Thursday, 6 April 2023

ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​ស្នើ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​លើ​ជនល្មើស​កាប់​ឈើ​ក្នុង​តំបន់​ឧទ្យានជាតិ​ជួរភ្នំ​ក្រវាញ​នៅ​មុន​ពេល​បោះឆ្នោត

Khmer Circle
 
The authorities are too busy phone tapping and arresting opposition officials and environmental activists to catch the actual illegal loggers. Besides, the latter and the authorities are most likely working in cohorts!

^^^
 
ដោយ យ៉ង ចាន់តារា
2023.04.06
ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​ស្នើ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​លើ​ជនល្មើស​កាប់​ឈើ​ក្នុង​តំបន់​ឧទ្យានជាតិ​ជួរភ្នំ​ក្រវាញ​នៅ​មុន​ពេល​បោះឆ្នោត  
ទិដ្ឋភាព​គោយន្ត​ដឹកឈើ ឋិត​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ ក្នុង​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ពេល​លោក ជា ហ៊ាន (ក្នុង​រូប) ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) ចុះ​ស៊ើបអង្កេតបទល្មើស​ព្រៃឈើ កាល​ពី​ថ្ងៃ​ទី១២ ខែកុម្ភៈ ឆ្នាំ២០២២។
រូប៖ លោក ជា ហ៊ាន ផ្តល់​ឲ្យ
 

សកម្មភាព​កាប់​ឈើ​ធំៗ នៅតែ​បន្ត​កើតឡើង​មាន​កាន់​តែ​ច្រើន​ឡើង ​ក្នុង​តំបន់​ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល ដោយ​គ្មាន​អាជ្ញាធរ​ណា អើពើ​ទប់ស្កាត់ នៅឡើយ​ទេ​ជាច្រើន​ឆ្នាំ​មក​ហើយ។

ប្រជា​សហគមន៍​ខេត្តកំពង់ស្ពឺ​ចំណាំ​ថា ជា​រៀងរាល់​អាណត្តិ​កំឡុង​ពេល​កៀក​បោះ​ឆ្នោតជាតិ​ អាជ្ញាធរ​តែងតែ​បណ្តោយ​ឱ្យ​ជនល្មើស​កាប់​ឈើ​ដោយ​សេរី ក្នុង​តំបន់​អភិរក្ស​ ព្រោះ​ខ្លាច​ប៉ះពាល់​សំឡេង​ឆ្នោត​របស់​គណបក្ស​កាន់​អំណាច ។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ខ្នងវាល​រស់​នៅ​ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ស្តាយ​ស្រណោះ ​ដើមឈើ​ធំៗ ភាគច្រើន​ប្រភេទ​ម្រេញ ឬ​ឈើ​រាជកុល ដែល​ដុះ​តាម​ជម្រាល​ភ្នំ និង​ជ្រលង​ភ្នំ ​នៅតែ​ប្រឈម​ការ​កាប់​ផ្តួល​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ ដោយ​គ្មាន​ការ​រារាំង​នៅ​ឡើយ​ទេ។

ពួកគាត់​សង្កេត​ឃើញ​ថា ក្រុម​ជនល្មើស​ប្រដាប់​ដោយ​រណារ​យន្ត និង​សម្ភារៈ​អារឈើ​ជាច្រើន​ទៀត បាន​បោះតង់​កាប់​ឈើ ក្នុង​តំបន់​ព្រៃ​អភិរក្ស​នេះ​ ដោយ​ត្រូវ​បង់​លុយ​ឱ្យ​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន ជា​ថ្នូរ​មិន​អនុវត្ត​ច្បាប់​ដដែលៗ។

 

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ខ្នងវាល លោកស្រី ខុន ណៃ ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី៥ មេសា ថា  ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ ក្រុម​ជនល្មើស​មាន​គ្នា​ជាង ១០នាក់ ប្រដាប់​ដោយ​ម៉ាស៊ីន​ត្រង់​សឺន័រ កាប់​ឈើ​ប្រភេទ​រាជកុល អារច្រៀក​ក្នុង​ព្រៃ រួច​ដឹក​ចេញ​ក្រៅ ធ្វើ​ឱ្យ​ដើមឈើ​ធំៗ​​ ក្នុង​តំបន់​ការពារ​មួយ​នេះ​បន្ត​បាត់បង់​ឥត​ឈប់ឈរ ដែល​ប៉ះពាល់​ជម្រក​សត្វព្រៃ។

លោកស្រី​ថា ក្រុម​អ្នក​កាប់​ឈើ ហាក់​មិន​ខ្លាច​ច្បាប់​នោះ​ទេ ហើយ​ពួកគេ​តែងតែ​នាំគ្នា​ ទៅ​អារឈើ​លក់​ដោយ​សេរី នៅ​តំបន់​ដែល​សត្វព្រៃ​រស់​នៅ និង​ឆ្លងកាត់។

លោកស្រី ខុន ណៃ៖ «ដូច​ជា​ឈើ​ម្រេញ គាត់​ធ្វើ​រាល់​ថ្ងៃ គឺ​រាល់​ថ្ងៃ​ទាំង​ប្រាំង និង​វស្សា បារម្ភ​ថា​ ក្មេងៗ​ជំនាន់​ក្រោយ អត់​ស្គាល់​ព្រៃឈើ មាន​ការ​កាប់​បំផ្លាញ​រហូត​ទៅ ទៅ​មុខ​ទៅ អត់​មាន​សត្វ​ព្រៃ​ទេ»

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​រូប​នេះ​បន្ថែម​ថា បទល្មើស​ព្រៃឈើ កើតមាន​កាន់តែ​ខ្លាំង​ឡើង​ នៅ​រយៈ​ពេល​ជាង ៥​ខែ​ចុង​ក្រោយ​នេះ ធ្វើ​ឱ្យ​ដើម​ឈើ​ធំៗ ដែល​ភ្ញៀវ​ទេសចរណ៍​តែងតែ​ឡើង​ភ្នំ​បោះតង់​ថតរូប និង​គយគន់​ទេសភាព នៅ​តំបន់​ខ្នង​វាល និង​ខ្នង​ផ្សារ​ប្រឈម​ការ​កាប់​ផ្តួល​ធ្វើ​អាជីវកម្ម។

អ្នកភូមិ​អស់​ជំនឿ​លើ​សមត្ថភាព​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ដែល​គ្មាន​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ទាំង​នេះ ជា​ច្រើន​ឆ្នាំ​មក​ហើយ។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​កំពង់ស្ពឺ លោក ឱម ម៉ាក់ធារី និង​អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៥ មេសា។

ប៉ុន្តែ​អភិបាល​ខេត្ត​រូប​នេះ ធ្លាប់​ប្រាប់​វិទ្យុអាស៊ីសេរី​ថា​ លោក​នឹង​ចាត់​ឱ្យ​មន្ត្រី​ជំនាញ ពិនិត្យ​រឿង​នេះ ព្រោះ​ព្រៃឈើ ក្នុង​តំបន់​ឧទ្យានជាតិ ជា​កន្លែង​អភិរក្ស​ដែល​ត្រូវ​ការពារ​ឱ្យ​តឹងរ៉ឹង។ លោក​ថា អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​អភិរក្ស​នោះ​ឡើយ ហើយ​មន្ត្រី​ជំនាញ ​បន្ត​ធ្វើ​កិច្ច​ការងារ​នេះ។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិពលរដ្ឋ លោក ជា ហ៊ាន ដែល​តែងតែ​ចុះ​អង្កេត​រឿង​នេះ យល់​ថា រដ្ឋាភិបាល​គួរតែ​ពិនិត្យ​ពី​ប្រសិទ្ធភាព​ការងារ ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​ឡើង​វិញ ខណៈ​ដែល​មន្ត្រី​ទាំង​នោះ ពុំ​បាន​បំពេញ​ភារកិច្ច និង​តួនាទី ត្រឹមត្រូវ​ដែល​រដ្ឋ​ផ្តល់​សិទ្ធិ​ឱ្យ​នោះ​ឡើយ។ លោក​ថា មន្ត្រី​ជំនាញ តែងតែ​អង្គុយ​នៅ​ទីស្នាក់ការ ចាំ​ទទួល​លុយ​ពី​អ្នក​ដឹកឈើ​ជា​ទម្លាប់​ដដែលៗ ធ្វើ​ឱ្យ​ជនល្មើស​មិន​ខ្លាច​ច្បាប់។

លោក ជា ហ៊ាន«ក្នុង​ព្រៃ​គ្រាន់តែ​ចូល​តំបន់​អភិរក្ស លាន់​ឮ​សូរ​ម៉ាស៊ីន​ត្រង់សឺន័រ យំ​ពេញ​ព្រៃ ឯ​រទេះគោ ​និង​គោយន្ត​នៅតែ​បន្ត​មាន​សកម្មភាព​ដឹក​ចេញ ហើយ​មន្ត្រី​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​ នៅ​តែ​បន្ត​តាម​គោលដៅ។ តែ​ក្នុង​គោលដៅ​នីមួយៗ ខ្ញុំ​សង្កេត​ឃើញ​ថា អត់​មាន​ការ​បង្ក្រាប​ទេ​ គាត់​អង្គុយ​ចង​អង្រឹង​ចាំ​យក​តែ​លុយ»

ប្រជា​សហគមន៍​ខេត្តកំពង់ស្ពឺ​បន្ថែម​ថា ដើមឈើ​ដែល​ក្រុម​ជនល្មើស​សម្រុក​កាប់​បំផ្លាញ ភាគ​ច្រើន ដើម​ម្រេញ ឬ​រាជកុល ឈើទាល គគីរ និង​ផ្ចឹក​ជាដើម មុខកាត់ ៥ តឹក​ឡើង​ទៅ ដុះ​តាម​ជ្រលង​ភ្នំ​ខ្ពង់រាប ខ្នងភ្នំ ចង្កេះភ្នំ និង ឈើ​ខ្លះ​ទៀត ដុះ​តាម​ជម្រាល​ភ្នំ ដែល​ពិបាក​នឹង​កាប់​រំលំ​អូស​ចុះក្រោម ក៏​ប៉ុន្តែ​ក្រុម​ជនល្មើស​មាន​មធ្យោបាយ​អារ​ផ្តួល​ឈើ​ទាំង​នោះ ហើយ​ទាញ ចុះ​ក្រោម​បាន​ដោយ​ងាយ។

នៅ​លើ​ផែនទី ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល​មាន​ផ្ទៃ​ដី​ទំហំ​ជាង​បួន​សែន​ហិកតារ (៤០១.៣១៣) គ្រប​ដណ្តប់​ខេត្ត​ចំនួន​បី គឺ​ខេត្ត​កោះកុង ពោធិ៍សាត់ និង​កំពង់ស្ពឺ។ ឧទ្យានជាតិ​នេះ​ទទួល​ស្គាល់​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល កាល​ពី​ឆ្នាំ​២០១៦ តាម​សំណើ​របស់​ក្រសួង​បរិស្ថាន។

ចំណែក ​អង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក (Global Forest Watch) រកឃើញ​ថា គម្រប​ព្រៃឈើ​ជាង ១ សែន ៤ ម៉ឺន​ហិកតារ ១៤៨.០០០ ឬ ៨,ត្រូវ​បាន​បាត់បង់​ឋិត​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ​ចន្លោះ​ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០១៩៕

 

No comments: