ដោយ សុជីវី
2023.04.19
លោក ប៊ិន ចូង ជំទប់ទី២ ឃុំប្រាសាទ នៃគណបក្សភ្លើងទៀន ស្ថិតក្នុងស្រុកកំពង់ត្របែក និងអ្នកស្រី សេង វិសាល គណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តព្រៃវែង ដែលតុលាការខេត្តព្រៃវែងសម្រេចឃុំខ្លួនបណ្ដោះអាសន្ន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ដោយចោទពីបទក្លែង និងប្រើប្រាស់ឯកសារសាធារណៈក្លែង ពាក់ព័ន្ធនឹងការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីឆ្នាំ២០២២។ រូបពីពលរដ្ឋ
រូបពីពលរដ្ឋ
មន្ត្រីគណបក្សភ្លើងទៀនប្រចាំខេត្តព្រៃវែង និងមេធាវីខកចិត្តចំពោះតុលាការ ដែលសម្រេចចោទប្រកាន់និងឃុំខ្លួនសមាជិកគណបក្សប្រឆាំងចំនួនពីរនាក់ទៀតនៅពន្ធនាគារ តាមពាក្យបណ្ដឹងរបស់គណបក្សកាន់អំណាច។ ការសម្រេចរបស់តុលាការនេះ កំពុងធ្វើឱ្យស្ត្រីចាស់ជរាម្នាក់ ត្រូវជាម្ដាយរបស់សមាជិកគណបក្សភ្លើងទៀន ប្រឈមនឹងការរស់នៅតែម្នាក់ឯងគ្មានទីពឹង។
គណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តព្រៃវែង អ្នកស្រី សេង វិសាល និងជំទប់ទី២ ឃុំប្រាសាទ នៃគណបក្សភ្លើងទៀន ស្ថិតក្នុងស្រុកកំពង់ត្របែក លោក ប៊ិន ចូង ត្រូវបានអាជ្ញាធរបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តព្រៃវែង តាមការសម្រេចរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែងលោក ហែម គ្រឹស្នា ដែលបានចោទប្រកាន់ពួកគាត់ទាំងពីរនាក់ ពីបទក្លែងនិងប្រើប្រាស់ឯកសារសាធារណៈក្លែង ពាក់ព័ន្ធនឹងការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីឆ្នាំ២០២២។
មេធាវីការពារក្ដីសមាជិកគណបក្សភ្លើងទៀនទាំងពីរនាក់នេះ គឺមេធាវី សំ សុគង់ ប្រាប់អាស៊ីសេរីថា សមត្ថកិច្ចបានបញ្ជូនកូនក្ដីរបស់លោកទៅឃុំខ្លួនភ្លាមៗ បន្ទាប់ពីតុលាការបើកសវនាការសាកសួរអស់ជាង ៤ម៉ោង។ មេធាវីរូបនេះ ខកចិត្តចំពោះការសម្រេចរបស់ចៅក្រមស៊ើបសួរ ដោយលោកលើកឡើងថា ក្នុងសំណុំរឿងបទមជ្ឈិម ដែលជនត្រូវចោទមានលក្ខខណ្ឌគ្រប់គ្រាន់ គឺមានលំនៅឋាន និងតួនាទីច្បាស់លាស់ តុលាការគួរដាក់ឱ្យពួកគាត់នៅក្រៅឃុំ។ លោកបន្តថា នៅក្នុងសវនាការ សកម្មជនគណបក្សប្រឆាំងទាំងពីរនាក់ ក៏បានច្រានចោលការចោទប្រកាន់ និងស្នើឱ្យចៅក្រមស៊ើបសួរលើកលែងការចោទប្រកាន់នេះដែរ។
លោកថា៖ «បើយើងនិយាយពីលក្ខខណ្ឌ គឺយោងទៅតាមក្រមនីតិវិធីព្រហ្មទណ្ឌ គឺពួកគាត់មានលក្ខខណ្ឌគ្រប់គ្រាន់ ហើយជាពិសេសគឺលោក ប៊ិន ចូង គាត់ជាជំទប់ទី២ ឃុំប្រាសាទស្រុកកំពង់ត្របែក។ ដែលគាត់មានតួនាទីជាមន្ត្រីជាប់ដោយអាណត្តិ ដែលប្រជាពលរដ្ឋបោះឆ្នោតជូនគាត់ហ្នឹង ដែលជាការធានាមួយដែរថា ការឱ្យនៅក្រៅឃុំ គឺមិនឱ្យមានការបារម្ភចំពោះនីតិវិធីរបស់តុលាការ»។
លោក សំ សុគង់ មេធាវីការពារក្ដីឱ្យលោក ប៊ិន ចូង និងអ្នកស្រី សេង វិសាល សមាជិកគណបក្សភ្លើងទៀន ដែលតុលាការខេត្តព្រៃវែងសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ដោយចោទពីបទក្លែង និងប្រើប្រាស់ឯកសារសាធារណៈក្លែង ពាក់ព័ន្ធនឹងការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីឆ្នាំ២០២២។ រូបពីពលរដ្ឋ
សវនាការសាកសួរសមាជិកគណបក្សភ្លើនទៀនទាំងពីរនាក់នេះ មានមន្ត្រីគណបក្សប្រចាំខេត្ត និងមកពីតាមបណ្ដាស្រុកក្រុងទាំង ១៨នៃខេត្តព្រៃវែងចំនួនជិត ៥០នាក់ បានមកចូលរួមលើកទឹកចិត្តនៅខាងមុខតុលាការ។ មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនប្រចាំខេត្តព្រៃវែងលើកឡើងថា អ្នកស្រី សេង វិសាល អាយុ ៤៩ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅតែពីរនាក់ម្ដាយចាស់ជរាអាយុ ៨៥ឆ្នាំ ខណៈលោកស្រីមានកូនម្នាក់រៀបការរស់នៅជាមួយប្ដីនៅខេត្តសៀមរាប ខុសពីលោក ប៊ិន ចូង អាយុ ៦២ឆ្នាំ មានកូននិងប្រពន្ធនៅក្បែរ។
ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនខេត្តព្រៃវែងលោក ឌឹម យ៉ុន បារម្ភពីម្ដាយអ្នកស្រី សេង វិសាល ដែលនឹងត្រូវរស់នៅម្នាក់ឯង គ្មានកូនចៅមើលថែដិតដល់ ខណៈបងប្អូនអ្នកស្រី សេង វិសាល សុទ្ធតែមានផ្ទះរស់នៅឆ្ងាយពីគ្នា។ លោកបញ្ជាក់ថា សមាជិកទាំងពីរនាក់មិនបានក្លែងបន្លំឯកសារដូចដែលមេធាវីគណបក្សកាន់អំណាចបានប្ដឹងនោះទេ។ លោកបន្តថា ទោះមានការព្យាយាមបំបាក់ស្មារតីយ៉ាងនេះក្ដី ក៏ក្រុមសមាជិកទាំងអស់របស់គណបក្សលោកប្រចាំខេត្តព្រៃវែង នៅតែប្ដេជ្ញាចិត្តបន្តធ្វើសកម្មភាពនយោបាយជាមួយគ្នាតទៅមុខទៀត។
លោកថា៖«ខ្ញុំខកចិត្តដោយការឃុំខ្លួននេះ វាអត់សមហេតុផល។ ក្នុងនាមជាគណបក្សនយោបាយ ក្នុងពេលជិតការបោះឆ្នោតអ៊ីចឹង វាចង់តែឱ្យគណបក្សនយោបាយ មានការប្រកួតស្មើភាពគ្នា មិនចាប់សកម្មជននយោបាយ ដោយអត់មូលហេតុ អត់មានបញ្ហាដូចជារឿងឆក់ប្លន់ ខ្ញុំមិនថាអីទេ ប៉ុន្តែរឿងនេះ ជារឿងនយោបាយ ដើម្បីបំបាក់ស្មារតីក្នុងព្រៃវែង»។
ជុំវិញបញ្ហានេះ មន្ត្រីនាំពាក្យតុលាការខេត្តព្រៃវែងអ្នកស្រី អាត សុខន សុំមិនបកស្រាយឡើយ មុនពេលអ្នកស្រី មិនទាន់អាចសុំការគោលការណ៍អនុញ្ញាតពីប្រធានតុលាការ។ ទោះជាយ៉ាងណាក្ដី មុនពេលទៅឆ្លើយបំភ្លឺនៅតុលាការ អ្នកស្រី សេង វិសាល បានលើកឡើងថា មីងប្អូនថ្លៃរបស់អ្នកស្រីគឺឈ្មោះ ប៉ង់ ហ៊ុន មិនបានប្ដឹងអ្នកស្រីថា បានលួចយកឈ្មោះដាក់ទៅក្នុងបញ្ជីបេក្ខជនបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឡើយ ប៉ុន្តែមេធាវីគណបក្សប្រជាជនកម្ពុជាឈ្មោះ ទូច ធារិទ្ធ បែរជាអះអាងថា តំណាងឱ្យលោកស្រី ប៉ង់ ហ៊ុន ប្ដឹងអ្នកស្រី និងលោក ប៊ិន ចូង ទៅវិញ។
ក្នុងរយៈពេលប្រហែល ១សប្ដាហ៍នេះ មានសមាជិកគណបក្សភ្លើងទៀននៅខេត្តព្រៃវែងចំនួន ៤នាក់ហើយ ត្រូវតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ មន្ត្រីសិទ្ធិមនុស្សយល់ឃើញថា ការចោទប្រកាន់សមាជិកគណបក្សប្រឆាំងបន្តបន្ទាប់នេះ ជារឿងនយោបាយ ច្រើនជាងការអនុវត្តច្បាប់ ព្រោះការរៀបចំឯកសារដាក់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីចូលរួមប្រកួតប្រជែងតាមបែបលទ្ធិប្រជាធិបតេយ្យ ហើយក៏មិនបានបង្កឱ្យមានហានិភ័យនិងគ្រោះថ្នាក់ដល់ដំណើរបោះឆ្នោតឃុំសង្កាត់នៅក្នុងឆ្នាំ២០២២ នោះដែរ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត លើកឡើងថា ពាក់ព័ន្ធនឹងកំហុសបច្ចេកទេសតិចតួចជុំវិញការរៀបចំឯកសារបញ្ជីឈ្មោះបេក្ខជនដាក់ទៅ គ.ជ.ប គួរតែមានការពិភាក្សាដោះស្រាយគ្នាតាំងពីមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ហើយមិនគួរទុករឿងនេះអូសបន្លាយមកដល់បច្ចុប្បន្ន ទើបយកមកប្ដឹងផ្ដល់គ្នានៅពេលកៀកការបោះឆ្នោតជាតិនៅខែកក្កដាខាងមុខនេះទេ។
លោក ថា៖ «ការឃុំខ្លួនមន្ត្រីរបស់គណបក្សប្រឆាំង មន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងហ្នឹង នាំឱ្យគេមើលឃើញ ហើយគេអាចរិះគន់ថា វាជាការធ្វើទុក្ខបុកម្នេញ និងការគំរាមកំហែងទៅដល់សកម្មជននៃគណបក្សភ្លើងទៀន ដែលត្រូវចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ នាពេលខាងមុខ»។
មេធាវីបានលើកឡើងថា បទក្លែង និងប្រើប្រាស់ឯកសារសាធារណៈក្លែង អាចប្រឈមជាប់ពន្ធនាគារពី ១ឆ្នាំទៅ ៣ឆ្នាំ ប្រសិនបើតុលាការរកឃើញមានបទល្មើស។
នៅរសៀលថ្ងៃទី១៩ មេសា មន្ត្រីពន្ធនាគារខេត្តព្រៃវែង ក៏បានបដិសេធមិនឱ្យមេធាវី និងមន្ត្រីគណបក្សភ្លើងទៀន ចូលទៅជួបអ្នកស្រី សេង វិសាល និងលោក ប៊ិន ចូង ខណៈពួកគេបានព្យាយាមយកសំលៀកបំពាក់និងលុយកាក់មួយចំនួនទៅឱ្យអ្នកទាំងពីរ ដោយសារពួកគាត់គ្មានអ្វីជាប់ខ្លួននៅពេលបញ្ជូនទៅឃុំខ្លួន។ មន្ត្រីពន្ធនាគារបានជំរុញឱ្យមេធាវីនិងមន្ត្រីគណបក្សភ្លើងទៀន ទៅសុំការអនុញ្ញាតពីចៅក្រមស៊ើបសួរជាមុនសិន៕
No comments:
Post a Comment