Tuesday 23 April 2024

បក្ស​កម្លាំង​ជាតិ​ធ្វើ​បាតុកម្ម​ទាមទារ​រដ្ឋាភិបាល​ស្ដារ​ប្រជាធិបតេយ្យ និង​ដោះលែង​អ្នក​ជាប់​ឃុំ​នយោបាយ


ដោយ ច័ន្ទ ដារ៉ូ
2024.04.22

បក្ស​កម្លាំង​ជាតិ​ធ្វើ​បាតុកម្ម​ទាមទារ​រដ្ឋាភិបាល​ស្ដារ​ប្រជាធិបតេយ្យ និង​ដោះលែង​អ្នក​ជាប់​ឃុំ​នយោបាយ  
 
សកម្មជន និង​អ្នក​ដឹក​នាំ​គណបក្ស​​កម្លាំង​ជាតិ​ ​ប្រមូល​ផ្ដុំ​​គ្នា​ នៅ​ខាង​មុខ​ទីស្នាក់ការ​គណបក្ស នៅ​ថ្ងៃ​ទី២២ ខែមេសា ឆ្នាំ២០២៤ ធ្វើបាតុកម្ម​ទាមទារ​រដ្ឋាភិបាល​​ឱ្យ​ស្តារ​ប្រជាធិបតេយ្យ និង​ដោះលែង​អ្នក​ជាប់ឃុំ​ក្រោម​ហេតុផល​នយោបាយ។
រូបពីពលរដ្ឋ

គណបក្ស​​កម្លាំង​ជាតិ​ នៅ​ថ្ងៃ​ទី២២ មេសា បាន​ប្រមូល​ផ្ដុំ​សកម្មជន​ធ្វើបាតុកម្ម​ទាមទារ​រដ្ឋាភិបាល​​ឱ្យ​ស្តារ​ប្រជាធិបតេយ្យ និង​ដោះលែង​អ្នក​ជាប់ឃុំ​ក្រោម​ហេតុផល​នយោបាយ។ ចំណែក​មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា ​រដ្ឋាភិបាល​គួរ​ដោះ​ស្រាយ​វិវាទ​នយោបាយ​ឱ្យ​បាន​ឆាប់ ជាពិសេស ទទួល​យក​មតិ​យោបល់​របស់​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​ទៅ​កែ​លម្អ​ ដើម្បី​តម្កល់​ផល​ប្រយោជន៍​ជាតិ​រួម។

ដូច​ការ​គ្រោង​ទុក ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​កម្លាំង​ជាតិ រួម​ជាមួយ​គ្រួសារ​អ្នក​ជាប់ឃុំ​ប្រមាណ ២០០នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី នៅ​មុខ​ទីស្នាក់ការ​បក្ស​ស្ថិត​នៅ​ភូមិ​ព្រែកតាឡុង១ សង្កាត់​ចាក់អង្រែក្រោម ​ខណ្ឌ​មានជ័យ បន្ទាប់​ពី​អាជ្ញាធរ​ក្រុងភ្នំពេញ ហាមឃាត់​ពួកគេ​មិន​ឱ្យ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ។

តែ​យ៉ាង​ណា​ពួកគេ​បង្ខំចិត្ត​ប្រមូល​ផ្ដុំ​សម្ដែង​មតិ​នៅ​មុខ​ទីស្នាក់ការ​បក្ស​វិញ​ដោយ​អ្នក​ខ្លះ​ឈរ​លើក​បដា អ្នកខ្លះ​ទៀត​លើក​រូបថត​អ្នកជាប់ឃុំ និង​ស្រែក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សមាជិក​បក្ស​កម្លាំង​ជាតិ​ពីរ​រូប​គឺ​លោក គា វិសាល និង​លោក អ៊ំ វីរៈរដ្ឋ រួម​ជាមួយ​ថ្នាក់​ដឹកនាំ សកម្មជន​នយោបាយ សកម្មជន​សិទ្ធិមនុស្ស និង​មេ​សហជីព​ផ្សេងទៀត រួមមាន លោក ថាច់ សេដ្ឋា កញ្ញា សេង ធារី កញ្ញា ឈឹម ស៊ីថរ និង​លោក កើត សារ៉ាយ ជាដើម។

សម្រែកទាមទារ៖ «សូម​ដោះលែង​លោក អ៊ំ វីរៈរដ្ឋ! ដោះលែងៗ! សូម​ដោះលែង​លោក មឺ សេងហ៊! ដោះលែងៗ!»

 

ទន្ទឹម​នឹង​នេះ គ្រួសារ​និង​សាច់ញាតិ​អ្នក​ជាប់ឃុំ ព្រមទាំង​តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ក៏​បាន​កាន់​ក្បាល​មេក្រូ​រៀបរាប់​ពី​ទុក្ខសោក ការឈឺចាប់​បណ្ដាល​មក​ពី​អំពើ​អយុត្តិធម៌​នៅ​ក្នុង​សង្គម​កន្លងមក​ដែរ។

តំណាង​ក្រុម​ស្រ្តី​ថ្ងៃសុក្រ​លោកស្រី ព្រំ ចាន់ថា ថ្លែង​ថា ប្ដី​លោកស្រី​គឺ​លោក កាក់ កុម្ភារ និង​សកម្មជន​នយោបាយ​មួយ​ចំនួន​ទៀត​កំពុង​ជាប់ឃុំ​ដោយ​គ្មាន​កំហុស។ លោកស្រី ព្រំ ចាន់ថា រៀបរាប់​ថា ជាច្រើន​ឆ្នាំ​មក​នេះ​ពួក​លោកស្រី​​រស់​នៅ​លំបាក​ទាំង​ជីវភាព និង​គ្រាំគ្រា​ផ្លូវ​ចិត្ត ដោយសារ​រដ្ឋាភិបាល​យក​ប្រព័ន្ធ​តុលាការ​ចាប់ចង​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ​យក​​ទៅ​ដាក់គុក​រាប់​ឆ្នាំ​ឱ្យ​ព្រាត់​ពី​ប្រពន្ធ​កូន។ លោកស្រី​ស្នើ​យ៉ាង​ទទូច​ដល់​តុលាការ​ទម្លាក់​ការ​ចោទប្រកាន់ និង​ដោះលែង​សមាជិក​គ្រួសារ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។

លោកស្រី ព្រំ ចាន់ថា៖ «សូម​សំណូមពរ​ក៏​ដូច​សម្តេច ហ៊ុន ម៉ាណែត សូម​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ ប្រជាពលរដ្ឋ​តំណាង​ឱ្យ​ប្រទេស​មួយ រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ជា​អ្នក​បម្រើ​ពលរដ្ឋ មិន​មែន​មក​ធ្វើ​បាប​ពលរដ្ឋ មិន​មែន​មក​ចាប់​ពលរដ្ឋ​ដាក់​គុក​អ៊ីចឹង​ទេ ខ្ញុំ​សុំ​ឱ្យ​ឈប់​ធ្វើបាប​រាស្ត្រ​ខ្មែរ​ទៀត​ទៅ សូម​ដោះ​លែង​ក្រុម​គ្រួសារ​ពួក​ខ្ញុំ​មក​ដើម្បី​ជួប​ជុំ​ប្រពន្ធ​កូន»

ចំណែក​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ថ្លែង​ទៅកាន់​អ្នកគាំទ្រ​ថា ចាប់​តាំង​ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់។ លោក រ៉ុង ឈុន ប្ដេជ្ញា​ចិត្ត​តស៊ូ​ការពារ​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ជាពិសេស ជន​រងគ្រោះ​ពី​ការរំលោភ​បំពាន​នានា​នៅ​ក្នុង​សង្គម។ លោក​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​នយោបាយ សកម្មជន​សង្គម​ជាបន្ទាន់​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ។

លោក រ៉ុង ឈុន៖ «ការ​ចង្អុល​បង្ហាញ​ពី​សហគមន៍​អឺរ៉ុប សហរដ្ឋ​អាមេរិក ក៏​ដូច​មតិ​ជាតិ គឺ​គេ​ចង់​ឃើញ​កម្ពុជា​ស្ដារ​ឡើងវិញ​នូវ​ការ​គោរព​សិទ្ធិមនុស្ស សេរីភាព និង​ប្រជាធិបតេយ្យ​ដែល​បាន​កំណត់​នៅ​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដូច្នេះ​សូម​ឱ្យ​ពិចារណា​ឡើងវិញ​ទាក់ទង​រឿង​ទាំងអស់​នេះ ដើម្បី​បញ្ចប់​វិវាទ បញ្ឈប់​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​មក​ដាក់​សម្ពាធ​លើ​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ត្រូវ​បញ្ចប់​ពី​ពេលនេះ​ត​ទៅ​បងប្អូន»

ការ​ចេញ​តវ៉ា​របស់​គណបក្ស​ប្រឆាំង និង​គ្រួសារ​ជន​ជាប់ឃុំ​នេះ​គឺ​បន្ទាប់​ពី​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បង្កើន​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​សិទ្ធិមនុស្ស អ្នក​រិះគន់​រដ្ឋាភិបាល​ដាក់​ពន្ធនាគារ​សា​ជាថ្មី​នៅ​រយៈពេល​ចុងក្រោយ​នេះ។ ការ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​នេះ​បាន​ធ្វើ​ឱ្យ​ចំនួន​សកម្មជន​បរិស្ថាន និង​មន្ត្រី​បក្ស​ប្រឆាំង​កើន​ឡើង​ដល់​ជាង ៥០នាក់​ហើយ។

សូមចុចលើ​រូបខាង​ក្រោម​នេះ ដើម្បី​មើល​រូប​មួយ​ចំនួន​ផ្សេង​ទៀត៖

Demonstration_in_front_of_HQ_042224_1.jpg
សកម្មជន និង​អ្នក​ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ ប្រមូលផ្ដុំ​គ្នា នៅ​ខាង​មុខ​ទីស្នាក់ការ​គណបក្ស នៅ​ថ្ងៃ​ទី២២ ខែមេសា ឆ្នាំ២០២៤ ធ្វើ​បាតុកម្ម​ទាមទារ​រដ្ឋាភិបាល​ឱ្យ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ដោះលែង​អ្នក​ជាប់​ឃុំក្រោម​ហេតុផល​នយោបាយ។ រូប​ពី​ពលរដ្ឋ

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២២ ខែមេសា។

ជុំវិញរឿងនេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADO) លោក អំ សំអាត មានប្រសាសន៍​ថា​ការ​តវ៉ា​របស់​គណបក្ស​កម្លាំង​ជាតិ ដើម្បី​ស្វែងរក​យុត្តិធម៌​នេះ​គឺ​ជា​ការប្រើប្រាស់​សិទ្ធិ​សេរីភាព​ដោយ​សន្តិ​វិធី​ក្នុង​ការ​ជួបជុំ​សម្ដែង​មតិ ស្រប​ពេល​សហគមន៍​អន្តរជាតិ​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ដោះ​លែង​អ្នក​ជាប់ឃុំ​ដោយសារ​ការ​អនុវត្ត​សិទ្ធិ​នយោបាយ។ លោក​យល់​ថា កម្ពុជា​ដែល​ជា​ប្រទេស បាន​ផ្តល់​សច្ចាប័ន​ជា​ច្រើន​ស្ដីពី​សិទ្ធិមនុស្ស​គួរ​ទទួល​យក​អនុសាសន៍ ឬ​សំណើ​ទាំងនោះ​ទៅ​ពិនិត្យ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។

លោក អំ សំអាត៖ «បើ​យើង​មើល​ទៅ​ស្ថានភាព​នយោបាយ ដែល​នៅ​សេស​សល់​មួយ​ចំនួន គឺ​អ្នកនយោបាយ​ទាំងអស់​ហ្នឹង​គួរតែ​អាច​វិល​មក​ជជែក​គ្នា​ដើម្បី​បញ្ចប់​រឿង​នយោបាយ​ដែល​នៅ​សល់​ដោយ​តម្កល់​នូវ​ឧត្តម​ប្រយោជន៍​ជាតិ ប្រជាពលរដ្ឋ​ជា​ធំ អា​ហ្នឹង​ក៏​ជា​រឿង​ល្អ​ប្រសើរ​ដែរ កាល​ពី​មុនមក​​អ្នកនយោបាយ​តែងតែ​ធ្វើ​នោះ​បាទ»

អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​ពេល​ថ្មីៗ នេះ បាន​រក​ឃើញ​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​យាយី​លើ​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិមនុស្ស និង​មន្ត្រី​សង្គម​ស៊ីវិល​ជា​ដើម។ បញ្ហា​នេះ​នឹង​ជះ​ឥទ្ធិពល​អាក្រក់ និង​រារាំង​ពលរដ្ឋ​មិន​ឱ្យ​ចូលរួម​ឈឺឆ្អាល​ពី​បញ្ហា​សង្គម។ អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ក៏​អំពាវនាវ​ដល់​រដ្ឋាភិបាល​ថ្មី​គួរ​តែ​អនុវត្ត​មាគ៌ា​នយោបាយ​ឱ្យ​ខុស​ពី​អតីត​កាល និង​គោរព​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​ការ​អនុវត្ត​សិទ្ធិមនុស្ស។

គម្រោង​ជួប​ជុំ​សម្ដែង​មតិ​នេះ​គណបក្ស​កម្លាំង​ជាតិ​គ្រោង​ធ្វើ​រយៈពេល​បី​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២២ ដល់២៤ ខែមេសា តែ​ដោយសារ​តែ​បញ្ហា​អាកាសធាតុ​ក្ដៅ​ខ្លាំង គណបក្ស​កម្លាំង​ជាតិ​សម្រេច​ធ្វើ​ឡើង​តែ​រយៈពេល​មួយ​ថ្ងៃ​វិញ។ ទោះ​ជា​យ៉ាង​ណា​ក្ដី គណបក្ស​កម្លាំង​ជាតិ និង​គ្រួសារ​ជនជាប់​ឃុំ​បញ្ជាក់​ជំហរ​ថា​ពួកគេ​មិន​រាថយ​ក្នុង​ការ​ធ្វើ​សកម្មភាព​ស្វែង​រក​រក​យុត្តិធម៌​ឡើយ។ ពួកគេ​ព្រមាន​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ព្រម​ស្ដារ​ប្រជាធិបតេយ្យ ជាពិសេស ដោះ​លែង​អ្នក​ទោស​មនសិការ​ឱ្យ​មាន​សេរីភាព​នោះ​ទេ ពួក​គេ​នឹង​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​ទូទាំង​ប្រទេស រហូត​មាន​ដំណោះស្រាយ៕

1 comment:

Anonymous said...

Hun Sen has crushed all opposition parties, paving the way for his master Yuon to remove him easily.