Khmer Circle:
Trying to get Hanoi to abide by any of its signed treaties is like trying to shepherd the clouds in the sky...
^^^
2023.04.11
សហព័ន្ធខ្មែរកម្ពុជាក្រោម បានស្នើទៅវេទិកា«យន្តការអ្នកជំនាញស្ដីពីសិទ្ធិជនជាតិដើម» (EMRIP) របស់អង្គការសហប្រជាជាតិ ដើម្បីជំរុញទៅរដ្ឋាភិបាលវៀតណាមអនុវត្តសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម (UNDRIP)នៅកម្ពុជាក្រោម។ រដ្ឋាភិបាលកុម្មុយនិស្តវៀតណាមបានចុះសន្ធិសញ្ញាទទួលស្គាល់និងអនុវត្តសេចក្ដីប្រកាសស្តីពីសិទ្ធិជនជាតិដើមកាលពីឆ្នាំ២០០៧ ប៉ុន្តែមិនបានគោរពសេចក្ដីប្រកាសនេះទេ ហើយថែមទាំងបានរំលោភសិទ្ធិជនជាតិដើមខ្មែរក្រោមបន្ថែមទៀតផង។
សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងប្រើប្រាស់«យន្តការអ្នកជំនាញស្ដីពីសិទ្ធិជនជាតិដើម»ដើម្បីដាក់គំនាបទៅរដ្ឋាភិបាលវៀតណាមឲ្យគោរពសិទ្ធិជនជាតិដើមខ្មែរក្រោម។
«យន្តការអ្នកជំនាញស្ដីពីសិទ្ធិជនជាតិដើម» នឹងបើកកិច្ចប្រជុំលើកទី១៦ ខែកក្កដា ខាងមុខ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
អនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ម៉ៅ មុន្នី ប្រាប់វិទ្យុអាស៊ីសេរីថា សហព័ន្ធខ្មែរកម្ពុជាក្រោមបានដាក់របាយការណ៍ទៅយន្តការជំនាញអង្គការសហប្រជាជាតិដើម្បីឲ្យពួកគេដឹងថា ពលរដ្ឋខ្មែរក្រោម កំពុងតែធ្វើការតស៊ូមតិទាមទារឲ្យវៀតណាមទទួលស្គាល់អត្តសញ្ញាណ និងការពារសិទ្ធិរបស់ខ្មែរក្រោម។
លោក ម៉ៅ មុន្នី៖ «រឿងទីមួយឲ្យរដ្ឋាភិបាលវៀតណាមទទួលខ្មែរក្រោមជាជនជាតិដើមពីព្រោះរដ្ឋាភិបាលចុះហត្ថលេខាទទួលស្គាល់សេចក្ដីប្រកាសអង្គការសហប្រជាជាតិស្តីពីជនជាតិដើម តាំងពី ២០០៧ ប៉ុន្តែមកទល់ពេលនេះ នៅតែមិនទាន់ទទួលស្គាល់ ទីពីរស្នើឲ្យវៀតណាមបង្កើតអង្គការសិទ្ធិមនុស្សមួយតាមដានរដ្ឋាភិបាលយួនហ្នឹងជួយជនជាតិដើមហ្នឹង»។
យន្តការអ្នកជំនាញជាស្ថាប័នផ្ដល់ប្រឹក្សា និងជំនាញលើសិទ្ធិជនជាតិដើម។ យន្តការនេះ ជួយប្រទេសជាសមាជិកអង្គការសហប្រជាជាតិសម្រេចការលើកស្ទួយសិទ្ធិជនជាតិដើម ដែលចែងក្នុងសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ។ យន្តការអ្នកជំនាញ មានសមាជិក ឯករាជ្យប្រាំពីររូប តែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលមានជំនាញខាងសិទ្ធិជនជាតិដើម។ របាយការណ៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោមទៅ«យន្តការអ្នកជំនាញស្ដីពីសិទ្ធិជនជាតិដើម» (EMRIP)សរសេរថា បច្ចុប្បន្នរដ្ឋាភិបាលវៀតណាមបានបដិសេធ ផ្តល់សិទ្ធិជនជាតិដើមដល់ខ្មែរក្រោម និងកំពុងប្រើប្រាស់នយោបាយបំបាត់វប្បធម៌ និងរំលោភបំពានយកដីធ្លីស្រែចម្ការរបស់ពលរដ្ឋខ្មែរក្រោម។
វៀតណាមប្រើប្រាស់ការគាបសង្កត់ខ្មែរក្រោមណា ដែលហ៊ានងើបឡើងតស៊ូមតិតាមរយៈការសម្លុតបំភ័យ ប្រើប្រាស់ហិង្សា និងសង្កត់សង្កិន។ យ៉ាងហោចណាស់ក៏មានយុវជនខ្មែរក្រោមប្រមាណដប់នាក់ត្រូវអាជ្ញាធរវៀតណាមកោះហៅទៅសម្លុតនឹងប្រើប្រាស់ហិង្សាបង្ខំឲ្យពួកគេឈប់ចូលរួមសកម្មភាពទាមទារសិទ្ធិសេរីភាព និងបង្ហាញអត្តសញ្ញាណជាខ្មែរក្រោម។ ការកោះហៅនេះ ដោយសារតែយុវជនខ្មែរក្រោមនាំគ្នាពាក់អាវ មានផែនទី និងទង់ជាតិខ្មែរកម្ពុជាក្រោមដើម្បីអបអរសាទរទិវាសិទ្ធិនារី៨ មីនា។ វៀតណាមក៏រឹតត្បិតសិទ្ធិសេរីភាពការប្រតិបត្តិព្រះពុទ្ធសាសនារបស់ខ្មែរកម្ពុជាក្រោមដែរ។
វៀតណាម បានហាមឃាត់ព្រះសង្ឃមិនឲ្យទទួលស្គាល់ព្រះសង្ឃ យឿង ខាយ ដែលព្រះសង្ឃសកម្មក្នុងវិស័យសិទ្ធិមនុស្ស និងជនជាតិដើម។ សកម្មជនសិទ្ធិមនុស្សខ្មែរក្រោមលោក តោ ហ្វាងចឿង ស្វាគមន៍សំណើរបស់សហព័ន្ធទៅអង្គការសហប្រជាជាតិដើម្បីឲ្យវៀតណាមគោរពសិទ្ធិជនជាតិដើម។ លោកថា បច្ចុប្បន្ន ក្នុងនាមជាយុវជនខ្មែរក្រោម លោកត្រូវវៀតណាមធ្វើទុក្ខបុកម្នេញគ្មានពេលស្រាកស្រាន្តឡើយ។
លោក តោ ហ្វាងចឿង៖ «ប្រជាពលរដ្ឋខ្មែរក្រោមដូចជាយុវជនផងដែរ ប្អូនសង្កេតឃើញថារដ្ឋាភិបាលវៀតណាមមិនគោរពសិទ្ធិមនុស្សនិងជនជាតិដើម គាបសង្កត់ និងប្រើប្រាស់អំពើហិង្សាមកលើពលរដ្ឋខ្មែរក្រោមយើង»។
ពាក់ព័ន្ធនឹងរឿងដែរនេះ លោក ម៉ៅ មុន្នី មានប្រសាសន៍ថា វៀតណាមនឹងខ្មាសគេ ក្នុងកិច្ចប្រជុំប្រឹក្សាសិទ្ធិមនុស្សនៅពេលដែល«យន្តការអ្នកជំនាញស្ដីពីសិទ្ធិជនជាតិដើម» (EMRIP) លើកឡើងពីការបន្តធ្វើទុក្ខបុកម្នេញរបស់វៀតណាមលើខ្មែរក្រោម។ បច្ចុប្បន្នវៀតណាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិបីឆ្នាំ។ វៀតណាមធ្លាប់បដិសេធរបាយការណ៍សិទ្ធិរបស់សហរដ្ឋអាមេរិក និងអង្គការសិទ្ធិមនុស្សអន្តរជាតិហើយធ្លាប់សន្យាថា នឹងលើកស្ទួយវិស័យសិទ្ធិមនុស្សប្រសិនបើវៀតណាមក្លាយជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះ អ្នកជំនាញស្ដីពីសិទ្ធិជនជាតិដើមរបស់អង្គការសហប្រជាជាតិ បានដាក់សំណួរទៅវៀតណាមករណីអាជ្ញាធរវៀតណាម បន្តធ្វើបាបខ្មែរក្រោម ដោយគ្រាន់តែពួកគេចែកចាយសេចក្ដីប្រកាស ស្ដីពីជនជាតិដើមរបស់អង្គការសហប្រជាជាតិ។ វៀតណាមនៅមិនទាន់ឆ្លើយសំណួររបស់អ្នកជំនាញអង្គការសហប្រជាជាតិនៅឡើយទេ៕
No comments:
Post a Comment