Monday 17 April 2023

លោក សម រង្ស៊ី បួងសួង​ឱ្យ​ពលរដ្ឋ​ខ្មែរ​រើស​បាន​អ្នក​ដឹកនាំ​​មាន​ព្រហ្ម​វិហារធម៌​​ពេល​បោះឆ្នោត​ខាង​មុខ

 

ដោយ សុជីវី
2023.04.17
លោក សម រង្ស៊ី បួងសួង​ឱ្យ​ពលរដ្ឋ​ខ្មែរ​រើស​បាន​អ្នក​ដឹកនាំ​​មាន​ព្រហ្ម​វិហារធម៌​​ពេល​បោះឆ្នោត​ខាង​មុខ  
លោក​ សម រង្ស៊ី ប្រធានស្ដីទីគណបក្ស​សង្គ្រោះជាតិ ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី​ កាលពីថ្ងៃទី១៤ កញ្ញា ២០២៣។
RFA
 

ក្នុង​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​នេះ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី​សូម​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​នៅក្នុង​ស្រុក និង​នៅ​ឯ​នាយ​សមុទ្រ​សម្រេច​តាម​បំណងប្រាថ្នា​របស់​ពួកគេ ដែល​ចង់បាន​សិទ្ធិ​សេរីភាព និង​យុត្តិធម៌​ក្នុង​សង្គម។

លោក សម រង្ស៊ី បួងសួង​បែប​នេះ​នៅ​ថ្ងៃទី​១៦ ខែ​មេសា​នេះ នៅ​ពេល​ដែល​លោក​ទៅ​ចូលរួម​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​របស់​ខ្មែរ​រស់នៅ​ប្រទេស​បារាំង នៅក្នុង​វត្ត​ចន្ទរង្សី។

លោក សម រង្ស៊ី ក៏​បួងសួង​ឱ្យ​ពលរដ្ឋ​ខ្មែរ​រើស​បាន​អ្នកដឹកនាំ​ប្រកបដោយ​ព្រហ្ម​វិហារធម៌​នៅពេល​បោះឆ្នោត​ខាងមុខ។

លោក សម រង្ស៊ី៖ «មនុស្ស​ណា​ក៏​ត្រូវ​តែ​មាន​លក្ខណសម្បត្តិ ដែល​ចែង​ច្បាស់លាស់​ក្នុង​ព្រះពុទ្ធសាសនា ដែល​ហៅថា​ព្រហ្ម​វិហារធម៌​។ ព្រះអង្គ​បាន​លើកឡើង​ថា​ព្រហ្ម​មានមុខ​៤ ដែល​មាន​លក្ខណសម្បត្តិ​៤ ដ៏​សំខាន់ គឺ​មេត្តា ករុណា មុទិតា ឧបេក្ខា​។ ប្រជាពលរដ្ឋ​ត្រូវ​មាន​៤​ហ្នឹង ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ថ្នាក់​ដឹកនាំ។ ខ្ញុំ​ប្រសិទ្ធពរ​សូម​ឱ្យ​ប្រទេស​កម្ពុជា​ប្រជារាស្ត្រ​ខ្មែរ ក្នុង​ឱកាស​បោះឆ្នោត ក្រោយពី​ការ​បោះឆ្នោត​បាន​ស្គាល់​នូវ​មេដឹកនាំ ដែល​មាន​សីលធម៌ ព្រហ្ម​វិហារធម៌ ដែល​ធានា​នូវ សេរីភាព យុត្តិធម៌​ជូន​ប្រជារាស្ត្រ​ខ្មែរ»

ទាក់ទង​នឹង​ក្តី​ប្រាថ្នា​ក្នុង​ពេល​ចូល​ឆ្នាំថ្មី​នេះ ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស​មាន​នៅ​កាណាដា (Canada) សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​មួយចំនួន ដែល​វិទ្យុ​អាស៊ីសេរី​បាន​សម្ភាស​អះអាង​ថា ពួកគេ​ចង់បាន​សន្តិភាព​ពិតប្រាកដ សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ សម្រាប់​ខ្មែរ និង​ប្រទេសជាតិ​ទាំងមូល៕

No comments: