Friday 14 April 2023

លោក សម រង្ស៊ី ថា អ្នក​ជាប់​ឃុំ​បី​នាក់​ជា​មនុស្ស ដែល​លោក ហ៊ុន សែន ខ្លាច​បំផុត


ដោយ ជុន ច័ន្ទបុត្រ
2023.04.12

លោក សម រង្ស៊ី ថា អ្នក​ជាប់​ឃុំ​បី​នាក់​ជា​មនុស្ស ដែល​លោក ហ៊ុន សែន ខ្លាច​បំផុត

លោក សម រង្ស៊ី ថា អ្នក​ជាប់​ឃុំ​បី​នាក់​ជា​មនុស្ស ដែល​លោក ហ៊ុន សែន ខ្លាច​បំផុត
រូប៖ ហ្វេសប៊ុក


ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី លើក​ឡើង​ថា ក្នុង​ចំណោម​មនុស្ស ដែល​លោក ហ៊ុន សែន ចាប់​ឃុំឃាំង​មាន អ្នក​ជាប់​ឃុំ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្លាច​បំផុត។ នោះ​គឺ​អ្នក​តស៊ូ​មតិ​​កញ្ញា សេង ធារី មេ​ដឹកនាំ​សហជីព កញ្ញា ឈឹម ស៊ីថរ និង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ដែល​មាន​ដើម​កំណើត​ខ្មែរ​ក្រោម​ផង​នោះ។ លោក សម រង្ស៊ី អះអាង​បន្ត​ថា បើ​ពួក​គាត់​មាន​សេរីភាព នឹង​ធ្វើ​ឱ្យ​គណបក្ស​កាន់​អំណាច​បាត់បង់​សន្លឹក​ឆ្នោត​កាន់តែ​ច្រើន​ថែម​ទៀត។ មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​អ្នក​ជាប់​ឃុំ​ទាំង​បី​រូប​នេះ​ កំពុង​ជាប់​ឃុំ​ដោយ​អយុត្តិធម៌ ព្រោះ​ការ​បំពេញ​ការងារ និង​ការ​តស៊ូ​មតិ​របស់​ពួក​គាត់។

លោក សម រង្ស៊ី លើក​ឡើង​ថា លោក ហ៊ុន សែន មិន​ហ៊ាន​ឱ្យ​កញ្ញា សេង ធារី កញ្ញា ឈឹម ស៊ីថរ និង​លោក ថាច់ សេដ្ឋា មាន​សេរីភាព​មុន​ការ​បោះ​ឆ្នោត​ទេ ព្រោះ​អ្នក​ជាប់​ឃុំ​ស្លូត​ត្រង​ទាំង​បី​នាក់​នេះ ពួក​គាត់​ចេះ​ពន្យល់​ពលរដ្ឋ ឱ្យ​យល់​ដឹង​ពី​ការពិត​រឹតតែ​ច្បាស់ ហើយ​ធ្វើ​ឱ្យ​ពលរដ្ឋ​ស្អប់​លោក​ ហ៊ុន សែន កាន់តែ​ខ្លាំង ដែល​ប៉ះពាល់​ដល់​សន្លឹក​បក្ស​កាន់​អំណាច។ លោក​ថា ដោយ​មើល​ឃើញ​បញ្ហា​នេះ​ទើប លោក ហ៊ុន សែន បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​អ្នក​បី​នាក់​នោះ​យក​ទៅ​ឃុំឃាំង។

លោក សម រង្ស៊ី លើក​ឡើង​ដូច្នេះ តាម​រយៈ​ទំព័រ​របស់​លោក កាល​ពី​ថ្ងៃ​ទី១១ ខែ​មេសា។



ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេត​ឃើញ​ថា អ្នក​ជាប់​ឃុំ​ទាំង​បី​រូប​សុទ្ធតែ​មនុស្ស​ស្រឡាញ់​សង្គម ​ជា​មនុស្ស​ហ៊ាន​និយាយ​ហ៊ាន​ធ្វើ និង​មិន​បាន​ប្រព្រឹត្តិ​ខុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ លោក​កត់​សម្គាល់​ឃើញ​ទៀត​ថា ស្ត្រី​ទាំង​ពីរ​រូប កញ្ញា សេង ធារី និង​កញ្ញា ឈឹម ស៊ីថរ ជា​អ្នក​តស៊ូ​មតិ​គួរ​ឱ្យ​គោរព​ និង​ហ៊ាន​លះបង់​សេរីភាព​របស់​ខ្លួន​ដើម្បី​ប្រយោជន៍​ពលរដ្ឋ។ លោក​បន្ត​ទៀត​ថា ចំពោះ​លោក ថាច់ សេដ្ឋា ជា​អ្នក​នយោបាយ​ជាន់​ខ្ពស់​នៅ​គណបក្ស​ភ្លើង​ទៀន​ផង និង​មាន​ដើម​កំណើត​ខ្មែរ​ក្រោម​ផង ដែល​ជា​ជន​រង​រងគ្រោះ​ ដោយ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​វៀតណាម។ លោក​បន្ត​ថា បើ​ខ្មែរ​គ្នា​ឯង​មិន​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​លោក ថាច់ សេដ្ឋា ទេ មិន​គួរ​មក​បង្ក​ការ​ឈឺចាប់​ដល់​រូបលោក ថាច់ សេដ្ឋា ឡើយ។

    លោក រស់ សុដ្ឋា៖ «ខ្ញុំ​កោត​សរសើរ​វីរភាព​អ្នក​ទាំង​បី​ហ្នឹង បើ​យើង​និយាយ​ទៅ ពិសេស​ដូច​គ្នា​ពីរ​នាក់​ទៀត ជា​ស្ត្រី​ក្លាហាន មួយ​នាក់​ទៀត​ជា​ខ្មែរ​កម្ពុជា​ក្រោម ដែល​ជា​ងាយ​រង​គ្រោះ​ជន​ងាយ​រងគ្រោះ គឺ​ដោយសារ​គាត់​ជា​ខ្មែរ​ក្រោម​រស់នៅ​ក្នុង​ទឹកដី​ខ្មែរ​ងាយ​រង​គ្រោះ​ពី​នយោបាយ​វៀតណាម​និយាយ​មែនទែន​ណា»។

អ្នក​ជាប់​ឃុំ​ទាំង​បី​រូប​គឺជា​មេដឹកនាំ​នយោបាយ​ជា​អ្នក​ជំនាញ​ច្បាប់​អន្តរជាតិ និង​មេដឹកនាំ​សហជីព​ការពារ​សិទ្ធិ​ការងារ។ កញ្ញា សេង ធារី អាយុ ៥១ឆ្នាំ បាន​ឃុំ​នៅ​ពន្ធនាគារ​អស់​រយៈ​ពេល ៣០៤ថ្ងៃ​ហើយ ក្រោយ​សមត្ថកិច្ច​ចាប់​ខ្លួន​កញ្ញា​ភ្លាមៗ នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ខែ​មិថុនា ឆ្នាំ២០២២ ក្រោយ​តុលាការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ឃុំ ៦ឆ្នាំ​ពី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជាអាទិ៍ និង​បទ​រួម​គំនិត​ក្បត់។ ប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ អាយុ ៣៤ឆ្នាំ បាន​ឃុំ​អស់​រយៈ​ពេល ៣០២ថ្ងៃ​មក​ហើយ ដោយ​តុលាការ​ចោទ​ប្រកាន់​ពី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍។ កញ្ញា​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ជា​លើក​ទី២ កាល​ពី​ថ្ងៃ​ទី១៤ ខែ​មិថុនា ឆ្នាំ២០២២ ដោយ​ចោទ​ប្រកាន់​ថា ល្មើស​បម្រាម​តុលាការ ដោយសារ​ចេញ​ទៅ​ចូលរួម​ប្រជុំ​សហជីព​អន្តរជាតិ​នៅ​ប្រទេស​អូស្ត្រាលី។ ចំណែក​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា អាយុ ៦៩ឆ្នាំ បាន​ឃុំ​អស់​រយៈ​ពេល ៨៦ថ្ងៃ​មក ហើយ​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទល្មើស​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទៅ​សង​ប្រាក់ ​ឬ​បទ​ចេញ​សែក​ស្អុយ​អត់​លុយ។

ទាក់ទង​ការ​លើកឡើង​ពី​អ្នក​ជាប់​ឃុំ​ទាំង​បី​រូប​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើកឡើង​ថា លោក សម រង្ស៊ី តែងតែ​និយាយ​ផ្ទុយ​ការ​ពិត។ លោក​បន្ត​ទៀត​ថា អ្នក​ទាំង​បី​រូប និង​អ្នក​ជាប់​ឃុំ​ផ្សេងទៀត បាន​ជាប់​ឃុំ​ព្រោះ​ការ​ប្រព្រឹត្ត​បទល្មើស។ លោក​ថា កញ្ញា សេង ធារី ជា​អ្នក​បម្រើ​សកម្មភាព​នយោបាយ លោក សម រង្ស៊ី រីឯ​ កញ្ញា ឈឹម ស៊ីថរ ជាប់​ឃុំ​ព្រោះ បំពាន់​ច្បាប់​ការងារ និង​ល្មើស​បម្រាម​តុលាការ ចំណែក​លោក ថាច់ សេដ្ឋា ជាប់​ឃុំ​ព្រោះ​បញ្ហា​បុគ្គល​ដោយ​ចេញ​សែក​អត់​លុយ។

    លោក សុខ ឥសាន៖ «សម រង្ស៊ី គាត់​និយាយ​តែ​ផ្ទុយ​ការ​ពិត​ទេ​តើ តាំង​ពី​ដើម​មក ហើយ​បើ​អ៊ីចឹងៗ យើង​ទៅ​ជឿ​គាត់​ម៉េច​បាន។ មហាជន​ប្រជាជន​គេ​អស់​ជំនឿ​លើ​គាត់​ហើយ ទោះ​គាត់​និយាយ​ប៉ុន្មាន​កញ្ឆេរ​ក៏​គេ​បោះ​ចោល​ដែរ គេ​អត់​ស្ដាប់​ដែរ​ទេ»។

ទោះ​យ៉ាង​ណា​ក្ដី អ្នក​ឃ្លាំមើល​សង្គម​ ក៏​មាន​ទស្សនៈ​ស្រដៀង​នឹង​លោក សម រង្ស៊ី ដែរ​ដោយ​ថា ការ​ដែល​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ​បង្កើន​ការ​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល ព្រោះ​លោក ហ៊ុន សែន កំពុង​ភ័យ​ខ្លាច​សំឡេង​របស់​របស់​អ្នក​ទាំង​នោះ។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ សង្កេត​ឃើញ​ថា លោក ហ៊ុន សែន ពេល​នេះ​ខ្លាច​មនុស្ស​ស្ទើរ​គ្រប់​គ្នា​រួម​មាន​៖ ​ពលរដ្ឋ​សាមញ្ញ​ដែល​ក្លាហាន សកម្មជន​នយោបាយ ​អ្នក​ការពារ​សិទ្ធិមនុស្ស ​និង​ទាំង​មនុស្ស​ក្នុង​ផ្ទៃ​ក្នុង​​បក្ស​កាន់អំណាច​ផង​ដែរ ហេតុដូច្នេះ​ហើយ ទើប​​លោក ហ៊ុន សែន ប្រកាស​​ថា​ ងើប​មួយ​វាយ​មួយ​និង ចាប់​ដាក់​គុក​មិន​រើស​មុខ​អ្នក​ណា​ដែល​គាត់​យល់​ថា ​រំខាន​ដល់​ផែនការ​អំណាច​របស់​លោក ហ៊ុន សែន។ លោក​បន្ត​ទៀត​ថា នៅ​កៀក​ពេល​ជិត​ពេល​​បោះឆ្នោត និង​ក្នុង​ស្ថានការណ៍​ដែល​លោក ហ៊ុន សែន រៀបចំ​ផ្ទេរ​អំណាច​ទៅ​កូន​ប្រុស​ច្បង​គឺ​លោក ហ៊ុន ម៉ាណែត ដូច្នេះ លោក ហ៊ុន សែន មិន​ចង់​ឱ្យ​មាន​សំឡេង​ប្រឆាំង ឬ​អ្នក​ដែល​មាន​មតិ​មិន​ស្រប​នឹង​លោក មាន​វត្តមាន ឬ​មាន​សេរីភាព​ឡើយ។

    លោក គឹម សុខ៖ «ពីព្រោះ​អ្វី​ដែល​លោក ហ៊ុន សែន ខ្លាច​គឺ​ខ្លាច​ផ្ទុះ​មាន​ការ​តវ៉ា ក្លាយ​ទៅ​ឈ្នាន​នៃ​បាតុកម្ម​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើ​​ឱ្យ​រាំងស្ទះ​ដល់​ផែនការ​ផ្ទេរ​អំណាច​ពី​គាត់​ទៅ​កូន​ប្រុស​របស់​គាត់»។

សព្វ​ថ្ងៃ​ក្រៅ​ពី​អ្នក​ជាប់​ឃុំ​ទាំង​បី​រូប​នេះ ដែល​កំពុង​បាត់បង់​សេរីភាព​ព្រោះ​ការ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ក៏​មាន​អ្នក​ជាប់​ឃុំ​​ជិត ៧០នាក់​ផ្សេង​ទៀត រួមមាន មេ​បក្ស​ប្រឆាំង​លោក កឹម សុខា តែ​ត្រូវ​អនុវត្ត​ទោស​នៅ​ក្នុង​ផ្ទះ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មេ​ដឹកនាំ​ និង​សកម្មជន​គណបក្ស​ភ្លើង​ទៀន សកម្មជន​ដីធ្លី និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ផ្សេង​ទៀត។ សហគមន៍​ជាតិ​និង​អន្តរជាតិ​សុទ្ធតែ​ចាត់​ទុក​ថា ពួក​គាត់​ ជា​ជន​រងគ្រោះ​នៃ​ការ​បង្ក្រាប​តាម​ប្រព័ន្ធ​តុលាការ​ក្រោម​ការ​បង្គាប់​បញ្ជា​ពី​មេដឹកនាំ​កាន់​អំណាច​ដ៏​យូរ​គឺ​លោក ហ៊ុន សែន៕

No comments: