Friday 31 March 2023

ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​មិន​បញ្ជូន​អ្នក​សង្កេតការណ៍ និង​ផ្តល់​ជំនួយ​សម្រាប់​ការ​បោះឆ្នោត


ដោយ មាន​ ឫទ្ធិ
2023.03.31
ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​មិន​បញ្ជូន​អ្នក​សង្កេតការណ៍ និង​ផ្តល់​ជំនួយ​សម្រាប់​ការ​បោះឆ្នោត 

ទិដ្ឋភាពពលរដ្ឋឈរតម្រង់ជួរ​ចូល​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំ-សង្កាត់ នៅ​សង្កាត់​អូរចារ ខេត្ត​បាត់ដំបង កាលពីថ្ងៃទី៥ មិថុនា ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ


ក្រុម​ប្រទេស​និយម​លទ្ធិប្រជាធិបតេយ្យ​មួយ​ចំនួន នៅតែ​សម្រេច​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​ការ​បោះឆ្នោត និង​ផ្តល់​ជំនួយ​ដល់​ការបោះឆ្នោត​នៅ​កម្ពុជា​ឡើយ។ ការ​បញ្ជាក់​ជំហរ​សាជាថ្មី​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​មន្ត្រី​ជាន់ខ្ពស់ និង​កាសែត​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ​ជា​បន្តបន្ទាប់​ថា ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន នឹង​បញ្ជូន​អ្នកសង្កេតការណ៍​បោះឆ្នោត​មក​កម្ពុជា ដើម្បី​ឃ្លាំមើល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ខែ​កក្កដា ខាងមុខ។

ជា​រឿង​អាម៉ាស់​ថ្មី​ម្តង​ទៀត​សម្រាប់​កម្ពុជា ដែល​មិន​ខុស​ពី​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០១៨​កន្លង​ទៅ ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០២៣​នេះ អាច​នឹង​គ្មាន​វត្តមាន​អ្នក​សង្កេតការណ៍ ឬ​បេសកកម្ម​សង្កេតការណ៍​បោះឆ្នោត​ឯករាជ្យ​របស់​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​ធំៗ​នៅ​លើ​ពិភពលោក មក​ចូលរួម​សង្កេតការណ៍។ ការណ៍​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ការ​ទទួល​ស្គាល់​ចំពោះ​ភាព​ស្រប​ច្បាប់​នៃ​លទ្ធផល​នៃ​​ការបោះឆ្នោត​លើក​នេះ នៅតែ​ចោទ​ជា បញ្ហា​ចម្រូងចម្រាស​ដដែល។



ទំនងជា​ដើម្បី​បញ្ចៀស​នូវ​បញ្ហា​អស់​ទាំង​នេះ​ហើយ ទើបបាន​ជា​មន្ត្រី​គ្រាក់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) នៅ​រយៈពេល​ប៉ុន្មាន​ខែ​មុន​ការ​បោះឆ្នោត​នេះ បាន​រូតរះ​ម្នីម្នា​ជួប​ជាមួយ​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ ដើម្បី​ទទូច​ឱ្យ​ប្រទេស​ទាំងនោះ​បញ្ជូន​អ្នកសង្កេតការណ៍​របស់​ខ្លួន​មក​កម្ពុជា។ មន្ត្រី​ជាន់ខ្ពស់ និង​កាសែត​ក្នុង​ស្រុក​នៅ​កម្ពុជា​ខ្លះ​ថែមទាំង​ព្យាយាម​ជួយ​បន្ទរ និង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ​ថា ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ ដូចជា​បារាំង សហភាព​អឺរ៉ុប និង​ជប៉ុន​ជាដើម នឹង​បញ្ជូន​អ្នកសង្កេតការណ៍​មក​ឃ្លាំ​មើល​ការ​បោះឆ្នោត​ខែ​កក្កដា ខាងមុខនេះ។ ក៏ប៉ុន្តែ ព័ត៌មាន​នេះ ត្រូវ​បាន​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​ចេញ​មក​បដិសេធ ជា​បន្តបន្ទាប់ និង​ចាត់ទុកថា ជា​ព័ត៌មាន​ក្លែងក្លាយ។

ជាក់ស្តែង​នៅ​ឯ​កិច្ចពិភាក្សា​ដេញដោល​មួយ​ធ្វើឡើង​ដោយ​អនុគណៈកម្មាធិការ​សភា​អឺរ៉ុប​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស កាលពី​ថ្ងៃទី​២១ ខែ​មីនា ដើម្បី​បន្ត​តាមដាន​អំពី​ស្ថានការណ៍​វិវត្ត​ចុងក្រោយ​នៅ​កម្ពុជា​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា តំណាងរាស្ត្រ​សភា​អឺរ៉ុប​ និង​ជា​សមាជិក​គណៈកម្មាធិការ​សភា​អឺរ៉ុប​ទទួលបន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ អ្នកស្រី ហៃឌី អូថាឡា (Heidi Hautala) បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ដែល​ក្រុម​មេដឹកនាំ​កម្ពុជា មិន​ត្រឹម​តែ​បាន​រឹតត្បិត​មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ប៉ុណ្ណោះទេ តែ​ថែម​ទាំង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត​ទៀត​ផង។ អ្នកស្រី​បាន​លើក​យក​ករណី​កាសែត​ខ្មែរថាមស៍ ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ថា សហភាព​អឺរ៉ុប​មាន​ផែនការ​​បញ្ជូន​អ្នក​សង្កេតការណ៍​មក​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​ជាតិ​នៅ​កម្ពុជា​នោះ។

ឆ្លើយតប​នឹង​ការ​លើកឡើង​នេះ ប្រធាន​នាយកដ្ឋាន​កិច្ចការ​បរទេស​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​របស់​សហភាព​អឺរ៉ុប អ្នកស្រី បារបារ៉ា ប្ល៊ីនឃឺរត៍ (Barbara Plinkert) បាន​បញ្ជាក់​ជំហរ​ថា គិត​មក​ទល់​ពេលនេះ សហភាព​អឺរ៉ុប​នៅ​មិនទាន់​សម្រេចចិត្ត​បញ្ជូន​អ្នកសង្កេតការណ៍​របស់​ខ្លួន​មក​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​នៅ​ឡើយ​ទេ។

អ្នកស្រី បារបារ៉ា ប៊្លីនឃឺរត៍៖ «ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​អ្នកសង្កេតការណ៍​បោះឆ្នោត ខ្ញុំ​សូម​បញ្ជាក់​ឱ្យ​ច្បាស់​ថា ប្រសិនបើ​យើង​បញ្ជូន​បេសកកម្ម​សង្កេតការណ៍​បោះឆ្នោត​របស់​យើង ការណ៍​នេះ​ត្រូវតែ​ធ្វើតាម​ការវាយតម្លៃ​ច្បាស់​លាស់​មួយ​ដើម្បី​កំណត់​ថា តើ​មាន​បរិយាកាស​អំណោយផល​សម្រាប់​ការរៀបចំ​ការបោះឆ្នោត​ដែល​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ប្រកប​ដោយ​តម្លាភាព និង​ដោយ​ការ​ជឿ​ទុកចិត្ត​បាន​ដែរឬទេ? ថា​តើ​លក្ខខណ្ឌ​ទាំងអស់​នេះ​ត្រូវ​បាន​គេ​អនុវត្ត​ដែរឬទេ? យោង​តាម​ការវាយតម្លៃ​របស់​យើង លក្ខខណ្ឌ​ទាំងអស់​នេះ​នា​ពេល​បច្ចុប្បន្ន​នេះ មិន​ទាន់​ត្រូវ​បាន​ភាគី​កម្ពុជា​អនុវត្ត​នៅ​ឡើយ​ទេ។ ដូច្នេះ មក​ទល់​នឹង​ពេលនេះ យើង​នៅ​មិន​ទាន់​បាន​សម្រេចចិត្ត​នៅ​ឡើយ​ទេ ថា នឹង​បញ្ជូន​បេសកកម្ម​សង្កេតការណ៍​បោះឆ្នោត​របស់​យើង​ទៅ​កម្ពុជា...»។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី រឿងរ៉ាវ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​នៅ​មិនទាន់​បញ្ចប់​ត្រឹមនេះ​ទេ។ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល និង​ជា​ឧបនាយករដ្ឋមន្ត្រី លោក ហោ ណាំហុង កាលពី​ថ្ងៃទី២៧ ខែមីនា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​បាន​ស្នើ​ឯកអគ្គរដ្ឋទូត​បារាំង​នៅ​កម្ពុជា​លោក ប៉េលឡេត ហ្សាកស៍ ប៉ូល ហ្កាសស្តុន (Pellet Jacques Paul Gaston) ឱ្យ​បញ្ជូន​អ្នក​សង្កេត​ការ​ណ៍បារាំង​មក​ពិនិត្យ​មើល​ការបោះឆ្នោត​នៅ​កម្ពុជា នា​ខែ​កក្កដា​ខាងមុខនេះ។ លោក ហោ ណាំហុង សរសេរ​បន្ត​ថា ឯកអគ្គរដ្ឋទូត​បារាំង​បាន​ឆ្លើយ​តប​ថា «នឹង​មាន​ក្រុម​អ្នក​សង្កេត​ការ​ណ៍អឺរ៉ុប​ដែល​អាច​មក​មុន ៣ខែ​ដើម្បី​សង្កេត​មើល» ការ​បោះឆ្នោត។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឯណោះ​វិញ នៅ​ថ្ងៃទី២៧ ខែ​មីនា ដដែល​ក៏បាន​ប្រកាស​ដែរ​ថា ជប៉ុន​បាន «បាន​វាយតម្លៃ​ខ្ពស់​ចំពោះ គ.ជ.ប កម្ពុជា» ដែល​បាន​រៀបចំ​ការបោះឆ្នោត​ដោយខ្លួន​ឯង​យ៉ាង​ទៀងទាត់ ហើយ​«សម្រេច​បាន​លទ្ធផល​ល្អ»។ គ.ជ.ប ថា ឯកអគ្គរាជទូត​ជប៉ុន លោក អ៊ូអិណុ អាត់ស៊ូស៊ី (Ueno Atsushi)​ «កំពុង​ពិចារណា​ជួយ»​ដល់​អ្នកសង្កេតការណ៍​បោះឆ្នោត​ក្នុងស្រុក។

ព័ត៌មាន​ទាំងនេះ ត្រូវបាន​កាសែត​ក្នុងស្រុក «ភ្នំពេញ ប៉ុស្តិ៍» (Phnom Penh Post) យក​ទៅ​ចុះ​ផ្សាយ​នៅ​ថ្ងៃទី២៧ ខែមីនា ដោយ​ដាក់​ចំណងជើង​ធំៗ​ថា «ការបោះឆ្នោត​ជាតិ អាច​នឹង​មាន​អ្នក​សង្កេតការណ៍​មកពី​បារាំង និង​ជប៉ុន»។ ក្រោយមក កាសែត​នេះ​បាន​លុប​ចោល​ប្រទេស​ជប៉ុន​ចេញ​ពី​​ចំណងជើង​របស់​ខ្លួន​វិញ។

ឆ្លើយតប​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទាំងនេះ ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី២៩ ខែមីនា បាន​សរសេរ​នៅ​លើ​ទំព័រ​ទ្វីតធ័រ (Twitter) របស់​ខ្លួន​ដោយ​ដាក់ Hashtag ថា «ផ្ទៀងផ្ទាត់​ការ​ពិត» ឬ #FactChecking។ ស្ថានទូត​សរសេរ​ថា បារាំង​ពុំ​មាន​ចេតនា​បញ្ជូន​អ្នកសង្កេតការណ៍​ជាតិ​របស់​ខ្លួន​មក​ឃ្លាំមើល​ការបោះឆ្នោត​ខែកក្កដា នៅ​កម្ពុជា​ឡើយ និង​ថា «យើង​នៅតែ​បន្ត​លើកទឹកចិត្ត​ឱ្យ​មាន​ការបង្កើត​នូវ​បរិយាកាស​មួយ​ដែល​អនុញ្ញាត​ឱ្យ​គណបក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល អាច​ដំណើរការ​ទៅ​បាន​ដោយ​គ្មាន​ការ​រារាំង ដែល​ជា​កត្តា​សំខាន់​សម្រាប់​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។

រីឯ​ស្ថានទូត​ជប៉ុន​ឯណោះ​វិញ ស្ថានទូត​នេះ​បាន​បញ្ជាក់​ប្រាប់​កាសែត​ក្នុង​ស្រុក​ផ្សាយ​ជា​ភាសា​អង់គ្លេស ឈ្មោះ Cambodianess ថា រដ្ឋាភិបាល​ជប៉ុន​ពុំ​មាន​ផែនការ​បញ្ជូន​អ្នក​សង្កេតការណ៍​បោះឆ្នោត​មក​កម្ពុជា​ឡើយ។

អ្នកជំនាញ​កិច្ចការ​បោះឆ្នោត និង​ជា​នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក (NICFEC) លោក សម គន្ធាមី ថា លោក​សោកស្តាយ​ដែល​ពុំ​មាន​អ្នកសង្កេតការណ៍​ឯករាជ្យ​មក​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​នេះ។

    លោក សម គន្ធាមី៖ «អាហ្នឹង​វា​អាស្រ័យ​ទៅលើ​ការវាយតម្លៃ​របស់​ប្រទេស​ទាំងនេះ។ គេ​មិនទាន់​ជឿជាក់​ថា នឹង​មាន​ការបោះឆ្នោត​ដោយសេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ ទើប​គាត់​មិន​បញ្ជូន​មក។ យើង​សោកស្តាយ។ ខ្ញុំ​ចង់ឱ្យ​សហគមន៍​អន្តរជាតិ​បាន​មក​ចូលរួម​សង្កេតការណ៍​លើ​ដំណើរការ​បោះឆ្នោត​នា​ពេល​ខាងមុខនេះ...។ វា​នឹង​ជួប​នូវ​ការ​លំបាក​ពុំ​មាន​អ្នក​ជួយ​សង្កេត វាយតម្លៃ​ទាំងអស់​ទៅ វា​អត់មាន​សហគមន៍​អន្តរជាតិ អ្នកសង្កេតការណ៍​អន្តរជាតិ​មក​ចូលរួម...»។

ដោយឡែក មន្ត្រី​សម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស ពន្យល់​ថា នៅពេល​ដែល​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​សម្រេច​មិន​បញ្ជូន​អ្នកសង្កេតការណ៍​មក​ឃ្លាំមើល​ការ​បោះឆ្នោត មានន័យ​ថា ក្រុម​ប្រទេស​ទាំងនោះ​នឹង​មិន​វាយតម្លៃ​លើ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​ទេ។

    លោក កន សាវាង្ស៖ «ប្រទេស​មួយៗ កាលណា​គេ​ធ្វើការ​សម្រេចចិត្ត​អ្វីមួយ​ហ្នឹង គឺថា គេ​មាន​ការ​សិក្សា គេ​មាន​រង្វាស់ គេ​មាន​ខ្នាត​គេ នៅក្នុង​ការសម្រេចចិត្ត​មួយ ពី​ព្រោះ​ថា ការដែល​បញ្ជូន​មនុស្ស​មក​សម្រាប់​ធ្វើ​កិច្ច​ការងារ​ក្នុង​ការ​សង្កេតការណ៍​ហ្នឹង កាលណា​គេ​សម្រេច​ថា បញ្ជូន​មក​ជា​អ្នក​សង្កេតការណ៍​របស់​ប្រទេស​គេ គឺ​មាន​ន័យ​ថា គេ​នឹង​ធ្វើការ​វាយតម្លៃ​ហើយៗ។ អ៊ីចឹង កាលណា​គេ​អត់​បញ្ជូន​មក សម្រាប់​ខ្ញុំ​ៗ​យល់ថា គេ​នឹង​មិន​ធ្វើ​ការ​វាយតម្លៃ​ទេ»។

វិទ្យុអាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ដើម្បី​សុំ​ការ​ពន្យល់​បន្ថែម​ជុំវិញ​រឿង​នេះ​បានទេ គិត​ត្រឹម​ល្ងាច​ថ្ងៃទី២៩ ខែ​មីនា។

ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​នេះ​ដែរ អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា អ្នកនាង ស្តេហ្វានី អារហ្សាត (Stephanie Arzate) ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃទី៣០ ខែមីនា ថា សហរដ្ឋអាមេរិក​ពុំបាន​ផ្តល់​ជំនួយ​ណាមួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា​ឡើយ។ មន្ត្រី​ស្ថានទូត​អាមេរិក​រូប​នេះ​ថា សហរដ្ឋអាមេរិក​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា​ដោយ​អនុញ្ញាត​ឱ្យ​មាន​ទស្សនៈ​នយោបាយ​ប្រឆាំង ជំរុញ​ឱ្យ​មាន​ការប្រកួតប្រជែង​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី និង​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ព្រមទាំង​លើកកម្ពស់​នូវ​ការ​ផ្លាស់ប្តូរ​គំនិត​ដោយសេរី និង​បើកចំហ។ សហរដ្ឋអាមេរិក​លើកទឹកចិត្ត​ឱ្យ​មាន​ដំណើរការ​បោះឆ្នោត​មួយ​ដែល​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នយោបាយ​ទាំងអស់ ហើយ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​អាច​អនុវត្ត​សិទ្ធិ​នយោបាយ​របស់​ពួកគេ​បាន​ដោយ​ពេញលេញ៕

1 comment:

Anonymous said...

No need to waste time and money to legitimize the cheap bastard Hun Sen's rigged election.

This evil Vietnam's slave Hun Sen is a special animal who was never afraid to do anything extraordinary to keep his power. His infamous principal "Khmer Oss Ey Oss Touv, Kom Oy Teh Anh Oss Amnach".