2023.04.10
ពលករខ្មែរធ្វើការនៅប្រទេសថៃជាច្រើននាក់សម្រុកឆ្លងដែនត្រឡប់ទៅលែងបុណ្យចូលឆ្នាំខ្មែរនៅកម្ពុជា ក៏ប៉ុន្តែ ពលករខ្លះត្អូញត្អែរពីការចំណាយច្រើនលើការធ្វើដំណើរ ដូចជាថ្លៃឡាន និងថ្លៃបង់ឱ្យសមត្ថកិច្ចនៅតាមព្រំដែនខ្មែរ-ថៃ ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់។ ពួកគាត់ទទូចឱ្យអាជ្ញាធរខ្មែរ និងថៃ គួរតែសម្របសម្រួលឱ្យពលករខ្មែរអាចចេញចូលដោយស្រួលជាងនេះ។
ពលករខ្មែរទាំងនោះដោយអ្នកខ្លះបីកូនតូច និងអ្នកខ្លះទៀត ដៃកាន់កាបូបអូសរយីងរយោងពេញផ្លូវក្នុងទឹកមុខស្រពោនដោយសារតែនឿយហត់ពីការធ្វើដំណើរច្រើន ទម្រាំមកដល់ស្រុកកំណើត។ ពលករខ្មែរភាគច្រើនធ្វើដំណើរចេញតាមច្រកធំៗមួយចំនួន ដូចជាច្រកអន្តរជាតិបានឡែម ស្រុកកំរៀង ខេត្តបាត់ដំបង និងច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាដើម។
ពលករខ្មែរម្នាក់ធ្វើការនៅប្រទេសថៃ អស់រយៈពេលជិត១០ឆ្នាំ ហើយបានធ្វើដំណើរឆ្លងដែនមកស្រុកកំណើត ដើម្បីមកលេងចូលឆ្នាំខ្មែរ លោកស្រី យ៉ង ស្រីមុំ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៩ខែមេសាថា ឆ្នាំនេះខុសពីឆ្នាំមុនៗ គឺមានពលករខ្មែរចុះមកខ្មែរច្រើនដើម្បីមកជួបជុំគ្រួសារនៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ លោកស្រីខកខានជួបជុំគ្រួសារលេងសប្បាយអស់រយៈពេល២ឆ្នាំមកហើយ ដោយសារតែវិបត្តិកូវីដ-១៩។ ទោះជាបែបនេះក្ដី លោកស្រីត្អូញត្អែរពីការចំណាយលុយច្រើនលើការធ្វើដំណើរ និងការបង់ឱ្យសមត្ថកិច្ចតាមច្រកព្រំដែននីមួយៗ។ លោកស្រីបន្តថា បញ្ហានេះកើតមានស្ទើរតែរាល់ឆ្នាំ ដោយពុំមានអាជ្ញាធរពាក់ព័ន្ធណាជួយសម្រួលដល់ពលរដ្ឋនោះទេ។
លោកស្រី យ៉ង ស្រីមុំ៖ «ជីវភាពខ្វះខាតអត់មានលុយចុះទៅវិញ ដូចពួកខ្ញុំកាលឆ្នាំទៅអត់បានចុះទៅទេ ឆ្នាំនេះកូនសុំឱ្យទៅលេងម្ដង ព្រោះយើងអត់ដែលបានទៅ ភ្ជុំក៏មិនបានទៅ ចូលឆ្នាំក៏មិនបានទៅព្រោះយើងអត់មានលុយឡើងទៅ។ ធ្វើការងារបានផ្ញើឱ្យតែកូន និងបង់ថ្លៃហង់ (បន្ទប់ជួល) យើងរកមួយថ្ងៃហូបមួយថ្ងៃ»។
អស់រយៈពេលពី៤ ទៅ៥ថ្ងៃ មកនេះមានពលករខ្មែរជាច្រើនមកលេងស្រុកកំណើត តាមច្រកព្រំដែនអន្តរជាតិបានឡែមខេត្តបាត់ដំបង ហើយច្រកនេះភាគច្រើន សម្បូរដោយពលករដែលពុំមានលិខិតឆ្លងដែនត្រឹមត្រូវ ហើយពលករទាំងនោះត្រូវចំណាយលុយ ក្នុងម្នាក់មិនតិចជាង ២ពាន់បាត ដែលស្មើជាង២០ម៉ឺនរៀល សម្រាប់បង់ឱ្យសមត្ថកិច្ចនៅតំបន់ព្រំដែន និងថ្លៃឡាន ។ ចំណែកច្រកផ្សេងៗ ដូចជាច្រកអន្តរជាតិប៉ោយប៉ែត ពុំសូវមានពលករខ្មែរចូលឆ្លងដែនច្រើននោះទេ ដោយសារច្រកមួយនេះ ភាគច្រើនគឺសម្រាប់អ្នកដែលចេញចូលស្របច្បាប់។
ស្រដៀងគ្នានេះ អ្នករត់ឡានឈ្នួលដឹកពលករខ្មែរមកពីប្រទេសថៃ ប្រចាំនៅច្រកអន្តរជាតិបានឡែម ខេត្តបាត់ដំបង លោក លីន ភឿន លើកឡើងថា ចាប់តាំងពីថ្ងៃទី៥ ខែមេសា រហូតដល់ពេលនេះ ពលករខ្មែររាប់ពាន់នាក់ មកពីប្រទេសថៃ នាំគ្នាសម្រុកមកប្រទេសកម្ពុជា ជាបន្តបន្ទាប់ ហើយលោកអាចដឹកភ្ញៀវបានក្នុងមួយជើងមិនក្រោម១០នាក់នោះទេ។ លោកសង្កេតឃើញថា ពលករខ្មែរដែលមកលេងស្រុកកំណើតភាគច្រើន ពុំសូវមានលិខិតឆ្លងដែន និងមានជីវភាពខ្វះខាត។
លោក លីន ភឿន៖ «ចាប់ពីប៉ុន្មានថ្ងៃមុននេះ ប្រហែលថ្ងៃទី០៥ មករៀង(ពលករខ្មែរមកពីថៃ) ច្រើនដែរ ចាប់ពីថ្ងៃទី៥មករហូត សព្វថ្ងៃមកច្រើនពេញធឹង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងនគរបាលទទួលបន្ទុកការពារព្រំដែន ប្រចាំច្រកអន្តរជាតិបានឡែម ស្រុកកំរៀង និងស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកការពារព្រំដែនអន្តរជាតិប៉ោយប៉ែត លោក អ៊ុំ សុផល ដើម្បីបញ្ជាក់បន្ថែមពីចំនួនពលករខ្មែរដែលមកលេងចូលឆ្នាំខ្មែរបានទេ នៅថ្ងៃទី៩ ខែមេសា ដោយហៅទូរស័ព្ទចូលតែពុំមានអ្នកទទួល។
អ្នកឃ្លាំមើលបញ្ហាពលករចំណាកស្រុកលើកឡើងថា ឆ្នាំនេះពលករខ្មែរដែលធ្វើការនៅប្រទេសថៃមកលេងស្រុកកំណើតច្រើនជាបន្តបន្ទាប់ ក៏ប៉ុន្តែពលរដ្ឋមួយចំនួនទៀត ត្អូញត្អែរ ដោយពុំមានប្រាក់សម្រាប់មកលេងស្រុកកំណើត ដោយសារតែការចំណាយលើការធ្វើដំណើរថ្លៃពេក ទាំងបង់ឱ្យថ្លៃឡាន និងសមត្ថកិច្ច។ បញ្ហានេះកើតមានស្ទើរតែរៀងរាល់ឆ្នាំ ប៉ុន្តែពុំដែលមានអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ដោះស្រាយជូនពលរដ្ឋនោះឡើយ ផ្ទុយទៅវិញ ពលរដ្ឋអះអាងថា សមត្ថកិច្ចនៅតាមព្រំដែន បែរជាឆ្លៀតឱកាសទារលុយពីពលករខ្មែរខ្លួនឯង ក្នុងម្នាក់ ២០០បាត ស្នើ២ម៉ឺនរៀល ទៅ ៣០០បាត ស្មើនឹង៣ម៉ឺនរៀល ជាថ្នូរនឹងការចូលមកខ្មែរ។
ជុំវិញរឿងនេះ មន្ត្រីផ្នែកអន្តោប្រវេសន៍ប្រចាំប្រទេសថៃ នៃអង្គការសង់ត្រាល់ (Central) លោក លឹង សុផុន កត់សម្គាល់ឃើញថា ពលករខ្មែរមួយចំនួនត្អូញត្អែរពីការចំណាយច្រើនលើការធ្វើដំណើរទៅលេងស្រុក ដោយសារតែនៅច្រកព្រំដែនមួយចំនួនតម្រូវឱ្យពួកគាត់បង់ថ្លៃច្រើន ជាពិសេសអ្នកដែលអត់មានលិខិតឆ្លងដែន។ លោកថា នេះ ជាហេតុដែលធ្វើឱ្យពលករខ្មែរពិបាកធ្វើដំណើរទៅលេងស្រុកពេលបុណ្យទានម្ដងៗ ។ លោកស្នើឱ្យអាជ្ញាធរពាក់ព័ន្ធគួរតែគិតដល់បញ្ហាទាំងនេះឱ្យបានត្រឹមត្រូវកុំយកថ្លៃពីពលករពេក ព្រោះពួកគាត់ពុំសូវមានជីវភាពល្អប្រសើរនោះទេ។
លោក លឹង សុផុន៖ «សំណូមពរឱ្យរដ្ឋាភិបាលដែលជាស្ថាប័នពាក់ព័ន្ធហ្នឹងជួយមើលការខុសត្រូវនៅកន្លែងនឹងផង ពីព្រោះនៅតាមព្រំដែនកន្លងមកនឹងឃើញថា ប្រជាពលរដ្ឋខ្មែរដែលចេញចូលតាមព្រំដែនហ្នឹងមានការត្អូញត្អែរច្រើនណាស់ ដោយសារតែចូលក៏ថ្លៃ ចេញក៏ថ្លៃលើការចំណាយលើការចេញចូល មានការយកលុយច្រើនអ៊ីចឹងទៅ សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរដែលគាត់ចេញចូលមកប្រទេសថៃ»។
កន្លងទៅ អង្គការសង់ត្រាល់បានប៉ាន់ស្មានថា ក្នុងចំណោមពលករខ្មែរធ្វើការចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ជិត២លាននាក់ មានពលករធ្វើចំណាកស្រុកដោយស្របច្បាប់ត្រឹមតែជាង ១៥ម៉ឺននាក់តែប៉ុណ្ណោះ។ ដោយឡែករបាយការណ៍ក្រសួងការងារបង្ហាញថា ពលករខ្មែរដែលធ្វើការនៅក្នុងប្រទេសថៃមាន ចំនួន១លាន ៣សែននាក់៕
No comments:
Post a Comment