2023.04.09
អនុប្រធានគណបក្សប្រជាជនកម្ពុជាម្នាក់ទៀត គឺអ្នកស្រី ម៉ែន សំអន ទទួលបានគោរមងារជា «សម្ដេច» ហើយតាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី៨ មេសា។
អ្នកស្រីជាស្ត្រីទីពីរដែលទទួលបានគោរមងារជា «សម្ដេច» បន្ទាប់ពីអ្នកស្រី ប៊ុន រ៉ានី ភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បើគិតក្នុងចំណោមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលកំពុងមានជីវិតវិញ អ្នកស្រី ម៉ែន សំអន ជាមនុស្សទី៦ ហើយ ដែលទទួលបានគោរមងារដ៏ខ្ពង់ខ្ពស់មួយនេះ បន្ទាប់ពី លោក ហ៊ុន សែន លោក គង់ សំអុល លោក ស ខេង លោក សាយ ឈុំ និងលោក ទៀ បាញ់។
បើតាមព្រះរាជក្រឹត្យ ការផ្ដល់គោរមងារ «សម្ដេច» ដល់អ្នកស្រី ម៉ែន សំអន នៅពេលនេះ ធ្វើឡើងក្រោមហេតុផលថា អ្នកស្រីជាអ្នកដឹកនាំដ៏ឆ្នើម ស្មោះត្រង់នឹងរាជបល្ល័ង្គ និងមានគុណសម្បត្តិជូនជាតិ។
អ្នកស្រី ម៉ែន សំអន មានអាយុ ៧០ឆ្នាំ ជាមន្ត្រីជាន់ខ្ពស់ដ៏មានឥទ្ធិពលមួយរូបទាំងនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាល។ អ្នកស្រីជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
ការផ្ដល់គោរមងារ «សម្ដេច» ដល់អ្នកស្រី ម៉ែន សំអន នេះ ធ្វើឡើងចំពេលលោក ហ៊ុន សែន កំពុងបើកយុទ្ធនាការផ្ដល់តួនាទី បុណ្យសក្ដិ និងលាភសក្ការៈដល់មន្ត្រី និងអ្នកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីលោកសម្រេចបានជោគជ័យនូវការលើកបន្តុបកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ឱ្យក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីបន្តត្រកូល កាត់មុខកាត់មាត់ថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀតនៃគណបក្សប្រជាជនកម្ពុជា៕
1 comment:
Cambodia is Hun Sen. He can give anything to anybody in exchange for his power and his family.
Khmer Roleuy Ey Roleuy Touv Mean Meh Ov Ey Anh !!
Post a Comment