Friday, 18 September 2015

សង្គម​ស៊ីវិល​ស្នើ​អ្នកស្រី រ៉ូណា ស្មីត យក​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល

សង្គម​ស៊ីវិល​ស្នើ​អ្នកស្រី រ៉ូណា ស្មីត យក​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល

ដោយ យាង សុជាមេត្តា
2015-09-17
ប៉ូលិស​​បង្ក្រាប​ ទីលាន​ប្រជាធិបតេយ្យ ៦១០
ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ វាយ​ពលរដ្ឋ​នៅ​ម្ដុំ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០១៤។
CLEC Photo 
 
 
មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ស្នើ​ឲ្យ​អ្នក​រាយការណ៍​ពិសេស​ថ្មី​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) លើក​យក​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ដែល​កំពុង​កើត​មាន​ទៅ​ពិភាក្សា​ជាមួយ​ រដ្ឋាភិបាល​កម្ពុជា។ ការ​ស្នើ​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​តំណាង​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ជាង​២០ ជាមួយ អ្នកស្រី រ៉ូណា ស្មីត នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​កញ្ញា។
ជំនួប​រវាង អ្នកស្រី រ៉ូណា ស្មីត និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​អ្នកស្រី បាន​ជាន់​លើ​ទឹក​ដី​កម្ពុជា ក្នុង​នាម​អ្នកស្រី​ជា​អ្នក​រាយការណ៍​ពិសេស​ថ្មី​សិទ្ធិ​មនុស្ស​អង្គការ​ សហប្រជាជាតិ ប្រចាំ​កម្ពុជា។
ប្រធាន​ផ្នែក​អង្កេត​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក នី ចរិយា ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ក្នុង​ជំនួប​នោះ​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើង​ពី​បញ្ហា​រំលោភ​សិទ្ធិ​ មនុស្ស និង​កង្វល់​នានា​ដែល​សង្គម​ស៊ីវិល​មាន ក្នុង​នោះ​រួម​មាន បញ្ហា​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ទាំង​មូល។ តុលាការ​ដែល​ត្រូវ​បាន​សង្គម​ស៊ីវិល​ចាត់​ទុក​ថា នៅ​មិន​ទាន់​មាន​ឯករាជ​ភាព​ពេញលេញ​ដាច់​ចេញ​ពី​អង្គ​នីតិប្រតិបត្តិ​នៅ​ឡើយ។
  ក្រៅ​ពី​នេះ សង្គម​ស៊ីវិល​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​មួយ​ចំនួន​ទៀត ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​នោះ​មាន​ដូចជា ការ​រឹតត្បិត​ទៅ​លើ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ ច្បាប់​បោះ​ឆ្នោត និង​អំពើ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ ជាដើម៖ «នេះ ​ជា​បេសកកម្ម​លើក​ទី​១ របស់​គាត់ គាត់​ចង់​ស្តាប់​អ្វី​ដែល​ជា​កង្វល់​របស់​អង្គការ​សង្គម​ស៊ីវិល ហើយ​អ្វី​ដែល​ជា​សំណើ​របស់​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ឲ្យ​គាត់​លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល ជជែក​គ្នា​រក​ដំណោះស្រាយ»
កន្លង​មក មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​តែង​តែ​ត្រូវ​បាន​អនុញ្ញាត​ដោយ​អ្នក​រាយការណ៍ ​ពិសេស​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ឲ្យ​ចូល​ជួប​ដើម្បី​លើក​ឡើង​ពី​កង្វល់​នានា​កំពុង​កើត​មាន ដើម្បី​អាច​ឲ្យ​អ្នក​រាយការណ៍​ពាំនាំ​កង្វល់​របស់​ពួក​គេ​ទៅ​កាន់​ រដ្ឋាភិបាល។
ប៉ូលិស​បង្ក្រាប​កម្មករ​អូស​រទេះ ប៉ោយប៉ែត ៦២០
សមត្ថកិច្ច​ក្រុង​ ប៉ោយប៉ែត បង្ក្រាប​កម្មករ​អូស​រទេះ​ដែល​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​មុខ​ការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​២៥ ខែ​ឧសភា ឆ្នាំ​២០១៥។ Photo Provided
 
យ៉ាង​ណា​ក៏ដោយ លោក នី ចរិយា កត់​សម្គាល់​ថា កន្លង​មក​រដ្ឋាភិបាល​មិន​ដែល​ទទួល​យក​នូវ​អនុសាសន៍ ឬ​ការ​លើក​ឡើង​របស់​អង្គការ​សហប្រជាជាតិ ឡើយ។​ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​តែង​រក​វិធី​ការពារ​នូវ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​របស់​ខ្លួន។
អ្នកស្រី រ៉ូណា ស្មីត ត្រូវ​បាន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ តែង​តាំង​ជា​អ្នក​រាយការណ៍​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា កាល​ពី​ខែ​មីនា ឆ្នាំ​២០១៥ ដើម្បី​ជំនួស លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ដែល​ផុត​អាណត្តិ ៦​ឆ្នាំ​របស់​ខ្លួន។
មន្ត្រី​នៃ​ការិយាល័យ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​បំពេញ​បេសកកម្ម​នៅ​កម្ពុជា ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៤ ខែ​កញ្ញា អ្នកស្រី រ៉ូណា ស្មីត នឹង​ជួប​ភាគី​ពាក់ព័ន្ធ​ជាច្រើន ក្នុង​នោះ​រួម​មាន មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស មន្ត្រី​សហជីព មន្ត្រី​ការពារ​សិទ្ធិ​លំនៅឋាន សហគមន៍​រងគ្រោះ​ដោយ​ការ​រំលោភ​ដីធ្លី សកម្មជន​ការពារ​បរិស្ថាន ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​ខេត្ត​កោះកុង លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រី​ក្រសួង​ការងារ ព្រម​ទាំង​តំណាង​រដ្ឋសភា និង​ព្រឹទ្ធសភា ផង​ដែរ។
នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កញ្ញា អ្នកស្រី រ៉ូណា ស្មីត នឹង​ធ្វើ​សន្និសីទ​កាសែត​នៅ​ការិយាល័យ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ដើម្បី​បូក​សរុប​លទ្ធផល​ការងារ​របស់​អ្នកស្រី។ អ្នក​រាយការណ៍​ពិសេស​សិទ្ធិ​មនុស្ស​រូប​នេះ ក៏​គ្រោង​នឹង​ដាក់​របាយការណ៍​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ចុង​ខែ​កញ្ញា នេះ​ផង​ដែរ៕

No comments: