Wednesday 19 April 2023

ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​មិន​សង្ឃឹម​ថា លោក ហ៊ុន សែន លើកលែង​ទោស​ដល់​ប្ដី​របស់​ពួក​គាត់​ឡើយ


ដោយ សេក បណ្ឌិត
2023.04.18
ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​មិន​សង្ឃឹម​ថា លោក ហ៊ុន សែន លើកលែង​ទោស​ដល់​ប្ដី​របស់​ពួក​គាត់​ឡើយ 

រូបឯកសារ៖ (កណ្ដាល) ​លោកស្រី ព្រំ ចន្ថា ប្រពន្ធ​របស់លោក កាក់ កុម្ភារ ​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ (ឆ្វេង) លោកស្រី កុល សាត ប្រពន្ធលោក គង់ ម៉ាស់ និង​ (ស្ដាំ) លោកស្រី សេង ចាន់ថន ប្រពន្ធ​លោក ស៊ុន ធន់ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ធំ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ ស៊ុន ធន់ ពេលចេញ​តវ៉ា​តាម​ដង​ផ្លូវ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៨ ខែមករា ឆ្នាំ២០២១។
រូបពីពលរដ្ឋ



ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​មិន​រំពឹង​ថា ប្ដី​របស់​ពួក​គាត់​ត្រូវ​បាន​រដ្ឋាភិបាល​ស្នើ​ទៅ​ព្រះមហាក្សត្រ​លើកលែង​ទោស ឬ​បន្ធូរបន្ថយ​នោះ​ឡើយ។ ការ​ឡើង​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ក្រសួង​យុត្តិធម៌ ដាក់​សំណើ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើ​ទៅ​ព្រះមហាក្សត្រ​សុំ​លើកលែង​ទោស និង​បន្ធូរបន្ថយ​ទោស​ទណ្ឌិត​ជាង ៤០០នាក់ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដែល​ទើប​កន្លង​ផុត​ទៅ​ថ្មីៗ នេះ និង​សម្រាប់​ពិធី​បុណ្យ​ពិសាខបូជា​ខាង​មុខ​នេះ។



សាច់ញាតិ​សកម្មជន​បក្ស​ប្រឆាំង​រិះគន់​ថា លើកលែង​ទោស ឬ​បន្ធូរបន្ថយ​កន្លង​មក មាន​ការ​ប្រកាន់​និន្នាការ​នយោបាយ ព្រោះ​រាល់​ពេល​មាន​ពិធី​បុណ្យ​ជាតិ ដែល​ត្រូវ​លើកលែង​ទោស ឬ​បន្ធូរបន្ថយ​ទោស​ឱ្យ​ទណ្ឌិត​ម្ដងៗ រដ្ឋាភិបាល លោក ហ៊ុន សែន មិន​ដែល​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​លើកលែង​ទោស និង​បន្ធូរបន្ថយ​ទោស​ទណ្ឌិត ដល់​សាច់​ញាតិ ឬ​ប្ដី​របស់​ពួក​គេ​ម្ដង​ណា​ឡើយ។ ពួក​គាត់​យល់​ថា ការ​លើកលែង​ទោស ឬ​បន្ធូរបន្ថយ​ទោស​សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី និង​បុណ្យ​ពិសាខបូជា​ខាង​មុខ​នេះ ក៏​ទំនង​ប្ដី​របស់​ពួក​គាត់​គ្មាន​ឈ្មោះ​សម្រាប់​លើកលែង​ទោស​នេះ​ដែរ។

ប្រពន្ធ​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ លោក កាក់ កុម្ភារ គឺ​លោកស្រី ព្រំ ចន្ថា យល់​ថា ជា​រឿង​អយុត្តិធម៌ ចំពោះ​គ្រួសារ​លោកស្រី និង​សាច់​ញាតិ​បក្ស​ប្រឆាំង​ផ្សេង​ទៀត ដែល​ជាប់​ពន្ធនាគារ​ទាំង​គ្មាន​កំហុស ហើយ​ក៏​មិន​ដែល​ទទួល​បាន​លើកលែង​ទោស ឬ​បន្ធូរបន្ថយ​នោះ​ដែរ។ លោកស្រី​រិះគន់​ថា រដ្ឋាភិបាល​មិន​បាន​អនុវត្ត​ច្បាប់​ឱ្យ​ស្មើភាព​គ្នា ចំពោះ​អ្នក​ជាប់​ឃុំ​បក្ស​ប្រឆាំង​ឡើយ។

    លោកស្រី ព្រំ ចន្ថា៖ «និយាយ​រួម​ទៅ​អយុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​ពួក​ខ្ញុំ សម្រាប់​អ្នក​ដែល​ជួញដូរ​គ្រឿងញៀន​សម្រាប់​អ្នក​បទ​ឧក្រិដ្ឋ គឺ​ទម្លាក់​រាល់​ការ​ចោទ ឬ​ក៏​ឧបមា​ថា ៨ឆ្នាំ គេ​ទម្លាក់ ៥ខែ ៦ខែ ក្នុង​មួយ​ឆ្នាំ។ ឧបមា​ថា រដូវ​ខែបុណ្យ​គេ​ចាប់​ផ្ដើម​ទម្លាក់​សម្រាល​ខ្លះៗ តែ​សម្រាប់​គ្រួសារ​អ្នកទោស​នយោបាយ អត់​តែ​ម្ដង!»។

ចំណែក ប្រពន្ធ​លោក គង់ ម៉ាស់ គឺ​លោកស្រី កុល សាត លោក​សង្កេត​ឃើញ​ជា​រៀងរាល់​ឆ្នាំ​ប្ដី​លោកស្រី និង​សាច់ញាតិ​បក្ស​ប្រឆាំង​ផ្សេងៗ ទៀត មិន​ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន ស្នើសុំ​លើកលែង​ទោស ឬ​បន្ធូរបន្ថយ​ទោស​នោះ​ទេ។ លោកស្រី​យល់​ថា រដ្ឋាភិបាល​ហាក់​កំពុង​បែងចែក​ក្រុម​មនុស្ស​ពីរ​ដាច់​ដោយ​ពី​គ្នា ប្រសិនបើ​ក្រុម​មនុស្ស​មាន​ទស្សនៈ​មិន​ស្រប​នឹង​រដ្ឋាភិបាល​រស់នៅ​រង​ទុក្ខ​លំបាក​បែកបាក់​ប្រពន្ធ​កូន តែ​បើ​ក្រុម​គ្រួសារ​បក្ស​កាន់​អំណាច​រស់នៅ​ជួប​គ្នា​សប្បាយ​រីករាយ​គ្រប់​ពេល។

    លោកស្រី កុល សាត៖ «បើ​សិន​ជា​គាត់ (លោក ហ៊ុន សែន) ឱ្យ​សកម្មជន​មិន​ដឹង​ថា សប្បាយ​ចិត្ត​យ៉ាង​ណា​ទេ ដោយសារ​តែ​ពួក​ខ្ញុំ​ជួប​ការ​លំបាក​យូរ​ណាស់​កន្លង​មក​ហើយ ហើយ​ពិបាក​ចិត្ត​ហ្នឹង រក​ពាក្យ​ប្រៀប​ផ្ទឹម​មិន​បាន។ បើ​សិន​គាត់​បាន​ដោះលែង​ដូច​ទណ្ឌិត​ផ្សេងៗ គឺ​រក​ពាក្យ​អី​ប្រៀប​ផ្ទឹម​មិន​បាន មិន​ដឹង​ថា រំភើប​យ៉ាង​ណា​ទេ​បង»។

ប្រពន្ធ​សកម្មជន​លើក​ឡើង​ដូច្នេះ​ក្រោយ​ពេល​ក្រសួង​យុត្តិធម៌ ដាក់​សំណើ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ សុំ​ព្រះរាជទាន ការ​លើកលែង​ទោស និង​បន្ធូរបន្ថយ​ទោស​ទណ្ឌិត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ និង​បុណ្យ​ពិសាខបូជា​ខាង​មុខ​នេះ។ គេហទំព័រ​ក្រសួង​យុត្តិធម៌​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី៤ ខែមេសា​ឱ្យ​ដឹង​ថា ការ​ស្នើសុំ​លើកលែង​ទោស និង​បន្ធូរបន្ថយ​ទោស​ក្នុង​ពិធី​បុណ្យ​ទាំង​ពីរ​នេះ​មាន​ទណ្ឌិត​ជិត ៧០០នាក់។ ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្ដិភាព ឱ្យ​កាសែត ភ្នំពេញ ប៉ុស្តិ៍ ដឹង​ក្រោយ​ការ​ប្រជុំ​ចុង​ក្រោយ កាល​ពី​ពេល​ថ្មីៗ នេះ​ថា ក្រសួង​យុត្តិធម៌​សម្រេច​បញ្ជូន​ឈ្មោះ​ទណ្ឌិត​តែ​ជាង ៤០០នាក់​ប៉ុណ្ណោះ ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សម្រេច មុន​នឹង​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ។ លោក​លើក​ឡើង​ទៀត​ថា ក្រសួង​យុត្តិធម៌​មិន​ផ្ដល់​ការ​អនុគ្រោះ​នេះ ដល់​ទណ្ឌិត ដែល​ប្រព្រឹត្តិ​បទ​ល្មើស​គ្រឿងញៀន​ធ្ងន់ៗ បទ​ល្មើស​ព្រហ្មទណ្ឌ ឧក្រិដ្ឋ​មួយ​ចំនួន​ទៀត មាន​ចរិត​សាហាវយង់ឃ្នង ឬ​ប្រព្រឹត្ត​នោះ​បង្ក​លើ​សាច់ញាតិ​របស់​ខ្លួន​ខ្លួន​នោះ​ទេ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ការ​បញ្ជាក់​បន្ថែម​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព បាន​ទេ នៅ​ថ្ងៃ​ទី១៨ ខែមេសា។

គិត​មក​ដល់​ថ្ងៃ​ទី១៨ ខែមេសា មិន​ទាន់​ឃើញ​មាន​ការ​ផ្សព្វផ្សាយ​ពី​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ពី​ការ​លើកលែង ឬ​បន្ធូរបន្ថយ​ទោស​ទណ្ឌិត​នេះ​នៅ​ឡើយ​ទេ។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន។ ចំណែក​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា ប្រាប់​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ ព្រោះ​ករណី​ហួស​សមត្ថកិច្ច​របស់​លោក​ហើយ ដែល​ស្ថិត​ក្នុង​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​យុត្តិធម៌។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ស្នើសុំ​ថា ការ​លើកលែង​ទោស ឬ​បន្ធូរបន្ថយ​ទោស​ទណ្ឌិត គួរ​អនុវត្ត​ឱ្យ​បាន​ស្មើភាព​គ្នា​រវាង​អ្នក​ជាប់​ឃុំ​ទាំង​អស់។ លោក​បន្ត​ទៀត​ថា ប្រសិន​បើ​ការ​លើកលែង​ទោស ឬ​បន្ធូរបន្ថយ​មិន​បាន​អនុវត្ត​ឱ្យ​ត្រឹមត្រូវ​តាម​ច្បាប់​នឹង​នាំ​ឱ្យ​មាន​ការ​រិះគន់។

    លោក អំ សំអាត៖ «គ្រាន់តែ​ចង់​ឃើញ​ការ​ផ្ដល់​ហ្នឹង បើសិនជា​អ្នក​ជាប់​ហ្នឹង គាត់​គោរព​លក្ខខណ្ឌ​បាន​ដូច​គ្នា ហើយ​មិន​មាន​ការ​រើសអើង​ទេ ត្រូវ​តែ​ផ្ដល់​ដូច​គ្នា ហើយ​បើសិន​ជា​លក្ខខណ្ឌ​ដូច ហើយ​មាន​ការ​រើសអើង​និន្នាការ ឬ​ក៏​រឿង​អ្នក​មាន​អ្នក​ក្រ បង្ក​ឱ្យ​មាន​ការ​រិះគន់​ហើយ អត់​ស្មើភាព​គ្នា​ទេ»។

ការ​លើកលែង​ទោស និង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត ធ្វើ​ឡើង ៥ដង​ក្នុង​មួយ​ឆ្នាំ។ ព្រឹត្តិការណ៍​ទាំង​នោះ រួមមាន ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី បុណ្យ​វិសាខបូជា បុណ្យ​ឯករាជ្យ និង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក។ ទោះ​យ៉ាង​ណា សកម្មជន​បក្ស​ប្រឆាំង​ជាង ៧០នាក់ កំពុង​ជាប់​ឃុំ ដែល​អ្នក​ខ្លះ​ជាប់​ឃុំ​ច្រើន​ឆ្នាំ​មក​ហើយ​ក្ដី មិន​ត្រូវ​ទទួល​បាន​អនុគ្រោះ​នេះ​ពី​លោក ហ៊ុន សែន នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក ហ៊ុន សែន បាន​ស្នើ​លើកលែង​ដល់​ឧក្រិដ្ឋជន​មួយ​ចំនួន ដូចជា អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ជាង ១០ឆ្នាំ ក្នុង​រឿង​ក្ដី​ឃាតកម្ម​លើ​ស្ត្រី​កំណាន់​របស់​ខ្លួន។ ចំណែក​ឧកញ៉ា​ពីរ​រូប​ទៀត គឺ​ឧកញ៉ា ថោង សារ៉ាត់ ដែល​ជាប់​ទោស​ក្នុង​សំណុំរឿង​សម្លាប់​មនុស្ស និង​ឧកញ៉ា គិត ធាង ជាប់​ទោស​ក្នុង​សំណុំរឿង​គ្រឿងញៀន ក៏​ត្រូវ​បាន​តុលាការ​ផ្ដល់​សេរី​ដោយ​មិន​ខ្វល់​ពី​ការ​រិះគន់​ពី​មតិមហាជន​នោះ​ឡើយ៕

1 comment:

Anonymous said...

Hun Sen imprisoned Khmer patriots for thank you peace.