Sunday 2 April 2023

មន្ត្រី​បក្ស​កាន់​អំណាច​ថា អ្នក​សង្កេត​ការណ៍​អន្តរជាតិ​មិន​អាច​កំណត់​ភាព​ត្រឹមត្រូវ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ឡើយ


ដោយ សេក បណ្ឌិត
2023.04.02
មន្ត្រី​បក្ស​កាន់​អំណាច​ថា អ្នក​សង្កេត​ការណ៍​អន្តរជាតិ​មិន​អាច​កំណត់​ភាព​ត្រឹមត្រូវ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ឡើយ  
 
លោក សម រង្ស៊ី ប្រធាន​ស្ដីទីគណបក្ស​សង្គ្រោះជាតិ។
Photo Courtesy
 

មន្ត្រី​គណបក្ស​កាន់​អំណាច​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ខែ​កក្កដា​នេះ នឹង​ត្រូវ​ចាត់​ទុក​ថា សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ប្រសិន​បើ​ពល​រដ្ឋ​ទៅ​បោះ​ឆ្នោត​ច្រើន ហើយ ទោះ​គ្មាន​អ្នក​សង្កេតការណ៍​មក​ពី​ក្រុម​ប្រទេស​លោក​សេរី​ក្ដី។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​អំពាវ​នាវ​ឱ្យ​អ្នក​សង្កេតការណ៍​អន្តរ​ជាតិ​ចូលរួម​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នេះ ស្រប​ពេល​ប្រទេស​ខ្លះ​ប្រកាស​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​ទៅ​កម្ពុជា។

មន្ត្រី​គណបក្ស​កាន់​អំណាច​យល់​ឃើញ​ថា អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​មក​ពី​ប្រទេស​ប្រកាន់​របប​លទ្ធិ​ប្រជាធិបតេយ្យ​ធំ​ៗ មិន​មែន​ជា​កត្តា​កំណត់​ថា ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​អាណត្តិ​ទី​៧ នៅ​ថ្ងៃ​ទី​២៣ កក្កដា ខាង​មុខ ជា​ការ​បោះ​ឆ្នោត​សេរី ត្រឹម​ត្រូវ និង​យុត្តិ​ធម៌​ឡើយ។

មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​លើក​ឡើង​ថា ការ​បោះឆ្នោត ជា​រឿង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា ហើយ​មាន​តែ​មាន​ពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ ទើប​អាច​កំណត់​ថា ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ ត្រឹម​ត្រូវ ឬ​មិន​ត្រឹម​ត្រូវ។ លោក​បន្ត​ថា ទោះ​គ្មាន​អ្នក​សង្កេត​ការណ៍​អន្តរជាតិ ហើយ​លទ្ធផល​បោះឆ្នោត​មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស នាំ​គ្នា​ទៅ​បោះ​ឆ្នោត​ឱ្យ​បាន​ច្រើន គឺ​ចុង​ក្រោយ លោក ហ៊ុន សែន នៅ​តែ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​នាយករដ្ឋមន្ត្រី​ដដែល ដូច​ក្រោយ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ក្នុង​ឆ្នាំ​២០១៨។

លោក សុខ ឥសាន៖ «..ប​លោក​អនុវត្ត​ទៅ​តាម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ទៅ​តាម​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គ..ប​ឱ្យ​តែ​ធ្វើ​ត្រឹមត្រូវ ទៅ​តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន ហើយ​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​បោះឆ្នោត​ដ៏​ច្រើន​លើសលប់ មាន​ភាគរយ​ខ្ពស់។ ខ្ញុំ​យល់​ថា នោះ​ហើយ​ជា​កត្តា​កំណត់​នៃ​ជ័យជំនះ នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា»

 

ការ​លើក​ឡើង​ពី​មន្ត្រី​របស់​លោក ហ៊ុន សែន នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​លោក សម រង្ស៊ី ស្នើ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ពិត​ប្រាកដ កុំ​បញ្ជូន​អ្នក​សង្កេតការណ៍​មក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​កម្ពុជា​ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ ខណៈ​លោក​ចាត់​ទុក​ថា ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​រៀបចំ​ឡើង ដើម្បី​រក្សា​អំណាច​ឱ្យ​លោក ហ៊ុន សែន ដូច​កាល​ពី​ឆ្នាំ​២០១៨។

សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះជាតិ​ស្ដីពី​ការ​បោះ​ឆ្នោត​ជាតិ នៅ​ក្នុង​ខែ​កក្កដា ដែល​ផ្សព្វ​ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​៣១ មីនា បាន​លើក​ឡើង​ថា ស្រប​ពេល​លោក សម រង្ស៊ី ស្នើ​សុំ​អន្តរជាតិ​កុំ​ឱ្យ​បញ្ជូន​អ្នក​សង្កេតការណ៍​នោះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​ទទួល​បាន​ព័ត៌មាន​ចុង​ក្រោយ​ថា មូល​ហេតុ​ដែល​បណ្ដា​ប្រទេស​ទាំង​នោះ​សម្រេច​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍ ដោយ​សារ​ពួក​គេ​យល់​ថា ជា​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ។

ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ បាន​កើត​ឡើង​ស្រប​ពេល​តំណាង​រាស្ត្រ​សភា​អឺរ៉ុប និង​ជា​សមាជិក​គណៈកម្មាធិការ​សភា​អឺរ៉ុប​ទទួល​បន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ អ្នកស្រី ហៃឌី អូថាឡា (Heidi Hautala) និង​ប្រធាន​នាយក​ដ្ឋាន​កិច្ច​ការ​បរទេស​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​របស់​សហភាព​អឺរ៉ុប អ្នកស្រី បារបារ៉ា ប្ល៊ីនឃឺរត៍ (Barbara Plinkert) រួម​ទាំង​ស្ថានទូត​បារាំង និង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា កាល​ពី​ចុង​ខែ​មីនា បាន​ចេញ​មុខ​ប្រកាស​ជំហរ​ជា​ថ្មី​ជា​បន្ត​បន្ទាប់ ថា​ពួក​គេ​មិន​បាន​សម្រេច ឬ​មាន​ចេតនា និង​មាន​ផែន​ការ​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ខ្លួន​មក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ខែ​កក្កដា​នេះ​ឡើយ​។ មន្រ្តី​ក្រុម​ប្រទេស​ធំ​ៗ​ទាំង​នេះ​បញ្ជាក់​ថា ប្រទេស​របស់​ពួក​គេ នៅ​តែ​បន្ត​លើក​ទឹក​ចិត្ត​ឱ្យ​រដ្ឋា​ភិ​បាល​លោក ហ៊ុន សែន បង្កើត​បរិយាកាស​មួយ​អនុញ្ញាត​ឱ្យ​គណបក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សង្គម​ស៊ីវិល​ដំណើរការ​ដោយ​គ្មាន​ការ​រារាំង ជា​មុន​សិន។

ការ​ចេញ​មក​ប្រកាស​ជំហរ​ជា​ថ្មី​នេះ ខណៈ​មន្ត្រី​របស់​សភា​អឺរ៉ុប​បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល ក្រោយ​ពី​ឃើញ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សារព័ត៌​មាន​មួយ​ចំនួន និង​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក ហ៊ុន សែន បាន​នាំ​គ្នា​ខិត​ខំ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ថា ក្រុម​បណ្ដា​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ទាំង​នេះ នឹង​បញ្ជូន​អ្នក​សង្កេត​ការណ៍​មក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ខែ​កក្កដា។

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ..ប កាល​ពី​ថ្ងៃ​ទី​៣១ មីនា បាន​ចេញ​ប្រកាស​អំពាវនាវ​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរ​ជាតិ ចូល​រួម​សង្កេត​ការណ៍​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ដ​នៅ​ក្នុង​ខែ​កក្កដា ខាង​មុខ​នេះ ខណៈ​ការ​ចាប់ផ្ដើម​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍​ជាតិ នឹង​ធ្វើ​ឡើង​ដល់​ថ្ងៃ​ទី​១២ ខែ​កក្កដា និង​ការ​ចុះ​ឈ្មោះ​អ្នក​សង្កេត​ការណ៍​អន្តរ​ជាតិ នឹង​ធ្វើ​ឡើង​ដល់​ថ្ងៃ​ទី​១៩ កក្កដា។

ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់​ទង​សុំ​ការ​ឆ្លើយ​តប​ពី​មន្ត្រីនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​លោក ហង្ស ពុទ្ធា បាន​ទេ។

មន្ត្រីនាំពាក្យ​គណបក្ស​ភ្លើង​ទៀន​លោក គីមសួរ ភីរិទ្ធ បាន​លើក​ឡើង​ថា ការ​ស្នើ​របស់​លោក សម រង្ស៊ី ទៅ​សហគមន៍​អន្តរ​ជាតិ​កុំ​ឱ្យ​បញ្ជូន​អ្នក​សង្កេតការណ៍​នេះ ជា​រឿង​ដាច់​ដោយ​ឡែក​និង​មិន​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​ភ្លើង​ទៀន​នោះ​ទេ។ លោក​បន្ត​ថា នៅ​ពេល​នេះ គណបក្ស​ភ្លើងទៀន បាន​ត្រៀម​បណ្ដុះ​បណ្ដាល​ភ្នាក់ងារ​អ្នក​សង្កេតការណ៍​រប​ស់​គណបក្ស​ដើម្បី​ដាក់​ពង្រាយ​តាម​ការិយាល័យ​បោះ​ឆ្នោត​នៅ​ទូទាំង​ប្រទេស ក្នុង​ការ​ជួយ​ឃ្លាំ​មើល និង​ការពារ​សន្លឹក​ឆ្នោត។

លោក គីមសួរ ភីរិទ្ធ៖ «ឥឡូវ​នេះ យើង​កំពុង​តែ​ជ្រើសរើស​ឱ្យ​គ្រប់​ចំនួន ហើយ​ចាប់ផ្ដើម​បណ្ដុះបណ្ដាល​ពី​ដើម​ខែ​ហ្នឹង​ទៅ​ជា​បណ្ដើរ​ៗ​ ជា​វគ្គៗ​។ ហើយ​សំខាន់ យើង​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​សិន ហើយ​គ្រូ​បង្គោល​ហ្នឹង​ត្រូវ​ចុះ​ទៅ​បណ្ដុះ​បណ្ដាល​ភ្នាក់​ងារ នៅ​ដល់​មូលដ្ឋាន​ខេត្ត​តែ​ម្ដង ដើម្បី​ពង្រឹង​សំដៅ​ធ្វើ​យ៉ាង​ណា គាត់​មាន​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​របៀប​ការពារ​សន្លឹក​ឆ្នោត។ ហើយ​មិន​មែន​បណ្ដុះបណ្ដាល​តែម្ដង​ទេ គឺ​បណ្ដុះ​បណ្ដាល​ហើយ​បណ្ដុះ​បណ្ដាល​ទៀត»

ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ ដែល​គ្មាន​អ្នក​សង្កេតការណ៍​មក​ពី​ក្រុម​ប្រទេស​លោក​សេរី​នោះ​ទេ ទោះ​បី​ជា លោក ហ៊ុន សែន បាន​ខិត​ខំ​ប្រមែ​ប្រមូល​ក្រុម​អង្គការ​សមាគម​ក្នុង​ស្រុក ដែល​សុទ្ធ​ជា​អ្នក​គាំទ្រ​រដ្ឋាភិបាល​របស់​លោក និង​មិន​ធ្លាប់​ចូល​រួម​ឃ្លាំមើល​ការ​បោះឆ្នោត​ពី​មុន និង​គ្មាន​ជំនាញ​រឿង​បោះ​ឆ្នោត ហើយ​សមាគម​ខ្លះ​មាន​អ្នក​សង្កេតការណ៍​ត្រឹម ២​ទៅ១០​នាក់ ក៏​ឱ្យ​ចូល​រួម​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​ពេល​នោះ​ដែរ។ ក្រុម​អង្គការ​សមាគម​ទាំង​នោះ មាន​ដូច​ជា​សមាគម​សហព័ន្ធ​និស្សិត​បញ្ញវន្ត​ប្រជាធិបតេយ្យ​កម្ពុជា (CDSIF) សមាគម​គ្រឹះស្ថាន​ឧត្ដមសិក្សា​កម្ពុជា (CHEA) និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ហៅ​កាត់​ថា ស...ក ដែល​គ្រប់គ្រង​ដោយ​លោក ហ៊ុន ម៉ានី ជា​កូន​ប្រុស​របស់ លោក ហ៊ុន សែន។

លើស​ពី​នេះ ចំពោះ​អ្នក​សង្កេតការណ៍​មក​ពី​អន្តរជាតិ​វិញ មាន​ដូចជា មក​ប្រទេស​ចិន វៀតណាម សិង្ហបុរី និង​ប្រទេស​ភូមា និង​អង្គការ​អាយខាប់ (ICAPP-International Conference of Asian Political Parties) ដែល​ធ្លាប់​គេ​រិះគន់​ថា បាន​ទទួល​លុយ​ពី​របប​លោក ហ៊ុន សែន ជា​ថ្នូរ​នឹង​ការ​ចូលរួម​សង្កេតការណ៍​បោះឆ្នោត។

អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​បណ្ឌិត សេង សារី លើកឡើង​ថា ការ​បង្រ្កាប​របស់ លោក ហ៊ុន សែន ដើម្បី​ផ្ដួល​ដៃគូ​នយោបាយ​ក្រៅ​សង្វៀន​បោះ​ឆ្នោត​ជា​បន្ត​បន្ទាប់​មក​នេះ ជា​បញ្ហា​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ និង​លើក​ឡើង​ថា ការ​បោះឆ្នោត​ខាង​មុខ នឹង​មិន​សេរី និង​យុត្តិធម៌។ លោក​យល់​ថា ថ្វី​ត្បិត​ប្រឈម​ការ​បង្ក្រាប​យ៉ាង​ណា​ក្ដី អ្នក​នយោបាយ​ប្រឆាំង មិន​ត្រូវ​ដើរ​ចេញ​ពី​សង្វៀន​បោះឆ្នោត​ឡើយ បើ​ទោះ​ជា​ការ​តស៊ូ​ដើម្បី​ផ្លាស់​ប្ដូរ​នៅ​កម្ពុជា ជា​រឿង​ដ៏​ពិបាក​ក្ដី។

លោក សេង សារី៖ «ហើយ​កត្តា​កំណត់​នៃ​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​គន្លង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ គឺ​អ្នក​ដែល​កំណត់​ជោគ​វាសនា​របស់​អ្នក​នយោបាយ មិនមែន​អ្នក​នយោបាយ​ទេ។ អ្នក​ដែល​កំណត់​ជោគ​វាសនា​របស់​អ្នក​នយោបាយ គឺ​ប្រជា​ពលរដ្ឋ​។ ដូច្នេះ​! ខ្ញុំ​មើល​ឃើញ​ថា ការ​ទទួល​បាន​ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​ធុញទ្រាន់​នឹង​របៀប​របប​ដឹក​នាំ ដដែល ខ្ញុំ​គិត​ថា ពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន​នេះ ទទួល​យល់​ទទួល​ដឹង​អំពី​ស្ថានភាព​ពិត អ៊ីចឹង! គាត់​ត្រូវ​ការ​ពេល​វេលា គាត់​ត្រូវ​ការ​រង់​ចាំ​ពេល​វេលា​សមស្រប​មួយ​ដើម្បី​ផ្លាស់ប្ដូរ»

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ទៀត​ថា ខ្លួន​ស្វាគមន៍​សេចក្ដី​សម្រេច​ថ្មី ឬ​ការ​ព្រមាន​ដក​ការ​អនុគ្រោះ​ពន្ធ​EBA​បន្ថែម ដែល​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី ១៦ មីនា ដោយ​សភា​អឺរ៉ុប ដើម្បី​គាំទ្រ​ឱ្យ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា។

សេចក្ដីថ្លែងការណ៍​បន្ត​ថា សេចក្តី​សម្រេច​របស់​សហភាព​អឺរ៉ុប បាន​កំណត់​ជំហាន​ជា​មូលដ្ឋាន​ដែល​របប​ដឹកនាំ​លោក ហ៊ុន សែន ត្រូវ​ធ្វើ​ដើម្បី​សម្រួល​ដល់​ការ​បោះ​ឆ្នោត​ពិត​ប្រាកដ​មួយ ដូច​ជា​ការ​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ ព្រមទាំង​សមាជិក​បក្ស​ប្រឆាំង​ទាំង​អស់ និង​សកម្មជន​សង្គម​ស៊ីវិល ដែល​កំពុង​រង​ការ​ចោទ​ប្រកាន់ និង​ជាប់​ឃុំ​ឃាំង​ដោយ​សារ​រឿង​នយោបាយ។

គណបក្ស​សង្គ្រោះជាតិ​បាន​គូស​បញ្ជាក់​ថា ការ​ដោះ​លែង​លោក កឹម សុខា មាន​ន័យ​ថា ត្រូវ​បើក​ឱ្យ​គណបក្ស​សង្គ្រោះជាតិ ដំណើរ​ការ​ដូច​ធម្មតា​ឡើង​វិញ ដោយ​សារ​ការ​ចោទ​ប្រកាន់​មិន​ពិត​លើ​លោក កឹម សុខា ជា​មូលដ្ឋាន​យក​ទៅ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​ឆ្នាំ​២០១៧។ ជាមួយ​គ្នា​នេះ មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​និរទេស​ខ្លួន ក៏​ត្រូវ​តែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​មក​វិញ ដោយ​សុវត្ថិភាព​មុន​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ដែរ៕

1 comment:

Anonymous said...

This scumbag Hun Sen will seize the power any way he can. He said Pol Pot was worse than him.