ដោយ ទីន ហ្សាការីយ៉ា
2023.04.08
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី២៦ មករា ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
កម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន មានជនរងគ្រោះច្រើនប្រភេទ ក្នុងនោះ រួមមាន អ្នកនយោបាយ យុវជនដែលឈឺឆ្អាលពីបញ្ហាសង្គម ប្រជាពលរដ្ឋមានជម្លោះ ដីធ្លីជាដើម។
បើទោះជាជនរងគ្រោះមួយចំនួនដឹងថា ពួកគេរងអំពើអយុត្តិធម៌ដោយសារតែលោក ហ៊ុន សែន ក៏ដោយ ក៏ពួកគេនៅតែទៅរកលោកនាយករដ្ឋមន្ត្រីឱ្យជួយឱនលំទោនក្រាបសំពះ និងអរគុណលោក ហ៊ុន សែន ថែមទៀតផង។
ក្រុមអ្នកនយោបាយគណបក្សនៅក្រៅរដ្ឋាភិបាល និងសកម្មជនសង្គម ដែលធ្លាប់តែរិះគន់ការដឹកនាំរបស់លោក ហ៊ុន សែន ឥតសំចៃមាត់នោះ ពួកគេមួយចំនួនបានងាកទៅចុះចូលជាមួយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ទៅវិញ។
អ្នកនយោបាយ និងសកម្មជនសង្គមទាំងនោះ ក៏ធ្លាប់រងគ្រោះដោយសារតែរបបលោក ហ៊ុន សែន បានចាប់ដាក់គុកថែមទៀតផង តែនៅទីបំផុតក៏ទៅឱនលំទោនអរគុណលោក ហ៊ុន សែន និងប្ដេជ្ញាចិត្តធ្វើការបម្រើលោក ហ៊ុន សែន ឥតងាករេ។
អ្នកវិភាគនយោបាយលោក គឹម សុខ មានប្រសាសន៍ថា លោក ហ៊ុន សែន បានដឹកនាំប្រទេសក្ដោបក្ដាប់អំណាចបុគ្គល ហើយយកប្រព័ន្ធតុលាការ។
លោក គឹម សុខ៖«គ្រប់គ្នាមើលឃើញថាយុត្តិធម៌សង្គមធ្លាក់មកនៅធ្ងន់ធ្ងរស្ថិតនៅក្នុងដំណាក់កាលចុងក្រោយដែលមិនអាចស្ដារបានអ៊ីចឹងហើយបានជាពលរដ្ឋស្រវេស្រវារកលោកហ៊ុន សែន»។
មេដឹកនាំគណបក្សនយោបាយ សកម្មជនសង្គម និងបរិស្ថានមួយចំនួនត្រូវបានរបបលោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារដោយសារតែការបញ្ចេញមតិរបស់ពួកគេ នៅលើបណ្ដាញសង្គម ក៏ប៉ុន្តែត្រូវបានលោក ហ៊ុន សែន ទើសចិត្ត។
អ្នកទាំងនោះរួមមានអតីតប្រធានគណបក្សអំណាចពលរដ្ឋខ្មែរ លោក សួន សេរីរដ្ឋា កាលពីឆ្នាំ២០១៧ ត្រូវបានតុលាការចាប់ខ្លួន និងផ្ដន្ទាទោសចំនួន៥ឆ្នាំ ពិន័យជាប្រាក់១០លានរៀល ពីបទញុះញង់ ក្រោយពីសរសេរលើហ្វេសប៊ុករិះគន់ រឿងប្រឈមមុខដាក់គ្នារវាងកងទ័ពឡាវ និងកម្ពុជា។ ក្រោយពីជាប់ពន្ធនាគារប្រមាណ១ឆ្នាំលោក ហ៊ុន សែន ស្នើទៅព្រះមហាក្សត្រឲ្យដោះលែងវិញ។
លោក សួន សេរីរដ្ឋា ធ្លាប់រិះគន់លោក ហ៊ុន សែន ឥតសំចៃមាត់។ លោកធ្លាប់ប្រដូចរដ្ឋាភិបាលថាជារដ្ឋាភិបាលខ្ញុំគេមិនអាចដឹកនាំប្រទេសទៅរកសេចក្ដីថ្លៃថ្នូរបានទេ។
លោក សួន សេរីរដ្ឋា ក៏ធ្លាប់លើកឡើងថា លោក ហ៊ុន សែន មិនមែនជាមេដឹកនាំដែលពលរដ្ឋពេញចិត្តឡើយ ពលរដ្ឋចង់ឲ្យមានការផ្លាស់ប្ដូរ។
លោក សួន សេរីរដ្ឋា៖ «ពីព្រោះយើងចង់បានការផ្លាស់ប្ដូរ។ ការផ្លាស់ប្ដូរនេះមិនមែនមានតែខ្ញុំទេ គឺពលរដ្ឋទាំងអស់គ្នាចង់ផ្លាស់ប្ដូរ ដែលយករដ្ឋាភិបាលមួយដែលពលរដ្ឋមិនពេញចិត្តចេញ ហើយយករដ្ឋាភិបាលថ្មីដែលពលរដ្ឋពេញចិត្តវិញ»។
ទោះបីជាលោក សួន សេរីរដ្ឋា ធ្លាប់រងគ្រោះដោយសារតែរបបលោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារ និងធ្លាប់មិនពេញចិត្តការដឹកនាំរបស់លោក ហ៊ុន សែន បែបនេះក្ដី ក៏ប៉ុន្តែនៅទីបំផុតទៅលោកបានចុះចូលជាមួយរដ្ឋាភិបាលវិញ។
ក្រោយពីលោកចុះចូលជាមួយគណបក្សកាន់អំណាចនោះ លោក ហ៊ុន សែន ក៏ស្នើទៅព្រះមហាក្សត្ររង់ចាំតែប្រថាប់ត្រា តែងតាំងលោក សួន សេរីដ្ឋា ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ កាលពីឆ្នាំ២០២០។
ក្រោយពីលោក សួន សេរីរដ្ឋា បានទទួលតំណែងហើយនេះ លោកបានចេញមុខការពាររដ្ឋាភិបាល លោក ហ៊ុន សែន ខ្លាំងក្លា ចង់ជាងសមាជិករដ្ឋាភិបាលដែលចាក់គ្រឹះនៅក្នុងគណបក្សប្រជាជនកម្ពុជា តាំងពីយូរមកហើយទៀតផង។ ជាក់ស្ដែងដូចជាកាលពីពេលថ្មីនេះលោកបានចេញលិខិតថ្កោលទោសលោក សម រង្ស៊ី ដោយចោទថា លោក សម រង្ស៊ី ជាជនក្បត់ជាតិជាដើម។
មិនមែនមានតែលោក សួន សេរីរដ្ឋា នេះទេដែលបង្កើតគណបក្សនយោបាយប្រឆាំង ជាមួយរដ្ឋាភិបាល តែទីបំផុតរត់ទៅចុះចូលជាមួយរបបឯកបក្សវិញ រាប់ទាំងមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច មន្ត្រីគណបក្សប្រឆាំង និងថ្មីៗនេះ គឺមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានជាដើម។ ពួកគេបានសរសេរ នៅលើបណ្ដាញសង្គមប្រកាសប្ដេជ្ញាចិត្តជួយគណបក្សកាន់អំណាច ក្រោយពីពួកគេ បានតួនាទីជាអនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការនោះ។
ទាក់ទងនឹងបញ្ហានេះ អ្នកវិភាគនយោបាយលោក គឹម សុខ មានប្រសាសន៍ថា អ្នកនយោបាយដែលរត់ទៅចុះចូលជាមួយលោក ហ៊ុន សែន នេះ ដោយសារតែពួកគេ មិនបានកំណត់នយោបាយដើម្បីសង្គ្រោះប្រជាធិបតេយ្យបានច្បាស់លាស់។ ម្យ៉ាងទៀត ការចុះចូលនេះ ក៏ដោយសារតែពួកគេសម្លឹងឃើញ ផលប្រយោជន៍ជាធំដែរ។
ក្រៅពីអ្នកនយោបាយនោះ ក៏នៅមានយុវជន សកម្មជនសង្គម និងសកម្មជន បរិស្ថាន អ្នកសារព័ត៌មាន ជាដើម ដែលអ្នកខ្លះ ធ្លាប់ជាប់គុកច្រវាក់ ដោយសារតែបំពេញការងារសង្គម របស់ពួកគេ ហើយត្រូវរដ្ឋាភិបាលចាប់ដាក់គុកនោះ ក៏ពួកគេមួយចំនួនរត់ទៅចុះចូល ជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន ដែរ។ ក្រោយពីពួកគេទៅចុះចូលហើយនោះ ក៏ចេញមុខមកវាយប្រហារអតីតក្រុមការងារដែលធ្លាប់ធ្វើការជាមួយគ្នា ហើយកោតសរសើរការដឹកនាំ និងអរគុណលោក ហ៊ុន សែន វិញ។ ក្រៅពីពួកគេវាយប្រហារអតីតក្រុមការងាររបស់ខ្លួននោះ ពួកគេចេញមុខថ្កោលទោសមេបក្សប្រឆាំង លោក សម រង្ស៊ី ជាបន្តបន្ទាប់ដែរ។
លើសពីនេះទៀត នៅមានឧកញ៉ាដ៏ល្បីឈ្មោះមួយរួបទៀត ដែលជាអតីតពលករមកពីប្រទេសកូរ៉េខាងត្បូង គឺលោក ឡេង ណាវាត្រា ដែល ជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិផងនោះ ធ្លាប់ច្រៀងរ៉េបទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែងទៀតផង។
លោក ឡេង ណាវាត្រា៖ «ស្រុកខ្មែរពុករលួយ គ្មានទេយុត្តិធម៌។ ទោះជាលោក ហ៊ុន សែន ល្អកម្រិតណា បើគាត់នៅយូរស្រុកខ្មែរក្លាយជាផ្ដាច់ការ...»។
ទោះបីជាបែបនេះក្ដីក្រោយពីលោក ឡេង ណាវ៉ាត្រា បានវិលមកស្រុកវិញ បានក្លាយជាអ្នកមានមួយពព្រិចភ្នែក។ លោក ឡេង ណាវាត្រា
ក្រាបសំពះដល់បាតជើងលោក ហ៊ុន សែន។ លោកហាក់ចាត់ទុក លោក ហ៊ុន សែន ជាអាទិទេពរបស់លោក និងបានឧបត្ថម្ភថវិកាម្ដងៗជូនលោក ហ៊ុន សែន រាប់សែនដុល្លារ។
ករណីចុងក្រោយ គឺ លោក យឹម ស៊ីណន ដែលគេមើលឃើញថា ជាអ្នករងគ្រោះដោយសារតែការបញ្ចេញមតិ នៅលើបណ្ដាញសង្គម ហើយត្រូវរបបលោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគាររឿងប្រមាថព្រះមហាក្សត្រនោះ ចុងក្រោយក៏សរសេរលិខិតសុំទោសជាថ្នូរ នឹងការដោះលែងវិញ។ ភរិយារបស់លោក យឹម ស៊ីណន បានសំដែងក្ដី រំភើបដឹងគុណ ហើយចាត់ទុកថា មានតែសម្តេចពុកម្នាក់គត់ ដែលអាចជួយឲ្យប្តីរបស់លោកស្រី មកជួបជុំប្រពន្ធកូនវិញ។
ដោយឡែកដៃគូលោក យឹម ស៊ីណន គឺលោក ហ៊ុន កុសល មិនបានសរសេរលិខិតសុំទោសលោក ហ៊ុន សែន នោះគឺជាប់ពន្ធនាគារដដែល។
ប្រព័ន្ធតុលាការនៅកម្ពុជា ត្រូវបានគេឃើញមើលថា ស្ថិតនៅក្រោមកណ្ដាប់ដៃលោក ហ៊ុន សែន។ លោកចង់ចាប់ ឬចង់ដោះលែងតាមអំពើចិត្ត។ ជាក់ស្ដែងលោក ហ៊ុន សែន ព្រមានសកម្មជនគណបក្សប្រឆាំងកាលពីឆ្នាំ២០២០ ថា ថ្វីដ្បិតតែលោកឲ្យតុលាការដោះលែង ក៏ប៉ុន្តែមិនសន្មតថាពួកគេរួចទោសនោះទេ។
លោក ហ៊ុន សែន៖ «អ្នកដែលយើងបានចាប់ខ្លួន ហើយដោះលែងនៅក្រៅឃុំ។ បងប្អូនទាំងឡាយដែលយើងបានដោះលែងវិញត្រូវចាំថា រឿងក្ដីទាំងឡាយមិនទាន់ត្រូវបានបញ្ចប់ទេ»។
ព្រះតេជព្រះគុណ លួន សាវ៉ាត មានថេរៈដីកាថា អ្នករងគ្រោះនៅក្នុងរបបលោក ហ៊ុន សែន នេះ មានច្រើន មិនមែនមានត្រឹមតែអ្នកនយោបាយនោះទេ។ ព្រះអង្គបញ្ជាក់ថា អ្វីដែលធ្វើឲ្យពលរដ្ឋឈឺចាប់នោះ ពលរដ្ឋមិនបានធ្វើអ្វីខុសសោះ តែបើលោក ហ៊ុន សែន ទើសចិត្តគឺបញ្ជាតុលាការឲ្យចាប់ខ្លួនឥតរើសមុខឡើយ។
ព្រះអង្គបន្ថែមថា អ្នកជាប់ឃុំមួយចំនួនអាចរួចពីគុកវិញ បើសិនជាសុំទោស ឬលោក ហ៊ុន សែន ចង់ឲ្យសុំទោស ដូចជាករណីលោក យឹម ស៊ីណន ជាដើម។
ព្រះតេជព្រះគុណ លួន សាវ៉ាត៖ «ចំពោះការសុំទោសសំដៅលើអ្នកមានកំហុស ហើយសូមទោសទៅទើបត្រូវ។ ប៉ុន្តែយើងគ្មានកំហុសអីសោះ គេវាយដំយើង គេចាប់ដាក់គុកច្រវាក់...យើងមិនខុសអីសោះគេឲ្យយើងសូមទោស វាជារឿងមិនត្រឹមត្រូវតាមច្បាប់ជាតិ-អន្តរជាតិ ច្បាប់សាសនានោះទេ»។
អ្នកវិភាគលើកឡើងថា មនុស្សមួយចំនួនដែលរត់ចេញពីគណបក្សនយោបាយ ឬចេញពីក្រុមដើមរបស់ខ្លួន ទៅចុះចូលក្រាបសំពះ និងចេញសារអរគុណលោក ហ៊ុន សែន នោះ ដោយសារតែពួកគេទទួលបានតួនាទី បុណ្យស័ក្ដិ ទ្រព្យសម្បត្តិ ពីរបបឯកបក្ស។ អ្នកខ្លះទៀតអស់សង្ឃឹមតស៊ូក្នុងការសម្រេចគោលដៅរបស់ខ្លួនជាដើម។
ទោះបីជាពេលនេះ មើលទៅ ពួកគេកំពុងតែសប្បាយត្រេកត្រអាលនឹងមុខតំណែង និងបុណ្យស័ក្ដិ លុយកាក់បែបនេះក្ដី មិនប្រាកដថា ពួកគេលែងក្លាយជាជនរងគ្រោះឡើយ។ ទោះបីជាពួកគេខំបំពងសំឡេងកោតសរសើរ ការដឹកនាំរបស់លោក ហ៊ុន សែន ដើម្បីចង់ឲ្យលោក ហ៊ុន សែន ទុកចិត្តយ៉ាងណាក៏ដោយ ក៏ពួកគេនៅអាចនឹងក្លាយជារងគ្រោះជាប់គុកច្រវាក់វិញ នៅពេលណាមួយ ប្រសិនបើពួកគេធ្វើឲ្យលោក ហ៊ុន សែន បាត់ទំនុកចិត្តនោះ ពីព្រោះថា លោក ហ៊ុន សែន អាចចាត់ទុកអ្នកទាំងនោះ ត្រឹមតែជាមនុស្សបញ្ញើក្អែក ឬជាត្រីក្នុងកន្ត្រកដែលលោកចង់ចាប់កាច់កនៅពេលណាក៏បាន៕
No comments:
Post a Comment