2023.04.06

មន្ត្រីគណបក្សប្រឆាំងរិះគន់ការតែងតាំងសាច់ញាតិ និងបក្ខពួករបស់មេដឹកនាំគ្រាក់ៗនៅក្នុងជួររដ្ឋាភិបាលថា នឹងធ្វើឱ្យយុវជនដែលមានសមត្ថភាពបាត់បង់ឱកាសក្លាយជាអ្នកដឹកនាំនៅក្នុងស្ថាប័នជាតិ។ ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីកូនប្រុសបង្កើតរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន ឡើងតំណែងកាន់តែធំបន្ទាប់ពីឪពុក។
មន្ត្រីបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលក្តីបារម្ភថា បញ្ញវន្តនិងយុវជនខ្មែរជាច្រើនដែលមានសមត្ថភាពអាចកាន់ការប្រទេសជាតិ នឹងបាត់បង់ឱកាសដោយសារតែ មន្ត្រីគណបក្សកាន់អំណាចធំៗផ្ដល់តួនាទីគ្រាក់ៗដល់សាច់សាលោហិតរបស់ខ្លួនឱ្យដឹកនាំតាមស្ថាប័នសំខាន់ៗ តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ថ្លែងថា លោកមិនចម្លែកចិត្តនោះទេ នៅពេលឃើញមន្ត្រីបក្សកាន់អំណាចដំឡើងតំណែងកូនចៅរបស់ខ្លួនឱ្យមានឋានៈខ្ពស់ ពីព្រោះតែពួកគេយកគំរូតាមលោក ហ៊ុន សែន ដែលលើកបន្តុបកូនប្រុសគឺលោក ហ៊ុន ម៉ាណែត ឱ្យក្លាយជានាយករដ្ឋមន្ត្រីបន្តពីលោក។ លោកថា លោក ហ៊ុន សែន ទំនងខ្លាចក្រែងកូនលោកឡើងធ្វើជានាយករដ្ឋមន្ត្រីមិនមានមន្ត្រីណាគាំទ្រ ឬអាចធ្វើឱ្យតំណែងជានាយករដ្ឋមន្ត្រីមិនស្ថិតស្ថេរ ដូច្នេះលោកខិតខំដំឡើងតំណែងមន្ត្រីគ្រាក់ៗនៅក្បែរខ្លួនលោក ដើម្បីអាចជួយរក្សាអំណាចរបស់លោក។
លោក អ៊ុំ សំអាន៖ «ក្រសួងមន្ទីរនីមួយៗគួរតែជ្រើសរើសមន្ត្រីដែលមានសមត្ថភាពដែលមានចំណេះដែលមិនតែងតាំងក្នុងនាមក្រុមគ្រួសារនិយមបក្ខពួកនិយមអ៊ីចឹងទើបប្រទេសយើងអាចអភិវឌ្ឍន៍ជឿនលឿនទៅមុខ បើមិនអ៊ីចឹងទេ វាមានអំពើពុករលួយទំនាស់ផលប្រយោជន៍ដល់អ៊ីចឹងទៅ វាមានភាពអយុត្តិធម៌ដល់មន្ត្រីមួយចំនួនមានសមត្ថភាព និងចំណេះ ត្រូវតែបក្ខពួកនិយម ក្រុមគ្រួសារនិយមទើបអាចប្រទេសយើងរីកចម្រើនបាន បើមិនអ៊ីចឹងទេប្រទេសយើងនៅតែមានអំពើពុករលួយទូទាំងប្រទេស»។
ប្រតិកម្មរបស់មន្ត្រីបក្សប្រឆាំងនេះ ធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីថ្ងៃទី២៨ ខែមីនា បានចេញព្រះរាជក្រឹត្យតែងតាំងកូនប្រុសបង្កើតរបស់លោក ថោង ខុន គឺលោក ថោង រដ្ឋសក្តិ ឱ្យធ្វើជារដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ តាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រៅពីការតែងតាំងលោក ថោង រដ្ឋសក្តិ នៅមាន លោក ណេប សាមុត ជារដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន និង អាំង សុវណ្ណរ័ត្ន ជាអគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មទេសចរណ៍ និង លោក ជុក ជំនោរ ជាអគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិផងដែរ។
ទាក់ទិនរឿងនេះវិទ្យុអាស៊ីសេរីមិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន ដើម្បីស្រាយបំភ្លឺបានទេ នៅថ្ងៃទី៥ មេសា។
លោក ថោង រដ្ឋសក្តិ ធ្លាប់ជាអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិក្រសួងទេសចរណ៍មុនពេលឡើងកាន់តំណែងកៀកនឹងឪពុករបស់លោក។
ទោះជាយ៉ាងណាប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ មានប្រសាសន៍ថា លោកលើកទឹកចិត្តឱ្យដល់យុវជនដែលមានសមត្ថភាពចូលរួមអភិវឌ្ឍន៍តាមរយៈការបម្រើការនៅតាមស្ថាប័នជាតិ ប៉ុន្តែលោកយល់ថាតែងតាំងតែសែស្រឡាយ បងប្អូនគ្រួសារ ឬបក្ខពួកខ្លួនឯងបែបនេះ បង្កឱ្យមានអំពើពុករលួយគ្មានតម្លាភាព បញ្ហាគ្រួសារនិយម និងមានទំនាស់ផលប្រយោជន៍ក្នុងស្ថាប័នរដ្ឋ។ លោកបារម្ភចំពោះជោគវាសនាប្រទេសជាតិនៅពេលធនធានមនុស្សត្រូវបានផាត់ចេញ ហើយយុវជនអ្នកតូចតាចលែងមានឱកាសបញ្ចេញសមត្ថភាពរបស់ខ្លួន។
លោក កើត សារ៉ាយ៖ «រាជរដ្ឋាភិបាលកម្ពុជាគួរតែដុសក្អែលទៅហើយកាលណាដែលដុសក្អែលមន្ត្រីខិលខូចមន្ត្រីដែលប្រមូលក្រុមគ្រួសារបក្ខពួកនិយមដាក់ហ្នឹង បានវាបើកឱកាសឱ្យយុវជន ឬធនធានដែលមានចំណេះដឹងពិតប្រាកដពួកគាត់អាចបញ្ចេញសមត្ថភាពនៅក្នុងកសាងប្រទេសជាតិ»។
លោក ថោង រដ្ឋសក្តិ មិនទាន់លេចលឺរឿងអាស្រូវដូចឪពុកលោកគឺលោក ថោង ខុន ដែលមានការរិះគន់ថាជាប់ពាក់ព័ន្ធរឿងបាត់ប្រាក់ចំណូលពីការលក់សំបុត្រជូនភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរ ដែលធ្វើឱ្យបាត់ចំណូលជាតិ និងមានការកោះហៅអញ្ជើញពីគណៈកម្មការទី៧ នៃរដ្ឋសភា ប៉ុន្តែលោកបដិសេធថា លោកមិនពាក់ព័ន្ធរឿងការលក់សំបុត្រជូនភ្ញៀវនោះទេ។
ការដាក់បញ្ចូលបក្ខពួករបស់គណបក្សកាន់អំណាចទៅក្នុងជួរដឹកនាំរដ្ឋាភិបាល និងស្ថាប័នរដ្ឋថ្នាក់ក្រោមជាតិ កើនឡើងកាន់តែខ្លាំង ក្រោយពេលប្រទេសកម្ពុជាដឹកនាំដោយរដ្ឋាភិបាលឯកបក្ស ជាពិសេសមានលោក ហ៊ុន សែន ជាគំរូក្នុងលើកកន្តុបកូនរបស់លោក។ កូនចៅនិងសាច់ញាតិរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជា ត្រូវបានតែងតាំងជាមេទ័ព មេប៉ូលិស រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អភិបាលខេត្ត អភិបាលរងខេត្ត ហើយទាបបំផុតក៏ត្រឹមអភិបាលស្រុកដែរ។ ពួកគេខ្លះរស់នៅ និងរៀនសូត្រនៅក្រៅប្រទេស រួចត្រឡប់មកកាន់តំណែងគ្រាក់ៗដែលឪពុកម្តាយលើកបន្តុបឱ្យ ដោយគ្មានអតីតភាពការងារ ឬឆ្លងកាត់ការប្រកួតប្រជែងត្រឹមត្រូវឡើយ។
ជាក់ស្ដែង កូនប្រុសរបស់លោក ហ៊ុន សែន ទាំង៣នាក់ គឺមានលោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី ព្រមទាំងកូនប្រសារបស់លោក គឺលោក ឌី វិជ្ជា និងលោក សុខ ពុទ្ធិវុធ សុទ្ធតែត្រូវបានដំឡើងតួនាទីធំៗសំខាន់ៗក្នុងស្ថាប័នស៊ីវិល និងស្ថាប័នកងទ័ព។ លើសពីនេះ លោក ហ៊ុន សែន ក៏កំពុងរៀបចំផ្ទេរអំណាចឲ្យកូនច្បងរបស់លោកគឺលោក ហ៊ុន ម៉ាណែត ដើម្បីស្នងតំណែងបន្តផងដែរ។
រីឯរដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង ក៏មានកូនប្រុសឈ្មោះ ស សុខា ឡើងតំណែងជារដ្ឋលេខាធិការក្រសួងអប់រំ កូនប្រុសពៅឈ្មោះ ស រដ្ឋា មានឋានន្តរសក្ដិជាឧត្ដមសេនីយ៍ឯកផ្កាយ ៣ និងក្មួយៗ របស់លោក ក៏ជាមន្ត្រីជាន់ខ្ពស់ប៉ូលិសផងដែរ។
ចំណែកលោក សាយ ឈុំ ប្រធានព្រឹទ្ធសភាមានកូនប្រុសឈ្មោះ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្របពេលប្រធានរដ្ឋសភាលោក ហេង សំរិន មានកូនប្រសាឈ្មោះ វង សូត ជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច។ លោក ស៊ុយ សែម រដ្ឋមន្ត្រីរ៉ែ និងថាមពល មានកូនប្រុសឈ្មោះ ស៊ុយ ឌីម៉ង់ គឺជារដ្ឋលេខាធិការក្រសួងនោះដែរ។
ទន្ទឹមគ្នានេះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង ក៏មានកូនប្រុស ២នាក់ ឈ្មោះ យ៉ិនទៀង ពុទ្ធិរិទ្ធ និង យ៉ិនទៀង ពុទ្ធិរ៉ា ជាជំនួយការនៃអង្គភាពមួយនេះ ដែលមានឋានៈស្មើរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្រោយមកលោក យ៉ិនទៀង ពុទ្ធិរិទ្ធ ត្រូវបានដំឡើងឋានៈទៅជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ ហើយថ្មីៗនេះកូនប្រុសបង្កើតរបស់រដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារា គឺលោក ផារា មង្គល ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងដែនដី ដែលជាតំណែងបន្ទាប់ពីឪពុក។ ទន្ទឹមនឹងនេះក្រសួងស្ថាប័នជាតិផ្សេងទៀតក៏មានការអនុវត្តស្រដៀងៗ គ្នានេះដែរ។
មន្ត្រីបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលកែទម្រង់ច្បាប់មួយចំនួនដើម្បីទប់ស្កាត់ការផ្ទេរតំណែង ឬការតែងតាំងតែសែស្រឡាយគ្នាឯងធ្វើឱ្យយុវជន ឬអ្នកក្រីក្រគ្មានឱកាសអាចបំពេញការងារកំពូលក្នុងស្ថាប័នជាតិ ហើយប្រទេសជាតិប្រឈមនឹងទំនាស់ជាតិសាសន៍ឯង៕
No comments:
Post a Comment