Friday 19 April 2024

អ្នកឃ្លាំមើល​ថា ការ​បង្ហាញ​តួលេខ​ភ្ញៀវ​ទេសចរ​ជាង ២១​លាន​នាក់ ពេល​បុណ្យ​ចូលឆ្នាំថ្មី មិន​ស្រប​នឹង​ទិដ្ឋភាព​ជាក់ស្ដែង


ដោយ ប្រាជ្ញ ចេវ
2024.04.19
 
អ្នកឃ្លាំមើល​ថា ការ​បង្ហាញ​តួលេខ​ភ្ញៀវ​ទេសចរ​ជាង ២១​លាន​នាក់ ពេល​បុណ្យ​ចូលឆ្នាំថ្មី មិន​ស្រប​នឹង​ទិដ្ឋភាព​ជាក់ស្ដែង  
ទិដ្ឋភាពពលរដ្ឋទៅលេងកម្សាន្ត​ក្នុងពិធីបុណ្យចូលឆ្នាំថ្មី នៅទីរួមខេត្ត​កំពង់ស្ពឺ កាលពីថ្ងៃទី១៦ មេសា ២០២៤។
រូប៖ តេឡេក្រាមលោក ហ៊ុន ម៉ាណែត

អ្នកឃ្លាំមើល និង​ប្រជាពលរដ្ឋ​ថា ការ​បង្ហាញ​តួលេខ​ភ្ញៀវ​ទេសចរ ដើរ​លេង​កម្សាន្ត ជាង​២១​លាន​នាក់ ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី រយៈពេល​៤​ថ្ងៃ របស់​មន្ទីរ​ទេសចរណ៍ រាជធានី​-​ខេត្ត មិន​ឆ្លុះបញ្ចាំង​ការ​ពិត​នោះ​ទេ។ ពួកគាត់​ថា តួលេខ​នេះ ធ្វើ​ឡើង​ជា​ការ​បំពេញ​ចិត្ត​ថ្នាក់លើ ដើម្បី​កេង​ចំណេញ​ផល​ប្រយោជន៍​នយោបាយ។

អ្នកឃ្លាំមើល និង​ប្រជាពលរដ្ឋ ហាក់​អស់សំណើច​ចំពោះ​តួលេខ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ជាង​២១​លាន​នាក់ ដែល​បង្ហាញ​ដោយ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ព្រោះ​ពួកគាត់​ជឿ​ថា ជា​ការ​បំផ្លើស​ជ្រុល​ហួសហេតុ និង​ផ្ដល់​និយមន័យ​អ្នក​ទេសចរណ៍​មិនបាន​ត្រឹមត្រូវ។

ប្រធាន​សមាគម​ស្ត្រី​អ្នក​រត់​រ៉ឺម៉ក​កង់​បី នៅ​ខេត្ត​សៀមរាប លោកស្រី គឹម សុខលាង ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៨ ខែ​មេសា ថា ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ ក្នុង​ខេត្ត​សៀមរាប ថ្មីៗ​នេះ ពុំ​សូវ​ឃើញ​មាន​ភ្ញៀវ​ទេសចរ ដើរ​លេង​កម្សាន្ត ដូច​មុនៗ​នោះ​ទេ ដោយសារតែ ការ​រៀបចំ ពិធី​ប្រពៃណី មិន​បាន​ធ្វើ​នៅ​តាម​ប្រាសាទបុរាណ ស្រប​ពេល​ជីវភាព​ពលរដ្ឋ​កាន់​តែ​ខ្វះខាត។

 

រីឯ ការ​ចេញ​តួលេខ​របស់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ពី​ភ្ញៀវ​ទេសចរណ៍ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ នៅពេល​ថ្មីៗ​នេះ ជាង​២១​លាន់​នាក់​នោះ លោកស្រី​ថា ពុំ​ត្រឹមត្រូវ​។ ជាក់ស្ដែង ពលរដ្ឋ​ភាគច្រើន ពុំ​សូវ​មាន​ថវិកា​ដើរលេង​សប្បាយ​នោះ​ទេ។ ចំណែក​ភ្ញៀវ​បរទេស ក៏​មាន​តិច​តូច ដែល​មក លេង​ខេត្ត​សៀមរាប។

លោកស្រី គឹម សុខលាង៖ «ក្រសួង​ទេសចរណ៍​បង្ហាញ​តួលេខ​ខុស​។ បើ​ក្រសួង​ទេសចរណ៍ ពិតជា​ក្រសួង​ទេសចរណ៍​ដ៏​ត្រឹមត្រូវ មក​ផ្ទៀងផ្ទាត់ ហើយ​មក​និយាយ ហើយ​ប្រឹក្សា ជាមួយ​នឹង​ប្រជាជន​ផ្ទាល់​ដែល​គាត់​ដឹក​ភ្ញៀវ​រាល់ថ្ងៃ។ ក្រសួង​ទេសចរណ៍ មិន​ដែល​សហការ​ជាមួយ​ពួក​យើង​ទាល់តែសោះ​។ កន្លងមក​ក្រសួង​ធ្លាប់​អញ្ជើញ​ខ្ញុំ​ទៅ ខ្ញុំ​តែង​លើ​ការ​តវ៉ា ឥឡូវ​ក្រសួង​ទេសចរណ៍ មិន​ដែល​អញ្ជើញ​ខ្ញុំ ទៅ​ទៀត»

ការ​លើកឡើង​នេះ ស្រប​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហាក់​រំភើបចិត្ត និង​បាន​បង្ហោះ​លើ​ហ្វេសប៊ុក (Facbook) របស់​លោក នៅ​ថ្ងៃទី​១៨ ខែ​មេសា ដោយ​បង្ហាញ​ពី​ស្ថិតិ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ថា ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ រយៈពេល​៤​ថ្ងៃ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជាង ២១​លាន់​នាក់ បាន​ដើរលេង​កម្សាន្ត​។ ក្នុង​នោះ​ក៏​មាន​ភ្ញៀវ​បរទេស ជាង​១០​ម៉ឺន​នាក់។

អ្នកឃ្លាំមើល​សង្គម​លើកឡើង​ថា ស្ថិតិ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​បង្ហាញ​មក​នេះ ពុំ​ឆ្លុះបញ្ចាំង​ពី​ការពិត​នោះ​ទេ។ បើ​ប្រៀបធៀប​នឹង​ពិធីបុណ្យ​ចូលឆ្នាំ​មុនៗ មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ប្រមាណ​ជាង​៥​លាន​នាក់ ទៅ​៦​លាន​នាក់។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក លោក វន់ ពៅ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា រយៈពេល​៤​ថ្ងៃ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​នេះ ប្រជាពលរដ្ឋ និង​យុវជន​ច្រើន​ដើរលេង​កម្សាន្ត​។ ក៏ប៉ុន្តែ ពុំ​ច្រើន​លើសលប់ ដូច​ការ​អះអាង របស់​មន្ទីរ​ទេសចរណ៍ រាជធានី​-​ខេត្ត​នោះ​ទេ ស្រប​ពេល​ដែល​ប្រជាជន​ខ្មែរ​ប្រមាណ​តែ ១៦​លាន់​នាក់។

យ៉ាងណា លោក វន់ ពៅ ថា ការ​បង្ហាញ​ស្ថិតិ​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ ឬ​អន្តរជាតិ​ច្រើន ឬ​អត់ ពុំ​សំខាន់​នោះ​ឡើយ ។ លោក​បន្ត អ្វី​ដែល​សំខាន់​នោះ គឺ​រដ្ឋាភិបាល ត្រូវ​គិតគូរ ពី​ជីវភាព​ពលរដ្ឋ និង​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ពេញលេញ​ទើប​ជា​រឿង​ប្រសើរ ជាជាង គិត តែ​ពី​ចំនួន តួលេខ ភ្ញៀវ​ទេសចរ កើន ឬក៏​ថយ​ចុះ។

លោក វន់ ពៅ៖ «ទី​១​ធ្វើ​យ៉ាងណា ឱ្យ​សេដ្ឋកិច្ច​ពលរដ្ឋ​នឹង​មាន​ការ​កើនឡើង បាន​ស៊ី​ជាមួយនឹង​ចំនួន​អ្នក​ដែល​ទៅ​ដើរលេង​នៅ​តំបន់​កម្សាន្ត ឬក៏​ភ្ញៀវ​ទេសចរ ។ អ្វី​ដែល​សំខាន់​ធ្វើ​ឱ្យ​សេដ្ឋកិច្ច ពលរដ្ឋ​កើន​ឡើង មាន​ជីវភាព​ធូរធារ ឈប់​ជំពាក់​បំណុល​ធនាគារ។ ធ្វើ​ឱ្យ​ទាក់ទាញ​ភ្ញៀវ​ទេសចរ រៀបចំ​សន្តិសុខ សង្គម ឱ្យ​បាន​ស្អាត​ឱ្យ​បាន​ល្អ​។ ហើយ​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​មានការ​គោរព​សិទ្ធិមនុស្ស មាន​លំហ​ប្រជាធិបតេយ្យ ខ្ញុំ​គិតថា​ជា​រឿង​ល្អ​វិញ»

នៅ​ថ្ងៃទី៥ ខែមីនា ក្រសួង​ទេសចរណ៍​បង្ហាញ​ថា នៅ​ខែមករា ឆ្នាំ​២០២៤ មាន​ភ្ញៀវ​បរទេស​ជាង ៥​០ម៉ឺន​នាក់ (៥៤០.០២៣) នាក់ ចូល​មក​ប្រទេស​កម្ពុជា​។ បើ​ធៀប កាល​ពី​ខែ​មករា ឆ្នាំ​២០២៣ ជាង​៤០​ម៉ឺន (៤០២.៩៤៣)​នាក់​។ ក្នុងចំណោម​ភ្ញៀវ​ខាងលើ គឺ​ភ្ញៀវ​មកពី​ប្រទេស​ថៃ វៀតណាម និង​ឡាវ។

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មើល​ឃើញ​ថា បើ​ទោះបី​វិបត្តិ​កូវីដ​-១៩ ត្រូវ​បាន​បិទ​បញ្ចប់​ក្ដី ប៉ុន្តែ ភ្ញៀវ​ទេសចរ​ជាតិ​និង អន្តរជាតិ ដែល​មក​ដើរ​លេង​កម្សាន្ត នៅ​តំបន់​អង្គរវត្ត និង​រមណីយដ្ឋាន នានា ពុំ​សូវ​ឃើញ​មាន​ច្រើន​នោះ​ទេ​។ ករណី​នេះ ពលរដ្ឋ ដែល​រកស៊ី​ពឹង​អាស្រ័យ​លើ​វិស័យ​ទេសចរណ៍ ដូចជា​អ្នក​លក់​ដូរ​ម្ហូបអាហារ វត្ថុ​អនុស្សាវរីយ៍ អ្នក​រត់​រ៉ឺម៉ក​កង់​បី និង​ក្រុម​មគ្គ​ទេសចរណ៍ ត្អូញត្អែរ ពី​ជីវភាព​លំបាក គ្មាន​ចំណូល​ទៀងទាត់ បើ​ទោះបី​កម្ពុជា បាន​រៀបចំ​ពិធីបុណ្យ​ជាតិ ដើម្បី​ទាក់ទាញ ភ្ញៀវ​ទេសចរ​ជា​ហូរហែ​ក៏ដោយ៕

No comments: