2023.04.10
យុវជនបក្សភ្លើងទៀននៅតែរក្សាជំហរថា ការសម្ដែងមតិដោយសន្តិវិធី ដើម្បីទាមទាររដ្ឋាភិបាលឱ្យដោះលែងសកម្មជនបក្សភ្លើងទៀន និងអ្នកទោសមនសិការនៅមុខទីស្នាក់ការគណបក្ស កាលពីថ្ងៃទី៧ ខែមេសាមិនខុសច្បាប់ឡើយ។ ពួកគេនឹងប្រើប្រាស់សិទ្ធិ ដែលធានាដោយច្បាប់បន្តទៀត ដើម្បីយុត្តិធម៌សង្គម។ ប្រតិកម្មនេះបន្ទាប់ពីអាជ្ញាធរខណ្ឌសែនសុខចោទថា ការប្រមូលផ្ដុំរបស់បក្សភ្លើងទៀននោះមិនបានសុំច្បាប់អនុញ្ញាត។ មន្ត្រីសិទ្ធិមនុស្សមើលឃើញថាសិទ្ធិសេរីភាពនៃការជួបជុំ ដើម្បីសម្ដែងមតិរបស់ពលរដ្ឋ ជាពិសេសក្រុមអ្នកនយោបាយដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាលរងការរងការរឹតត្បិតខ្លាំង។
តំណាងគណបក្សភ្លើងទៀន ៣នាក់ នៅថ្ងៃទី១០ ខែមេសា បានចូលបំភ្លឺតាមការកោះហៅរបស់អាជ្ញាធរខណ្ឌសែនសុខដែលចោទក្រុមយុវជនបក្សនេះថាប្រារព្ធពិធីនៅលើផ្លូវសាធារណៈដោយគ្មានការអនុញ្ញាតនៅមុខទីស្នាក់ការកណ្ដាលរបស់គណបក្សកាលពីថ្ងៃទី៧ ខែមេសា។ ភាគីទាំងពីរបានជជែកវែកញែកនិងលើកហេតុផលរៀងៗ ខ្លួនអស់រយៈពេលជាង១ម៉ោង ហើយធ្វើកំណត់ហេតុបញ្ចប់រឿងរ៉ាវទាំងនោះ។ ទន្ទឹមនឹងនេះ យុវជនបក្សភ្លើងទៀនចាត់ទុកទង្វើហិង្សារបស់អាជ្ញាធរដែលចុះរារាំងពួកគេនោះថាជាការបំបិទសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ។
ប្រធានស្ដីទីចលនាយុវជនគណបក្សភ្លើងទៀនថ្នាក់ជាតិ លោក ថន ចន្ថា ប្រាប់វិទ្យុអាស៊ីសេរីក្រោយចូលបំភ្លឺថា អាជ្ញាធរបានទទួលស្គាល់សកម្មភាពជួបជុំរបស់យុវជននៅមុខទីស្នាក់ការគណបក្សកន្លងមកថា មិនប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនោះទេ។ ប៉ុន្តែអភិបាលរងខណ្ឌសែនសុខ លោក ឃុត សុខា បានចោទចំពោះការប្រមូលផ្ដុំនោះថា លយលើផ្លូវសាធារណៈ និងមិនសុំច្បាប់អញ្ញាតពីអាជ្ញាធរជាមុន ហើយអាជ្ញាធរស្នើគណបក្សភ្លើងទៀនឱ្យទទួលស្គាល់។ ទោះយ៉ាងនេះក្ដី លោកពន្យល់ទៅវិញថា ការណ៍ដែលយុវជនបក្សភ្លើងទៀនប្រមូលផ្ដុំបញ្ចេញមតិនៅមុខទីស្នាក់ការបក្សបែបនេះ គឺដោយសារសាលារាជធានីភ្នំពេញមិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀនសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ ហើយការជួបជុំនៅមុខទីស្នាក់ការបក្សដោយសន្តិវិធី គឺមិនខុសច្បាប់នោះទេ។
លោក ថន ចន្ថា៖ «យើងធ្វើនៅទីស្នាក់ការគណបក្សភ្លើងទៀន យើងមិនចាំបាច់ជូនដំណឹង ឬក៏សុំការអនុញ្ញាតទេ។ មួយទៀត អំឡុងពេលយើងជួបជុំ យើងអត់បានធ្វើឱ្យរាំងស្ទះចរាចរណ៍ ឬកកស្ទះចរាចរណ៍ ឬប៉ះពាល់ដល់អ្នកដំណើរ និងប្រជាពលរដ្ឋរស់នៅទីនោះទេ ដោយសារតែយើងមានក្រុមជួយសម្រួលចរាចរណ៍ ដែលអ្នកដំណើរអាចធ្វើដំណើរទៅវិញទៅមក។ យើងធ្វើដោយអហិង្សាដោយយើងមិនបង្កហិង្សាទេ»។
លោក ថន ចន្ថា បញ្ជាក់ថា បើសិនសកម្មជនបក្សភ្លើងទៀននៅតែរងការគំរាមកំហែងតាមរយៈអំពើលបវាយប្រហារ និងការចាប់ខ្លួនដោយអយុត្តិធម៌ដូចសព្វថ្ងៃនេះ ក្រុមយុវជននៅតែប្ដេជ្ញាតស៊ូមតិដោយសន្តិវិធី រហូតស្ថានភាពនយោបាយល្អប្រសើរឡើងវិញ។
កាលពីថ្ងៃទី៧ ខែមេសា អាជ្ញាធរខណ្ឌសែនសុខបានចុះរារាំងដោយប្រើសម្ដីមិនសមរម្យ រុញច្រាន ចង្អុលមុខ បញ្ឆេះហិង្សាលើអនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន និងក្រុមយុវជនប្រមាណ ១០០នាក់ដែលនាំគ្នាប្រមូលផ្ដុំលើកបដា និងស្រែកទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំមនសិការនៅមុខទីស្នាក់ការគណបក្សនេះស្ថិតនៅសង្កាត់ភ្នំពេញថ្មី ក្រោមហេតុផលថា ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។ ភ្លាមៗ នោះ រដ្ឋបាលខណ្ឌសែនសុខបានកោះហៅមន្ត្រីបក្សភ្លើងទៀនទៅបំភ្លឺដោយចោទថា ការធ្វើពិធីនោះនៅលើផ្លូវសាធារណៈដោយគ្មានការអនុញ្ញាត។
ជាមួយគ្នានេះ សាលារាជធានីភ្នំពេញកាលពីថ្ងៃទី៥ ខែមេសា បានចេញលិខិតបដិសេធមិនអនុញ្ញាតឱ្យចលនាយុវជនគណបក្សភ្លើងទៀនថ្នាក់ជាតិប្រមូលផ្ដុំសម្ដែងមតិ ដើម្បីទាមទារឱ្យតុលាការដោះលែងប្រធានចលនាយុវជនបក្សនេះគឺ លោក ខឿន វីរ៉ាត់ និងសកម្មជននយោបាយផ្សេងទៀតនៅទីលានប្រជាធិបតេយ្យនោះទេ។ សាលារាជធានីភ្នំពេញបានលើកហេតុផលថា កម្មវត្ថុរបស់យុវជនទាំងនោះផ្ទុយនឹងក្រមព្រហ្មទណ្ឌមាត្រា៥២២ និងមាត្រា៥២៣ ហើយករណីនេះកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការនៅឡើយ។
វិទ្យុអាស៊ីសេរី មិនអាចសុំការបកស្រាយពីអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា និងអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បាននៅឡើយទេ នៅថ្ងៃទី១០ ខែមេសានេះ។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំង ២ភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ ហើយសេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។ ចំណែកមាត្រា៣៧ នៃរដ្ឋធម្មនុញ្ញ ចែងថា សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខ័ណ្ឌនៃច្បាប់ ខណៈមាត្រា៤១ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពខាងជួបជុំជាដើម។
ក្រុមអ្នកការពារសិទ្ធិមនុស្សពន្យល់ថា ពលរដ្ឋមានសិទ្ធិពេញលេញក្នុងការប្រមូលផ្ដុំគ្នាសម្ដែងមតិ ផ្អែកលើមូលដ្ឋានច្បាប់កំពូល និងច្បាប់អន្តរជាតិជាច្រើន រួមមានរដ្ឋធម្មនុញ្ញ សេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស ព្រមទាំងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ សូម្បីតែនៅក្នុងច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធី ក៏មិនបានតម្រូវឱ្យពលរដ្ឋទៅសុំការអនុញ្ញាតពីអាជ្ញាធរដែរ គឺត្រឹមតែការជូនដំណឹងប៉ុណ្ណោះ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licado) លោក អំ សំអាត មានប្រសាសន៍ថាទីលានប្រជាធិបតេយ្យជាទីកន្លែងជួបជុំសម្ដែងមតិដោយសន្តិវិធី និងគ្មានការរើសអើងនិន្នាការដែលច្បាប់ជាតិនិងអន្តរជាតិគាំទ្រ។ លោកបន្តថា អាជ្ញាធរមានកាតព្វកិច្ចក្នុងការជួយសម្របសម្រួលឲ្យប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់សិទ្ធិជួបជុំតវ៉ាដូចតាមបំណងរបស់ពួកគាត់មិនមែនបដិសេធលិខិតជូនដំណឹងដែលធ្វើឱ្យពួកគាត់ ងាកទៅរកទីតាំងផ្សេងដូច្នេះទេ។ ទោះយ៉ាងណា លោកសម្គាល់ថារយៈពេលចុងក្រោយនេះការទាមទារសិទ្ធិសេរីភាពបញ្ចេញមតិតាមរយៈការជួបជុំនៅមានកម្រិតនៅឡើយ។
លោក អំ សំអាត៖ «យើងចង់ឃើញភាគីណាក៏ដោយ បើសិនការជួបជុំដោយសន្តិវិធីគួរតែមានការជជែកគ្នាដើម្បីស្វែងរកដំណោះស្រាយណាមួយទទួលយកបានទាំងអស់គ្នា ហើយស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ហើយហ្នឹងច្បាប់របស់យើង ជាពិសេស រដ្ឋធម្មនុញ្ញផង ដើម្បីឱ្យមានលំហសេរីភាព និងការជួបជុំ ប្រមូលផ្ដុំដោយសន្តិវិធីដែលអនុលោមតាមច្បាប់ជាតិ និងអន្តរជាតិ»។
កន្លងមក ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ រួមទាំងអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ បានថ្កោលទោស និងទាមទារឱ្យអាជ្ញាធរលោក ហ៊ុន សែន បញ្ឈប់ការប្រើហិង្សា និងរារាំងលើការប្រមូលផ្ដុំរបស់ពលរដ្ឋតទៅទៀត។ ពួកគេទទូចដល់រដ្ឋាភិបាលឱ្យងាកមកគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋវិញ ដូចជា ការប្រមូលផ្ដុំដោយសន្តិវិធី ការបញ្ចេញមតិ ការចងក្រងគ្នាជាសមាគម និងការទទួលបានព័ត៌មានជាដើម៕
1 comment:
Ah former Chor Luoch Morn Hun Sen is so cheap. He wants to grab the power any way he can.
Post a Comment