2023.04.06
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប ចាប់ផ្ដើមស្នើសុំទៅតុលាការក្រុងភ្នំពេញឱ្យអនុវត្តសាលដីកាតុលាការកំពូល បង្គាប់ទៅលោក សុន ឆ័យ បង់ប្រាក់ពិន័យចំនួន ១០លានរៀល ឬជាង ២.៥០០ដុល្លារ (ពីរពាន់ប្រាំរយ) ចូលរដ្ឋ។ ចំណែកគណបក្សប្រជាជនកម្ពុជា មិនទាន់ស្នើទៅតុលាការឱ្យបង្គាប់ទៅលោក សុន ឆ័យ បង់ប្រាក់ពិន័យ ឬបង់ប្រាក់ជំងឺចិត្តនៅឡើយទេ។
មេធាវីការពារក្ដីលោក សុន ឆ័យ លើកឡើងថា ស្ថានភាពកូនក្ដីរបស់ខ្លួននៅពេលនេះ លោក សុន ឆ័យ មានលទ្ធភាពអាចបង់ត្រឹមតែប្រាក់ពិន័យជូនរដ្ឋប៉ុណ្ណោះ ប៉ុន្តែ ចំពោះប្រាក់ជំងឺចិត្ត ដែលលោក សុន ឆ័យ ត្រូវបង់ទៅឱ្យគណបក្សប្រជាជនកម្ពុជាចំនួន ១លានដុល្លារ គឺអនុប្រធានគណបក្សភ្លើងទៀនរូបនេះ មិនទាន់មានលទ្ធភាពអាចរកប្រាក់បង់ជូនភាគីឈ្នះក្ដីនៅឡើយទេ។ មន្ត្រីសង្គមស៊ីវិលស្នើទៅគណបក្សកាន់អំណាច ផ្ដល់ការយោគយល់ដល់លោក សុន ឆ័យ គួរកុំទាមទារប្រាក់ជំងឺចិត្ត១លានដុល្លារនោះអី ដែលរូបភាពនេះអាចជាការផ្ដល់គំរូល្អដល់អ្នកនយោបាយផ្សេងទៀត និងជាការធ្វើឱ្យមានបរិយាកាសល្អមុនការបោះឆ្នោតផងដែរ។
មេធាវីការពារក្ដីលោក សុន ឆ័យ គឺលោកមេធាវី កែត ឃី ឱ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី៦ ខែមេសា ថា លោកបានដាក់លិខិតទៅតំណាងអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលថ្មីៗ នេះរួចហើយ ពីការស្ម័គ្រចិត្តបង់ប្រាក់ពិន័យចំនួន ១០លានរៀលចូលរដ្ឋ។ លោកមេធាវីឱ្យដឹងទៀតថា ការសម្រេចដូច្នេះក្រោយពេលភាគីឈ្នះក្ដី គ.ជ.ប បានស្នើទៅតំណាងអយ្យកាតុលាការក្រុងភ្នំពេញ ឱ្យអនុវត្តសាលដីកាតុលាការកំពូល បង្គាប់ឱ្យកូនក្ដីរបស់លោកបង់ប្រាក់ពិន័យនេះជូនរដ្ឋ។ លោកមេធាវីឱ្យដឹងដែរថា ចំពោះភាគីមួយទៀត គឺគណបក្សប្រជាជនកម្ពុជា នៅរក្សាភាពស្ងៀមស្ងាត់នៅឡើយ មិនទាន់ស្នើទៅតុលាការក្រុងភ្នំពេញអនុវត្តសាលដីកាតុលាការកំពូលនៅឡើយទេ ទាំងការបង់ប្រាក់ពិន័យ ១០លានរៀល និងប្រាក់ជំងឺចិត្ត ១លានដុល្លារ។
មេធាវី កែត ឃី៖ «ព្រះរាជអាជ្ញាគាត់បានឆ្លើយតបថា មានសំណុំរឿងសុំឱ្យអនុវត្តហ្នឹងតែមួយអ៊ីចឹងគាត់អាចឱ្យអនុវត្តដោយស្ម័គ្រចិត្តអ៊ីចឹងទៅ ក្នុងដំណាក់កាលនេះគាត់ (ព្រះរាជអាជ្ញា) មិនទាន់មានពេលវេលាដើម្បីទទួលយកអ្វីដែលយើងស្ម័គ្របង់តាមការពិន័យហ្នឹងទេ»។
លោកមេធាវី កែត ឃី លើកឡើងទៀតថា ប្រសិនបើភាគីគណបក្សប្រជាជនកម្ពុជា មិនស្នើទៅតុលាការឱ្យអនុវត្តសាលដីកាកំពូល ដែលបង្គាប់ឱ្យលោក សុន ឆ័យ បង់ប្រាក់ជំងឺចិត្ត១លានដុល្លារនោះទេ គឺតុលាការមិនបង្គាប់ឱ្យលោក សុន ឆ័យ បង់ប្រាក់ជំងឺចិត្តនោះដែរ។
ទាក់ទងរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា គណបក្សរបស់លោកមិនខ្វះលុយ ១លានដុល្លារនោះទេ ប៉ុន្តែប្រាក់នេះ គឺតុលាការជាអ្នកសម្រេចឱ្យលោក សុន ឆ័យ បង់ជំងឺចិត្តមកគណបក្សប្រជាជនកម្ពុជា ដូច្នេះគណបក្សរបស់លោកត្រូវតែទទួលយក។ លោកបន្តទៀតថា គណបក្សប្រជាជនកម្ពុជា ពេលនេះមិនបានជំរុញឬស្នើទៅតុលាការក្រុងភ្នំពេញឱ្យអនុវត្តសាលដីកាតុលាការកំពូលទេ គឺទុកឱ្យតុលាការធ្វើការងារនេះតាមនីតិវិធីរបស់ខ្លួនដោយឯករាជ្យ។
លោក សុខ ឥសាន៖ «ចំពោះជំងឺចិត្តក៏ជាការសម្រេចរបស់តុលាការមានសង ឬមិនមានសង យើងអត់ដឹងទេ ជារឿងផ្ទាល់ខ្លួនរបស់ជនជាប់ចោទ ហើយបើមិនមានសងទេ មានតែជាប់គុកជំនួសចាំមើលច្បាប់មើល នីតិវិធីច្បាប់គេចែងថាម៉េច ក្នុងករណីជនជាប់ចោទគ្មានលុយបង់សងជំងឺចិត្តឱ្យដើមបណ្ដឹងតើច្បាប់ត្រូវធ្វើម៉េចទៀត? ខ្ញុំយល់ថា មេធាវីក៏អាចយល់ដែរបញ្ហាហ្នឹង ពីព្រោះគេអ្នកច្បាប់ហើយ»។
ក្រោយការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ កន្លងមក លោក សុន ឆ័យ បានឱ្យដឹងថា ភ្នាក់ងារគណបក្សរបស់លោករងឃើញថា ភាពមិនប្រក្រតីមួយចំនួនដូចជា មានការបំភិតបំភ័យពលរដ្ឋ ការបិទទ្វាររាប់សន្លឹកឆ្នោត និងការបោះឆ្នោតនោះមិនឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋជាដើម ប៉ុន្តែ បក្សកាន់អំណាច និង គ.ជ.ប បានប្ដឹងទៅតុលាការថា អ្វីដែលលោក សុន ឆ័យ លើកឡើងជា បរិហារកេរ្តិ៍។ តុលាការដែលរងការរិះគន់ថា ស្ថិតក្រោមសម្ពាធរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់លោក សុន ឆ័យ តាមការចង់បានរបស់ភាគីដើមបណ្ដឹងទាំងពីរ។ កាលពីថ្ងៃទី២៣ ខែកុម្ភៈ តុលាការកំពូលសម្រេចបិទផ្លូវតវ៉ាលើសំណុំរឿងបក្សកាន់អំណាចនិងគ.ជ.ប ប្ដឹងលោក សុន ឆ័យ ក្នុងសំណុំរឿងបរិហារកេរ្តិ៍នេះ។ តុលាការកំពូលបង្គាប់ឱ្យលោក សុន ឆ័យ ត្រូវបង់ប្រាក់ជំងឺចិត្តទៅគណបក្សប្រជាជនកម្ពុជាជាង ១លានដុល្លារ និងបង់ប្រាក់ពិន័យ ២០លានរៀល ឬប្រមាណ ២.៥០០ដុល្លារ (ពីរពាន់ប្រាំរយ) ចូលរដ្ឋផងដែរ។
អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស សង្កេតឃើញថា ការសម្រេចរបស់តុលាការឱ្យលោក សុន ឆ័យ បង់ប្រាក់ជំងឺចិត្តទៅភាគីឈ្នះ ១លានដុល្លារ គឺធំធេងលើសពីអ្វីដែលលោក សុន ឆ័យ រិះគន់បញ្ហាបោះឆ្នោត។ មន្ត្រីសង្គមស៊ីវិលរូបនេះចង់ឃើញមានការជជែករវាងអ្នកនយោបាយជាមួយអ្នកនយោបាយ ដើម្បីបង្រួមប្រាក់ជំងឺចិត្តនេះមកឱ្យនៅត្រឹមជាការបង់ប្រាក់ពិន័យរដ្ឋបាលវិញ។
លោក កន សាវាង្ស៖ «ការសម្របសម្រួលផ្នែកនយោបាយការជជែកផ្នែកនយោបាយ គួរតែធ្វើការប្រាស្រ័យគ្នា ពីព្រោះគណបក្សនយោបាយ យើងជាគណបក្សដែលចាស់ទុំ ហើយអ៊ីចឹងអាចថា ពិន័យជារដ្ឋបាល ជាការទុកមុខទុកមាត់ ឬអាចជាការចាស់ទុំ ហើយអាចជាស្មារតីមួយ ដែលអាចចូលរួមផ្ដល់ឱកាសផ្នែកនយោបាយផងដែរ»។
ដូចគ្នានេះដែរ លោក សុន ឆ័យ ធ្លាប់ឱ្យវិទ្យុអាស៊ីសេរីដឹងថា លោកនៅតែព្យាយាមជជែកជាមួយគណបក្សកាន់អំណាចដើម្បីឱ្យមានការយល់គ្នា ជៀសវាងការប្រើប្រាស់ប្រព័ន្ធតុលាការដោះស្រាយបញ្ហានេះ។
មេធាវីការពារក្ដីលោក សុន ឆ័យ លោក កែត ឃី បារម្ភថា លោក សុន ឆ័យ ប្រឈមបាត់បង់ដីផ្ទះ ព្រោះពេលនេះ លោក សុន ឆ័យ គ្មានប្រាក់ ១លានដុល្លារបង់ជំងឺចិត្តឱ្យបក្សកាន់អំណាច ខណៈតុលាការបានចេញដីការឹបអូសជាបណ្ដោះអាសន្ននូវដីផ្ទះរបស់លោក សុន ឆ័យ ចំនួនពីរកន្លែងរួច គឺនៅភ្នំពេញ និងខេត្តសៀមរាប ដើម្បីត្រៀមទុកសងគណបក្សប្រជាជនកម្ពុជារួចហើយនោះ។ ប្រសិនបើតំណាងអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យលោក សុន ឆ័យ អនុវត្តសាលាដីកាតុលាការកំពូល លោក សុន ឆ័យ នឹងក្លាយជាមនុស្សទី២ របស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន បន្ទាប់ពីលោក គង់ គាំ ដែលត្រូវប្រគល់ដីផ្ទះតម្លៃរាប់លានដុល្លាររបស់ខ្លួនទៅឱ្យគណបក្សប្រជាជនកម្ពុជា៕
No comments:
Post a Comment