2023.04.07
កូដករណាហ្គាវើលដ៍ (Naga World) រិះគន់ថៅកែបនល្បែងណាហ្គាវើលដ៍ថា មិនដោះស្រាយវិវាទការងារឱ្យក្រុមកូដករ ប៉ុន្តែបែរជាធ្វើខ្លួនជាមនុស្សសប្បុរសធម៌ដើម្បីបិទបាំងអំពើអាក្រក់របស់ខ្លួន។ ការរិះគន់នេះធ្វើឡើងគឺបន្ទាប់ពីម្ចាស់កាស៊ីណូណាហ្គាវើលដ៍ លោក តាន់ ស្រ៊ី បរិច្ចាគថវិកាចំនួន ១លានដុល្លារ ដល់កាកបាទក្រហមកម្ពុជាដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ស្របពេលអ្នកជំនួញធំៗ សម្រុកចូលលុយជួយកាកបាទក្រហមក្នុងនោះក៏មានថៅកែបនល្បែងណាហ្គាវើលដ៍ លោក តាន់ ស្រ៊ី (Tan Sri) ឬ លោក ចេន លីប គឹង (Chen Lip Keong) ដែលគេស្គាល់ថា ជាក្រុមហ៊ុនរំលោភសិទ្ធិការងារក្រុមសហជីពជាង១ពាន់នាក់ និងធ្វើទុក្ខបុកម្នេញលើកូដករណាហ្គាភាគច្រើនជាស្ត្រី។ ក្រុមកូដករណាហ្គាវើលដ៍ចាត់ទុកទង្វើមនុស្សធម៌របស់ថៅកែក្រុមហ៊ុនរូបនេះថា ជាយុទ្ធសាស្ត្របំភ័ន្តភ្នែកមហាជនដើម្បីលុបលាងកំហុស។
សមាជិកសហជីពទ្រទ្រង់សិទ្ធិការងារនៃក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ លោកស្រី ណុប ទិត្យបូរ៉ាវី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៦ មេសា ថា លោកស្រី សោកស្ដាយដែលថៅកែក្រុមហ៊ុនណាហ្គាវើលដ៍មិនចេញមុខដោះស្រាយវិវាទការងារឱ្យក្រុមកូដករ ប៉ុន្តែខិតខំដើរតួជាមនុស្សចិត្តធម៌ជួយទាំងដែលក្រុមកូដកររស់នៅជួបទុក្ខលំបាកវេទនា គ្មានអាហារហូបចុកគ្រប់គ្រាន់បែរជាមើលមិនឃើញទៅវិញ ។ លោកស្រីបន្តថា ថៅកែគួរតែដោះស្រាយវិវាទការងារនេះឱ្យបានឆាប់រហ័សដើម្បីបង្ហាញពីសន្តានចិត្តសប្បុរសធម៌។
លោកស្រី ណុប ទិត្យបូរ៉ាវី៖ «ពួកខ្ញុំឈឺចិត្តនិងខកចិត្តខ្លាំងបំផុត ពីព្រោះពួកខ្ញុំបង្ហើយហៅស្នើសុំមិនថា រដ្ឋាភិបាលមិនថាថៅកែណាហ្គាវើលដ៍ទេឱ្យទទួលពួកខ្ញុំត្រឡប់ចូលធ្វើការវិញពីព្រោះការបញ្ឈប់ពួកខ្ញុំនេះគឺវាខុសពីផ្លូវច្បាប់ ហើយពួកខ្ញុំអត់មានកំហុសអ្វីទាំងអស់ហេតុអ្វីក៏មកបញ្ឈប់កិច្ចសន្យាពួកខ្ញុំ»។
ប្រតិកម្មរបស់កូដករណាហ្គាវើលដ៍នេះគឺបន្ទាប់ពី លោក តាន់ ស្រ៊ី បរិច្ចាគថវិកាចំនួន ១លានដុល្លារ ដល់កាកបាទក្រហម ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកស្រី ប៊ុន រ៉ានី។
លោក តាន់ ស្រ៊ី កំពុងរងការរិះគន់ថា ជាថៅកែដែលរំលោភសិទ្ធិកម្មកររបស់ខ្លួនធ្ងន់ធ្ងរ ដោយសារការរំលាយសហជីព ការប្រើប្រាស់កងកម្លាំងវាយបង្ក្រាបដល់បុគ្គលិកភាគច្រើនជាស្ត្រី ដែលបានចេញតវ៉ាបណ្ដាលឲ្យរបួសធ្ងន់ និងរហូតដល់រលូតកូនក្នុងផ្ទៃ។ ថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ ដ៏មានឥទ្ធិពលរូបនេះ ក៏មានទំនាក់ទំនងជាមួយនឹងក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារបែកធ្លាយកាលពីឆ្នាំ២០១៧។ ទំនងជាដោយសារឥទ្ធិពលនៃទំនាក់ទំនងនឹងការបរិច្ចាគលុយដល់កាកបាទក្រហមនេះហើយ ទើបថៅកែក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ ត្រូវបានគេមើលឃើញថា រំលោភបំពានសិទ្ធិកម្មករក្រោមការជួយជ្រោមជ្រែងពីស្ថាប័នផ្ទុយពីច្បាប់ជាតិ និងអន្តរជាតិ។
ក្រៅពី លោក តាន់ ស្រ៊ី នេះអ្នកជំនួញរកស៊ីធំៗ នៅកម្ពុជាដែលមានកេរ្តិ៍ឈ្មោះអាស្រូវ និងជាប់ឈ្មោះក្នុងបញ្ជីរកស៊ីទុច្ចរិត ដូចជា កាប់បំផ្លាញព្រៃឈើ និងរំលោភយកដីពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ឬក្នុងបញ្ជីខ្មៅនៃអង្គការអន្តរជាតិ ដូចជា លោក ទ្រី ភាព លោក លី យ៉ុងផាត់ ជាដើម ក៏តែងតែកាន់លុយទាំងបាច់ៗជូន អ្នកស្រី ប៊ុន រ៉ានី ដែលធ្វើឲ្យកាកបាទក្រហម ទទួលបានថវិការាប់ដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។
ជុំវិញរឿងនេះដែរអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស (ADHOC) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ទឹកចិត្តសប្បុរសធម៌របស់ថៅកែបនល្បែងនេះគឺគ្រាន់តែជាការសម្ដែងតែប៉ុណ្ណោះបើសិនជាថៅកែមានជាមនុស្សមានចិត្តធម៌មែន គឺដោះស្រាយវិវាទការងារតាមការស្នើសុំរបស់ក្រុមកូដករហើយ មិនមែនបន្តឱ្យអូសបន្លាយជាង១ឆ្នាំគ្មានដំណោះស្រាយនោះទេ។ លោកបន្តថា ថៅកែក្រុមណាហ្គាវើលដ៍ និងរដ្ឋាភិបាលគួរតែបញ្ឈប់យកក្រុមកូដករជាសត្រូវ បញ្ឈប់ការលាបពណ៌ និងឈប់រើសអើងសហជីព ហើយរកដំណោះស្រាយវិញប្រសើរជាង។
អង្គការសង្គមស៊ីវិលខាងសហជីពដូចជា ខាងក្រុមកូដករ ថ្នាក់ដឹកនាំសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍ហ្នឹងយើងឃើញហើយមានការលើកឡើងការទទូច និងការផ្ដល់អនុសាសន៍ជាច្រើនដើម្បីមានដំណោះស្រាយជាវិជ្ជមានប៉ុន្តែអ្វីដែលយើងមើលឃើញវាហាក់មិនមានភាពល្អប្រសើរសោះ ផ្ទុយទៅវិញកាន់តែអូសបន្លាយពេលធ្វើឱ្យប៉ះពាល់ដល់ជីវភាពកូដករហើយធ្វើឱ្យមានការបាក់ទឹកចិត្តបាត់បង់ជំនឿចិត្តជាមួយនឹងស្ថាប័នពាក់ព័ន្ធ ជាមួយនឹងរដ្ឋាភិបាល។
ថ្វីត្បិតតែកាកបាទក្រហម មានគោលការណ៍៧ចំណុច រួមមាន ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាពក្ដី ប៉ុន្តែក្រុមជនរងគ្រោះដូចជា សកម្មជនសង្គម ក្រុមសហជីព សកម្មជនដីធ្លី និងសកម្មជននយោបាយជាពិសេសក្រុមកូដករណាហ្គាវើលដ៍ ដែលកំពុងរងគ្រោះបាត់បង់ការងារគ្មានស្បៀងអាហារគ្រប់គ្រាន់បរិភោគ តែកាកបាទក្រហមដែលដឹកនាំដោយ អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន នេះ មិនដែលយកជំនួយទៅផ្ដល់ជូនអ្នកទាំងនេះឡើយ។ ទោះជាយ៉ាងណា ក្រុមកូដករណាហ្គាវើលដ៍ តែងទទូចឲ្យរដ្ឋាភិបាល និងថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ បញ្ឈប់ការធ្វើទុក្ខបុកម្នេញ លើពួកគេ និងដោះលែងមេដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ ហើយងាកមកដោះស្រាយបញ្ចប់វិវាទការងារ ដើម្បីឲ្យពួកគាត់មានការងារ មានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារឡើងវិញ៕
1 comment:
This asshole is a pest to human society.
Post a Comment