2023.04.07
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនជំរុញទៅសមត្ថកិច្ចគួរស្វែងរកជនប្រព្រឹត្តិ ដែលទម្លាយរឿងសម្ងាត់ជីវិតឯកជនយកមកផ្សព្វផ្សាយចាត់វិធានការតាមផ្លូវច្បាប់។ ការលើកឡើងនេះក្រោយពេលប្រព័ន្ធឃោសនាហ្វ្រែសញូ (Freshnews) របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះផ្សាយជាបន្តបន្ទាប់ ដែលគេអះអាងថា ជាសំឡេងមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនម្នាក់សន្ទនាស្នេហាជាមួយគួរស្នេហ៍របស់លោក។
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន យល់ថា ការចុះផ្សាយសំឡេងបែកធ្លាយដែលចោទប្រកាន់ថា ជាសំឡេងមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន គឺជាការធ្វើទុក្ខបុកម្នេញលើគណបក្សភ្លើងទៀន។ អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភីរិទ្ធ ថា ករណីនេះ ទាល់តែមានអ្នកលួចបញ្ចេញសំឡេងនោះ ទើបមានការផ្សព្វផ្សាយ។ លោកថា ច្បាប់កម្ពុជាបានការពារជីវិតឯកជន ដូច្នេះលោកសង្ឃឹមថា អាជ្ញាធរ ឬរដ្ឋាភិបាលអាចស្វែងរកការពិតលើរឿងបាន។
លោក គឹមសួរ ភីរិទ្ធ៖ «ដូច្នេះហើយអ្នកជាសុខសញ្ញាអ៊ីចឹងរងគ្រោះព្រោះបញ្ហាហ្នឹងហើយ ប៉ុន្តែសង្ឃឹមថា អាជ្ញាធរក៏ដូចជារាជរដ្ឋាភិបាលមានវិធានការផ្លូវច្បាប់ស្វែងរកជនដែលទម្លាយព័ត៌មានទាំងអស់ហ្នឹងដើម្បីធ្វើម៉េចឱ្យកម្ពុជាក្លាយជាប្រទេសនីតិរដ្ឋពិតប្រាកដផងពីព្រោះយើងមានច្បាប់ហើយ បើច្បាប់ហ្នឹងមិនអនុវត្តមានន័យប្រទេសហ្នឹងអត់មាននីតិរដ្ឋទេ»។
ប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនធ្វើឡើងនៅពេលនេះ ក្រោយពេលប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន បានចុះផ្សាយសំឡេងសន្ទនាឯកជនតាមទូរស័ព្ទដោយចោទប្រកាន់ថា ជាសំឡេងរបស់អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ និយាយជាមួយស្ត្រីដៃគូស្នេហារបស់ខ្លួន។
លោក គឹមសួរ ភីរិទ្ធ មិនទាន់អាចបញ្ជាក់ថា សំឡេងដែលបែកធ្លាយនោះជាសំឡេងរបស់អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ឬមិនមែននោះទេ។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីលោក លី សុធារ៉ាយុត្តិ បានទេនៅថ្ងៃទី៧ ខែមេសា។ ចំណែកការចុះផ្សាយរបស់ហ្វ្រែសញូអំពីសំឡេងបែកធ្លាយនេះ ដោយសំអាងថា មានការបង្ហោះសំឡេងបែកធ្លាយពីហ្វេសប៊ុកអនាមិកមួយចំនួន ប៉ុន្តែ អង្គភាពព័ត៌មាននេះមិនបានស្វែងរកបំភ្លឺសាមីខ្លួន ដែលរងការចោទប្រកាន់នោះទេ។
ទាក់ទងរឿងនេះនាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CAMBO-JA) លោក ណុប វី លើកឡើងថា បញ្ហាសំខាន់ដែលត្រូវចោទសួរតើអ្នកណាជាអ្នកធ្វើឱ្យបែកធ្លាយសំឡេងសន្ទនាឯកជននោះ។ អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយរូបនេះ យល់ថា ក្នុងស្ថានភាពសង្គមសព្វថ្ងៃដែលសំបូរដោយបង្ហោះព័ត៌មានក្លែងក្លាយ ស្ថាប័នព័ត៌មានដែលចុះផ្សាយទាក់ទងនឹងអ្នកណាម្នាក់គួរព្យាយាមសុំការបកស្រាយពីបុគ្គលនោះ។
លោក ណុប វី៖ «ក្រមសីលធម៌ព័ត៌មានគឺថា ពឹងផ្អែកទៅលើប្រភពព័ត៌មានមុននឹងធ្វើការចុះផ្សាយហើយការផ្ទៀងផ្ទាត់ជាមួយប្រភពគឺជារឿងមួយចាំបាច់ណាស់ ដើម្បីកសាងទំនុកចិត្តសម្រាប់សារព័ត៌មានរបស់គាត់»។
ជុំវិញចំណាត់រឿងនេះពីសមត្ថកិច្ចវិទ្យុអាស៊ីសេរីមិនអាចសុំបំភ្លឺពីអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី៧ ខែមេសា។
ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា ការចុះផ្សាយរបស់ពីសំឡេងបែកធ្លាយនេះ ជាសិទ្ធិរបស់អង្គភាពហ្វ្រែសញូ។ លោកបន្តទៀតថា
ប្រសិនបើមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ មិនពេញចិត្តការចុះផ្សាយរបស់ហ្វ្រែសញូ អាចដាក់ពាក្យប្ដឹងអង្គភាពសារព័ត៌មាននេះទៅតុលាការ។
លោក សុខ ឥសាន៖ «ការផ្សាយរបស់ហ្វ្រែសញូគឺរឿងព័ត៌មានឯកជនមិនមែនរបស់រដ្ឋទេអត់មានពាក់ព័ន្ធអីជាមួយរដ្ឋទេ អាស្រ័យលើសាមីខ្លួនលោក លី សុធារ៉ាយុត្តិ បើគាត់មិនសុខចិត្ត គាត់ប្ដឹងហ្វ្រែសញូទៅតុលាការគេចាត់នីតិវិធីហើយ»។
ការសម្ងាត់ឯកជន ឬជីវិតឯកជនត្រូវបានការពារដោយច្បាប់។ ក្រមព្រហ្មទណ្ឌ
មាត្រា៣០១ ចែងថា អំពើស្ដាប់ ឬថតសម្ដី ដែលនិយាយជាឯកជន ឬជាការសម្ងាត់ ដោយគ្មានការយល់ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនរៀល (១០០.០០០) ទៅពីរសែនរៀល (២.០០០.០០០) លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ អ្នកឃ្លាំមើលសង្គមលើកឡើងថា ការលូចថតសំឡេងសន្ទនាឯកជន ហើយយកទៅផ្សព្វផ្សាយ អំពើអសីលធម៌ ហើយបើសិនជាអ្នកនយោបាយណានៅពីក្រោយរឿងនោះអ្នកនយោបាយនោះជាអ្នកនយោបាយស្មោករោគ។
កន្លងទៅ សារព័ត៌មានហ្វ្រែសញូក៏បានផ្សព្វផ្សាយពីសំឡេងបែកធ្លាយដែលចោទប្រកាន់ថា ជាការសាសងស្នេហារបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា សំឡេងបែកធ្លាយអតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ និងសំឡេងរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយចំនួនទៀតផងដែរ៕
No comments:
Post a Comment