លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្អូញត្អែរជាថ្មីម្ដងទៀតថា មន្ត្រីថ្នាក់ក្រោមរបស់លោកមួយចំនួនអសកម្ម ឬយឺតយ៉ាវក្នុងការឆ្លើយតបជាមួយលោក។ លោក ហ៊ុន សែន ឱ្យដឹងទៀតថា ក្រៅពីមានមន្ត្រីយឺត ក៏មានមន្ត្រីខ្លះទៀត ឆ្លើយតបលឿនខុសទំនងដោយមិនទាន់បានមើលខ្លឹមសារនៃសាររបស់លោកផង ក៏ឆ្លើយថា បានទទួលទៅហើយ។ មន្ត្រីសង្គមស៊ីវិលរិះគន់ថា ករណីកូនចៅបំពេញការងារមិនបានល្អដដែលៗ បែបនេះ អាចមកពីចៅហ្វាយមិនចេះគ្រប់គ្រងកូនចៅរបស់ខ្លួន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តទម្លាយភាពអសកម្មនៃមន្ត្រីជាន់ខ្ពស់របស់លោកជាថ្មីម្ដងទៀត។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ជាប់ជារដ្ឋមន្ត្រីស្ពឹកជាងគេក្នុងការឆ្លើយតបជាមួយចៅហ្វាយរបស់ខ្លួន គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ហ៊ុន សែន ទម្លាយថា រដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះ ទម្រាំឆ្លើយសាររបស់លោកម្ដងៗ ត្រូវប្រើរយៈពេលពី ៧ថ្ងៃ ទៅ ១៥ថ្ងៃឯណោះ។ លោក ហ៊ុន សែន ឱ្យដឹងទៀតថា រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រីម្នាក់ទៀត គឺ សយ សុខា ក៏ជាមន្ត្រីឆ្លើយតបសាររបស់លោកយឺតដែរ តែនៅគ្រាន់បើជាងលោក ខៀវ កាញារីទ្ធ បន្តិច។
លោក ហ៊ុន សែន លើកឡើងដូច្នេះក្នុងពិធីដាក់ឱ្យប្រើប្រាស់អាគារសម្ភពនៃមន្ទីរពេទ្យកុមារជាតិក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមេសា។ ក្រៅពីមន្ត្រីឆ្លើយតបសារយឺតពេល ក៏មានមន្ត្រីខ្លះឆ្លើយតបសាររបស់លោក ហ៊ុន សែន ទាំងមិនទាន់បានខ្លឹមសារនៃសារនោះផងដែរ។ លោក ហ៊ុន សែន ឱ្យដឹងទៀតថា មន្ត្រីនោះ គឺរដ្ឋមន្ត្រីក្រសួងផែនការលោក ឆាយ ថន និងទីប្រឹក្សារដ្ឋាភិបាល និងជាអតីតប្រធានក្រុមប្រឹក្សាធម្មនុញ្ញលោក ឯក សំអុល។
នេះមិនមែនលើកទី១ ទេ ដែលលោក ហ៊ុន សែន ត្អូញត្អែរពីការបំពេញការងាររបស់មន្ត្រីថ្នាក់ក្រោមរបស់លោក ដែលបំពេញការងារមិនបានល្អ មិនពិនិត្យល្អិតល្អន់ ឬការឆ្លើយតបសារមកលោកមិនទាន់សភាពការណ៍។ កន្លងទៅលោក ហ៊ុន សែន បានស្ដីបន្ទោសរដ្ឋមន្ត្រី មួយចំនួន ដែលបញ្ជូនការងារ ឬឯកសារ មកលោក ទាំងមិនបានពិនិត្យអក្ខរាវិរុទ្ធ និងបានមិនបានចុះថ្ងៃខែច្បាស់លាស់ជាដើម។
ទាក់ទងរឿងនេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ យល់ថា លោក ហ៊ុន សែន គួរដល់ពេលពិនិត្យឡើងវិញ នៃការបំពេញការងារនៃមន្ត្រីរបស់លោកហើយ។ លោក វន់ ពៅ រិះគន់ថា បើមន្ត្រីទាំងនោះ គ្រាន់តែឆ្លើយតបជាមួយនាយករដ្ឋមន្ត្រីមិនទាន់ពេលផង ចុះទម្រាំមន្ត្រីទាំងនោះឆ្លើយតបជាមួយពលរដ្ឋ កសិករ និងកម្មករ តើពួកគាត់នឹងអូសបន្លាយពេលវេលានោះបែបណា? លោកបន្តទៀតថា អាណត្តិក្រោយនេះ លោក ហ៊ុន សែន គួរប្ដូររដ្ឋមន្ត្រីអសកម្មមួយចំនួនចេញ ដាក់រដ្ឋមន្ត្រីថ្មីដែលសកម្មនឹងការងារ និងមានជំនាញច្បាស់លាស់។
ចំណែកប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ យល់ថា បញ្ហាកើតឡើងដដែលៗ បែបនេះ ជាការបង្ហាញពីភាពខ្វះការទទួលខុសត្រូវរបស់រដ្ឋមន្ត្រី ដែលស្ថិតក្នុងការគ្រប់គ្រងរបស់លោក ហ៊ុន សែន និងចំណុចសំខាន់មួយក៏អាចមកពីលោក ហ៊ុន សែន ដែរ ដែលគ្រប់គ្រងមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនមិនបានល្អ។ លោក កើត សារ៉ាយ កត់សម្គាល់ទៀតថា កន្លងមកការចាត់ចែងការងាររបស់លោក ហ៊ុន សែន ហាក់មិនបានរៀបចំប្រព័ន្ធការងារឱ្យច្បាស់លាស់ទេ តែជាការបំពេញការងារបែបមិត្តភ័ក្ដិទៅវិញ។
លោក ហ៊ុន សែន ចាប់ផ្ដើមបង្ហាញភាពអសកម្មនៃមន្ត្រីថ្នាក់ក្រោមរបស់លោកជាបន្តបន្ទាប់នៅពេលនេះ ខណៈលោកកំពុងត្រួសត្រាយផ្លូវឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ត្រៀមអង្គុយកៅអីនាយករដ្ឋមន្ត្រីជំនួសលោកម្ដង។ លោក ហ៊ុន ម៉ាណែត ដែលត្រូវបានគណបក្សប្រជាជនកម្ពុជាតែងតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត លោកក៏ជាបេក្ខជនតំណាងរាស្ត្រលេខរៀងទី១ នៅក្នុងមណ្ឌលភ្នំពេញរបស់គណបក្សនេះសម្រាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដាខាងមុខផងដែរ។ លោក ហ៊ុន សែន ធ្លាប់អះអាងដែរថា លោកបានត្រៀមគណៈរដ្ឋមន្ត្រីថ្មីរួចហើយ ដែលមានរដ្ឋមន្ត្រីជាក្មេងជំនាន់ក្រោមអាយុក្រោម ៦០ឆ្នាំ៕
No comments:
Post a Comment