Thursday, 6 April 2023

អង្គការ​អ្នក​ច្បាប់​អន្តរ​ជាតិ ICJ ប្ដឹង​ទៅ​ក្រុម​ហ៊ុន​ហ្វេសប៊ុក​ឱ្យ​ពិនិត្យ​ការ​ប្រើ​ពាក្យ ហិង្សា​របស់​លោក ហ៊ុន សែន

Khmer Circle

"Hate speech"? "Community guidelines rules"? It's OK if you happen to be a dictator, working for a repressive regime or on its payroll...

^^^

ដោយ ទីន ហ្សាការីយ៉ា
2023.04.05
អង្គការ​អ្នក​ច្បាប់​អន្តរ​ជាតិ ICJ ប្ដឹង​ទៅ​ក្រុម​ហ៊ុន​ហ្វេសប៊ុក​ឱ្យ​ពិនិត្យ​ការ​ប្រើ​ពាក្យ ហិង្សា​របស់​លោក ហ៊ុន សែន  
ស្លាកសញ្ញា​របស់​គណៈកម្មាធិការ​អ្នក​ច្បាប់​អន្តរជាតិ អាយ.ស៊ី.ជេ (ICJ (International Commission of Jurists) ដែល​មាន​មូលដ្ឋាន​នៅ​ឯ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) គឺជា​ស្ថាប័នតស៊ូមតិ ដើម្បី​សិទ្ធិមនុស្ស។
រូប៖ ហ្វេសប៊ុក ICJ
 

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អាច​ប្រឈម​នឹង​ក្រុមហ៊ុន ហ្វេសប៊ុក ដក​ហ្វេសប៊ុក​ផេក​របស់​លោក​ចេញ ដោយ​សារ​តែ​គណៈកម្មាធិការ​អ្នក​ច្បាប់​អន្តរជាតិ អាយ.ស៊ី.ជេ (ICJ (International Commission of Jurists) បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ក្រុមហ៊ុន​ហ្វេសប៊ុក​ស្នើ​ឲ្យ​ត្រួត​ពិនិត្យ​សារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ដែល​គំរាម​កំហែង​អ្នក​នយោបាយ​ប្រឆាំង ប្រើ​ពាក្យ​អសុរោះ មាន​លក្ខណៈ​ហិង្សា និង​ជេរ​ប្រមាថ​នោះ។ ប៉ុន្តែ​មន្ត្រី​បក្ស​កាន់​អំណាច​ជឿ​ថា ក្រុម​ហ៊ុន​ហ្វេសប៊ុក នឹង​មិន​ធ្វើ​តាម​បណ្ដឹង​របស់​អង្គ​ការ​នេះ​ឡើយ។

គណៈកម្មាធិការ​ក្រុម​អ្នក​ជំនាញ​ច្បាប់​អន្តរ​ជាតិ​ហៅ​កាត់​ថា អាយ.ស៊ី.ជេ (ICJ) ដែល​មាន​មូលដ្ឋាន​នៅ​ឯ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) កាល​ពី​ថ្ងៃ​ទី២៩ ខែ​មីនា បាន​ដាក់​បណ្ដឹង​សាធារណៈ​មួយ​ទៅ​ក្រុម​ប្រឹក្សា​ត្រួត​ពិនិត្យ​ក្រុម​ហ៊ុន​ហ្វេសប៊ុក (Facebook) ឱ្យ​ត្រួត​ពិនិត្យ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​បាន​ប្រើ​ប្រាស់​ជា​វេទិកា​គំរាម​កំហែង​ញុះញង់​ឱ្យ​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង។

អង្គ​ការ​នេះ ក៏​បាន​រំឭក​ឡើង​វិញ​នូវ​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុម​ហ៊ុន​មេតា (Meta) ឬ​ហ្វេសប៊ុក ក្នុង​ការ​សម្រប​សម្រួល​មាតិកា​នៅ​លើ​វេទិកា​របស់​ខ្លួន ឱ្យ​ស្រប​តាម​ច្បាប់ និង​ស្តង់ដារ​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​មាន​នៅ​ក្នុង​គោល​ការណ៍​នៃ​កតិកា​សញ្ញា​អន្តរ​ជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ និង​នៅ​ក្នុង​គោល​ការណ៍​ណែ​នាំ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ធុរកិច្ច។

 

អង្គការ អាយ.ស៊ី.ជេ បាន​ស្នើ​ឱ្យ​ក្រុម​ហ៊ុន​ហ្វេសប៊ុក​វាយ​តម្លៃ​ថា តើ​ការ​អំពាវ​នាវ​របស់​លោក ហ៊ុន សែន ជំរុញ​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​លើ​អ្នក​នយោបាយ​ប្រឆាំង នៅ​ក្នុង​បរិ​បទ​ទូទៅ​នៃ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ដ៏​អាក្រក់ និង​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មុន​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ រួម​ទាំង​អំពើ​ហិង្សា​និង​ការ​បង្ក្រាប​កើត​ឡើង​ជា​បន្ត​បន្ទាប់​លើ​អ្នក​នយោបាយ​ប្រឆាំង អាច​នាំ​ឱ្យ​មាន​ហានិភ័យ​ពិត​ប្រាកដ​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ឬ​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​នយោបាយ​ប្រឆាំង​ឬ​ទេ​។

លើស​ពី​នេះ ក្រុម​ហ៊ុន​ហ្វេសប៊ុក ត្រូវ​តែ​ហាម​ឃាត់​កុំ​ឱ្យ​មាន​មាតិកា​ដែល​ញុះញង់​បង្ក​ឱ្យ​កើត​មាន​អំពើ​ហិង្សា អរិភាព ឬ​ការ​រើសអើង និង​ត្រូវ​តែ​ដក​ចេញ​នូវ​សុន្ទរកថា ដែល​បង្ក​គ្រោះ​ថ្នាក់​ចេញ​ពី​មាត់​អ្នក​ដឹក​នាំ​ប្រទេស​ដ៏​មាន​ឥទ្ធិ​ពល​នៅ​មុន​ការ​បោះ​ឆ្នោត។ អង្គ​ការ​បន្ថែម​ថា ស្ថិត​នៅ​ក្រោម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ក្រុម​ហ៊ុន​ហ្វេសប៊ុក មិន​ត្រូវ​មាន​ការ​អនុញ្ញាត​នូវ​ការ​បញ្ចេញ​មតិ​បែប​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា ក្លាយ​ជា​ព័ត៌មាន​មាន​តម្លៃ​ផ្សាយ​ទៅ​ដល់​ពលរដ្ឋ​ទូទៅ ឬ​ការ​ផ្ដល់​នូវ​ទម្រង់​បញ្ចេញ​មតិ​ដែល​ត្រូវ​ហាម​ឃាត់​ឡើយ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​បក​ស្រាយ​ពី​ក្រុម​ហ៊ុន ហ្វេសប៊ុក​បាន​ទេ នៅ​ថ្ងៃ​ទី៥ មេសា​នេះ។

អាយ.ស៊ី.ជេ ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ១៩៥២។ អង្គការ​នេះ​មាន​សមាស​ភាព​ចៅ​ក្រម និង​មេធាវី​ល្បីៗ ៦០នាក់ មក​ពី​ជុំវិញ​ពិភព​លោក ដែល​ផ្ដោត​លើ​ការងារ​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​យុត្តិធម៌។ អាយ.ស៊ី.ជេ ប្រាប់​ទៅ​ក្រុមហ៊ុន​ហ្វេសប៊ុក​ថា ការ​ផ្សាយ​ផ្ទាល់​តាម​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៨ មករា គឺ​លោក ហ៊ុន សែន បាន​ព្រមាន​ដោយ​ផ្ទាល់​ទៅ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ថា លោក​នឹង​អាច​ប្រមូល​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច ឱ្យ​ទៅ​ធ្វើ​បាតុកម្ម និង​ប្រើ​ដំបង​វាយ​លើ​អ្នក​នយោបាយ​ប្រឆាំង​ទាំង​នោះ​ដល់​ផ្ទះ។

នៅ​ដើម​ឆ្នាំ២០២៣ លោក ហ៊ុន សែន បាន​ប្រើ​វេទិកា​សាធារណៈ​ជួប​ជុំ​ជា​មួយ​ពលរដ្ឋ និង​និស្សិត​នៅ​ស្ទើរ​គ្រប់​ទី​កន្លែង ហើយ​ព្រមាន​ក្រុម​អ្នក​នយោបាយ​គណបក្ស​ភ្លើង​ទៀន​ជា​រឿយៗ ដោយ​ប្រើ​សម្ដី​អសុរោះ និង​ការ​ខឹង​ច្រឡោត​ថា លោក​អាច​ប្រើ​ទាំង​តុលាការ និង​ច្បាប់​ព្រៃ ដើម្បី​កម្ទេច​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង ប្រសិន​បើ​ពួក​គេ​នៅ​តែ​ហ៊ាន​និយាយ​ប៉ះពាល់ ឬ​វាយ​ប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​នាំ​គ្នា​តវ៉ា​រឿង​លទ្ធផល​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ។

លោក ហ៊ុន សែន បាន​ព្រមាន​វាយ​ខ្នោះ ឬ​ប្រើ​កម្លាំង​បាតុកម្ម​ហិង្សា ដោយ​លោក​បញ្ជាក់​ថា នឹង​មិន​បណ្ដែត​បណ្ដោយ​ឱ្យ​មន្ត្រី​គណបក្ស​ភ្លើង​ទៀន បន្ត​ចេញ​សេចក្ដី​ថ្លែង​ការណ៍ ឬ​និយាយ​សាធារណៈ​ថា ការ​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ជា​រឿង​នយោបាយ ឬ​ការ​គំរាម​កំហែង និង​គាប​សង្កត់​ពី​គណ​បក្ស​កាន់​អំណាច​ឡើយ។

លោក ហ៊ុន សែន៖ «គណបក្ស​ប្រជាជន​មិន​អាច​ទុក​ឱ្យ​អ្នក​ឯង​របៀប​ហ្នឹង​ត​ទៅ​ទៀត​ទេ។ ធ្វើ​ទៀត ប្ដឹង​ទៀត។ បើ​មិន​ឱ្យ​ប្ដឹង អញ​លើក​បាតុកម្ម​ដាក់​អ្ហែង​រត់​ពេញ​ទឹក​ពេញ​ដី រក​កន្លែង​រត់​មិន​ឃើញ​ទៀត។ នេះ​ចេះ​គេ​ថ្នម​ហើយ ប៉ុណ្ណឹង​នោះ ចេញ​មក​វា​ឈ្លើយ​តែ​ម្ដង។ អតីត​មេ​វា វា​ធ្លាប់​អ៊ីចឹង ហើយ​អា​កូន​ចៅ​វា វា​មិន​ទាន់​អស់ អា​កាក​សំណល់​ហ្នឹង»

លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ចំពោះ​មន្ត្រី​គណ​បក្ស​ប្រឆាំង ឱ្យ​ឈប់​និយាយ​វាយ​ប្រហារ​បង្អាប់​គោល​នយោបាយ​បក្ស​កាន់​អំណាច។ បន្ថែម​ពី​នេះ លោក​ក៏​បាន​ព្រមាន​ដោយ​មិន​លើក​លែង ឬ​អត់​ឱន​ទទួល​យក​ការ​សុំ​ទោស​ឡើយ ប្រសិន​បើ​នៅ​មាន​ការ​ចោទ​ប្រកាន់​ថា ប្រវត្តិ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វៀតណាម ឬ​និយាយ​ប៉ះ​ពាល់​ថ្ងៃ ៧មករា មិន​ថា ពាក្យ​សម្ដី​ទាំង​នេះ​និយាយ​ជា​សាធារណៈ ឬ​នៅ​ក្នុង​កិច្ច​ប្រជុំ​សម្ងាត់ ព្រោះ​លោក​មាន​ជន​បង្កប់​នៅ​គ្រប់​ទី​កន្លែង។

លោក ហ៊ុន សែន៖ «ប្រភព​គណបក្ស​ប្រជាជន ត្រូវ​បាន​វៀតណាម​ជា​អ្នក​បង្កើត អ៊ីចឹង​ទៅ។ ជេរ​ឯង​មួយ​ឆ្អែត ទៅ​ប្រវត្តិ​ស្អីៗ ឯ​ណា​ហ្នឹង។ ពួក​អ្ហែង​សម​នឹង​គុក។ ពួក​អ្ហែង អញ​ប្រាប់​ឱ្យ​ហើយ។ ពួក​អ្ហែង​ទៅ​ណា​ក៏​រត់​អត់​រួច​ដែរ ត្រី​នៅ​ក្នុង​ត្រក អញ​ចាប់​កាច់​ក​ស៊ី​ពេល​ណា​ក៏​បាន​ដែរ និយាយ​អ៊ីចឹង​តែ​ម្ដង​ទៅ។ ពួក​អា​នេះ​ទាល់​តែ​ប្រើ​ភាសា​អ៊ីចឹង ភាសា​ការ​ទូត​ស្ដាប់​អត់​បាន​ទេ»

ស្រប​ពេល​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៧ នៅ​ខែ​កក្កដា​ខាង​មុខ​នេះ អាច​នឹង​ត្រូវ​បាន​សហគមន៍​អន្តរ​ជាតិ​មិន​ទទួល​ស្គាល់​លទ្ធ​ផល​នោះ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​បន្ត​ថា លោក​នឹង​អាច​ប្រើ​កម្លាំង​អ្នក​គាំទ្រ​យក​ដំបង​ទៅ​វាយ​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង ប្រសិន​ហ៊ាន​ឡាំប៉ា ឬ​ចោទ​ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា​លួច​សន្លឹក​ឆ្នោត។

លោក ហ៊ុន សែន៖ «ជម្រើស​មាន​តែ​ពីរ​ទេ។ មួយ​ប្រើ​ផ្លូវ​ច្បាប់ មួយ​ទៀត គឺ​ប្រើ​ដំបង​តែ​ម្ដង។ តើ​អ្នក​យក​មួយ​ណា​ពីរ​ហ្នឹង? អា​ហ្នឹង​និយាយ​ឱ្យ​ច្បាស់។ ខ្ញុំ​សូម​ព្រមាន​ចំពោះ​អ្នក។ ពួក​ខ្ញុំ​នេះ មិន​ទុក​ឱ្យ​ចោទ​ថា ជា​ចោរ​មួយ​ជីវិត​ទេ ខ្ញុំ​សុំ​ជម្រាប​ជូន។ ត្រូវ​តែ​បញ្ចប់​វប្បធម៌​ឡាំប៉ា​ក្រោយ​ការ​បោះ​ឆ្នោត។ គណបក្ស​ប្រជាជន​មិន​អាច​ទទួល​យក​បាន នូវ​ពាក្យ​ថា ជា​ចោរ​លួច​បន្លំ​សន្លឹក​ឆ្នោត​ទេ។ អ្នក​ណា​ហ៊ាន​និយាយ​បែប​នេះ យើង​ត្រូវ​តែ​ប្ដឹង​អនុវត្ត​នូវ​ផ្លូវ​ច្បាប់​តាម​ផ្លូវ​តុលាការ ឬ​មួយ​ខ្ញុំ​ត្រូវ​ប្រមូល​មនុស្ស​របស់​គណ​បក្ស​ប្រជាជន ធ្វើ​បាតុកម្ម ទៅ​វាយ​ពួក​អ្នក​ឯង។ តើ​ពួក​អ្នក​ឯង​ជ្រើស​រើស​យក​មួយ​ណា

ពាក់ព័ន្ធ​នឹង​អង្គការ អាយ.ស៊ី.ជេ ប្ដឹង​លោក ហ៊ុន សែន ទៅ​ក្រុមហ៊ុន​ហ្វេសប៊ុក​ឱ្យ​ពិនិត្យ​ការ​ប្រើ​ពាក្យ​សម្ដី​ហិង្សា​នេះ ត្រូវ​បាន​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ជឿ​ជាក់​ថា នឹង​មិន​មាន​ចំណាត់​ការ​អ្វី​ឡើយ ដោយ​លោក​អះ​អាង​ថា អ្វី​ដែល​លោក ហ៊ុន សែន បាន​ព្រមាន​ប្រើ​ប្រាស់​ហិង្សា​នោះ គឺ​ដើម្បី​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សេចក្ដី​សុខ​ជូន​ពលរដ្ឋ។

លោក សុខ ឥសាន៖ «រាល់​ប្រសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន សែន គឺ​មាន​អត្ថន័យ ដើម្បី​ការពារ​សិទ្ធិ សេរីភាព​របស់​ប្រជាពលរដ្ឋ សិទ្ធិ​រស់រាន​មាន​ជីវិត សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​ក្នុង​ការ​រស់​នៅ​ជួប​ជុំ​ក្រុម​គ្រួសារ និង​សិទ្ធិ​នៅ​ក្នុង​សេចក្ដី​សុខ​ក្សេមក្សាន្ត​របស់​ប្រជាជន​នៅ​ទូទាំង​ប្រទេស។ អា​ហ្នឹង! មតិ​របស់​គាត់ គឺ​ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ហើយ»

នៅ​សហរដ្ឋ​អាមេរិក​កន្លង​មក ក្រុមហ៊ុន​បណ្ដាញ​សង្គម សំខាន់ៗ ចំនួន​បី ដូច​ជា ហ្វេសប៊ុក ទ្វីតធ័រ (Twitter) និង​យូធូប (Youtube) បាន​ផ្ដាច់​មិន​ឲ្យ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ប្រើ​ប្រាស់ បន្ទាប់​ពី​លោក​គាំទ្រ​បាតុករ​ចូល​វាយ​ប្រហារ​វិមាន​រដ្ឋសភា កាល​ពី​ឆ្នាំ២០២១។ ទំព័រ​ហ្វេសប៊ុក​លោក ដូណាល់ ត្រាំ ត្រូវ​បាន​បើក​ដំណើរ​ការ​ឡើង​វិញ កាល​ពី​ខែកុម្ភៈ បន្ទាប់​ពី​បាន​ផ្អាក​អស់​រយៈ​ពេល​ជាង ២ឆ្នាំ។

មន្ត្រី​នាំ​ពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែនករុណា លើក​ឡើង​ថា ការ​ថ្លែង​របស់​អ្នក​នយោបាយ តែង​មាន​ពល​រដ្ឋ និង​យុវជន​ស្ដាប់​ច្រើន ដូច្នេះ​លោក​ចង់​ឃើញ​អ្នក​នយោបាយ​ទាំង​អស់​ទាំង​ប្រឆាំង ឬ​កំពុង​កាន់​អំណាច គួរ​បញ្ចេញ​មតិ​បែប​អហិង្សា មាន​ក្រម​សីលធម៌ និង​បែប​អប់រំ​ដាស់​តឿន ដើម្បី​សាប​ព្រោះ​ទៅ​ដល់​ពលរដ្ឋ និង​យុវជន​ឱ្យ​យក​ជា​គំរូ​សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។

លោក ស៊ឹង សែនករុណា៖ «មិន​ថា​អ្នក​នយោបាយ អ្នក​សង្គម អ្នក​ជំនួញ ដែល​មាន​មុខ​មាត់ ឧកញ៉ា​ជា​ដើម នៅ​ក្នុង​តាម​ទី​សាធារណៈ ឬ​ក៏​ការ​ថ្លែង​សារ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ គួរ​តែ​ប្រកាន់​ឥរិយាបថ​មាន​ក្រមសីលធម៌​ខ្ពស់ ពីព្រោះ​រាល់​សកម្មភាព រាល់​កាយវិការ រាល់​ពាក្យ​សម្ដី​របស់​ពួក​គាត់ ត្រូវ​បាន​សាធារណជន​តាម​ដាន ក្នុង​នោះ មាន​ទាំង​យុវជន​ជំនាន់​ក្រោយ​ផង។ អ៊ីចឹង! បើ​ការ​សាប​ព្រោះ​វោហារសាស្ត្រ​នយោបាយ​ក្ដី វោហារសាស្ត្រ​គំរាម​កំហែង​ពោរពេញ​ដោយ​ហិង្សា វា​អាច​សាបព្រោះ​ទៅ​ដល់​អ្នក​ជំនាន់​ក្រោយ»

ការ​ចាត់​វិធានការ​របស់​គណៈកម្មាធិការ​អ្នក​ច្បាប់​អន្តរជាតិ អាយ.ស៊ី.ជេ ទៅ​ក្រុម​ហ៊ុន​ហ្វេសប៊ុក​នេះ ហាក់​បង្ហាញ​ថា កេរ្តិ៍​ឈ្មោះ​លោក ហ៊ុន សែន កំពុង​មាន​ក្លិន​អសោច​ល្បី​រន្ទឺ​សុះសាយ​កាន់​តែ​ខ្លាំង​ក្នុង​ពិភពលោក ក្នុង​នាម​ជា​មេ​ដឹក​នាំ​ចាស់​វស្សា​ម្នាក់ ប៉ុន្តែ​មាន​គំរូ​អាក្រក់​ចូល​ចិត្ត​ហិង្សា ញុះញង់​ឱ្យ​មាន​ការ​វាយដំ​ទាត់​ធាក់។ លើស​ពី​នេះ លោក ហ៊ុន សែន ក៏​ចូល​ចិត្ត​ប្រើ​ពាក្យ​អសុរោះ ជេរ​ប្រទេច​មិន​ញញើត​មាត់ ដែល​លោក​ហ៊ាន​ជេរ​ទាំង​គ្រហស្ថ និង​ព្រះសង្ឃ ដែល​រិះគន់​ការ​ដឹក​នាំ​ផ្ដាច់ការ​របស់​លោក ដែល​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ ខណៈ​លោក​កំពុង​ព្យាយាម​រក្សា​អំណាច និង​ផ្ទេរ​អំណាច​ត​ពូជ​ទៅ​កូន​ប្រុស​របស់​លោក៕

No comments: