Monday 3 April 2023

ជនជាតិ​ដើម​ភាគតិច ខេត្តព្រះវិហារ​រក​ឃើញ​បទល្មើស​អារ​ឈើ​ថ្មី​ក្នុង​ព្រៃព្រះរការ​ជិត​២០០​ករណី

 

ដោយ ជាតិ ចំណាន
2023.04.02
ជនជាតិ​ដើម​ភាគតិច ខេត្តព្រះវិហារ​រក​ឃើញ​បទល្មើស​អារ​ឈើ​ថ្មី​ក្នុង​ព្រៃព្រះរការ​ជិត​២០០​ករណី  
បទល្មេីសនៅតំបន់ព្រៃព្រះរការ ដែល​ពលរដ្ឋល្បាត​ឃើញ នៅថ្ងៃទី២៣​ មីនា ២០២៣។
រូប៖ សកម្មជនផ្ដល់ឱ្យ
 

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ខេត្ត​ព្រះវិហារ​រក​ឃើញ​បទល្មើស​អារឈើ​ថ្មី ក្នុង​ព្រៃ​ព្រះរកា ជិត​២​រយ​ករណី។ ពួកគាត់​ថា សកម្មភាព​នេះ​ពុំ​មាន​ការទប់ស្កាត់​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ។ សកម្មជន​បរិស្ថាន​ថា បញ្ហា​នេះ​ពុំ​ពិបាក​ដោះស្រាយ​ទេ បើសិន​កម្ពុជា​លុបបំបាត់​អំពើពុករលួយ​ជា​ប្រព័ន្ធ រវាង​អាជ្ញាធរ និង​ជនល្មើស។

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​កួយ​នៅ​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ បាន​ចុះ​ល្បាត​នៅក្នុង​ព្រៃ​ព្រះ​រកា អស់​រយៈពេល​៣​យប់ បួន​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៦ ខែ​មីនា ហើយ​រក​ឃើញ​បទល្មើស​អារឈើ​ជិត​២០០​ករណី (១៩៨​ដើម) ដែល​ក្រុម​ជនល្មើស​អារ​ផ្ដួល​ពាសពេញ​ដី​។ ពលរដ្ឋ​ទទូច​ឱ្យ​មន្ត្រី​អាជ្ញាធរ​គួរតែ​ចុះ​បង្ក្រាប​បទល្មើស​ទាំងនោះ​ឱ្យ​បាន​ឆាប់ បើ​ពុំ​នោះ​ទេ ព្រៃឈើ​នឹង​ហិនហោច។

ប្រជា​សហគមន៍​ឱ្យ​ដឹង​ថា បទល្មើស​អារឈើ​នៅ​តំបន់​ព្រៃ​ព្រះរកា ពុំ​មានការ​ស្រាកស្រាន្ត​ជាង​មុន​នោះ​ទេ ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ ស្រប​ពេល​ដែល​បទល្មើស​បន្ត​រក​ឃើញ ជិត​២០០​ករណី នៅក្នុង​នោះ​រួមមាន ក្តារ​បន្ទះ​មិនទាន់​ដឹក​ចេញ​ជាង​១០០​ក្ដារបន្ទះ​(១៧៥ ក្ដារ​) គ្រឿង សសរ ២៧​ដើម និង​ឈើ​តាប់ ១៦​សន្លឹក​។ ពលរដ្ឋ​អះអាង​ថា ឈើ​ទាំងនោះ​ត្រូវ​បាន​ជនល្មើស​ដឹក​ចេញ​ជា​បន្តបន្ទាប់ ទាំងយប់​ទាំង​ថ្ងៃ ដោយ​ពុំ​មាន​ការភ័យខ្លាច​អាជ្ញាធរ​នោះ​ឡើយ។

 

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ប្រមេរ ស្រុក​ត្បែងមានជ័យ លោក ងន ហ៊ីម ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​០១ ខែ​មេសា ថា លោក​មានការ​សោកស្ដាយ​ជា​ខ្លាំង នៅ​ពេល​ដែល​រក​ឃើញ​បទល្មើស​អារឈើ​ជា​បន្តបន្ទាប់ ដោយ​ពុំ​មាន​មន្ត្រី​អាជ្ញាធរ​ណា​ចុះ​បង្ក្រាប​សោះ​។ លោក​បន្ត​ថា ព្រៃ​អភិរក្ស​មួយ​នេះ នឹង​ហិនហោច បើសិនជា​សកម្មភាព​កាប់​ឈើ​ទាំងថ្ងៃទាំងយប់ ដូច​បច្ចុប្បន្ន​នេះ។

លោក ងន ហ៊ីម៖ «យើង​មានការ​សោកស្ដាយ​ជា​ខ្លាំង​ដែល​ព្រៃ​នៅ​តំបន់​ការពារ​វា​មិន​សម នឹង​គួរ​មាន​រូបភាព​បែបនេះ នៅពេល​យើង​ទៅដល់​ឃើញ​ដើរ​ឈើ ឈើ​ទាល ឈើ​ដេក​ដួល​ពេញ​ព្រៃ​យ៉ាង​អាណោចអាធម៌ រហូតដល់​មានការ​ដុត​បំផ្លាញ​ភស្តុតាង ដែល​ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ ដែល​សហគមន៍​យើង​មិនដែល​គិតថា​គេ​ធ្វើ​ដល់​ថ្នាក់​នេះ»

ប្រជា​សហគមន៍​ឱ្យ​ដឹង​ថា ឈើ​ដែល​ត្រូវ​បាន​កាប់​បំផ្លាញ​មានមុខ​កាត់​ចាប់ពី ៥០​សង់ទីម៉ែត្រ ដល់​៣​រយ​សង់ទីម៉ែត្រ (៣០០​សម​) ដែល​ជា​ប្រភេទ​ឈើ​មានតម្លៃ​ខ្ពស់ ដូចជា ឈើ​ពពេល ផ្ដៀក ស្ទៀង កកោះ តា​ត្រាវ និង​ឈើទាល គឺ​សុទ្ធសឹងតែ​ជា ឈើ​ដែល​សហគមន៍​ទាញ​យក​អនុផល​ជ័រ​ច្បោះ។

សកម្មភាព​អារឈើ​របស់​ជនល្មើស​នៅ​ផែន​ជម្រក​សត្វព្រៃ​ព្រះ​រកា​នេះ ជនល្មើស​ភាគច្រើន នាំគ្នា​ទៅ​បោះតង់ រស់នៅ​ក្នុង​ព្រៃ​២​ខែ ទៅ​៣​ខែ ដើម្បី​ដេកចាំ​អារឈើ ចំណែក សំឡេង​អាណា​អារ​វិញ ឮ​ពេញ​ព្រៃ​។ ករណីនេះ ពលរដ្ឋ​អះអាង​ថា បើសិនជា​មន្ត្រី​បរិស្ថាន​ចង់​ចុះ​បង្ក្រាប មិន​ពិបាក​រក​នោះ​ឡើយ ខណៈ​បទល្មើស​អារឈើ​ធ្វើ​ឡើយ​ដោយ​បើកចំហ​។ ដោយឡែក​នៅក្នុង​ភូមិ​ឯណោះ​វិញ ពលរដ្ឋ​ឃើញ​មាន​គោរ​យន្ត​ដឹកឈើ​ទាំងថ្ងៃទាំងយប់ ដោយ​ពុំ​មាន​អាជ្ញាធរ​ចុះ​ចាប់។

លោក ងន ហ៊ីម លើកឡើង​ថា ទោះបីជា​ប្រជា​សហគមន៍​តែងតែ​ចេញ​របាយការណ៍ រក​ឃើញ​បទល្មើស​ជា​ហូរហែ ប៉ុន្តែ​ពុំដែល​ឃើញ​អាជ្ញាធរ​ណា​ឃាត់ខ្លួន​ជនល្មើស​ទាំងនោះ ផ្ទុយ​ទៅវិញ ពលរដ្ឋ​ដែល​បង្ហាញ​ពី​បទ​ល្មើស បែរ​ជា​ត្រូវ​អាជ្ញាធរ​ចោទ​ប្រកាន់​ថា ជា​ក្រុម​ញុះញង់ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។

លោក ងន ហ៊ីម៖ «បើសិនជា​មន្ត្រី​ដែល​ពុករលួយ​រដ្ឋ​ត្រូវតែ​ដកចេញ ហើយ​បើសិនជា​មន្ត្រី​គាត់​មិន​មាន​ឆន្ទៈ ឬក៏​មិន​មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ ឬ​ការពារ​ព្រៃឈើ​ទេ ខ្ញុំ​គិតថា​គួរតែ​ចុះ​ចេញ​ពី​តំណែង​ទៅ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា និង​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ព្រះវិហារ លោក សុង ចន្ទសុជាតិ ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ បាន​ទេ​នៅ​ថ្ងៃទី​០១ ខែ​មេសា ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង ពុំ​មាន​អ្នកទទួល។

ព្រៃ​អភិរក្ស​សត្វព្រៃ ព្រះរកា គឺ​កន្លែង​ដែល​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​រាប់ពាន់​គ្រួសារ អាស្រ័យ​អនុផល​ព្រៃឈើ តាមរយៈ​ការ​ប្រមូល​ជ័រទឹក បេះ​ផ្លែឈើ ប្រមូល​ទឹកឃ្មុំ យក​មក​លក់​ដើម្បី​បាន​ថវិកា​ខ្លះ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​។ ក៏ប៉ុន្តែ​ជិត​៥​ឆ្នាំ​មកនេះ បទល្មើស​អារឈើ​កាន់តែ​កើនឡើង ហើយ​មន្ត្រី​អាជ្ញាធរ​ក៏​រឹតត្បិត​ពលរដ្ឋ និង​សង្គម​ស៊ីវិល មិន​ឱ្យ​ចុះ​ល្បាត​ថែមទៀត ដែល​ធ្វើ​ឱ្យ​ពួកគាត់​បារម្ភ​ពី​ការបាត់បង់​មុខរបរ​ទាំងនោះ​ក្នុង​ពេល​ឆាប់ៗ។

ជុំវិញ​រឿង​នេះ សកម្មជន​បរិស្ថាន ដែល​តែង​ចុះ​ល្បាត​នៅ​តំបន់​ព្រៃ​ព្រះ​រកា​ជា​ញឹកញាប់​ដែរ​នោះ លោក សាន់ ម៉ា​ឡា មើល​ឃើញ​ថា បទល្មើស​អារ​ឈើ​នៅ​តំបន់​ព្រៃ​ព្រះ​រកា​នេះ ពុំ​មែន​ជា​រឿង​ថ្មី​នោះ​ទេ ដោយសារតែ​ការ​អារឈើ កើតមាន​ស្ទើរ​រាល់ថ្ងៃ​។ លោក​បន្ត​ថា ករណីនេះ បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​ឆន្ទៈ​ក្នុង​ការ​ទប់ស្កាត់​ពិតប្រាកដ មិន​ពិបាក​នោះ​ឡើយ ដោយ​គ្រាន់​តែបើ​សិទ្ធិ​សេរីភាព​ជូន​ពលរដ្ឋ​អាច​ចុះ​ល្បាត​ព្រៃ​ដូច​មុន និង​លុបបំបាត់​អំពើពុករលួយ​ជា​ប្រព័ន្ធ រវាង​ជនល្មើស និង​មន្ត្រី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន។

លោក សាន់ ម៉ាឡា៖ «សម្រាប់​ខ្ញុំ​មានតែ​បើកទូលាយ​ឱ្យ​មាន​ការចូលរួម​ពី​សំណាក​អង្គការ​សង្គម​ស៊ីវិល សហគមន៍​មូលដ្ឋាន​ទេ ដែល​ជា​មធ្យោបាយ​ល្អ​ប្រសើរ​នៅក្នុង​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់ ក៏ដូចជា​ធានា​ថា ពុំ​មាន​ការប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ​ជាពិសេស គឺ​ធានា​បាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​បញ្ឈប់​នូវ​បទល្មើស​គ្រប់​ទម្រង់​ទាំងអស់​នៅក្នុង​តំបន់​ការពារ»

អ្នកឃ្លាំមើល​បញ្ហា​ព្រៃឈើ​សង្កេតឃើញ​ថា ការ​មិន​អើពើ​របស់​មន្ត្រី​ពាក់ព័ន្ធ រួម​នឹង​រដ្ឋាភិបាល លោក​ហ៊ុន សែន ជុំវិញ​ការទប់ស្កាត់​បទល្មើស​អារ​ឈើ​នៅ​តំបន់​ព្រៃ​អភិរក្ស ដូចជា​ព្រៃ​ឡង់ និង​ព្រៃ​ព្រះ​រកា​ជាដើម​នេះ នឹង​ធ្វើ​កម្ពុជា​រង​នូវ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ពាក់ព័ន្ធ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ តាមរយៈ​ការ​ឡើង​កម្ដៅ​ខ្លាំង និង​មាន​ខ្យល់ព្យុះ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ការរស់នៅ​របស់​ពលរដ្ឋ។ ជុំវិញ​នេះ​រឿង លោក ហ៊ុន សែន មិន​ត្រឹមតែ​ពុំ​មាន​វិធានការ​ទប់ស្កាត់​បទល្មើស​អារឈើ​នោះ​ទេ លោក​ថែមទាំង​គំរាម​លើ​បុគ្គល​ណា​ដែល​រិះគន់ ពី​បញ្ហា​បាត់បង់​ព្រៃឈើ​ផង​ដែរ។

របាយការណ៍​អង្កេត​លើក​ទី​២ របស់​ក្រុម​អ្នកស្រាវជ្រាវ​នៃ​សកល​វិទ្យាល័យ​កូពែនហេហ្គែន (Copenhagen) នៃ​ប្រទេស​ដាណឺម៉ាក (Denmark) ចេញផ្សាយ​កាល ពី​ថ្មីៗ នេះ បង្ហាញ​ថា កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ជាង ១៤​ម៉ឺន​ហិកតារ (១៤៤.០០០) កាលពី​ឆ្នាំ​២០២០​។ ក្នុង​នោះ ការបាត់បង់​គម្រប​ព្រៃឈើ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ឡង់​បាន​កើនឡើង ២២% ព្រៃ​ព្រះ​រកា​កើនឡើង ៤៣% និង​ដែនជម្រកសត្វព្រៃ​សង្ឃរុក្ខាវ័ន​ចំនួន ៤៧%

1 comment:

Anonymous said...

Thank You peace for giving these criminals to cut the trees peacefully.