ដោយ សេក បណ្ឌិត
2023.04.18
រូបឯកសារ៖ (កណ្ដាល) លោកស្រី ព្រំ ចន្ថា ប្រពន្ធរបស់លោក កាក់ កុម្ភារ សមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ (ឆ្វេង) លោកស្រី កុល សាត ប្រពន្ធលោក គង់ ម៉ាស់ និង (ស្ដាំ) លោកស្រី សេង ចាន់ថន ប្រពន្ធលោក ស៊ុន ធន់ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក ស៊ុន ធន់ ពេលចេញតវ៉ាតាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១។
រូបពីពលរដ្ឋ
ប្រពន្ធសកម្មជនបក្សប្រឆាំងមិនរំពឹងថា ប្ដីរបស់ពួកគាត់ត្រូវបានរដ្ឋាភិបាលស្នើទៅព្រះមហាក្សត្រលើកលែងទោស ឬបន្ធូរបន្ថយនោះឡើយ។ ការឡើងនេះ ធ្វើឡើងក្រោយពេលក្រសួងយុត្តិធម៌ ដាក់សំណើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើទៅព្រះមហាក្សត្រសុំលើកលែងទោស និងបន្ធូរបន្ថយទោសទណ្ឌិតជាង ៤០០នាក់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដែលទើបកន្លងផុតទៅថ្មីៗ នេះ និងសម្រាប់ពិធីបុណ្យពិសាខបូជាខាងមុខនេះ។
សាច់ញាតិសកម្មជនបក្សប្រឆាំងរិះគន់ថា លើកលែងទោស ឬបន្ធូរបន្ថយកន្លងមក មានការប្រកាន់និន្នាការនយោបាយ ព្រោះរាល់ពេលមានពិធីបុណ្យជាតិ ដែលត្រូវលើកលែងទោស ឬបន្ធូរបន្ថយទោសឱ្យទណ្ឌិតម្ដងៗ រដ្ឋាភិបាល លោក ហ៊ុន សែន មិនដែលស្នើសុំទៅព្រះមហាក្សត្រលើកលែងទោស និងបន្ធូរបន្ថយទោសទណ្ឌិត ដល់សាច់ញាតិ ឬប្ដីរបស់ពួកគេម្ដងណាឡើយ។ ពួកគាត់យល់ថា ការលើកលែងទោស ឬបន្ធូរបន្ថយទោសសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី និងបុណ្យពិសាខបូជាខាងមុខនេះ ក៏ទំនងប្ដីរបស់ពួកគាត់គ្មានឈ្មោះសម្រាប់លើកលែងទោសនេះដែរ។
ប្រពន្ធសមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ លោក កាក់ កុម្ភារ គឺលោកស្រី ព្រំ ចន្ថា យល់ថា ជារឿងអយុត្តិធម៌ ចំពោះគ្រួសារលោកស្រី និងសាច់ញាតិបក្សប្រឆាំងផ្សេងទៀត ដែលជាប់ពន្ធនាគារទាំងគ្មានកំហុស ហើយក៏មិនដែលទទួលបានលើកលែងទោស ឬបន្ធូរបន្ថយនោះដែរ។ លោកស្រីរិះគន់ថា រដ្ឋាភិបាលមិនបានអនុវត្តច្បាប់ឱ្យស្មើភាពគ្នា ចំពោះអ្នកជាប់ឃុំបក្សប្រឆាំងឡើយ។
លោកស្រី ព្រំ ចន្ថា៖ «និយាយរួមទៅអយុត្តិធម៌សម្រាប់ក្រុមគ្រួសារពួកខ្ញុំ សម្រាប់អ្នកដែលជួញដូរគ្រឿងញៀនសម្រាប់អ្នកបទឧក្រិដ្ឋ គឺទម្លាក់រាល់ការចោទ ឬក៏ឧបមាថា ៨ឆ្នាំ គេទម្លាក់ ៥ខែ ៦ខែ ក្នុងមួយឆ្នាំ។ ឧបមាថា រដូវខែបុណ្យគេចាប់ផ្ដើមទម្លាក់សម្រាលខ្លះៗ តែសម្រាប់គ្រួសារអ្នកទោសនយោបាយ អត់តែម្ដង!»។
ចំណែក ប្រពន្ធលោក គង់ ម៉ាស់ គឺលោកស្រី កុល សាត លោកសង្កេតឃើញជារៀងរាល់ឆ្នាំប្ដីលោកស្រី និងសាច់ញាតិបក្សប្រឆាំងផ្សេងៗ ទៀត មិនត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ស្នើសុំលើកលែងទោស ឬបន្ធូរបន្ថយទោសនោះទេ។ លោកស្រីយល់ថា រដ្ឋាភិបាលហាក់កំពុងបែងចែកក្រុមមនុស្សពីរដាច់ដោយពីគ្នា ប្រសិនបើក្រុមមនុស្សមានទស្សនៈមិនស្របនឹងរដ្ឋាភិបាលរស់នៅរងទុក្ខលំបាកបែកបាក់ប្រពន្ធកូន តែបើក្រុមគ្រួសារបក្សកាន់អំណាចរស់នៅជួបគ្នាសប្បាយរីករាយគ្រប់ពេល។
លោកស្រី កុល សាត៖ «បើសិនជាគាត់ (លោក ហ៊ុន សែន) ឱ្យសកម្មជនមិនដឹងថា សប្បាយចិត្តយ៉ាងណាទេ ដោយសារតែពួកខ្ញុំជួបការលំបាកយូរណាស់កន្លងមកហើយ ហើយពិបាកចិត្តហ្នឹង រកពាក្យប្រៀបផ្ទឹមមិនបាន។ បើសិនគាត់បានដោះលែងដូចទណ្ឌិតផ្សេងៗ គឺរកពាក្យអីប្រៀបផ្ទឹមមិនបាន មិនដឹងថា រំភើបយ៉ាងណាទេបង»។
ប្រពន្ធសកម្មជនលើកឡើងដូច្នេះក្រោយពេលក្រសួងយុត្តិធម៌ ដាក់សំណើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទូលថ្វាយទៅព្រះមហាក្សត្រ សុំព្រះរាជទាន ការលើកលែងទោស និងបន្ធូរបន្ថយទោសទណ្ឌិតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបុណ្យពិសាខបូជាខាងមុខនេះ។ គេហទំព័រក្រសួងយុត្តិធម៌ចុះផ្សាយកាលពីថ្ងៃទី៤ ខែមេសាឱ្យដឹងថា ការស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោសក្នុងពិធីបុណ្យទាំងពីរនេះមានទណ្ឌិតជិត ៧០០នាក់។ ទោះជាយ៉ាងណាក្ដី អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព ឱ្យកាសែត ភ្នំពេញ ប៉ុស្តិ៍ ដឹងក្រោយការប្រជុំចុងក្រោយ កាលពីពេលថ្មីៗ នេះថា ក្រសួងយុត្តិធម៌សម្រេចបញ្ជូនឈ្មោះទណ្ឌិតតែជាង ៤០០នាក់ប៉ុណ្ណោះ ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសម្រេច មុននឹងស្នើសុំទៅព្រះមហាក្សត្រ។ លោកលើកឡើងទៀតថា ក្រសួងយុត្តិធម៌មិនផ្ដល់ការអនុគ្រោះនេះ ដល់ទណ្ឌិត ដែលប្រព្រឹត្តិបទល្មើសគ្រឿងញៀនធ្ងន់ៗ បទល្មើសព្រហ្មទណ្ឌ ឧក្រិដ្ឋមួយចំនួនទៀត មានចរិតសាហាវយង់ឃ្នង ឬប្រព្រឹត្តនោះបង្កលើសាច់ញាតិរបស់ខ្លួនខ្លួននោះទេ។
វិទ្យុអាស៊ីសេរីមិនអាចការបញ្ជាក់បន្ថែមអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានទេ នៅថ្ងៃទី១៨ ខែមេសា។
គិតមកដល់ថ្ងៃទី១៨ ខែមេសា មិនទាន់ឃើញមានការផ្សព្វផ្សាយពីព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ពីការលើកលែង ឬបន្ធូរបន្ថយទោសទណ្ឌិតនេះនៅឡើយទេ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន។ ចំណែកអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ប្រាប់ថា លោកមិនបានដឹងរឿងនេះទេ ព្រោះករណីហួសសមត្ថកិច្ចរបស់លោកហើយ ដែលស្ថិតក្នុងការទទួលខុសត្រូវរបស់ក្រសួងយុត្តិធម៌។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត ស្នើសុំថា ការលើកលែងទោស ឬបន្ធូរបន្ថយទោសទណ្ឌិត គួរអនុវត្តឱ្យបានស្មើភាពគ្នារវាងអ្នកជាប់ឃុំទាំងអស់។ លោកបន្តទៀតថា ប្រសិនបើការលើកលែងទោស ឬបន្ធូរបន្ថយមិនបានអនុវត្តឱ្យត្រឹមត្រូវតាមច្បាប់នឹងនាំឱ្យមានការរិះគន់។
លោក អំ សំអាត៖ «គ្រាន់តែចង់ឃើញការផ្ដល់ហ្នឹង បើសិនជាអ្នកជាប់ហ្នឹង គាត់គោរពលក្ខខណ្ឌបានដូចគ្នា ហើយមិនមានការរើសអើងទេ ត្រូវតែផ្ដល់ដូចគ្នា ហើយបើសិនជាលក្ខខណ្ឌដូច ហើយមានការរើសអើងនិន្នាការ ឬក៏រឿងអ្នកមានអ្នកក្រ បង្កឱ្យមានការរិះគន់ហើយ អត់ស្មើភាពគ្នាទេ»។
ការលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត ធ្វើឡើង ៥ដងក្នុងមួយឆ្នាំ។ ព្រឹត្តិការណ៍ទាំងនោះ រួមមាន ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំថ្មី បុណ្យវិសាខបូជា បុណ្យឯករាជ្យ និងព្រះរាជពិធីបុណ្យអុំទូក។ ទោះយ៉ាងណា សកម្មជនបក្សប្រឆាំងជាង ៧០នាក់ កំពុងជាប់ឃុំ ដែលអ្នកខ្លះជាប់ឃុំច្រើនឆ្នាំមកហើយក្ដី មិនត្រូវទទួលបានអនុគ្រោះនេះពីលោក ហ៊ុន សែន នោះទេ។ ផ្ទុយទៅវិញ លោក ហ៊ុន សែន បានស្នើលើកលែងដល់ឧក្រិដ្ឋជនមួយចំនួន ដូចជា អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ដែលត្រូវជាប់ពន្ធនាគារជាង ១០ឆ្នាំ ក្នុងរឿងក្ដីឃាតកម្មលើស្ត្រីកំណាន់របស់ខ្លួន។ ចំណែកឧកញ៉ាពីររូបទៀត គឺឧកញ៉ា ថោង សារ៉ាត់ ដែលជាប់ទោសក្នុងសំណុំរឿងសម្លាប់មនុស្ស និងឧកញ៉ា គិត ធាង ជាប់ទោសក្នុងសំណុំរឿងគ្រឿងញៀន ក៏ត្រូវបានតុលាការផ្ដល់សេរីដោយមិនខ្វល់ពីការរិះគន់ពីមតិមហាជននោះឡើយ៕
1 comment:
Hun Sen imprisoned Khmer patriots for thank you peace.
Post a Comment