Saturday 18 March 2023

រដ្ឋាភិបាល​ខ្មែរ​មិន​ខ្វល់​រឿង​សភា​អឺរ៉ុប​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​បន្ថែម​ពី​កម្ពុជា

Khmer Circle

It would be surprising if these folks start caring about the social consequences of their actions and decisions while they are holding the country hostage.

^^^

ដោយ សេក បណ្ឌិត
2023.03.18
រដ្ឋាភិបាល​ខ្មែរ​មិន​ខ្វល់​រឿង​សភា​អឺរ៉ុប​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​បន្ថែម​ពី​កម្ពុជា  
អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន។
Photo Courtesy
 

មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា រដ្ឋាភិបាល​ខ្មែរ​មិន​ខ្វល់​ចំពោះ​សភា​អឺរ៉ុប​ដែល​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ៊ី​ប៊ី​អេ (EBA) បន្ថែម​ពី​កម្ពុជា​នោះ​ឡើយ​។ ប្រតិកម្ម​នេះ​ធ្វើឡើង​បន្ទាប់​ពី​សភា​អឺរ៉ុប​អំពាវនាវ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​ ពី​កម្ពុជា ប្រសិនបើ​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ខាងមុខ ប្រព្រឹត្តទៅ​មិន​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ឬ​ប្រសិនបើ​នៅតែ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស។

មន្ត្រី​រដ្ឋាភិបាល​ចាត់ទុក​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប​ថា ជា​ការ​វាយតម្លៃ​មិន​គ្រប់​ជ្រុងជ្រោយ និង​ជឿ​លើ​អ្នកនយោបាយ​មួយ​ក្រុម​តូច ដោយ​មិន​ឆ្លុះបញ្ចាំង​ស្ថានភាព​ពិត​ជាក់ស្តែង​ក្នុង​គោល​បំណង​បន្តុប​បង្អាប់​ដល់​កិត្តិយស​កម្ពុជា។

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៦ ខែ​មីនា ថា​រដ្ឋាភិបាល​មិន​ព្រួយបារម្ភ​ចំពោះ​សភា​អឺរ៉ុប​ចេញ​សារ​ព្រមាន​ដក​ពន្ធ​អនុគ្រោះ​ពន្ធ​បន្ថែម​ទៀត​ពី​កម្ពុជា​ឡើយ ព្រោះ​រដ្ឋាភិបាល​ដឹង​រួច​ហើយ​ថា កម្ពុជា​មុន ឬ​ក្រោយ​ត្រូវតែ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​នោះ ដោយសារ​តែ​ប្រទេស​នេះ​មាន​កំណើន​សេដ្ឋកិច្ច​ដល់​កម្រិត​ចំណូល​មធ្យម​កម្រិត​ទាប។ លោក​បន្ថែម​ថា សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ៊ីប៊ីអេ (EBA)២០% ​ពី​កម្ពុជា​កន្លង​មក​មិន​ប៉ះពាល់​ដល់​ដំណើរ​ការផលិត ឬ​ការ​នាំ​ចេញ​ទិញ ឬ​សេដ្ឋកិច្ច​របស់​កម្ពុជា​នោះ​ទេ។

 

លោក កត្តា អ៊ន ថា ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក កម្ពុជា​តែងតែ​រៀបចំ​ការបោះឆ្នោត ហើយ​ទទួលស្គាល់​ពី​សហគមន៍​ជាតិ​និង​អន្តរជាតិ​ជា​បន្តបន្ទាប់ ខណៈ​បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​កំពុង​រីករាយ​នឹង​សន្តិភាព​ ​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព ខណៈ​គណបក្ស​នយោបាយ​កំពុង​ធ្វើ​សកម្មភាព​ដោយ​សេរី ហើយ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​ខែកក្កដា​ខាងមុខនេះ​នឹង​បង្ហាញ​ពី​ឆន្ទៈ​របស់​ពលរដ្ឋ។

លោក កត្តា អ៊ន៖ «សិទ្ធិមនុស្ស​ដែល​យើង​ហៅថា​សិទ្ធិ​ប្រើប្រាស់​ត្រឹមត្រូវ​តាម​សង្គម​នីតិរដ្ឋ ហើយ​យើង​មិនអាច​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ដោយ​រំលោភច្បាប់​ទេ អ៊ីចឹង​ការណ៍​ដែល​សហភាព​អឺរ៉ុប​មាន​ចេតនា​គាំទ្រ​បុគ្គល​មួយចំនួន អ្នក​នយោបាយ​មួយចំនួន​ដែល​បំពាន​ច្បាប់​មានន័យ​ថា សហគមន៍​អឺរ៉ុប​ចង់​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា មិន​គោរព​ច្បាប់​មិន​គោរព​សិទ្ធិមនុស្ស»

ប្រតិកម្ម​មន្ត្រី​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ដូច្នេះ បន្ទាប់ពី​សភា​អឺរ៉ុប​សំឡេង​ច្រើន​លើសលប់ កាលពី​ថ្ងៃទី​១៦ ខែ​មីនា បាន​អនុម័ត​ជា​ផ្លូវការ​នូវ​សេចក្តី​សម្រេច​ថ្មី​មួយ​ដែល​មាន​៧​ចំណុច​ធំៗ​។ ចំណុច​សំខាន់​មួយ​នៃ​សេចក្តី​សម្រេច​នេះ គឺ​ព្រមាន​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» (EBA) ​ពី​កម្ពុជា​បន្ថែម​ទៀត ប្រសិនបើ​ការ​បោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​ខែកក្កដា​ខាងមុខនេះ ធ្វើ​ឡើង​មិន​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ឬ​ប្រសិនបើ​នៅតែ​កើតមាន​ការរំលោភ​សិទ្ធិ​មនុស្ស​បន្ត​ទៀត។

សេចក្តី​សម្រេច​ដែល​ទើប​អនុម័ត​ចុង​ក្រោយ​នេះ ក្លាយ​ជា​ការព្រមាន​ផ្លូវការ​របស់​សភា​អឺរ៉ុប​ជា​លើក​ទី​ពីរ ក្រោយ​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ២០%​ពី​កម្ពុជា។ នៅមុន​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៥ កាលពី​ខែ​មិថុនា ឆ្នាំ​២០២២​កន្លងទៅ សភា​អឺរ៉ុប​ធ្លាប់​បាន​អនុម័ត​សេចក្តី​សម្រេច​ម្តង​រួចមក​ហើយដោយ​ព្រមាន​ពី​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ EBA ​ទាំងស្រុង​ពី​កម្ពុជា បើ​រក​ឃើញ​ថា ការបោះឆ្នោត​នៅ​កម្ពុជា​ធ្វើឡើង​មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា រំឭក​ថា ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​ធំៗ​បាន​ជួយ​កម្ពុជា​ជា​ហូរហែ ជាពិសេស​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​នាំចេញ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​មានឱកាស​អភិវឌ្ឍ​ប្រទេស​។ លោក​មើល​ឃើញ​ថា ករណី​បន្ត​នីតិ​វិធីដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បន្ថែម​នេះ​បណ្តាល​មក​ពី​សភា​អឺរ៉ុប​មើល​ឃើញ​ថា លំហ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​បាន​ធ្លាក់ចុះ​។ លោក ស៊ឹង សែនករុណា យល់​ថា រដ្ឋាភិបាល​គួរ​យក​សំណើ​ទាំងនោះ​ទៅ​ពិនិត្យ​ដោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ ពីព្រោះ​វត្តមាន​ EBA ​គឺ​មាន​សារៈសំខាន់​សម្រាប់​ការ​វិនិយោគ​បង្កើត​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ។

លោក ស៊ឹង សែនករុណា៖ «ខ្ញុំ​យល់ថា​បញ្ហា​ទាំងអស់​នេះ​បើសិនជា​ភាគី​ពាក់ព័ន្ធ​ជាពិសេស​រដ្ឋាភិបាល​កម្ពុជា​មាន​ឆន្ទៈ​ក្នុង​ការ​ស្តារ​ឡើងវិញ​នូវ​អ្វី​ដែល​លើកឡើង​របស់​សភា​អឺរ៉ុប​អាច​ធ្វើ​ទៅ​បាន ពីព្រោះ​រដ្ឋាភិបាល​មាន​ធនធាន​ក្នុង​ដៃ​អាច​ធ្វើ​ឱ្យ​មានការ​កែប្រែ​ឱ្យ​ល្អ​ប្រសើរ​ឡើង​ទៅ​តាម​ការ​លើកឡើង​សភា​អឺរ៉ុប​នោះ»

ចំណែក អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​លោក គឹម សួរភីរិទ្ធ ឱ្យ​ដឹង​ថា ថ្មីៗ​នេះ​បក្ស​ភ្លើងទៀន​បាន​ជួប​ជាមួយ​មន្ត្រី​សហភាព​អឺរ៉ឺប និង​ស្នើ​ឱ្យ​ជួយ​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​ខាងមុខនេះ ជាពិសេស​ការគាបសង្កត់ ការ​គំរាមកំហែង​លើ​ដៃ​ប្រកួតប្រជែង ព្រមទាំង​ដោះលែង​អ្នកទោស​មនសិការ​ក្រោម​ហេតុផល​នយោបាយ​ឱ្យ​វិល​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ឡើងវិញ​។ លោក​ថា បើសិន​សហភាព​អឺរ៉ុប​បន្ត​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នៅ​ក្រោយ​ការ​បោះឆ្នោត​នោះ គឺជា​រឿង​សោកស្តាយ ពីព្រោះ​បាត់​ EBA ​ធ្វើ​ឱ្យ​កម្មករ​ខ្មែរ​រាប់​សែន​នាក់​បាត់​ការងារ​។ លោក​ទទូច​ដល់​រដ្ឋាភិបាល​ត្រូវ​ពិនិត្យមើល​លើ​លក្ខខណ្ឌ​របស់​សភា​អឺរ៉ុប​ឡើងវិញ ដើម្បី​លើកស្ទួយ​គោលការណ៍​ប្រជាធិបតេយ្យ និង​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ។

លោក គឹម សួរភីរិទ្ធ៖ «បើសិន​រដ្ឋាភិបាល​កម្ពុជា​មាន​ឆន្ទៈ​គិតគូរ​ផលប្រយោជន៍​អនាគត​របស់​ជាតិ គិតគូរ​ផលប្រយោជន៍​របស់​កម្ម​ករ​នោះ គាត់​អាច​ធ្វើ​ទៅ​បាន រឿង​នេះ​មិនមែន​ជា​លូក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​នោះ​ទេ ប៉ុន្តែ​វា​ជា​លក្ខខណ្ឌ​សម្រាប់​អនុគ្រោះ​ដល់​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​តិចតួច​ដើម្បី​ជំរុញ​ឱ្យ​យើង​មាន​ការ​អភិវឌ្ឍ​ខ្លាំង ប្រទេស​ទាំងនោះ​ក៏​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ជួយ​ដល់​កម្ពុជា​កន្លង​មក​ដែរ ជាពិសេស​គេ​ធ្លាប់ធ្វើ​មិច​ឱ្យ​កម្ពុជា​មាន​សន្តិភាព គេ​ធ្លាប់​ជួយ​ដោះស្រាយ​សង្គ្រាម​ស៊ីវិល គេ​ធ្វើ​ឱ្យ​មាន​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ដែល​ជា​ប្រទេស​ម្ចាស់​ហត្ថលេខី»

សភា​អឺរ៉ុប ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ត្រូវ​ធានា​ថា ការ​បោះឆ្នោត​ជាតិ​ក្នុង​ខែកក្កដា ឆ្នាំ​២០២៣​នេះ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ ដោយ​អនុញ្ញាត​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​អាច​ធ្វើ​យុទ្ធនាការ​ដោយ​ស្មើភាព​គ្នា ដោយ​សេរី និង​តម្លាភាព ខណៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) ត្រូវ​មាន​តម្លាភាព និង​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។ សេចក្តី​សម្រេច​នេះ ក៏​បន្ត​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បើក​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ និង​អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ខាងមុខ​ជាបន្ទាន់។

ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ឱ្យ​ដឹង​ថា ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប ក្នុង​ឆ្នាំ​២០២២ កន្លងទៅ មាន​ទំហំ​ជា​ទឹកប្រាក់​ជាង ៤​ពាន់​៨​រយ លាន​ដុល្លារ (.៨៥៧ លាន​ដុល្លារ​) គឺ​កើនឡើង​ជិត ១៦% បើ​ធៀប​នឹង​ឆ្នាំ​២០២១។ ក្នុង​ឆ្នាំ​២០២២​ដដែល កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ដាក់​លក់​នៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ក្នុង​តម្លៃ​សរុប​រហូត​ដល់​ជាង ៤​ពាន់​លាន​ដុល្លារ ខណៈ​កម្ពុជា​ទិញ​ពី​អឺរ៉ុប​វិញ បាន​ត្រឹម​តែ​ជាង ៨០០ លាន​ដុល្លារ (៨១២ លាន​ដុល្លារ​) ប៉ុណ្ណោះ។

ខុសពី​មិត្ត​ដែកថែប​ចិន សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក នៅតែ​ជាទី​ផ្សារ​ទិញ​ទំនិញ​ដ៏​ធំ​បំផុត​ចំនួន​ពីរ​របស់​កម្ពុជា ដែល​កម្ពុជា​រកស៊ី​ចំណេញ​ខ្លាំង​។ ផ្ទុយទៅវិញ មិត្ត​ដែកថែប​ចិន​មិន​បាន​ផ្តល់​ផល​ចំណេញ​ច្រើន​ដល់​កម្ពុជា​ឡើយ ដោយ​ចិន​ពូកែ​តែ​ខាង​យក​ទំនិញ​របស់​ខ្លួន​មក​លក់​ឱ្យ​ខ្មែរ គឺ​រហូតដល់​ទៅ​ជិត ១​ម៉ឺន​លាន​ដុល្លារ ខណៈ​ប្រទេស​នេះ​ទិញ​ទំនិញ​ពី​កម្ពុជា​វិញ​បាន​ត្រឹមតែ​ជាង ១​ពាន់​២​រយ​លាន​ដុល្លារ​ប៉ុណ្ណោះ៕

1 comment:

Anonymous said...

This is Hun Sen's principal: " Khmer people and Cambodia Oss Ey Oss Touv, Kom Oy Teh Anh Oss Amnach".

Therefore. the loss of EBA and GSP is totally in tune with his principal.

Thank You peace for giving Cambodia an exceptional leader Samdach Maha Chora Hun Sen.