Saturday, 2 March 2024

អ្នកវិភាគ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​សន្តិសុខ​ដើម្បី​បង្កើត​ភាព​កក់ក្ដៅ​ដល់​អ្នក​ទេសចរ

 

Khmer Circle: Well, they say whenever you open your doors and windows long enough all the flies and insects will get in...

^^^  

ដោយ សុជីវី
2024.03.01

អ្នកវិភាគ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​សន្តិសុខ​ដើម្បី​បង្កើត​ភាព​កក់ក្ដៅ​ដល់​អ្នក​ទេសចរ  
ភ្ញៀវទេសចរមកទស្សនាតំបន់អង្គរ កាលពីថ្ងៃទី១១ ខែ​កុម្ភៈ ឆ្នាំ​២០២៤។
រូប៖ ហ្វេសប៊ុកក្រសួងទេសចរណ៍

រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រឹងប្រែង​ទាក់ទាញ​អ្នក​ទេសចរ​បរទេស​ពិសេស​គឺ​ជន​ជាតិចិន ឱ្យ​បាន​កាន់តែ​ច្រើន​សម្រាប់​ស្វែង​រក​ចំណូល​ថវិកា​ជាតិ។

ក៏ប៉ុន្តែ​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​កម្ពុជា មិន​បាន​ឆ្លើយតប​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាក់ទាញ​នេះ​ឡើយ ដោយសារ​ភ្ញៀវ​ទេសចរ ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព។

កម្ពុជា​គួរតែ​ពង្រឹង​វិធានការ​ការពារ​សន្តិសុខ សុវត្ថិភាព​ឱ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​សង្គម និង​អ្នកទេសចរ​បាន​ល្អ​សិន ទើប​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​និង​បរទេស ឱ្យ​ចូល​មក​កំសាន្ត​ចំនួន​បាន​ប្រសើរ​ឡើងវិញ​។ នេះ​បើ​តាម​យល់ឃើញ​របស់​អ្នកវិភាគ​សង្គម​និង​នយោបាយ​។

អ្នកជំនាញ​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​និង​ការសិក្សា​ស្រាវជ្រាវ លោក សេក សុជាតិ យល់​ថា បច្ចុប្បន្ននេះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ក៏ដូចជា​ប្រទេស​ដទៃទៀត ឱ្យ​មកលេង​កម្ពុជា​បាន​ច្រើន ចាំបាច់​កម្ពុជា​ត្រូវ​ពង្រឹង​សន្តិសុខ​និង​សុវត្ថិភាព​សម្រាប់​ជនបរទេស។

លោក សេក សុជាតិ៖ «យើង​ដឹង​ហើយ​ថា បញ្ហា​ភ្ញៀវ​ទេសចរ បើ​ទោះ​បី​ជា​មិន​យក​ថ្លៃ​ទិដ្ឋាការ​ក៏​គាត់​មិន​ហ៊ាន​មក​ដែរ ពីព្រោះ​កម្ពុជា​ធ្លាប់​មាន​ការ​បំពុល​អំពី​បញ្ហា​អំពើ​ចាប់ជំរិត​តាម​អនឡាញ ហើយ​ការ​លេង​ល្បែងស៊ីសង​គឺ​គគ្រឹកគគ្រេង​ពេក​។ ដូច្នេះ​ក្នុង​ដំណាក់​កាល​នេះ ខ្ញុំ​យល់​ថា អ្វី​ដែល​កម្ពុជា​គួរ​ធ្វើ គឺ​ពង្រឹង​សន្តិសុខ​និង​លំហ​បរិយាកាស​នៃ​ការ​ធ្វើ​ដំណើរ​របស់​ទេសចរ​បរទេស​នៅ​កម្ពុជា ឱ្យ​មាន​សុវត្ថិភាព​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​ជាដើម ទើប​ជា​យុទ្ធសាស្ត្រ​ល្អ»

 

អ្នកវិភាគ​ខ្លះ​ទៀត​ថា កម្ពុជា​នៅ​មាន​សមត្ថភាព​ទន់ខ្សោយ​ក្នុង​ការ​គ្រប់គ្រង​ក្រុម​ឧក្រិដ្ឋជន​ចិន ដែល​អាច​នឹង​ជ្រៀតចូល​តាមរយៈ​អ្នកទេសចរ ធ្វើ​ឱ្យ​កម្ពុជា​ខូច​កេរ្តិ៍ឈ្មោះ​នៅ​លើ​ឆាក​អន្តរជាតិ ព្រមទាំង​ធ្វើ​ឱ្យ​សង្គម​ប្រឈម​និង​បញ្ហា អសន្តិសុខ ភាព​ភ័យខ្លាច​ជាច្រើន ជាហេតុ​ធ្វើ​ឱ្យ​អ្នកទេសចរ​មិន​សូវ​ហ៊ាន​មកលេង។

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​សិក្សា​កិច្ចការ​សង្គម និង​នយោបាយ លោក ប៉ោ មករា យល់ថា​កម្ពុជា​គួរតែ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ព្រមទាំង​បំបាត់​អំពើពុករលួយ​ផង នោះ​ពិតជា​អាច​ទប់ស្កាត់​ក្រុម​ឧក្រិដ្ឋជន​ចិន​ដែល​ចូល​មក​បើក​ល្បែងស៊ីសង ប្រព្រឹត្ត​អំពើ​ចាប់ជំរិត​មនុស្ស​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ការ​ជួញដូរ​មនុស្ស ការ​លាង​លុយ​ក្រ​ខ្វក់ និង​អំពើ​ជួញដូរ​គ្រឿងញៀន យ៉ាង​មាន​ប្រសិទ្ធភាព ទើប​អាច​ទទួល​បាន​អ្នកទេសចរ អ្នកជំនួញ​ចិន​ល្អៗ​មក​ជំនួស​វិញ។

លោក ប៉ោ មករា៖ «បើសិនជា​កម្ពុជា​រឹតបន្តឹង​ខ្ញុំ​គិត​ថា ជា​សញ្ញា​ល្អ​មួយ​ដែរ សម្រាប់​ការ​ចម្រាញ់​យក​ជន​ជាតិចិន ដែល​គេ​វិនិយោគទុន​ធំៗ​ល្អៗ​មក​ធ្វើការ​នៅ​កម្ពុជា ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។ វា​ជា​ការ​គួរ​ឱ្យ​រឹត​បន្តឹង​ដែរ ពាក់ព័ន្ធ​និង​ការ​ត្រួត​ពិនិត្យ​និង​ការ​បំពេញ​បែបបទ​ចូល​មក​កាន់​ប្រទេស​កម្ពុជា ត្រូវតែ​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធភាព​ដោយ​កុំ​ឱ្យ​មាន​អំពើពុករលួយ ហើយ​កុំឱ្យ​ស្មុគស្មាញ​ក្នុង​នីតិវិធី​នៃ​ការ​បំពេញ​ឯកសារ​សម្រាប់​អ្នក​ទេសចរ​និង​អ្នក​ចូល​មក​រកស៊ី​នៅ​កម្ពុជា»

កាល​ពី​ឆ្នាំ​២០២៣ កម្ពុជា​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ សរុប​៥​លាន​៤៥​ម៉ឺន​នាក់​។ ក្នុងចំណោម​នោះ​ភ្ញៀវ​ទេសចរ​ចិន មាន​ចំនួន​ជាង ៥៤​ម៉ឺន​នាក់។

ចំនួន​ភ្ញៀវ​ទេសចរ​ចិន ដែល​មកលេង​កម្ពុជា​បច្ចុប្បន្ន​នេះ គឺ​ធ្លាក់ចុះ​ខ្លាំង បើ​ប្រៀបធៀប​ទៅ​និង​មុន​ពេល​ជំងឺ​កូ​វីដ​-១៩​ដោយ​ធ្លាប់តែ​កើនឡើង​រហូត​ដល់​២​លាន ២​សែន​នាក់។

វិទ្យុ​អាស៊ីសេរី មិនអាច​សុំ​ការអធិប្បាយ​ជុំវិញ​រឿង​នេះ ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា បាន​នៅឡើយ កាល​ពី​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ។

ក៏ប៉ុន្តែ​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ធ្លាប់​បាន​បញ្ចេញ​ប្រតិកម្ម នៅក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ (ចាក់​អង្រែ​ក្រោម​-​ព្រែកប្រា​) កាលពី​ថ្ងៃទី​១៩ ខែ​កុម្ភៈ ថា ដោយសារតែ​បរទេស​ខ្លះ​ផ្សព្វផ្សាយ​អាក្រក់​ពី​កម្ពុជា ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស ជាពិសេស​គឺ​ជន​ជាតិចិន​មានការ​ភ័យខ្លាច​មិន​ហ៊ាន​មក​ទស្សនា​កម្ពុជា។

លោក ហ៊ុន ម៉ាណែត៖ «ជាពិសេស​ប្រជាពលរដ្ឋ​ចិន មានការ​ព្រួយបារម្ភ​មួយចំនួន​រឿង​សន្តិសុខ​នៅ​កម្ពុជា ដោយសារ​ឃើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​មួយចំនួន​ផ្សព្វផ្សាយ​អត់​គ្រប់​ជ្រុងជ្រោយ​។ កន្លងទៅ​ក៏​មាន​វីដេអូ​ខ្លះ​ផលិត​ចេញ​មក​បំភ័យ តើ​នេះ​វា​មាន​យុត្តិធម៌​សម្រាប់​យើង​ដែរ​ឬ​ទេ​?​។ សូម​កាសែត​បរទេស​ដែល​នៅ​ទី​នេះ មក​ចាប់​យក​ព័ត៌មាន​ទៅ​ផ្សព្វផ្សាយ​ថែមទៀត ដើម្បី​ឱ្យ​បរទេស​នៅ​កម្ពុជា និង​នៅ​ខាងក្រៅ​បាន​យល់​ច្បាស់​ផង។ ឱ្យ​ឃើញ​ច្បាស់​ទៅ​ថា រឿង​ខ្លះ វា​កើត​ពី​ការ​ប្រឌិត​វា​មិនមែន​ការពិត ឱ្យ​គេ​យល់​ផង​ទៅ»

របាយការណ៍​របស់​ក្រសួងមហាផ្ទៃ ឱ្យ​ដឹង​ទៀត​ថា ក្នុង​ឆ្នាំ​២០២៣ បទល្មើស​ឧក្រិដ្ឋ​បាន​កើតឡើង​ចំនួន​ជាង​៦​រយ (៦០៥) ករណី ហើយ​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ចំនួន​ជាង ១​ពាន់​(.០៦៥)​នាក់​។​

ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន គឺ​មាន​ចំនួន​ជាង ៧​ពាន់ (៧០៦២) ករណី ដោយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​ជាង ១​ម៉ឺន​៧​ពាន់ (១៧.៣៦៣) នាក់ ដែល​ក្នុង​ចំណោម​នោះ​មាន​ជនបរទេស​ចំនួន​ជាង ៤​រយ (៤៤១)​នាក់ មក​ពី​១៥​សញ្ជាតិ៕

No comments: