Monday 3 April 2023

ភាព​អយុត្តិធម៌​ស្ត្រី​តស៊ូ​ដែល​កំពុង​ជាប់​ឃុំ​ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ


ដោយ សុជីវី
2023.04.03
ភាព​អយុត្តិធម៌​ស្ត្រី​តស៊ូ​ដែល​កំពុង​ជាប់​ឃុំ​ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ  
លោក​ស្រី កឹម តុលា អតីត​មេឃុំ​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឃុំ​ត្រែង​ត្រយឹង ខេត្តកំពង់ស្ពឺ កាល​ពី​ឆ្នាំ២០១៧។
រូប៖ ហ្វេសប៊ុកយុវជនភ្លើងទៀនជប៉ុន
 

ក្រុម​ស្ត្រី​ជា​អ្នក​នយោបាយ អ្នកតស៊ូ​មតិ​ដែល​ជាប់ឃុំ​កំពុង​រង​ភាព​អយុត្តិធម៌ និង​រង​ទុក្ខ​លំបាក ព្រាត់ប្រាស​គ្រួសារ ដោយសារ​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។ គ្រួសារ និង​មន្ត្រី​សិទ្ធិមនុស្ស​ស្នើ​ទៅ​រដ្ឋាភិបាល លោក ហ៊ុន សែន លើកលែង​ទោស​ដល់​ស្ត្រី​ទាំង​នោះ ហើយ​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​ដើម្បី​ឱ្យ​ពួកគេ​អាច​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ឡើងវិញ។

ស្ត្រី​ដែល​ជា​នយោបាយ និង​អ្នក​តស៊ូ​​មតិ​ដែល​ជាប់ឃុំ​កំពុង​រង​ការរើសអើង​និន្នាការ​នយោបាយ រំលោភបំពាន​សិទ្ធិ ព្រមទាំង​រង​នូវ​អំពើ​អយុត្តិធម៌​ផ្ទួនៗ​គួរ​ឱ្យ​ព្រួយបារម្ភ ដោយសារ​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ ខណៈ​លោក ហ៊ុន សែន ហាក់​មិន​ផ្តល់​តម្លៃ​នៃ​ការ​តស៊ូ​ពុះពារ​របស់​ស្ត្រី​ដែល​មាន​និន្នាការ​ផ្ទុយ ពី​ការ​ដឹកនាំ​របស់​លោក ហើយ​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​របស់​លោក​ធ្វើ​ទុក្ខបុកម្នេញ និង​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​នោះ។

ក្រុម​គ្រួសារ និង​មន្ត្រី​សង្គម​ស៊ីវិល​ចង់​ឃើញ​រដ្ឋាភិបាល​ចូលរួម​លើក​កម្ពស់​គោរព​សិទ្ធិ​នារី​គ្រាប់​វិស័យ​ទាំងអស់ ជាពិសេស​អនុញ្ញាត​ឱ្យ​ក្រុម​ស្ត្រី​ដែល​កំពុង​ជាប់ឃុំ​ព្រោះ​ការអនុវត្ត​សិទ្ធិ​របស់​ខ្លួន​ទាំងនោះ មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន​ឡើង​វិញ។ 

 

កូនប្រុស​អនុប្រធាន​ចលនា​ស្ត្រី​នៃ​គណបក្ស​ភ្លើងទៀន​ថ្នាក់​ជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​អ្នកស្រី នូ សុទ្ធារី គឺ​លោក ម៉ែន វីរៈ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​កោតសរសើរ​ពី​ទឹកចិត្ត​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ម្នាក់​មិន​ត្រឹមតែ​ធ្វើជា​បង្គោល​គ្រួសារ និង​ជា​គ្រូបង្រៀន​ដ៏​ល្អ​នោះ​ទេ ក៏​បាន​លះបង់​យ៉ាង​ធំធេង​ដើម្បី​បុព្វហេតុ​សង្គម​ដោយ​មិន​រុញ​រា​ម្តង​ណា​ឡើយ។ ប៉ុន្តែ​លោក​ខកចិត្ត​ចំពោះ​ការ​ចាប់ខ្លួន​ម្តាយ​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​លោក​ចាត់ទុក​ការ​ចាប់​និង​ឃុំខ្លួន​ដាក់​ពន្ធនាគារ​នោះ​ថា ជា​រឿង​អយុត្តិធម៌ ពីព្រោះ​ម្តាយ​លោក​មិន​បាន​ផ្ដិត​មេដៃ​ក្លែង​បន្លំ​ឯកសារ​បង្កើត​គណបក្ស​បេះដូង​ជាតិ​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​ទេ។ លោក​ទាមទារ​ឱ្យ​តុលាការ​ជាន់ខ្ពស់​ដោះលែង​ម្តាយ​មក​ជួបជុំ​គ្រួសារ​ឡើងវិញ។

លោក ម៉ែន វីរៈ៖ «គាត់​(​ម្តាយ​)​រ៉ាប់រង​ទាំងអស់​ទាំង​ថ្លៃ​ទឹក​ភ្លើង និង​កូន​រៀនសូត្រ​អីហ្នឹង ម្តាយ​របស់ខ្ញុំ​គឺជា​មនុស្ស​ល្អ​និយាយ​ទៅ​ឱ្យ​តែ​សកម្មភាព​សង្គម គាត់​ចូលរួម​ទាំងអស់ ខ្ញុំ​នឹក​គាត់​ដែរ ខ្ញុំ​មិនដឹង​គាត់​រស់​ម៉េច​នៅក្នុង​ពន្ធនាគារ ខ្ញុំ​អត់​ដឹង​ដំណឹង និង​អត់​បាន​ជួប​គាត់​អ៊ីចឹង បាយ​ហូប​ងូតទឹក​អី​ម៉េច​ទេ។ គាត់​អត់​មាន​កំហុស​អី​ផង បើ​គេ​ធ្វើ​កោសល្យ​វិនិច្ឆ័យ​លើ​ស្នាម​មេដៃ​ឃើញ​មាន​មែន​អាហ្នឹង​យើង​ទទួល​យក​បាន តែ​គាត់​អត់​បាន​ធ្វើ​អ៊ីចឹង​ផង»

គិត​មក​ដល់​ពេល​នេះ យ៉ាងហោចណាស់​មាន​ស្ត្រី​ជា​អ្នក​តស៊ូ​មតិ អ្នក​ការពារ​សិទ្ធិ​សហជីព និង​ស្ត្រី​សកម្មជន​គណបក្សប្រឆាំង​ជិត ១០​នាក់ ក្នុងចំណោម​អ្នកទោស​មនសិការ​ជាង ៧០​នាក់​ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ដោយសារតែ​ការអនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន​។ ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ចាប់​តាំង​ពី​ឆ្នាំ​២០២១ ហើយ​តុលាការ​បាន​ចោទ​ប្រកាន់​ពួកគេ​ដូចៗ​គ្នា​ពី​បទ​រួមគំនិត​ក្បត់ និង​ញុះញង់​ជាដើម។ ប៉ុន្តែ​អង្គការ​សិទ្ធិមនុស្ស​ជាតិ​និង​អន្តរជាតិ ព្រមទាំង​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​តែ​ចាត់ទុក​ការ​ចាប់ខ្លួន​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

តុលាការ​កម្ពុជា​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា ខ្វះ​ឯករាជ្យ និង​មិន​ទាន់​ទទួល​បាន​ទំនុកចិត្ត​ពី​ពលរដ្ឋ​នៅ​ឡើយ​ទេ ជាពិសេស​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដែល​មាន​ចរិត​នយោបាយ និង​សំណុំរឿង​រវាង​ពលរដ្ឋ​ជាមួយ​អ្នកមាន​លុយ​មានអំណាច​។ លើស​ពី​នេះ​គេ​រក​ឃើញ​ថា ចៅក្រម និង​ព្រះរាជអាជ្ញា​សុទ្ធតែ​ជា​សមាជិក​កំពូលៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​ស្នាដៃ​ជាច្រើន​ជួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​បន្ត​រក្សា​អំណាច តាមរយៈ​កម្ទេច​គណបក្ស និង​អ្នកនយោបាយ​ប្រឆាំង និង​បំបិទ​សំឡេង​រិះគន់ ដោយ​ប្រើប្រាស់​ច្បាប់​ជា​ឧបករណ៍។ បញ្ហា​តុលាការ​ស្ថិត​ក្រោម​ខ្សែ​ញាក់​របស់​អ្នក​នយោបាយ​បែប​នេះ​ហើយ​បាន​ជះឥទ្ធិពល​មិនល្អ​ដល់​ការអនុវត្ត​សិទ្ធិ​សេរី​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ដោយ​ក្នុង​នោះ​មាន​ស្ត្រី​ខ្មែរ​កំពុង​ប្រឡូក​ក្នុង​ឆាក​នយោបាយ និង​ចូលរួម​កិច្ច​ការងារ​សង្គម។

កាលពី​ឆ្នាំ​២០២២ អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) បាន​ចេញ​របាយការណ៍​មួយ​ស្ដី​ពី​សន្ទស្សន៍​នៃ​ការគោរព​នីតិរដ្ឋ ដោយ​បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា នៅ​ជិត​បាត​តារាង គឺ​ជាប់​លេខ​១៣៩​ក្នុងចំណោម ១៤០​ប្រទេស​ដែល​មាន​កេរ្តិ៍ឈ្មោះ​អសោច​ខាង​ការ​មិន​គោរព និង​រំលោភ​ប្រព័ន្ធ​នីតិរដ្ឋ។ របាយការណ៍​នេះ​បញ្ជាក់​ថា ចំណាត់ថ្នាក់​អាក្រក់​នេះ​ដោយសារតែ​មានការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។

ជាក់ស្តែង​ករណី​អតីត​ឃុំ​ត្រែងត្រយឹង​លោកស្រី កឹម តុលា ទោះបី​អ្នកស្រី​រស់នៅ​ដោយ​ស្ងៀមស្ងាត់ និង​កាត់ផ្ដាច់​សកម្មភាព​នយោបាយ​ជាមួយ​បក្ស​ប្រឆាំង​យ៉ាង​ណា​ក្តី ក៏​អាជ្ញាធរ​នៅតែ​តាម​ចាប់​អ្នកស្រី​ដាក់​ពន្ធនាគារ​នៅ​ខេត្ត​កំពង់ស្ពី ពី​បទ​ញុះញង់​ដែរ​។ លើស​ពី​នេះ​អ្នកស្រី​មាន​សេរីភាព​មិន​ដល់​១​ឆ្នាំ​ផង ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​លើកយក​អង្គហេតុ​ចាស់​នោះ​មក​កាត់ទោស​កំបាំងមុខ ហើយ​ចាប់​អ្នកស្រី​ដាក់​ជាប់គុក​សាជាថ្មី​។ ចំណែក​ករណី​មួយ​ចំនួន​ទៀត​ស្ត្រី​ចូលរួម​សកម្មភាព​ជាមួយ​គណបក្ស​ភ្លើងទៀន​ក៏​ត្រូវ​តុលាការ​សើរើ​សំណុំរឿង​ចាស់​យក​មក​ចោទប្រកាន់ និង​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ផង​ដែរ។ ប៉ុន្តែ​ស្ត្រី​ខ្លះទៀត​ត្រឹមតែ​ជាប់​ពន្ធនាគារ​នោះ​ទេ ពួកគេ​ធ្លាប់​រង​នូវ​អំពើ​ហិង្សា​ពី​ជន​មិន​ស្គាល់​មុខ​លួច​វាយប្រហារ​បណ្តាល​ឲ្យ​បែកក្បាល​រង​របួស​ធ្ងន់ធ្ងរ​កន្លងទៅ តែ​សមត្ថកិច្ច​មិនទាន់​រក​ឃើញ​ជន​ដៃដល់​ណា​ម្នាក់​យក​មក​ផ្ដន្ទាទោស​នោះ​ទេ។

ជាមួយ​គ្នា​នេះ ស្ត្រី​ម្នាក់ទៀត​ដែល​ជា​អតីត​មេឃុំ​ឫស្សី​ក្រោក ខេត្ត​បន្ទាយមានជ័យ​ដែល​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ឱ្យ​អាជ្ញាធរ​កម្ពុជា​កន្លង​ទៅ គឺ​អ្នកស្រី ឡាញ់ ថាវរី ធ្លាប់​រៀបរាប់​ចំពោះមុខ​ចៅក្រម​ដោយ​បង្ហាញ​ទុក្ខសោក​ក្នុង​ចិត្ត​លាយឡំ​ការ​ឈឺចាប់ បន្ទាប់ពី​តុលាការ​កាត់ទោស​នាង​ឱ្យ​ជាប់ពន្ធនាគារ​ដោយ​គ្មាន​កំហុស ស្របពេល​នាង​កំពុង​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ​ដែល​ត្រូវ​ការ​មាន​សេរីភាព​ដើម្បី​ថែទាំ​ជា​ចាំបាច់​ពី​គ្រួសារ។

ទាក់ទង​ការ​លើកឡើង​នេះ​ដែរ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន បាន​ទេ​នៅ​ថ្ងៃទី​០១ ខែ​មេសា​។ ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក៏​មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ដែរ។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licado) លោក អំ សំអាត សង្កេត​ឃើញ​ថា ការចោទប្រកាន់ និង​ចាប់ខ្លួន​លើ​ក្រុម​ស្ត្រី​ដែល​ជា​សកម្មជន​សិទ្ធិមនុស្ស និង​នយោបាយ​ទាំងនោះ​រំលោភសិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ដែល​សហគមន៍​ជាតិ​និង​អន្តរជាតិ​ចាត់ទុក​ថា ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។

លោក អំ សំអាត៖ «ផ្ទុយ​ពី​កា​រលើ​កម្ពស់​សិទ្ធិ​ស្ត្រី ការ​ផ្តល់​សិទ្ធិ​ដល់​ស្ត្រី​ចូលរួម​ការងារ​នយោបាយ ការងារ​សង្គម ការងារ​បរិស្ថាន ការងារ​សិទ្ធិមនុស្ស​ជាដើម ដោយសារ​គេ​មើល​ឃើញ​ថា សកម្មភាព​ដែល​ពួកគាត់​ធ្វើ​ហ្នឹង​គ្រាន់តែ​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ទេ តែ​ផ្ទុយទៅវិញ​ត្រូវ​បាន​ចាប់ខ្លួន ចោទប្រកាន់​ភាគច្រើន​គឺ​បទ​ញុះញង់។ បើ​យើង​មើល​ទៅលើ​សកម្មភាព​របស់​ពួកគាត់​ហាក់បីដូចជា​គ្រាន់តែ​អនុវត្ត​សិទ្ធិ និង​សេរី​ភាពជា​មូលដ្ឋាន​តែប៉ុណ្ណោះ​បាទ»

ស្របពេល​ស្ថានការណ៍​នយោបាយ​នៅ​ជាប់​គាំង​មិន​អាច​រក​ច្រកចេញ​បាន​ក្រុម​ស្ត្រី​អង់អាច​ក្លាហាន និង​សកម្មជន​នយោបាយ​ផ្សេងទៀត បន្ត​ជាប់ឃុំ​រាប់​ខែ​រាប់​ឆ្នាំ​នៅ​ពន្ធនាគារ​នៅឡើយ​។ ពួកគេ​មាន​វាសនា​ខុសពី​លោក យឹម ស៊ីណន ដែល​លោក ហ៊ុន សែន ហៅ​កូន​ពេញមាត់​នោះ អាច​មាន​លទ្ធភាព​រៀប​ចំ​ឈុត​ឆាក​ថត​វីដេអូ​ចេញពី​ពន្ធនាគារ​សុំទោស​លោក ហ៊ុន សែន ជា​សាធារណៈ​មិន​ដល់​១​ម៉ោង​ផង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​រួតរះ​ធ្វើការ​ទាំងយប់​ដោយ​ចេញ​ដីកា​បង្គាប់​ឲ្យ​មន្ត្រី​ពន្ធនាគារ​ដោះលែង​លោក យឹម ស៊ីណន ទាំងយប់​កាល​ថ្ងៃ​ទី​២៨ មីនា។

ទន្ទឹម​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន បង្កើន​ការ​ចាប់ខ្លួន​លើ​អ្នក​ធ្វើ​ការងារ​សង្គម អ្នកការពារ​សិទ្ធិមនុស្ស និង​អ្នកនយោបាយ​ជា​បន្តបន្ទាប់ ក្នុង​នោះ​ក៏​មាន​ស្ត្រី​ផង​ដែរ។ សហគមន៍​អន្តរជាតិ និង​អង្គការ​សិទ្ធិមនុស្ស​នានា រិះគន់​ការ​ចាប់​ខ្លួន និង​ការចោទប្រកាន់​នេះ​ថា គ្មាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់ និង​ជា​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នក​ដែល​មាន​មតិផ្ទុយ​ពី​រដ្ឋាភិបាល។ ពួកគេ​ទាមទារ​ឱ្យ​ដោះលែង​ស្ត្រី​សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធារី អ្នកការពារ​សិទ្ធិ​សហជីព កញ្ញា ឈឹម ស៊ីថរ និង​ស្ត្រី​សកម្មជន​នយោបាយ​រួមមាន​អ្នកស្រី យក់ នាង អ្នកស្រី ឡាញ់ ថាវរី និង​លោកស្រី កឹម តុលា រួម​ទាំង​អ្នកទោស​មនសិការ​ផ្សេងទៀត​ឱ្យ​មាន​សេរីភាព​ដោយ​ឥត​លក្ខខណ្ឌ៕

No comments: