូលនៃព្រៃឈើដែលត្រូវគេការពារ។ សេចក្ដីព្រាងច្បាប់បញ្ជាក់ថា កីឡាប្រមាញ់ គឺសំដៅដល់ការបរបាញ់សត្វព្រៃសម្រាប់កម្សាន្ត នៅក្នុងតំបន់ការពារធម្មជាតិ ដែលមានគោលការណ៍និងការអនុញ្ញាតពីក្រសួងបរិស្ថាន។ សកម្មជនបរិស្ថានចាត់ទុកថា សេចក្ដីព្រាងច្បាប់នេះ គ្រាន់តែបំពេញតាមបំណងរបស់អ្នកមានលុយមានអំណាចប៉ុណ្ណោះ ខណៈនៅកម្ពុជា ពុំមានសត្វព្រៃប្រភេទណាមួយច្រើនលើសលុបសម្រាប់បាញ់កម្សាន្តឡើយ៕
No comments:
Post a Comment