Friday 19 April 2024

លោក ហ៊ុន ម៉ាណែត ឱ្យ​កងកម្លាំង​ទប់ស្កាត់​ការប៉ុនប៉ង​បង្កើត​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា

 

ដោយ ខាន់ លក្ខិណា
2024.04.19

លោក ហ៊ុន ម៉ាណែត ឱ្យ​កងកម្លាំង​ទប់ស្កាត់​ការប៉ុនប៉ង​បង្កើត​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា  
 
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុង​ពិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន របស់សាកលវិទ្យាល័យការពារជាតិ កាលពីថ្ងៃទី១៩ មេសា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

លោក ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​កងយោធពល​ខេមរភូមិន្ទ ត្រូវ​ត្រៀម​ទប់ស្កាត់​កម្លាំង​អមិត្ត ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ប៉ុនប៉ង​បង្កើត​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល លើកឡើង​ថា នៅ​ប្រទេស​កម្ពុជា​គ្មាន​បដិវត្តន៍​ពណ៌​នោះ​ទេ។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​សហ​សិក្សា អគារ​ស្នាក់នៅ និង​អគារ​អាហារដ្ឋាន នៅ​សាកលវិទ្យាល័យ​ការពារ​ជាតិ​នៅ​ថ្ងៃទី​១៩ ខែ​មេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំ​ឱ្យធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ក្នុង​កង​យោធពល​ខេមរភូមិន្ទ​។ លោក​ថា កងយោធពល​ខេមរភូមិន្ទ ត្រូវតែ​ជា​កម្លាំង​ដែល​មាន​ថាមពល​ខ្លាំង ដើម្បី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​នៅ​គ្រប់​កាលៈទេសៈ។

លោក ហ៊ុន ម៉ាណែត៖ «ធ្វើ​ឱ្យ​បរាជ័យ​រាល់​ឧបាយកល និង​សកម្មភាព​របស់​កម្លាំង​អមិត្ត​ទាំង​ក្នុង និង​ក្រៅប្រទេស​ដែល​ប៉ុនប៉ង​​បង្កើត​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា បង្ក​អសន្តិសុខ​ដល់​សង្គមជាតិ ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ ត្រូវ​ថែរក្សា​សន្តិភាព​ឱ្យ​បាន ហើយ​សកម្ម​រួម​ចំណែក​ទប់ស្កាត់​បង្ក្រាប​រាល់​បទល្មើស​បាន​ទាន់​ពេល​វេលា»

 

យ៉ាងណា លោក ហ៊ុន ម៉ាណែត មិន​បាន​បញ្ជាក់​ថា កម្លាំង​អមិត្ត​ទាំង​ក្នុង និង​ក្រៅប្រទេស គឺជា​ក្រុម​ណា ឬ​នរណា​នោះ​ទេ​។ ប៉ុន្តែ​កន្លងមក រដ្ឋាភិបាល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត តែង​ចោទប្រកាន់​ផ្សារភ្ជាប់​សកម្មភាព​តវ៉ា ការ​សម្ដែង​មតិ​របស់​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ពី​ការ​រំលោភបំពាន​ការងារ​និង​រឿង​ដីធ្លី​ថា ជា​ក្រុម​បដិវត្តន៍​ពណ៌។

ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​ចាត់ទុកថា ការចោទប្រកាន់​របស់​រដ្ឋាភិបាល​នេះ គ្រាន់​តែ​ជា​លេស ដើម្បី​បង្ក្រាប​ទៅលើ​សំឡេង​រិះគន់ និង​សំឡេង​ប្រឆាំង​ក្នុង​បំណង​រក្សា​អំណាច​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ។មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យី សុខសាន្ត ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១៩ ខែមេសា ថា កម្ពុជា គឺជា​ប្រទេស​កាន់​របប​ប្រជាធិបតេយ្យ ដូច្នេះ ចាញ់​ឈ្នះ​លើ​សន្លឹកឆ្នោត ហើយ​បើ​ធ្វើ​ល្អ​ប្រជាពលរដ្ឋ​នឹង​គាំទ្រ។

លោក​ស្នើ​ទៅ​រដ្ឋាភិបាល ឱ្យ​លុបចោល​ពាក្យ​«​បដិវត្តន៍​ពណ៌​» និង​ឈប់​ចោទប្រកាន់​លើ​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​ប្រជាពលរដ្ឋ ហើយ​ងាក មក​រៀបចំ​យន្តការ​ច្បាប់​ឱ្យ​ល្អ និង​នាំគ្នា​គោរព​ច្បាប់​ទាំងអស់គ្នា ដើម្បី​ប្រទេសជាតិ​រីកចម្រើន។

លោក យី សុខសាន្ត៖ «ខ្ញុំ​ស្នើសុំ​ដ៏​ទទូច​រាជរដ្ឋាភិបាល​គួរ​លុបចោល​ទៅ​អា​រឿង​បដិវត្តន៍​ពណ៌​អី​នោះ​។ ប្រទេស​យើង​ជា​ប្រទេស​ប្រជាធិបតេយ្យ យើង​គួរ​នាំគ្នា​រៀបចំ​យន្តការ​ច្បាប់​ឱ្យ​ល្អ ហើយ​ឱ្យ​នាំគ្នា​គោរព​ច្បាប់​ទាំងអស់គ្នា​ទៅ អាហ្នឹង​បាន​ប្រទេស​យើង​បាន​រីកចម្រើន ហើយ​បើ​យើង​នៅតែ​ខឹង​អ្នកណា​លាប​ពណ៌​អ្នកនោះ ចោទប្រកាន់​សុទ្ធតែ​ក្រុម​បដិវត្តន៍​ពណ៌ អាហ្នឹង​គឺជា​ការ​នឹក​ឃើញ​ដដែល នៅពេល​គេ​ចោទ​ប្រកាន់​នរណា​ម្នាក់ យើង​តែ​នឹកឃើញ​កាលពី​អតីតកាល ១៩៧៥-១៩៧៩ ដែល​ជា​ក្រុម​ប្រល័យពូជសាសន៍​។ នៅ​ពេល​ណា​ដែល​គាត់​ចង់​សម្លាប់​មនុស្ស ចង់​ធ្វើ​បាប​មនុស្ស គាត់​តែ​ចោទ​ថា អ្នក​នេះ ជា​ខ្មាំងសត្រូវ ហើយ​យក​គាត់​ទៅ​សម្លាប់​ដោយ​អយុត្តិធម៌»

ពាក្យ​បដិវត្តន៍​ពណ៌​នេះ ត្រូវ​បាន​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ឪពុក​របស់​លោក ហ៊ុន ម៉ាណែត ព្រមទាំង​ក្រុមមន្ត្រី​រដ្ឋាភិបាល​លើក​ឡើងជា​ញឹកញាប់ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ត្រូវ តុលាការ​កំពូល​រំលាយ​ចោល កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ ដែល​ចោទ​គណបក្ស​នេះ​និង​លោក កឹម សុខា ថា​បាន​រៀប​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដោយមាន​ការ​គាំទ្រ​ពី​សហរដ្ឋអាមេរិក។

ប៉ុន្តែ ខ្លឹមសារ​ចោទប្រកាន់​នេះ ត្រូវ​បាន​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ សង្គម​ស៊ីវិល​ជាតិ សហរដ្ឋអាមេរិក និង​សហគមន៍​អន្តរជាតិ​ច្រានចោល ហើយ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​មាន​ភស្តុតាង​ណាមួយ ដើម្បី​គាំទ្រ​ការចោទប្រកាន់​របស់​ខ្លួន អំពី​បដិវត្តន៍​ពណ៌​នោះ​ឡើយ៕

1 comment:

Anonymous said...

It looks like the paranoia disease is contagious, from the father fucker Hun Sen to the son of a bitch Hun Manet.