2023.04.13
សកម្មជនគណបក្សភ្លើងទៀនបីនាក់កំពុងរងការធ្វើទុក្ខបុកម្នេញ។ សកម្មជនគណបក្សនេះពីរនាក់នៅខេត្តព្រៃវែងកំពុងជាប់ឃុំក្នុងសំណុំរឿង ក្លែងបន្លំឯកសារសាធារណៈ ចំណែកស្ត្រីអ្នកគាំទ្រគណបក្សភ្លើងទៀននៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាលកណ្ដាលត្រូវបានសមត្ថកិច្ចចុះមកសួរនាំក្រោយពេលលោកស្រីបានលើកស្លាកគណបក្សភ្លើងទៀននៅមុខផ្ទះ។
សមត្ថកិច្ចខេត្តព្រៃវែង បាននាំជំទប់ទី២ ឃុំកន្សោមអកនៃគណបក្សភ្លើងទៀន លោក អៀង ជា និង ប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង លោក ហេង សំអឿន ដោយគ្មានដីកា កាលពីថ្ងៃទី១១ ខែមេសា។ ក្រោយមកសាលាដំបូងខេត្តព្រៃវែង សម្រេចចោទប្រកាន់អ្នកទាំងពីរពីបទក្លែងបន្លំឯកសារសាធារណៈ និងត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារក្នុងខេត្តនេះ។ ចំណែកស្ត្រីអ្នកគាំទ្រគណបក្សនេះ លោកស្រី សួនសុខឿន ត្រូវបានសមត្ថកិច្ចមូលដ្ឋានខេត្តកណ្ដាលចុះមកសួរនាំលោកស្រី ក្រោយពេលស្ត្រីរូបនេះលើកស្លាកគណបក្សភ្លើងទៀននៅមុខផ្ទះរបស់លោកស្រី។
ម្ដាយមីងជំទប់ទី២ គណបក្សភ្លើងទៀនលោក អៀងជា គឺលោកស្រី ព្រំ ណាត ឱ្យវិទ្យុអាស៊ីសេរីដឹងថ្ងៃទី១៣ ខែមេសា តុលាការចោទប្រកាន់ក្មួយរបស់លោកស្រីនេះ ទាក់ទងការបំពេញឯកសារខុសឈ្មោះអ្នកបោះឆ្នោតឃុំសង្កាត់កន្លងទៅ។ លោកស្រីបន្តទៀតថា បើទោះបីនៅពេលនេះមន្ត្រីខាងរៀបចំការបោះឆ្នោតបានអនុញ្ញាតឱ្យកែឈ្មោះខុសនោះ មកត្រឹមត្រូវឡើងវិញហើយក្ដី ប៉ុន្តែ ក្រុមប្រឹក្សាឃុំគណបក្សកាន់អំណាចនៅតែបន្តប្ដឹងលោក អៀង ជា ទៅតុលាការ រហូតមានការចាប់ខ្លួនលោក អៀង ជា កាលពីថ្ងៃទី១១ ខែមេសា។ លោកស្រី ព្រំ ណាត ចាត់ទុកការចោទប្រកាន់ និងការចាប់ខ្លួនក្មួយរបស់លោកស្រី ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
លោកស្រី ព្រំ ណាត៖ «ច្រឡំដោយអចេតនាទេ គ្មានគោលបំណងអីទេ ហើយគេអ្នកម្ចាស់ខ្លួនហ្នឹងគ្មានអ្នកណាគេរករឿងអីទេ តែយកទៅកន្លែងគ.ជ.ប ហ្នឹងក្រុមប្រឹក្សាឃុំគណបក្សប្រជាជនគេមើលទៅឃើញដាក់ច្រឡំអ៊ីចឹងគេប្ដឹងទៅ ហើយគ.ជ.បថា មិនអីទេយកទៅកែបានដល់កែហើយៗក៏គេស៊ីញេ(ចុះហត្ថលេខា) បោះត្រាទទួលស្គាល់អីហើយទៅស្មានតែមិនអីហៅៗដល់ថ្ងៃចាប់ខ្លួនថ្ងៃទី១១ ខែបួន (ខែមេសា)»។
ចំណែកប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ប្រចាំស្រុកកំពង់ត្របែក ខេត្តព្រៃវែង លោក ហេង សំអឿន ក៏រងនូវការចោទប្រកាន់ ក្នុងសំណុំរឿងក្លែងបន្លំឯកសារសាធារណនេះដែរ។ កូនស្រីរបស់លោក ហេង សំអឿន គឺកញ្ញា អឹម រ៉ានី រិះគន់ថា ការចោទប្រកាន់លើឪពុករបស់កញ្ញាថា មិនមែនជាអនុវត្តច្បាប់ទេតែជាមានចរិតនយោបាយ។ កញ្ញា អឹម រ៉ានី ឱ្យវិទ្យុអាស៊ីដឹងទៀតថា ឪពុករបស់កញ្ញាជាមនុស្សការពារយុត្តិធម៌ និងជួយជនក្រីក្រក្នុងភូមិ ដូច្នេះ ឪពុករបស់កញ្ញាមិនទៅប្រព្រឹត្តល្មើសដូចការចោទប្រកាន់ឡើយ។
កញ្ញា អឹម រ៉ានី៖ «ខ្ញុំមិនដឹងថា គួរជួយឪខ្ញុំម៉េចបានទេ ម៉ែខ្ញុំស្លាប់ជាង ១០ឆ្នាំហើយខ្ញុំមានតែឪមួយឥឡូវឪខ្ញុំមានបញ្ហាអ៊ីចឹងទៀត ពួកខ្ញុំសុទ្ធតែស្រីៗ នៅជាមួយឪ។ ឥឡូវឪគាត់ឈឺ ឈឺហើយថ្នាំយកចូលអត់បានទៀត។ ខ្ញុំអត់ដឹងថា ឪពុករបស់ខ្ញុំគាត់ទ្រាំបានប៉ុណ្ណាទេ ខ្ញុំសូមអង្វរសុំឱ្យអ្នកអង្គការទាំងអស់ស្វែងរកយុត្តិធម៌សម្រាប់ក្រុមគ្រួសារខ្ញុំផង»។
ករណីមួយទៀតនៅខេត្តកណ្ដាលវិញ សមត្ថកិច្ចមូលដ្ឋានខេត្តនេះ នៅថ្ងៃទី១៣ ខែមេសា បានចុះទៅសួរអ្នកគាំទ្រគណបក្សភ្លើងទៀនម្នាក់ គឺលោកស្រី សួន សុខឿន ដែលបានលើកស្លាកគណបក្សភ្លើងទៀននៅមុខផ្ទះរបស់លោកស្រី។ លោកស្រីឱ្យវិទ្យុអាស៊ីសេរីដឹងថា លោកស្រីបានប្រាប់ទៅសមត្ថកិច្ចថា លោកស្រីលើកស្លាកគណបក្សភ្លើងទៀន ព្រោះលោកស្រីស្រឡាញ់ និងគាំទ្រគណបក្សនេះ។
លោកស្រី សួន សុខឿន៖ «ដៀលខ្ញុំសុទ្ធតែឆ្កួត ខ្ញុំហ្នឹងមនុស្សឆ្កួតមនុស្សភ្លើបានឱ្យគេដាក់ស្លាកភ្លើងទៀន អ៊ីចឹងអ្នកដែលដាក់ស្លាកភ្លើងទៀនហ្នឹងសុទ្ធតែអ្នកឆ្កួតអ្នកភ្លើ?អ៊ីចឹង។ ស្លាកនៅមុខផ្ទះហ្នឹងមានន័យខ្ញុំគាំទ្រគណបក្សហ្នឹង ខ្ញុំស្រលាញ់គណបក្សហ្នឹងបានខ្ញុំឱ្យដាក់»។
លោកស្រី សួន សុខឿន អាយុ ៥៣ឆ្នាំ ប្រកបរបរលក់នំបញ្ចុក ជាស្ត្រីមេម៉ាយ កូនប្រុសរបស់លោកស្រីម្នាក់កំពុងជាប់ឃុំ។ មុនពេលសមត្ថកិច្ចចុះមកសួរនាំលោកស្រី មានមនុស្សក្នុងភូមិនេះ ដែលលោកស្រីសុំមិនបញ្ចេញអត្តសញ្ញាណបានព្រមានអារកសម្លាប់លោកស្រី ព្រោះខឹងលោកស្រីលើកស្លាកគណបក្សភ្លើងទៀននេះ។
ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា វិធានការលើមន្ត្រី ឬសកម្មជនគណបក្សភ្លើងទៀន ជាការអនុវត្តច្បាប់។ លោកលើកឡើងទៀត បើការចោទប្រកាន់នេះចូលដល់ដៃតុលាការហើយ សាច់ញាតិអ្នកជាប់ឃុំ ឬគណបក្សភ្លើងទៀន គួររកមេធាវីជួយការពារក្ដី ទើបជារឿងល្អ។
លោក សុខ ឥសាន៖ «ពិរុទ្ធភាពរបស់គាត់(សកម្មជននិងអ្នកគាំទ្រគណបក្សភ្លើងទៀន) របស់គាត់គាត់អ្នកធ្វើឱ្យជាប់ឃុំខ្លួនឯងមិនមែនគណបក្សប្រជាជនអ្នកឱ្យគាត់ជាប់ឃុំឯណា? គាត់ប្រព្រឹត្តបទល្មើស»។
ទាក់ទងរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា យល់ថា ការចាត់វិធានការនានា មកលើសកម្មជនគណបក្សភ្លើងទៀន បន្តបន្ទាប់មកនេះ ជាការគំរាមកំហែងថ្មីបន្ថែមលើសកម្មជន និងអ្នកគាំទ្រគណបក្សនេះ។ លោកថា រូបភាពនេះ នឹងធ្វើឱ្យពលរដ្ឋមានការភ័យខ្លាចក្នុងការចូលរួមការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដាខាងមុខ។ មន្ត្រីសិទ្ធិមនុស្សរូបនេះរំលឹកថា សហគមន៍អន្តរជាតិ ជាពិសេស សហភាពអឺរ៉ុប កំពុងតាមដានស្ថានការណ៍នយោបាយ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ដូច្នេះ លោកចង់ឃើញគ្រប់ភាគី ជាពិសេស គណបក្សកាន់អំណាចបង្កបរិយាកាសល្អចាប់ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោតជាតិនាពេលខាងមុខ។
លោក ស៊ឹង សែនករុណា៖ «បរិយាកាសបែបនេះ ចង់ ឬមិនចង់ គឺមានការរិះគន់អំពីសហគមន៍ជាតិ អន្តរជាតិហើយ។ អ៊ីចឹង គប្បីមានការកែសម្រួលយ៉ាងណា ធ្វើឱ្យបរិយាកាសនយោបាយហ្នឹងមានភាពល្អប្រសើររហូតឈានទៅដល់ការបោះឆ្នោតមួយ ដែលមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាននានាទៅបាននោះបាទ»។
គិតមកដល់ពេលនេះថ្នាក់ដឹកនាំគណបក្សភ្លើងទៀនចំនួន ៤នាក់ កំពុងជាប់ឃុំ ដែលគេមើលឃើញថា ការចាប់ឃុំខ្លួននេះ ជាការទុក្ខបុកម្នេញនយោបាយច្រើនជាងការអនុវត្តច្បាប់។ ក្រៅពីនេះសកម្មជនគណបក្សនេះជាច្រើនរូបទៀតផ្សេងក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយអ្នកខ្លះកំពុងជាប់ឃុំ និងអ្នកផ្សេងទៀតរត់គេចខ្លួនរកទីសុវត្ថិភាព។ សហភាពអឺរ៉ុបព្រមានថា បើការបោះឆ្នោតខាងមុខប្រព្រឹត្តិទៅដោយគ្មានតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ និងនៅតែមានការរំលោភសិទ្ធិមនុស្សតទៅទៀត សហភាពអឺរ៉ុបនឹងដកហូតការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ ឬ EBAពីកម្ពុជាបន្ថែមខណៈសហភាពអឺរ៉ុបបានកាត់បន្ថយការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធនេះអស់ ២០ភាគរយពីកម្ពុជារួចហើយ៕
No comments:
Post a Comment