2023.04.17
គណបក្សភ្លើងទៀន គ្រោងនឹងធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ជារឿងល្អ ដែលគណបក្សនយោបាយ ធ្វើពិធីបង្សុកូលដើម្បីរំលឹកដល់ថ្ងៃ ដែលខ្មែររាប់លាននាក់ត្រូវបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយអំពាវនាវដល់អ្នកនយោបាយទាំងអស់ឈប់លាបព័ណ៌គ្នា ដើម្បីជៀសវាងការសម្លាប់ខ្មែរគ្នាឯងដូចក្នុងប្រវត្តិសាស្ត្រ។
គណបក្សភ្លើងទៀន នឹងរៀបចំពិធីបង្សុកូល រាប់បាតប្រគេនចង្ហាន់ព្រះសង្ឃដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលស្លាប់ក្នុងរបបខ្មែរក្រហម។ ពិធីបុណ្យបង្សុកូលនេះ នឹងចាប់ផ្ដើមនៅម៉ោង ៦:៣០នាទី ព្រឹកថ្ងៃទី១៧ មេសាមានអ្នកចូលរួមប្រមាណ ២០០នាក់នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។
ការត្រៀមប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលនេះ គឺបន្ទាប់ពីសាលារាជធានីភ្នំពេញបានអនុញ្ញាតឲ្យគណបក្សភ្លើងទៀន យកទីតាំងបរិវេណមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដើម្បីធ្វើពិធីឧទ្ទិសកុសលជនរងគ្រោះក្នុងសម័យខ្មែរក្រហម។ សាលារាជធានីភ្នំពេញ លើកឡើងថា ដើម្បីឲ្យពិធីបង្សុកូលដោយសន្តិសុខ និងសុវត្ថិភាពគណបក្សភ្លើងទៀន ត្រូវគោរពនូវគោលការណ៍មួយចំនួនរួមមាន ផ្នែកការងារសន្តិសុខសុវត្ថិភាព នៅផ្ទៃខាងក្នុងកម្មវិធី ម្ចាស់សំណើជាអ្នកទទួលខុសត្រូវទាំងស្រុងដោយខ្លួនឯង រីឯសមត្ថកិច្ចទទួលខុសត្រូវផ្នែកខាងក្រៅ ប៉ុន្តែក្នុងករណីមានជនសង្ស័យ នោះម្ចាស់សំណើត្រូវរាយការណ៍ទៅសមត្ថកិច្ចដើម្បីចាត់វិធានការឲ្យទាន់ពេលវេលា។ មួយវិញទៀត ក្នុងពិធីនេះមិនត្រូវធ្វើសកម្មភាពវាយប្រហារព្រះមហាក្សត្រ ស្ថាប័នជាតិ ឥស្សរជនជាន់ខ្ពស់ ឬបំផុសញុះញង់ដល់ប្រជាពលរដ្ឋ ដែលផ្ទុយអំពីខ្លឹមសារនៃសំណើដើម។ អាជ្ញាធររាជធានីភ្នំពេញ ថែមទាំងណែនាំឲ្យគណបក្សភ្លើងទៀន ក្រោយពីចប់កម្មវិធីត្រូវសម្អាតអនាម័យបរិវេណជុំវិញកម្មវិធី និងត្រូវសហការជាមួយអ្នកទទួលសិទ្ធិវិនិយោគក្នុងការរៀបចំពិធីនេះ ចៀសវាងប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ មេសាថា ការធ្វើពិធីបង្សុកូលឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងសម័យខ្មែរក្រហមជិត ២លាននាក់នេះ គឺក្នុងគោលបំណងសំខាន់ ដើម្បីរំលឹកដល់ការ ស្លាប់បាត់បង់ជីវិតប្រជាពលរដ្ឋខ្មែរ។ លោកអំពាវនាវដល់អ្នកនយោបាយខ្មែរគ្រប់ភាគីទាំងអស់ថា សូមបញ្ឈប់ការចងកំហឹងនឹងគ្នា ហើយបែរមកបង្កើតជាវប្បធម៌សន្ទនាដើម្បីកម្ពុជាមានឯកភាពជាតិ និងសាមគ្គីផ្ទៃក្នុង។
លោក គីមសួរ ភីរិទ្ធ ក៏អំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមពិធីបុណ្យបង្សុកូលទាំងអស់គ្នា ដើម្បីឧទ្ទិសកុសល ដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា មានប្រសាសន៍ថា ការធ្វើពិធីបង្សុកូលឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងវាលពិឃាដខ្មែរក្រហមនេះ ជារឿងល្អប្រសើរ ចំពោះក្រុមគ្រួសារអ្នកដែលបានស្លាប់បែកបាក់ពីក្រុមគ្រួសារទៅ ដោយមិនបានលាគ្នា និងមិនបានធ្វើបុណ្យដល់អ្នកស្លាប់នោះ។ លោកបន្តថា ការធ្វើពិធីបុណ្យឧទ្ទិសកុសលនេះដែរ ក៏ស្របទៅនឹងគោលនយោបាយរបស់គណបក្សកាន់អំណាច ដែលរំដោះប្រទេសចេញពីរបបខ្មែរក្រហមដែរ។ ដូច្នេះពិធីបុណ្យឧទ្ទិសកុសលនេះ គឺធ្វើឲ្យមានការយោគយល់គ្នារវាងគណបក្សកាន់អំណាច និងគណបក្សប្រកួតប្រជែងដទៃទៀត ក្នុងនាមជាខ្មែរដូចគ្នា ដើម្បីឈានទៅរកការបោះឆ្នោតមួយដែលសេរី ត្រឹមត្រូវ និងយុត្តិធម៌។ លោក រស់ សុដ្ឋា ស្នើឲ្យគ្រប់ភាគីបញ្ឈប់ការធ្វើទុក្ខបុកម្នេញគ្នា ឈប់បៀតបៀនគ្នា បែរមកជាយោគយល់គ្នា រាប់អានគ្នាក្នុងនាមជាមិត្ត និងជាមហាគ្រួសារខ្មែរ។ «»
របបខ្មែរក្រហម ឬរបបកម្ពុជាប្រជាធិបតេយ្យ ដែលចាប់ផ្ដើមឡើងនៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ គឺជាថ្ងៃចាប់ផ្ដើមនៃប្រវត្តិសាស្ត្រកាប់សម្លាប់ពលរដ្ឋកម្ពុជារាប់លាននាក់ ទម្រាំរបបនេះដួលរលំ នៅខែមករា ឆ្នាំ១៩៧៩។ គិតចាប់តាំងពីរបបខ្មែរក្រហមដួលរលំក្នុងឆ្នាំ១៩៧៩មកទល់នឹងឆ្នាំ២០២៣នេះ គឺមានរយៈពេល ៤៤ឆ្នាំហើយ។ ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលរស់រានមានជីវិតក្រោយពីរបបខ្មៅមួយនេះ ចងចាំមិនភ្លេចអំពីទុក្ខវេទនា ការកាប់សម្លាប់ និងការនិរាសព្រាត់ប្រាសចាកឆ្ងាយពីក្រុមគ្រួសារ៕
No comments:
Post a Comment