2023.04.10
លទ្ធផលបឋមនៃការបោះឆ្នោតក្រុមប្រឹក្សាស្រុកក្រុងទាំង៥ ដែលទើបបំបែកថ្មីបង្ហាញថា គណបក្សភ្លើងទៀនដណ្តើមបានអាសនៈមួយចំនួន ខណៈអាសនៈជាច្រើនទៀតគណបក្សប្រជាជនកម្ពុជាប្រមូលយកទៅគ្រប់គ្រងទាំងអស់ ដោយសារបក្សកាន់អំណាចមានអង្គបោះឆ្នោត ឬអ្នកបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលបានជាប់ឆ្នោតនៅអាណត្តិទី៥ ជាង៨០ភាគរយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៩ ខែមេសា បានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក ក្រុង ចំនួន៥ ដែលទើបបំបែក និងបង្កើតថ្មី។ ក្រុងនិងស្រុកទាំងនោះ រួមមានក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ។ ការបោះឆ្នោតនេះ ធ្វើឡើងតាមបែបអសកល ដែលអ្នកមានសិទ្ធិបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែងជាអ្នកមានសិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ស្រុក ក្រុង។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ឃុំអាណត្តិទី៥ គណបក្សប្រជាជនកម្ពុជាគ្រប់គ្រងអាសនៈទូទាំងប្រទេសជិត ៨០ភាគរយ ចំណែកគណបក្សភ្លើងទៀន ទទួលបានកៅអីក្រុមប្រឹក្សាឃុំសង្កាត់ជាង ២០ភាគរយ ហើយគណបក្សហ៊្វុនស៊ិនប៉ិចទទួលបានអាសនៈតិចតួច។
ការបោះឆ្នោតឃុំសង្កាត់កន្លងទៅរងនូវការរិះគន់ថា «មិនភាពសេរី និងយុត្តិធម៌» ហើយ «មិនឆ្លុះបញ្ចាំងពីឆន្ទៈ» របស់ប្រជាពលរដ្ឋ ព្រោះបរិយាកាសមិនស្មើភាព ពលរដ្ឋមិនមានសេរីភាពក្នុងការចូលរួមកិច្ចការនយោបាយ និងការបញ្ចេញមតិ ខណៈស្ថាប័នជាតិរៀបចំបោះឆ្នោតមិនទាន់ឯករាជ្យ។
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនប្រាប់វិទ្យុអាស៊ីសេរីថា លទ្ធផលបឋមគឺគណបក្សនេះឈ្នះបានសរុប១១អាសនៈ។ ក្នុងនោះគណបក្សភ្លើងទៀនទទួលបាន ៣អាសនៈ លើ១៩អាសនៈនៅក្រុងអរិយក្សត្រ និង៥អាសនៈ លើ១៩អាសនៈនៅក្រុងសំពៅលូនក្នុងខេត្តកណ្តាល។ ចំណែកក្រុងឧដុង្គម៉ែជ័យ ទទួលបាន ២អាសនៈលើ ១៧អាសនៈ និង១អាសនៈនៅស្រុកសាមគ្គីមុនីជ័យ ក្នុងខេត្តកំពង់ស្ពឺ។ ប្រភពដដែលឱ្យដឹងថា បក្សនេះរបូតអស់២អាសនៈ គឺ១អាសនៈនៅស្រុកសាមគ្គីមុនីជ័យ និង ១អាសនៈទៀតនៅស្រុកអូរគ្រៀងសែនជ័យ ក្នុងខេត្តក្រចេះ ដោយសារតែអ្នកបោះឆ្នោតបីនាក់របស់បក្សភ្លើងទៀនបានបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា។
អ្នកនាំពាក្យគណបក្សភ្លើងទៀនលោក គីមសួរ ភីរិទ្ធ ថ្លែងថា ការបោះឆ្នោតអសកលនេះមិនផ្តោតលើបរិយាកាសឃោសនារកសំឡេងឆ្នោត ឬដំណើរការរៀបចំបោះឆ្នោត ឬការលេចចេញនូវរូបភាពគំរាមកំហែងដូចការបោះឆ្នោតសកលនោះទេ។ ប៉ុន្តែលោកបញ្ជាក់ថា ភាពមិនប្រក្រតីពាក់ព័ន្ធរឿងទិញដូរអង្គបោះឆ្នោតបានធ្វើឱ្យគណបក្សភ្លើងទៀនមិនទទួលបានអាសនៈ២ ដែលបានគ្រោងទុកជាមុន។ ទោះយ៉ាងណាលោកយល់ថា ករណីនោះតែងតែកើតឡើងដដែលជារៀងរាល់អាណត្តិ។
លោក គីមសួរ ភីរិទ្ធ៖ «ប្រជាពលរដ្ឋបោះឆ្នោតឱ្យគណបក្សភ្លើងទៀនដើម្បីឱ្យគាត់ជាប់ជាក្រុមប្រឹក្សា(ឃុំ-សង្កាត់) ហ្នឹង គឺពលរដ្ឋចង់ឱ្យបក្សភ្លើងទៀនមានអាសនៈក្នុងស្រុក ខណ្ឌ ក្រុង អ៊ីចឹងយើងនឹងចាត់វិធានការឱ្យគាត់(ក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សដែលបោះឆ្នោតឱ្យបក្សប្រជាជន) ចាកចេញហើយពីព្រោះទៅមុខទៀតយើងត្រូវការបោះឆ្នោតព្រឹទ្ធសភា ក្រុមប្រឹក្សាស្រុក ខេត្តមួយចំនួនទៀតនៅឆ្នាំក្រោយ ដូច្នេះជារឿងធម្មតាដែលយើងធ្លាប់ជួបប្រទះចំពោះរឿងបាត់បង់ហ្នឹង ពីមុនយើងគ្រប់គ្រងល្អិតល្អន់ជាងនេះក៏នៅតែមានអ្នកត្រូវការផលប្រយោជន៍ផ្ទាល់ខ្លួនធំជាងប្រយោជន៍គណបក្សដែរ»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងស្រុកទាំង៥ ដែលទើបបង្កើតថ្មីមាន គណបក្សនយោបាយចំនួនបីចូលរួមប្រកួតប្រជែង ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន និងគណបក្សហ៊្វុនស៊ិនប៉ិច។
ទាក់ទងនឹងបញ្ហានេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឱ្យដឹងថា សមាជិកគណបក្សរបស់លោកដែលជាអ្នកបោះឆ្នោតបានទៅបំពេញកាតព្វកិច្ចក្នុងនាមជាអ្នកតំណាងឱ្យពលរដ្ឋស្របតាមនីតិវិធី និងគោលការណ៍របស់គ.ជ.ប។ លោក សុខ ឥសាន មិនអាចបញ្ជាក់អំពីលទ្ធផលបោះឆ្នោតនេះបាននៅឡើយទេ ដោយលោកទុកឱ្យគ.ជ.ប ប្រកាសលទ្ធផលវិញ តែទោះយ៉ាងលោកយល់ថា គណបក្សលោកនឹងទទួលបានជោគជ័យដូចការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កន្លងទៅដែរ ពីព្រោះ គណបក្សនេះមានអង្គបោះឆ្នោតច្រើនជាងបក្សផ្សេងទៀត។
លោក សុខ ឥសាន៖ «សមាជិកសមាជិកាគណបក្សប្រជាជនជាពិសេសបេក្ខជន បេក្ខនារីដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតហ្នឹងក៏ត្រូវបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋដូចបងប្អូនទូទៅនៅតាមមូលដ្ឋាននីមួយៗដែរ។ ដំណើរការបោះឆ្នោតប្រព្រឹត្តទៅល្អដោយសារថា បោះឆ្នោតតែប្រាំស្រុក ខណ្ឌហ្នឹង វាតិចតួចណាស់បើប្រៀបធៀបទូទាំងប្រទេស អ៊ីចឹងទេមិនមានការលំបាក ឬឧបសគ្គអ្វីដល់ដំណើរបោះឆ្នោតដែលរៀបចំដោយគ.ជ.បទេបាទ»។
ចំណែកអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន ថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកក្រុងថ្មីនេះ គណបក្សហ៊្វុនស៊ិនប៉ិចបានដាក់បេក្ខជនសម្រាប់ឈរឈ្មោះ និងចូលរួមឃោសនាតាមច្បាប់។ ប៉ុន្តែលោកថាគណបក្សរបស់លោកមិនទទួលបានអាសនៈនោះទេ ដោយសារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីឆ្នាំ២០២២នោះគណបក្សហ៊្វុនស៊ិនប៉ិចពុំទទួលបានអាសនៈចំណុះឱ្យស្រុកក្រុងទាំង ៥នោះ។
លោក ញឿន រ៉ាដែន៖ «ជាលទ្ធផលគឺយើងពុំទទួលបានអាសនៈអ្វីទេ ព្រោះនេះជាការបង្ហាញមួយថាគណបក្សរបស់យើងមានបេក្ខជន និងមានរចនាសម្ព័ន្ធនៅតាមស្រុកខណ្ឌហ្នឹងគ្រប់គ្រាន់ដើម្បីបង្ហាញសម្រាប់ថ្ងៃក្រោយ»។
វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក ហង្ស ពុទ្ធា បានទេនៅឡើយនៅថ្ងៃទី៩ ខែមេសា។
ប៉ុន្តែដំណើរការទូទៅនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាស្រុក ក្រុងដែលទើបបំបែក ឬបង្កើតថ្មីនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៩ ខែមេសាបានចេញសេចក្តីប្រកាសព័ត៌មាន ឱ្យដឹងថា ការិយាល័យបោះឆ្នោតទាំង៥បានបើកពីម៉ោង៧ព្រឹកហើយបិទវិញនៅម៉ោង ៨ និង២៥នាទី ដោយសារអង្គបោះឆ្នោតមកបោះឆ្នោតគ្រប់ចំនួន។ គ.ជ.ប បញ្ជាក់ថា ដំណើរការបោះឆ្នោតនេះប្រព្រឹត្តដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅកាត់ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី ឱ្យដឹងថា អង្គការរបស់លោកមិនបានដាក់អ្នកសង្កេតការណ៍ក្នុងការបោះឆ្នោតអសកលនេះទេ។ ប៉ុន្តែលោកបញ្ជាក់ថា បើសិនការបោះឆ្នោតមានករណីអូសទាញ ឬទិញទឹកចិត្តអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សណាមួយមែននោះ គឺជាទង្វើខុសច្បាប់។
លោក សំ គន្ធាមី៖ «ច្បាប់មិនឱ្យមានការទិញទឹកចិត្តទេ តែទិញទឹកចិត្ត ឬមិនទិញយើងអត់ដឹងដែរពីព្រោះយើងមិនបានសង្កេតការណ៍។ ទិដ្ឋភាពខាងក្រៅភាពមិនប្រក្រតីមួយសំឡេង ឬទៅពីរសំឡេងវាអាស្រ័យទៅលើអង្គបោះឆ្នោតនោះយើងពិបាកសន្និដ្ឋានណាស់»។
ទោះយ៉ាងណាមន្ត្រីសង្គមស៊ីវិលលើកឡើងថា បោះឆ្នោតនេះនឹងផ្ដល់សារៈសំខាន់ក្នុងការធ្វើឱ្យមានការបែងចែកអំណាចនៅថ្នាក់ក្រោមជាតិនៅ ឬក្នុងស្រុក ក្រុងទាំងនោះ ជាពិសេសធ្វើឱ្យក្រុមប្រឹក្សាស្រុក និងក្រុងដែលទើបបង្កើតថ្មីលែងដឹកនាំឯកបក្ស ហើយមានសំឡេងចម្រុះមកពីគណបក្សនយោបាយផ្សេងៗឡើងវិញដើម្បីចូលរួមត្រួតពិនិត្យការងារឱ្យបានប្រសើរជាងមុន៕
No comments:
Post a Comment