2023.04.11
លោក ហ៊ុន សែន បញ្ជាឱ្យក្រសួងយុត្តិធម៌និងតុលាការ ត្រូវចាត់វិធានការឡើងវិញចំពោះមន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលម្នាក់ ដែលប្រើប្រាស់កាំភ្លើងគំរាមបាញ់សម្លាប់យុវជនម្នាក់ បន្ទាប់ពីតុលាការបានដោះលែងមន្ត្រីរូបនោះឱ្យនៅក្រៅឃុំ។ មន្ត្រីសង្គមស៊ីវិលរិះគន់ថា ការណ៍ដែលតុលាការដោះលែងមន្ត្រីប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរបែបនេះឱ្យនៅក្រៅឃុំ ជាគ្រោះថ្នាក់មួយសម្រាប់សង្គម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យនៅថ្ងៃទី១១ មេសា ដើម្បីបញ្ចប់មុខតំណែងលោក ប៉ែល វ៉ាន់ដែត ចេញពីតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ស្របពេលលោកមិនពេញចិត្តចំពោះចំណាត់ការរបស់តុលាការក្រុងភ្នំពេញ ដែលដោះលែងឱ្យមន្ត្រីរូបនេះនៅក្រៅឃុំ ខណៈកំពុងជាប់ចោទពីបទប្រើប្រាស់កាំភ្លើងគំរាមបាញ់សម្លាប់យុវជនម្នាក់កាលពីចុងខែមីនា។
លោក ហ៊ុន សែន បានសរសេរបង្ហោះតាមប្រព័ន្ធតេឡេក្រាមរបស់លោកថា ប្រសិនបើតុលាការមិនចាត់ការតាមផ្លូវច្បាប់ទេ ទុកឲ្យលោកដាក់វិន័យតាមផ្លូវរដ្ឋសិន ចំពោះមន្រ្តីដែលអាងខ្លួនមានអំណាចហើយប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ។ លោកបន្តថា នេះជាសារព្រមានចំពោះមន្ត្រីទាំងអស់ មិនត្រូវអាងអំណាចរបស់ខ្លួនយកទៅធ្វើបាបអ្នកទន់ខ្សោយ ជាពិសេស មិនត្រូវប្រើប្រាស់អាវុធខុសច្បាប់។
លោកបានសរសេរបន្ថែមដោយន័យដើមដូច្នេះថា៖ «សូមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការ សូមកុំឲ្យជនល្មើសប្រើប្រាស់អាវុធខុសច្បាប់បាននៅក្រៅឃុំ មុនពេលកាត់ទោស ដែលជននោះ អាចតាមគំរាមកំហែងដល់អ្នកផ្សេងទៀត»។
ប្រតិកម្មរបស់លោក ហ៊ុន សែន នេះ ធ្វើឡើង បន្ទាប់ពីបណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថា មន្ត្រីអាកាសចរណ៍ស៊ីវិលលោក ប៉ែល វ៉ាន់ដែត ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញលោកស្រី អ៊ុក រ៉េតគន្ធា ដោះលែងឱ្យនៅក្រៅឃុំស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ បន្ទាប់ពីមន្ត្រីរូបនេះ ត្រូវបានចោទប្រកាន់កាលពីថ្ងៃទី៣១ មីនា ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទគំរាមកំហែងថា នឹងសម្លាប់។
បណ្ដាញសារព័ត៌មានក្នុងស្រុកបញ្ជាក់ថា ការចោទប្រកាន់នេះ បានធ្វើឡើងបន្ទាប់ពីលោក ប៉ែល វ៉ាន់ដែត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានប្រើប្រាស់កាំភ្លើងខ្លីគំរាមទៅលើយុវជនម្នាក់ដែលមានអាយុ ២៣ឆ្នាំ ដោយសារខឹងរឿងចុចស៊ីផ្លេរថយន្ត។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺពីមន្ត្រីនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន និងមន្ត្រីនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ បានទេ នៅថ្ងៃទី១១ មេសានេះ។
អ្នកនាំពាក្យសមាគមអាដហុក (Adhok) លោក ស៊ឹង សែនករុណា ចាត់ទុកចំណាត់ការរបស់លោក ហ៊ុន សែន ចំពោះមន្ត្រីដែលប្រើប្រាស់អាវុធមិនចំពេលវេលា បេសកកម្ម និងតួនាទីនេះ ថាជារឿងត្រឹមត្រូវ។ មន្ត្រីសិទ្ធិមនុស្សរូបនេះរិះគន់តុលាការ ដែលមិនបានអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងចំពោះមន្ត្រីប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ក្នុងការប្រើប្រាស់កាំភ្លើងមិនបានត្រឹមត្រូវនេះ។ លោកថា សកម្មជនសង្គម ឬអ្នកនយោបាយ ដែលមិនបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ហើយគ្រាន់តែនាំគ្នាសម្ដែងមតិ បែរជាត្រូវបានតុលាការចោទប្រកាន់ ឬបដិសេធការស្នើសុំឱ្យនៅក្រៅឃុំទៅវិញ។
លោក ស៊ឹង សែនករុណា៖ «ជនប្រព្រឹត្តល្មើសបែបនេះ បែរជាអាចរួចផុតពីការដាក់ទោសទណ្ឌ ផ្ដន្ទាទោសនៅក្នុងពន្ធនាគារ អាហ្នឹង វាជារឿងមួយ ដែលមិនជារឿងល្អទេ ហើយវាអាចជាការលើកទឹកចិត្តទៅវិញ អាចថា ការប្រព្រឹត្តហ្នឹងមិនរាងចាល ហើយអាចនឹងបន្តប្រព្រឹត្តទៀត ហើយអ្នកផ្សេងទៀត ដែលមានអាវុធនៅក្នុងខ្លួន អាចប្រើប្រាស់មធ្យោបាយបែបនេះ ដើម្បីរួចផុតពីការផ្ដន្ទាទោសតាមផ្លូវច្បាប់»។
បច្ចុប្បន្ន តុលាការគ្រប់ជាន់ថ្នាក់របស់កម្ពុជា ត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិរិះគន់កាន់តែខ្លាំងថា ស្ថិតក្រោមការបង្គាប់បញ្ជាពីលោក ហ៊ុន សែន ដែលនាំឱ្យតុលាការសម្បូរទៅដោយការប្រព្រឹត្តអំពើពុករលួយច្រើន រួមទាំង ការកាត់ក្ដីមិនឯករាជ្យ និងមិនអព្យាក្រឹត។ កាលពីពេលថ្មីៗ នេះ លោក ហ៊ុន សែន ក៏រងការរិះគន់ដែរ បន្ទាប់ពីលោកបានលើកលែងទោសឱ្យអតីតអភិបាលខេត្តតាកែវលោក ឡាយ វណ្ណៈ មានសេរីភាពឡើងវិញ កាលពីថ្ងៃទី ៦មេសា បន្ទាប់ពីជាប់ពន្ធនាគារបានប្រហែល ៤ឆ្នាំ ក្នុងរឿងក្ដីឃាតកម្មលើស្រីកំណាន់ ដែលតុលាការបានសម្រេចផ្ដន្ទាទោស ១៣ឆ្នាំ៕
No comments:
Post a Comment