Monday 10 April 2023

រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​រៀបចំ​ការ​បន្ត​វេន​បែប​គ្រួសារ​និយម​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​មូលដ្ឋាន

 

ដោយ សេក បណ្ឌិត
2023.04.09
រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​រៀបចំ​ការ​បន្ត​វេន​បែប​គ្រួសារ​និយម​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​មូលដ្ឋាន  
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​កាលពីថ្ងៃទី១២ កុម្ភៈ ២០២៣។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
 

រដ្ឋមន្ត្រី និង​ប្រធាន​ស្ថាប័ន​របស់​ជាតិ​យ៉ាងហោចណាស់​ជាង ១០​ស្ថាប័ន មានកូនៗ និង​សាច់ញាតិ​របស់​ខ្លួន​ធ្វើជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​និង​មុខតំណែង​សំខាន់ៗ​ក្នុង​ស្ថាប័ន​ទាំងនោះ។ ចំណែក​ការតែងតាំង​មន្ត្រី​នៅ​ថ្នាក់​មូលដ្ឋាន​រដ្ឋាភិបាល លោក ហ៊ុន សែន ក៏​កំពុង​បើកដៃ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​រួមមាន​ប្រធាន​ប៉ុស្តិ៍​នគរបាល និង​មេឃុំ ឬ​ចៅសង្កាត់​មាន​សិទ្ធិ​ជ្រើសរើស​សាច់ញាតិ​របស់​ខ្លួន​ឱ្យ​ចូល​ធ្វើ​ប៉ូលិស​ផង​ដែរ។

ក្រុម​មន្ត្រី​ធំៗ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ប្រឹង​ញាត់​កូនៗ​របស់​ខ្លួន​ឱ្យ​កាន់​តួនាទី​ខ្ពស់ ឬ​ត្រៀម​ស្នង​តំណែង​របស់​ខ្លួន​នា​ពេល​ខាងមុខ​ដ៏​ខ្លី​។ អ្នកវិភាគ​និង​មន្ត្រី​សិទ្ធិមនុស្ស​ព្រមាន​ថា រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​គ្រួសារនិយម​បែបនេះ​អាច​មាន​ភាព​រង្គោះរង្គើ ឬ​ការ​គ្រប់គ្រង​អំណាច​មិន​បាន​យូរអង្វែង​ទេ។

 

អ្នកវិភាគ​នយោបាយ លោក គឹម សុខ សង្កេតឃើញ​ថា លោក ហ៊ុន សែន លេង​ក្បួន​ពីរ ក្នុង​ការ​រៀបចំ​អ្នក​បន្តវេន ទី​១​ឱ្យ​រដ្ឋមន្ត្រី ឬ​ប្រធាន​ស្ថាប័ន​នានា​អាច​ដាក់​កូន​របស់​ពួកគេ​ត្រៀម​ស្នង​តំណែង​ពី​ឪពុក។ លោក​សង្កេត​បន្ត​ទៀត​ថា ចំពោះ​ការតែងតាំង​មន្ត្រី​ថ្នាក់​មូលដ្ឋាន គឺ​លោក ហ៊ុន សែន មិន​បាន​ផ្ដល់​លទ្ធភាព​ឱ្យ​លោក ស ខេង អាច​តែងតាំង​ទេ តែ​លោក​កំពុង​ឱ្យ​កូនៗ​របស់​លោក​ជ្រើសរើស​មនុស្ស​របស់​ខ្លួន​ធ្វើ​ការងារ​នៅ​ថ្នាក់​ខេត្ត ឬ​ថ្នាក់​ស្រុក។ លោក​យល់​ថា ទង្វើ​បែប​នេះ ខុស​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ខុស​បែប​បទ​រដ្ឋបាល និង​ពិបាក​ជ្រើសរើស​មនុស្ស​មាន​សមត្ថភាព​អាច​បម្រើ​ពលរដ្ឋ​បាន​ណាស់។

លោក គឹម សុខ៖ «រៀបចំ​មន្ត្រី​ថ្នាក់ក្រោម​តាំងពី​ថ្នាក់​ភូមិ​នគរបាល​ឃុំ​សង្កាត់​រហូត​ដល់​ស្រុក​ក្រុង​ខណ្ឌ​ខេត្ត​ទូទាំង​ប្រទេស សុទ្ធតែ​ជា​មនុស្ស​របស់​ក្រុម​គ្រួសារ​ហ៊ុន ទាំងអស់ ហើយ​គម្រាម​មិន​ឱ្យ ស ខេង លូកដៃ​ទៅ​ថ្នាក់ក្រោម​ជាតិ​ទេ ដើម្បី​កូនៗ​លោក ហ៊ុន សែន ហ្នឹង​រៀបចំ​រចនាសម្ព័ន្ធ​ហ្នឹង​ឱ្យ​រឹងមាំ បំណង​របស់​លោក ហ៊ុន សែន ដើម្បី​ធានា​ថា ក្រុម​លោក ស ខេង ក្ដី​ក្រុម​លោក ទៀ បាញ់ មិន​អាច​ប្រមូល​ឃើញ​ក្រោម​ដើម្បី​តវ៉ា​នឹង​ការ​ផ្ទេរអំណាច​ពី ហ៊ុន សែន ទៅ ហ៊ុន ម៉ាណែត»

អ្នកវិភាគ​លើក​ឡើង​ដូច្នេះ ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បើកដៃ​ឱ្យ​រដ្ឋមន្ត្រី និង​ប្រធាន​ស្ថាប័ន​របស់​ជាតិ​យ៉ាង​តិច​ជាង​១០​ស្ថាប័ន​ស្នើ​តែងតាំង​កូនៗ​របស់​ខ្លួន​ឱ្យ​ធ្វើ​ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​មុខតំណែង​សំខាន់ៗ​នៅក្នុង​ស្ថាប័ន​ទាំងនោះ​។ ក្រុម​អ្នក​ឃ្លាំមើល​យល់​ថា កូនៗ​របស់​មន្ត្រីជាន់ខ្ពស់​ទាំង​នោះ​អាច​នឹង​ទទួល​បាន​តួនាទី​ជា​រដ្ឋមន្ត្រី ឬ​ប្រធាន​ស្ថាប័ន​ជាតិ​ទាំងនោះ​នៅ​ពេល​លោក ហ៊ុន ម៉ាណែត ឡើង​ដឹកនាំ​ប្រទេស​ជំនួស​ឪពុក​របស់​លោក​នា​ពេល​ខាងមុខ​ដ៏​ខ្លី។ ក្រៅពី​ការ​តែងតាំង​មុខតំណែង​គ្រួសារនិយម​នៅ​ថ្នាក់​ជាតិ​បែបនេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​អនុញ្ញាត​ឱ្យ​ប្រធាន​ប៉ុស្តិ៍​នគរបាល មេឃុំ​ឬ​ចៅសង្កាត់ មាន​សិទ្ធិ​ជ្រើសរើស​ប៉ូលិស​នៅ​មូលដ្ឋាន​របស់​ពួកគេ​ផង​ដែរ។

លោក ស ខេង ថ្លែង​កាល​ពី​ចុង​ខែ​មីនា ថា ការ​ជ្រើសរើស​បែប​នេះ អាច​នឹង​ទទួល​រង​ការ​រិះគន់​ថា បក្ខពួក​និយម ប៉ុន្តែ​លោក​រំពឹង​ថា ការ​ធ្វើ​បែបនេះ​អាច​នឹង​មាន​ប្រសិទ្ធភាព​ការងារ​ជាង​ជ្រើសរើស​មន្ត្រី​នគរបាល​នៅ​ក្រសួងមហាផ្ទៃ​រួច​ហើយ បញ្ជូន​មន្ត្រី​ទាំងនោះ​ឱ្យមក​បំពេញការងារ​នៅ​មូលដ្ឋាន។

លោក ស ខេង៖ «ឯណា​ជាប់​សាច់ញាតិ​បក្ខពួក​អី ខ្ញុំ​ថា ជៀស​មិន​ផុត​ទេ ទាល់តែ​មនុស្ស​គេ​ដឹង​ដែរ​គេ​យក​បងប្អូន​យក​ទៅ ប៉ុន្តែ​ធ្វើ​ម៉េច​ឱ្យ​ធ្វើ​ការ​កើត​ទៅ​យក​អ្នក​ផឹក​ស៊ី​អាឡេ​អាឡូ​ធ្វើការ​ម៉េច​កើត​?»

ទាក់ទង​ការ​តែងតាំង​មុខតំណែង​គ្រួសារ​និយម​ក្នុង​ស្ថាប័ន​ជាតិ ដល់​ថ្នាក់​មូលដ្ឋាន​បែបនេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​កាន់អំណាច​ទទួលស្គាល់​បាន​កើត​ឡើងជា​ច្រើន​ឆ្នាំ​មក​ហើយ និង​ក៏​មិនមែន​ជា​រឿង​ចម្លែក​អ្វី​ដែរ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា ការ​តែងតាំង​មន្ត្រី​រដ្ឋាភិបាល ឬ​សមត្ថកិច្ច​មូលដ្ឋាន ជា​សិទ្ធិ​របស់​គណបក្ស​ឈ្នះ​ឆ្នោត​។ លោក​និយាយ​បែប​ផ្លែផ្កា​ទៀត​ថា គណបក្ស​កាន់អំណាច​មិន​អាច​យ​កកូនៗ​មន្ត្រី​បក្ស​ប្រឆាំង​ឱ្យមក​កាន់​ការងារ​រដ្ឋាភិបាល​ឡើយ​។ លោក​អះអាង​ទៀត​ថា គណបក្ស​របស់​លោក​តែងតាំង​មន្ត្រី​របស់​ខ្លួន​បែប​នេះ​ជាង​ជាង​៤០​ឆ្នាំ​មក​ហើយ តែ​មិន​ឃើញ​កើត​ឡើង​នូវ​ទំនាស់​ផលប្រយោជន៍​ឬ​ការ​បែកបាក់​ផ្ទៃក្នុង​ទេ។

លោក សុខ ឥសាន៖ «ប្រទេស​ណាខ្លះ​នៅ​លើ​ពិភពលោក​ហ្នឹង​ដែល​យក​កូនចៅ​បក្ស​ប្រឆាំង​យក​តែងតាំង​អត់​មាន​ទេ អ៊ីចឹង​សរុប​មក​វិញ​បក្ស​ទេវតា​បើ​តែងតាំង គឺ​យក​កូន​ទេវតា​យក​តែងតាំង​គេ​មិនដែល​យក​កូន​ប្រេត​កូន​នរក​យក​មក​តែងតាំង​ទេ​បាទ»

ចាប់​តាំង​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រៀបចំ​ឱ្យ​កូនប្រុស​ច្បង​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត ត្រៀម​កាន់​តំណែង​នាយករដ្ឋមន្ត្រី​មក។ រដ្ឋមន្ត្រី​នានា​ក៏​ស្នើ​តែងតាំង​កូន​របស់​ខ្លួន​ឱ្យ​មាន​តួនាទី​ខ្ពស់ៗ​នៅ​ជិត​ខ្លួន​ផង​ដែរ​។ ក្នុង​នោះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង មានកូន​ប្រុស​ច្បង​ឈ្មោះ ស សុខា ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ និង​កូនប្រុស​ពៅ​ម្នាក់ទៀត​ឈ្មោះ ស រដ្ឋា មាន​ឋានន្តរសក្ដិ​ជា​ឧត្ដមសេនីយ៍ឯក​ផ្កាយ ៣ រួម​ទាំង​ក្មួយៗ របស់​លោក​មួយ​ចំនួន​ទៀត ក៏​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​ប៉ូលិស​ផង​ដែរ។ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ មានកូន​ប្រុស​ច្បង​ម្នាក់​ឈ្មោះ ទៀ សីហា ជា​អភិបាល​ខេត្ត​សៀមរាប ហើយ​ប្អូន​ម្នាក់ទៀត​របស់​លោក​គឺ​លោកនាយ​ឧត្ដមនាវី ទៀ វិញ ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងទឹក។

ប្រធាន​ព្រឹទ្ធសភា​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​មានកូន​ប្រុស​ឈ្មោះ សាយ សំអាល់ ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន។ ប្រធានរដ្ឋសភា​លោក ហេង សំរិន មានកូន​ប្រសា​ឈ្មោះ វង សូត ជា​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​។ ចំណែក​រដ្ឋមន្ត្រី ឬ​ប្រធាន​ស្ថាប័ន​មួយចំនួន​ក៏​ចាប់ផ្ដើម​តែងតាំង​កូនៗ​របស់​ពួកគេ​ឱ្យកាន់ការងារ​ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៅក្នុង​ក្រសួង​ឬ​ស្ថាប័ន​របស់​ខ្លួន​គ្រប់គ្រង​ដែរ​។ រដ្ឋមន្ត្រី​ក្រសួង​ដែនដី​លោក ជា សុផារ៉ា មានកូន​ប្រុស​ម្នាក់​ឈ្មោះ ផារ៉ា មង្គល ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​នេះ។ រដ្ឋមន្ត្រី​រ៉ែ និង​ថាមពល​លោក ស៊ុយ សែម មានកូន​ប្រុស​ឈ្មោះ ស៊ុយ ឌីម៉ង់ គឺជា​រដ្ឋលេខាធិការ​ក្រសួង​នោះ​ដែរ​។ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម លោក លឹម គានហោ មានកូន​ស្រី​ឈ្មោះ លឹម លីនដា ជា​រដ្ឋលេខាធិការ​ក្រសួង​នេះ និង​កូនប្រុស​របស់​លោក​ម្នាក់​ទៀត លោក លឹម កាន់បេរ៉ា ជា​អនុរដ្ឋលេខាធិការ​ក្រសួង​នោះ​ផង​ដែរ​។ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង មានកូន​ប្រុស ២​នាក់​របស់​លោក​ឈ្មោះ យ៉ិនទៀង ពុទ្ធិរិទ្ធ និង​យ៉ិនទៀង ពុទ្ធិរ៉ា ជា​ជំនួយការ​នៃ​អង្គភាព​មួយ​នេះ ដែល​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​។ មនុស្ស​ជំនិត​លោក ហ៊ុន សែន រូប​នេះ ក៏​មាន​កូនស្រី​ម្នាក់ទៀត​ឈ្មោះ យ៉ិនទៀង ពុទ្ធិរស្មី ជា​រដ្ឋលេខាធិការ​ក្រសួងការបរទេស​ផង​ដែរ។

ទោះ​យ៉ាងណា ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់ថា រូបភាព​ទាំងនេះ​មិនមែន​ជា​គំរូ​ល្អ​ទេ។ លោក​បន្ត​ទៀត​ថា បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​មាន​វប្បធម៌​អញ​ជួយ​ឯង ឯង​ជួយ​អញ​ចាក់​ឫសគល់ នៅក្នុង​ស្ថាប័នរដ្ឋ និង​មិន​ផ្ដល់​ផល​ល្អ​ដល់​ប្រយោជន៍​ជាតិ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បារម្ភ​ថា រូបភាព​បែបនេះ នឹង​បង្ក​ឱ្យ​មាន​ទំនាស់​ផលប្រយោជន៍​សង្គម ប៉ះពាល់​ប្រសិទ្ធភាព​ការងារ និង​ការបាត់បង់​ឯករាជ្យ​របស់​ស្ថាប័ន​ជាតិ​ជាដើម។

លោក រស់ សុដ្ឋា៖ «មិនដឹង​មូលហេតុ​អី​បាន​ជា​រឿង​ហ្នឹង​ធ្លាក់​ដល់​ពី​រចនាសម្ព័ន្ធ​ខាងលើ​រហូតដល់​ខាងក្រោម ឬក៏​មកពី​ថ្នាក់ដឹកនាំ​យើង​មិន​អាច​ធានា​បញ្ហា​ហ្នឹង បាន​ជា​សម្របសម្រួល​ឱ្យ​បញ្ហា​ហ្នឹង​កើតឡើង​ទូទាំង​ប្រទេស​អ៊ីចឹង​ខ្ញុំ​ក៏​មិន​យល់​ដែរ»

ចំណែក មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក ដួង ចន្ត្រា យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា​លែង​ទុកចិត្ត​យុវជន​ដែល​មាន​សមត្ថភាព ហើយ​ប៉ុន្តែ​ពួកគេ​ទុកចិត្ត​តែ​សែស្រឡាយ ឬ​សាច់ញាតិ​របស់​ខ្លួន​ប៉ុណ្ណោះ។

លោក ដួង ចន្ត្រា៖ «មិន​ឱ្យ​អនុវត្ត​ទៅតាម​ការរៀបចំ​បន្តវេន​របៀប​បន្ត​ពូជ​ពី​ឪពុក ទៅ​កូន​តាម​សេណារីយ៉ូ​បែបនេះ​ទេ ដែល​ធ្វើ​ឱ្យ​យុវជន​គឺ​គាត់​អស់​សង្ឃឹម​ក្នុង​ការ​តស៊ូ​នៃ​ការ​សិក្សា​ពិសេស​ឱ្យ​យុវជន​ទាំងអស់​ក្នុង​ការ​តស៊ូ​ក្នុង​ការ​សិក្សា»

លោក​ថា ទង្វើ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ការ​ដឹកនាំ​ប្រទេស​កម្ពុជា​ក្លាយ​ទៅជា​ការ​ដឹកនាំ​បែប​ផ្ដាច់ការ។ លោក​បន្ត​ទៀត​ថា រូបមន្ត​ដឹកនាំ​ប្រទេស​ដែល​ជា​ការ​បន្ត​អំណាច​ពី​ឪពុក​ទៅ​កូន ពី​ថ្នាក់​ជាតិ​ដល់​មូលដ្ឋាន​បែប​នេះ​មិន​អាច​ដឹកនាំ​ប្រទេស​យូរ​អង្វែង​ទេ៕

No comments: