Sunday 16 April 2023

អ្នក​រិះគន់​ថា លោក ហ៊ុន ម៉ាណែត មិនមែន​ជា​អ្នក​កែទម្រង់​វិស័យ​យោធា​ឱ្យ​ល្អ​នោះ​ទេ


ដោយ ម៉ៅ សុធានី
2023.04.15
អ្នក​រិះគន់​ថា លោក ហ៊ុន ម៉ាណែត មិនមែន​ជា​អ្នក​កែទម្រង់​វិស័យ​យោធា​ឱ្យ​ល្អ​នោះ​ទេ 

អគ្គ​បញ្ជាការ​កង​ទ័ព​ជើង​គោក លោក ហ៊ុន ម៉ាណែត។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត


អ្នក​វិភាគ​នយោបាយ និង​មន្ត្រី​គណបក្ស​ប្រឆាំង​លើក​ឡើង​ដូចៗ​គ្នា​ថា លោក ហ៊ុន ម៉ាណែត មិន​បាន​ធ្វើ​កំណែ​ទម្រង់​វិស័យ​យោធា​ឱ្យ​រឹងមាំ និង​គិត​ពី​ប្រយោជន៍​ជាតិ​ជា​ធំ​នោះ​ឡើយ។ ការ​រិះគន់​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អគ្គ​បញ្ជាការ​កងទ័ព​ជើង​គោក លោក ហ៊ុន ម៉ាណែត ថ្លែង​ថា ការ​ធ្វើ​កំណែ​ទម្រង់​ក្នុង​វិស័យ​យោធា​របស់​លោក​នា​ពេល​​កន្លង​ទៅនោះ មិនមែន​ដើម្បី​ប្រជាប្រិយ​ភាព​លោក​នោះ​ទេ។

អ្នក​វិភាគ​នយោបាយ និង​មន្ត្រី​គណបក្ស​ប្រឆាំង​លើក​ឡើង​ស្រដៀង​គ្នា​ថា ការ​ធ្វើ​កំណែ​ទម្រង់​វិស័យ​យោធា​របស់​លោក ហ៊ុន ម៉ាណែត ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​អំណាច​យោធា​ត្រកូល ហ៊ុន ជាជាង​ពង្រឹង​វិស័យ​យោធា​ឱ្យ​រឹងមាំ ដើម្បី​ការពារ​ជាតិ​មាតុភូមិ។

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន យល់​ឃើញ​ថា លោក ហ៊ុន ម៉ាណែត មិន​ត្រឹមតែ​ធ្វើ​ឱ្យ​វិស័យ​យោធា​របស់​កម្ពុជា​មិន​អាច​រឹង​មាំ​បាន​នោះ​ឡើយ ប៉ុន្តែ​ក៏​បាន​បង្ក​ការ​បែក​បាក់​ផ្ទៃ​ក្នុង​ក្រសួង​ការពារ​ជាតិ តាម​រយៈ​ការ​តែងតាំង និង​ដំឡើង​ឋានន្តរសក្ដិ​ទៅ​ដល់​មន្ត្រី​ដែល​ជា​បក្ខពួក​របស់​លោក​ផង​ដែរ។ លោក​បន្ថែម​ថា ដោយសារ​តួនាទី​របស់​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានិត ផ្ទាល់​ក៏​បាន​មក​ដោយ​សារ​ឥទ្ធិពល​ឪពុក ដូចនេះ​ការ​ធ្វើ​កំណែ​ទម្រង់​របស់​លោក ហ៊ុន ម៉ាណែត គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​ប្រមូល​ផ្ដុំ​អំណាច​ត្រកូល ហ៊ុន ក្នុង​វិស័យ​យោធា​នោះ​ឡើយ។



    លោក អ៊ំ សំអាន៖ «ដើម្បី​កំណែ​ទម្រង់​វិស័យ​យោធា​ពិត ដើម្បី​ជា​ប្រយោជន៍​ជាតិ សាសនា ព្រះ​មហាក្សត្រ​នោះ លោក ហ៊ុន ម៉ាណែត គួរ​តែង​តាំង ឬ​ដំឡើង​ឋានន្តរសក្ដិ​ដល់​អ្នក​ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ និង​មាន​អតីត​ភាព​ពិត​ប្រាកដ ហើយ​ហ្នឹង​ធ្វើ​ម៉េច​ឱ្យ​កង​ទ័ព​ហ្នឹង​អព្យាក្រឹត្យ អា​ហ្នឹង​បាន​អាច​ឱ្យ​កង​ទ័ព​ហ្នឹង​បម្រើ​ជាតិ​ពិត​ប្រាកដ មិន​បម្រើ​ឱ្យ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ឬ​ក៏​គណបក្ស​ប្រជាជន​នោះ​ទេ»។

ប្រតិកម្ម​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អគ្គ​បញ្ជាការ​កង​ទ័ព​ជើង​គោក លោក ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ក្នុង​វីដេអូ​ឃ្លីប​មួយ នៅ​លើ​ហ្វេសប៊ុក​ផេក​ផ្ទាល់​ខ្លួន​របស់​លោក នៅ​ថ្ងៃ​ទី១៥ ខែ​មេសា ថា ការ​ធ្វើ​កំណែ​ទម្រង់​វិស័យ​យោធា ក្នុង​ការ​តែង​តាំង និង​ដំឡើង​សក្ដិ​ក្នុង​វិស័យ​យោធា​កន្លង​មក​នេះ គឺ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​គោលការណ៍​ច្បាប់ និង​តម្លាភាព។ លោក​បន្ថែម​ថា ចាប់​តាំង​ពី​លោក​កាន់​តំណែង​ជា​អគ្គបញ្ជាការ​កង​ទ័ព​ជើង​គោក តាំង​ពី​ខែកញ្ញា ឆ្នាំ២០១៨រហូត​មក​ដល់​បច្ចុប្បន្ន លោក​បាន​ដំឡើង​ឋានន្តរសក្ដិ​ឱ្យ​ទាហាន​ជាង​២ម៉ឺននាក់ (២២.៤៤៣) ក្នុង​នោះ​ភាគ​ច្រើន​គឺ​ដំឡើង​ឱ្យ​ទាហាន​ដែល​មាន​ឋានន្តរសក្ដិ​ថ្នាក់​ទាប។

    លោក ហ៊ុន ម៉ាណែត៖ «ខ្ញុំ​មិន​មែន​ធ្វើ​ដោយ​ខ្លួន​ឯង​ទេ ក្រសួង​ការពារ​ជាតិ សម្ដេច​ពិជ័យ​សេនា​ឱ្យ​ធ្វើ​កំណែ​ទម្រង់​ដើម្បី​ពង្រឹង​ទ័ព ឯកឧត្ដម​នាយ​ឧត្ដម​សេនីយ៍ អគ្គ​មេ​បញ្ជាការ ក៏​បាន​ដាក់​គោលការណ៍ យើង​រួម​គ្នា​ធ្វើ។ អ៊ីចឹង​ជើង​គោក ជើងទឹក ជើងអាកាស​ត្រូវ​ធ្វើ ហើយ​ខ្ញុំ​ជា​មេ​ជើង​គោក​យើង​ត្រូវ​អា​កាត់ ហ្នឹង​ហើយ​ដែល​ថា ការ​សម្រេច បើ​ខ្ញុំ​ចង់​បាន​ប្រជាប្រិយភាព​មិន​ខ្វះ​ទេ​អ្នក​ដែល​មក​និយាយ​ជា​មួយ​ខ្ញុំ ខ្ញុំ​ជួយ​ឱ្យ​បាន​ជោគជ័យ ហើយ​ដោយ​គ្មាន​ក្រិត្យក្រម​បាន​ខ្ញុំ​មាន​ប្រជាប្រិយភាព តែ​ខ្ញុំ​មិន​ធ្វើ។ តែ​មាន​កំណែ​ទម្រង់​មាន​ប៉ះ​ហើយ មុខ​តែ​មាន​អ្នក​ខឹង មាន​អ្នក​សប្បាយ​ចិត្ត»។

ផ្ទុយ​ពី​ការ​អះអាង​របស់​លោក ហ៊ុន ម៉ាណែត បែប​នេះ អ្នក​វិភាគ​ធ្លាប់​លើក​ឡើង​ថា ការ​តែង​តាំង និង​ដំឡើង​ឋានន្តរសក្ដិ​ទៅ​ដល់​នាយ​ទាហាន​ក្នុង​ពេល​ថ្មីៗ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​បន្សាប​ឥទ្ធិពល​របស់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ ក្នុង​វិស័យ​យោធា​ដែរ។ តាម​រយៈ​ការ​ប្រើប្រាស់​អំណាច​របស់​ឪពុក លោក ហ៊ុន ម៉ាណែត ទើប​តែ​បាន​ដំឡើង​ឋានន្តរសក្ដិ​ដល់​មន្ត្រី​យោធា​ជា​ស្ត្រី​ជាន់​ខ្ពស់​២នាក់ គឺ​អ្នកស្រី ដំា ដារីនី ទៅ​ជា​នាយ​ឧត្ដមសេនីយ៍​ផ្កាយមាស៤ និង​អ្នកស្រី ម៉ាលី សុជាតា ទៅ​ជា​ឧត្ដមសេនីយ៍ឯក​ផ្កាយ​មាស​៣ ដែល​ពួកគេ​ទាំងនេះ​សុទ្ធ​តែ​ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន ម៉ាណែត។ លើស​ពី​នេះ លោក ហ៊ុន ម៉ាណែត ក៏​បាន​តែងតាំង​ប្អូន​ប្រុស​ខ្លួន​ឯង គឺ​លោក ហ៊ុន ម៉ានិត ឱ្យ​ក្លាយ​ជា​អគ្គ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ផង​ដែរ។ ការ​តែងតាំង​ប្អូន​ប្រុស​របស់​ខ្លួន និង​ដំឡើង​ឋានន្តរសក្ដិ​មន្ត្រី​យោធា​ជាន់​ខ្ពស់​ទាំង​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺជា​ការ​ប្រុង​ជើង​ការ​ក្នុង​ការ​រក្សា​ឥទ្ធិពល​របស់​គ្រួសារ​ត្រកូល​ហ៊ុន ក្នុង​វិស័យ​យោធា ព្រោះ​លោក ហ៊ុន ម៉ាណែត និង​ត្រូវ​លាលែង​ពី​តំណែង​ក្នុង​វិស័យ​យោធា​ក្នុង​ពេល​ឆាប់ៗ ដើម្បី​ឈរ​ឈ្មោះ​ជា​បេក្ខភាព​តំណាងរាស្ត្រ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ពេល​ខាង​មុខ។

ជុំវិញ​រឿង​នេះ​ដែរ អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ យល់​ឃើញ​ថា លោក ហ៊ុន ម៉ាណែត មិន​បាន​កែ​ទម្រង់​វិស័យ​យោធា​ឱ្យ​ល្អ​ប្រសើរ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​លោក​បាន​ធ្វើ​ឱ្យ​វិស័យ​យោធា​កាន់​តែ​ក្លាយ​ទៅ​ជា​គម្លង់ ដែល​នេះ​មាន​ន័យ​ថា ធ្វើ​ឱ្យ​កង​ទ័ព​កម្ពុជា​កាន់​តែ​បាត់​បង់​កិត្តិយស តាមរយៈ​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ រក​ស៊ី​ខុស​ច្បាប់ ដោយ​មាន​ត្រកូល​ហ៊ុន ជា​អ្នក​កាង​ការពារ​តែ​ប៉ុណ្ណោះ។

    លោក គឹម សុខ៖ «តើ​ជា​កំណែ​ទម្រង់​កង​ទ័ព​ស្អី​របស់​លោក ហ៊ុន ម៉ាណែត? បើ​ជា​កំណែ​ទម្រង់​កង​ទ័ព​ជាតិ ដែល​យក​មនុស្ស​មាន​គុណវុឌ្ឍិ​ពិត​ទៅ​ដឹកនាំ ហ៊ុន ម៉ាណែត មិន​អាច​ក្លាយ​ទៅ​ជា​មេទ័ព​ជើង​គោក នឹង​ពាក់​ផ្កាយ​៤​លឿន​ដល់​ម្ល៉ឹង​នោះ​ទេ ហើយ​មិន​តែ​ប៉ុណ្ណឹង​ទេ ហ៊ុន ម៉ានិត ក៏​មិន​អាច​ក្លាយ​ទៅ​ជា​មេ​កង​ទ័ព​រង នៃ​កង​ទ័ព​ជើង​គោក​ដែរ សួរ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ខ្វះ​មនុស្ស ដែល​មាន​គុណសម្បត្តិ​ជាង ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ហើយ​នឹង​បុគ្គល​ផ្សេង​ទៀត​ដែល​ជិត​ស្និទ្ធ​នឹង​គ្រួសារ​ហ៊ុន​ឬ? ដូច្នេះ​នេះ​មិន​មែន​ជា​កំណែ​ទម្រង់​កង​ទ័ព​ជាតិ​ទេ វា​ជា​កំណែ​គម្លង់»។

ក្រៅ​ពី​ការ​កាត់​បន្ថយ​អំណាច​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ក្នុង​វិស័យ​យោធា ទាហាន​ជើង​គោក​ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​បេក្ខភាព​នាយករដ្ឋមន្ត្រី​ស៊ី​កេរ្តិ៍​ឪពុក​ក្នុង​ពេល​អនាគត លោក ហ៊ុន ម៉ាណែត ក៏​បាន​ប្រើ​អំណាច​ដើម្បី​ប្លន់​យក​ដី​ព្រៃ​សហគមន៍ និង​ដី​ប្រជាពលរដ្ឋ​ជាច្រើន​កន្លែង​ផង​ដែរ។ ជាក់ស្ដែង ក្រុម​កង​រថ​ក្រោះ និង​កងពល​តូច ង៧០ បាន​កាប់​ទន្ទ្រាន​ព្រៃ​មេត្តា​ធម្មជាតិ ក្នុង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ លើ​ផ្ទៃ​ដី​ជិត​១ ពាន់​ហិកតារ និង​ថែម​ទាំង​បាញ់​គំរាម​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រង​របួស និង​ស្លាប់​ផង​ដែរ ប៉ុន្តែ​អាជ្ញាធរ​មិន​ដែល​មាន​ដំណោះ​អ្វី​ដល់​ប្រជា​សហគមន៍​នោះ​ឡើយ៕

1 comment:

Anonymous said...

He got wrinkle on his forehead already because his brain is not up to the tasks that he is going to assume.