2023.04.16
ពិធីបុណ្យចូលឆ្នាំថ្មី ជាប្រពៃណីដែលពលរដ្ឋខ្មែរគ្រប់ទិសទីប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីជួបជុំសាច់ញាតិ បងប្អូន និងធ្វើបុណ្យកុសលជូនអ្នកមានគុណ ប្រកបដោយចិត្តជ្រះថ្លា និងសប្បាយរីករាយ។ ប៉ុន្តែប្រពន្ធ និងកូនៗរបស់សកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំវិញ ពួកគាត់រងទុក្ខសោកព្រាត់ប្រាសគ្រួសារ ដោយសាររដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ប្តី និងឪពុករបស់ពួកគាត់ ដាក់ពន្ធនាគាររាប់ឆ្នាំដោយអយុត្តិធម៌។ មន្ត្រីសិទ្ធិមនុស្សអំពាវនាវ ដល់រដ្ឋាភិបាលដោះស្រាយវិវាទនយោបាយ ហើយដោះលែងសកម្មជនទាំងនោះឱ្យបានជួបជុំគ្រួសារឡើងវិញ ដើម្បីផលប្រយោជន៍ជាតិ។
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជាពិធីបុណ្យប្រចាំឆ្នាំធំមួយក្នុងចំណោមបុណ្យជាតិមួយចំនួនទៀត ពោលគឺពលរដ្ឋខ្មែរដែលចាកចេញពីគ្រួសារបានម្នីម្នាជួបជុំគ្នានៅតាមស្រុកភូមិ និងនៅតាមទីវត្តអារាម ឬទីប្រជុំជននានា ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី។ ចំណែកលោក ហ៊ុន សែន វិញបានយកពិធីចូលឆ្នាំនេះ រៀបចំពិធីជួបជុំគ្រួសារត្រកូលហ៊ុន និងនាំកូនចៅដើរសប្បាយក្អាកក្អាយនៅខេត្តសៀមរាប។ យ៉ាងណាក្តីប្រពន្ធសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំបាននាំគ្នាបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយរំឭកពីរឿងរ៉ាវអយុត្តិធម៌ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។ ពួកគាត់បានបង្ហាញអារម្មណ៍ឈឺចាប់ និងសោកស្ដាយដែលក្នុងឱកាសនេះ ពួកគាត់នៅតែមិនអាចជួបជុំគ្រួសារសាច់ញាតិបងប្អូន ដើម្បីប្រារព្ធពិធីចូលឆ្នាំខ្មែរដូចគេគ្រប់គ្នា។
ប្រពន្ធមន្ត្រីគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារត្រពាំងផ្លុងលោក គង់ សំអាន គឺលោកស្រី អៀប សួគ៌ា ថ្លែងថា ប្តីលោកស្រី គឺជាគ្រូបង្រៀនម្នាក់ដែលបានចូលបម្រើជាតិតាំងពីដើមមក តែតុលាការគ្រប់ជាន់ថ្នាក់គ្មានសុភវិនិច្ឆ័យក្នុងរឿងនយោបាយ បែរជាកាត់ទោសឱ្យប្តីលោកស្រីជាប់គុក ៧ឆ្នាំដោយអយុត្តិធម៌។ លោកស្រីរៀបរាប់ថា ការចាប់ខ្លួនប្តីដាក់ពន្ធនាគាររយៈពេលជិត៣ឆ្នាំមកនេះ បានធ្វើឱ្យគ្រួសាររបស់លោកស្រីរងការឈឺចាប់ដោយប្រពន្ធព្រាត់ប្តី ហើយកូនព្រាត់ឪពុកជាទីស្រឡាញ់។ លោកស្រីឱ្យដឹងថា ខែបុណ្យទាននេះ ទោះបីគ្រួសារលោកស្រីមិនមានឱកាសជួបជុំនឹងគេ តែយ៉ាងហោចណាស់លោកស្រីបានទៅបង្សុកូលឧទ្ទិសកុសលជូនជីដូនជីតាខាងប្តីនៅក្រុងកំពង់ចាម និងរៀបចំម្អូបអាហារដោយផ្ទាល់សម្រាប់លើកទឹកចិត្តប្តីនៅក្នុងពន្ធនាគារដូចឆ្នាំមុនដែរ។ លោកស្រី អៀប សួគ៌ា ស្នើដល់រដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងប្តីឱ្យមានសេរីភាពដើម្បីជួបជុំគ្រួសារ ជាពិសេសចូលរួមមង្គលការកូនស្រីនៅដើមខែឧសភាខាងមុខនេះ។
លោកស្រី អៀប សួគ៌ា៖ «រដូវចូលឆ្នាំរដូវឆ្នាំបិណ្ឌភ្ជុំខ្ញុំពិបាកចិត្តណាស់ ពីមុនខ្ញុំទៅធ្វើបុណ្យបើសិនគាត់(លោក គង់ សំអាន) នៅជាមួយធ្វើបុណ្យរួមគ្នា ដល់ពេលឥឡូវបាត់គាត់ខ្ញុំរកពាក្យនិយាយមិនបានសោះ ខ្ញុំខ្លោចចិត្តណាស់ សូមរដ្ឋាភិបាលមេត្តាដោះលែងកូនចៅទៅ ដើម្បីវិលមកជួបជុំប្រពន្ធកូនវិញ»។
ស្រដៀងគ្នានេះដែរ ប្រពន្ធមន្ត្រីគណបក្សសង្គ្រោះជាតិម្នាក់ទៀតលោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា ប្រាប់វិទ្យុអាស៊ីសេរីក្រោយចូលសួរសុខទុក្ខ និងផ្ញើម្ហូបអាហារជូនប្តីនៅក្នុងពន្ធនាគារព្រៃសថា លោកស្រីខ្លោចចិត្តពេលឃើញប្តីទឹកភ្នែករលីងរលោងនិយាយផ្តាំផ្ញើកូនៗឱ្យប្រឹងប្រែងរៀនសូត្រ និងធ្វើជាកូនល្អ។លោកស្រីបន្តថា អ្វីខ្លោចចិត្តជាងនេះ គឺកូនសួរថាពេលណាប៉ាវិលត្រឡប់ទៅផ្ទះវិញ។លោកស្រី ព្រុំ ចាន់ថា នៅតែចាត់ទុកការចាប់ និងឃុំខ្លួនប្តីលោកស្រីដាក់ពន្ធនាគារជិតបីឆ្នាំ ដោយគ្មានកំហុសថា ជារឿងនយោបាយ ខណៈឧក្រិដ្ឋជនសម្លាប់មនុស្ស ជួញដូរគ្រឿងញៀនទទួលបានការលើកលែងទោសទៅវិញ។ លោកស្រីបួងសួងឱ្យប្តីទេវតាឆ្នាំថ្មីចុះមកបន្ទន់ចិត្តលោក ហ៊ុន សែន ឱ្យងាកមកស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ។
លោកស្រី ព្រុំ ចាន់ថា៖ «ក្រុមគ្រួសារពួកខ្ញុំអត់កំហុសអ្វីទេ ជាពិសេសព្រះមហាក្សត្រសូមព្រះរាជទានលើកលែងទោស និងដោះលែងគួកគាត់(អ្នកជាប់នយោបាយ)ឱ្យមានសេរីភាពត្រឡប់មកជួបគ្រួសារវិញ ធម្មតាការបែកបាក់គ្រួសារមិនមែនជារឿងល្អនោះទេ គឺមានតែទុក្ខវេទនាតែប៉ុណ្ណោះ ព្រោះរយៈពេលបីឆ្នាំមកនេះ ខ្ញុំឆ្អែតនឹងការបែកបាក់ហើយ ហើយម្នាក់ៗ(តុលាការកាត់ទោសដាក់ពន្ធនាគារ)៥ ឆ្នាំ ៦ឆ្នាំធ្ងន់ធ្ងរមែនទែន»។
ចំណែកប្រពន្ធសកម្មជនគណបក្សប្រឆាំង លោក វឿង សំណាង គឺលោកស្រី ទៀង ចិន្តា ដែលរស់នៅនៅទីក្រុងភ្នំពេញប្រាប់ថា ឆ្នាំនេះលោកស្រីនិងកូនមិនបានទៅចូលរួមពិធីចូលឆ្នាំខ្មែរជាមួយឪពុកម្តាយ បងប្អូន និងធ្វើពិធីបង្សុកូលឧទ្ទិសជូនញាតិសន្តានដែលបានចែកឋាននៅស្រុកកំណើតខាងប្តីក្នុងខេត្តកំពង់ធំនោះទេ ប៉ុន្តែលោកស្រី និងកូនបានយកបាយម្ហូបបន្តិចបន្តួចផ្ញើជូនប្តីនៅក្នុងពន្ធនាគារ ហើយគ្រួសារលោកស្រីក៏បានជូនពរគ្នាទៅវិញទៅមក។ យ៉ាងណាលោកស្រីសង្វេគចិត្តពេលឃើញគ្រួសារអ្នកផ្សេងបានជួបជុំសាច់ញាតិ បងប្អូនក្នុងពិធីចូលឆ្នាំខ្មែរតែប្តីលោកស្រីគឺលោក វឿង សំណាង កំពុងជាប់ឃុំក្នុងពន្ធនាគារទាំងគ្មានកំហុស។
លោក វឿង សំណាង៖ «អយុត្តិធម៌ខ្លាំងណាស់ ហើយដល់ពេលគេទៅ(ពលរដ្ឋទៅលេងស្រុក) អស់ហើយ យើងនៅតែពីរនាក់ម្តាយនិងកូនម៉ង់ៗ ស្រងេះស្រងោចណាស់ ផ្ទះគេជួបជុំគ្នា គេអ៊ូអរអ៊ីចឹងទៅ ដល់ពេលអ៊ីចឹងខ្លាចអត់មានសុវត្ថិភាពយើងបិទទ្វារស្ងាត់ពីរនាក់កូន វាកណ្ដោចកណ្ដែងដែរ»។
មកទល់ពេលនេះ មានសកម្មជនគណបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាលជាង ៧០នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។ ពួកគាត់ភាគច្រើន ត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់កាលពីដើមឆ្នាំ២០២០។ តុលាការបានចោទប្រកាន់ពួកគេដូចៗគ្នា គឺពីបទរួមគំនិតក្បត់ ញុះញង់ឲ្យយោធិនមិនស្តាប់បង្គាប់ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជាដើម។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេនៅថ្ងៃទី១៤ ខែមេសា។
ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន អះអាងថា ការចាប់ និងឃុំខ្លួនសកម្មជនបក្សប្រឆាំងកន្លងទៅមិនមែនជារឿងនយោបាយទេ តែជាអនុវត្តច្បាប់ដើម្បីការពារសន្តិភាព និងស្ថិរភាពក្នុងសង្គម។ លោកបញ្ជាក់ថា រដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជនមិនអនុគ្រោះទោសដល់សកម្មជនបក្សប្រឆាំង ដែលកំពុងជាប់ឃុំទាំងនោះឡើយ ហើយលោកថាការស្នើលើកលែង និងបន្ធូរបន្ថយទោសទណ្ឌិតនៅក្នុងពិធីបុណ្យជាតិត្រូវធ្វើឡើងតាមរយៈគណៈកម្មការនៅតាមក្រសួងជំនាញធ្វើការវាយតម្លៃមុនដាក់ជូនប្រមុខរដ្ឋាភិបាល។
លោក សុខ ឥសាន៖ «រដ្ឋាភិបាលមិនអាចបណ្តែតបណ្តោយឱ្យពួកហ្នឹងធ្វើសកម្មភាពអ្វីដែលបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋទេ ហើយបើគាត់នៅតែយល់ឆ្វេងជ្រុលអ៊ីចឹង អាហ្នឹងខ្ញុំមិនដឹងទេ ទៅតាមយថាកម្មរបស់គាត់ទៅ ហើយយើងទាំងអស់គ្នាអនុវត្តគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ បើធ្វើខុសច្បាប់មិនឱ្យអនុវត្តច្បាប់តើឱ្យធ្វើអ្វី»។
ទោះយ៉ាងណា ក្រុមគ្រួសារសកម្មជនបក្សប្រឆាំង ជាពិសេសអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ព្រមទាំងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យនៅតែចាត់ទុកក្ដីក្ដាំទាំងនេះថា ជារឿងនយោបាយ ដើម្បីធ្វើទុក្ខបុកម្នេញ និងបំបិទសេរីភាពសកម្មជននយោបាយដែលរិះគន់រដ្ឋាភិបាល។ ពួកគេយល់ថា សកម្មភាពទាំងអម្បាលម៉ានរបស់សកម្មជននយោបាយ និងសកម្មជនសិទ្ធិមនុស្សជាដើម គឺជាការប្រើប្រាស់សិទ្ធិសេរីភាពស្របតាមច្បាប់មិនមែនជាបទល្មើសនោះឡើយ ហើយពួកគេស្នើទៅរដ្ឋាភិបាលត្រូវផ្ដល់សេរីភាពដល់សកម្មជនទាំងនោះវិញ។
ទន្ទឹមនឹងនេះរដ្ឋាភិបាលលោក ហ៊ុន សែន បង្កើនការចាប់ខ្លួនលើអ្នកនយោបាយជាបន្តបន្ទាប់នេះ តុលាការកម្ពុជាត្រូវបានគេវាយតម្លៃថា ខ្វះឯករាជ្យ និងមិនទាន់ទទួលបានទំនុកចិត្តពីពលរដ្ឋនៅឡើយទេ ជាពិសេសពាក់ព័ន្ធនឹងសំណុំរឿងដែលមានចរិតនយោបាយ។ សាធារណៈមតិទូទៅមើលឃើញថា ចៅក្រម និងព្រះរាជអាជ្ញាសុទ្ធតែជាសមាជិកកំពូលៗរបស់គណបក្សប្រជាជនកម្ពុជា និងមានស្នាដៃជាច្រើនជួយគណបក្សប្រជាជនកម្ពុជាឲ្យបន្តរក្សាអំណាច តាមរយៈកម្ទេចគណបក្ស និងអ្នកនយោបាយប្រឆាំង និងបំបិទសំឡេងរិះគន់នានាដែលមិនស្របការដឹកនាំរបស់អ្នកកាន់អំណាច។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក នី សុខា មានប្រសាសន៍ថា រឿងដែលសោកសៅសម្រាប់ក្រុមគ្រួសារសកម្មជនបក្សប្រឆាំងដែលមាននិន្នាការមិនស្របនឹងរដ្ឋាភិបាលត្រូវរស់នៅបែកបាក់ព្រាត់គ្រួសារក្នុងរដូវបុណ្យទាន។ លោករំឭកថា សហគមន៍ជាតិនិងអន្តរជាតិបានជំរុញដល់រដ្ឋាភិបាលងាកមកស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ។ ជាមួយគ្នានេះលោក នី សុខា ស្នើដល់រដ្ឋាភិបាលគួរយកឱកាសនៃពិធីបុណ្យចូលឆ្នាំផ្ដល់សេរីភាពដល់អ្នកទោសនយោបាយ ដែលកំពុងជាប់ឃុំដើម្បីបង្កើតនូវស្មារតីបង្រួបបង្រួមជាតិ និងបង្កបរិយាកាសល្អនៅមុនការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ។
លោក នី សុខា៖ «ប្រទេសកម្ពុជារបស់យើង គឺជាប្រទេសមួយអនុវត្តនូវគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សឱ្យមានទាំងបក្សស្រប និងបក្សប្រឆាំង អ្នកមាននិន្នាការមិនស្របនឹងរដ្ឋាភិបាលក៏មិនមែនជាអំពើ ឬទង្វើអ្វីខុសនឹងផ្លូវច្បាប់ដែរ ដូច្នេះយើងមិនគួរចាប់ទោសអូសដំណើរចំពោះអ្នកនយោបាយដែលមានទស្សនៈ និងនិន្នាការប្រឆាំងយកទៅដាក់ពន្ធនាគារឱ្យគាត់បែកបាក់ពីក្រុមគ្រួសារបែបនេះទេ»។
លោក ហ៊ុន សែន កាលពីថ្ងៃទី៦ ខែមេសា បានស្នើដោះលែងអតីតអភិបាលខេត្តតាកែវ គឺលោក ឡាយ វណ្ណៈ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីជាប់ពន្ធនាគារប្រហែល៤ឆ្នាំ ក្នុងរឿងក្ដីឃាតកម្មលើស្រីកំណាន់ ដែលតុលាការបានសម្រេចផ្ដន្ទាទោស១៣ឆ្នាំកាលពីឆ្នាំ២០១៩។
ការណ៍ដែលលោក ហ៊ុន សែនអន្តរាគមន៍ស្នើទៅព្រះមហាក្សត្រដើម្បីផ្ដល់សេរីភាពដល់ទណ្ឌិត ដោយសារលោក ឡាយ វណ្ណៈ ធ្លាប់ជាអ្នកដ៏ស្ម័គ្ររបស់លោក ហ៊ុន សែន និងជាអតីតសមាជិកដ៏សំខាន់ម្នាក់របស់គណបក្សប្រជាជនកម្ពុជា បើទោះជាលោក ឡាយ វណ្ណៈ មានទោសឧក្រិដ្ឋសម្លាប់មនុស្សធ្ងន់ធ្ងរយ៉ាងណាក្ដី។ ផ្ទុយទៅវិញសកម្មជននយោបាយ និងអ្នកទោសមនសិការជាង ៧០នាក់ ដែលកំពុងជាប់ឃុំ និងមិនត្រូវបានដោះលែង ដោយសារពួកគាត់អនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនស្របតាមច្បាប់ទេ។
ការលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត ធ្វើឡើង ៥ដងក្នុងមួយឆ្នាំរួមមាន ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំថ្មី បុណ្យវិសាខបូជា បុណ្យឯករាជ្យ និងព្រះរាជពិធីបុណ្យអុំទូក។
មន្ត្រីសង្គមស៊ីវិល និងសាច់ញាតិអ្នកជាប់ឃុំស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរដាក់បញ្ចូលអ្នកទោសនយោបាយ ឬអ្នកទោសមនសិការចូលក្នុងបញ្ជីបន្ធូរបន្ថយ និងលើកលែងទោសទណ្ឌិតក្នុងឆ្នាំថ្មីនេះដើម្បីថ្វាយទៅព្រះមហាក្សត្រផ្ដល់ការអនុគ្រោះទោស។ លើសពីនេះពួកគាត់យល់ថា រដ្ឋាភិបាលល្មមដល់ពេលទទួលស្គាល់ការពិត ហើយងាករកការចរចានយោបាយ ដើម្បីកុំឱ្យពលរដ្ឋខ្មែរទទួលរងការឈឺចាប់បន្តទៀត៕
1 comment:
Trorm Touv Khmer Euy !! That is thank You peace.
Post a Comment