ដោយ យាង សុជាមេត្តា
2015-09-18 rfa
| ប្រជាពលរដ្ឋមកពីឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ឡើងមកតវ៉ាបញ្ហាដីធ្លីនៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ កញ្ញា ឆ្នាំ២០១៥។
RFA/Sireymuny
|
ក្រុមអ្នកការពារសិទ្ធិដីធ្លី និងលំនៅឋាននៅកម្ពុជា លើកឡើងពីការរំលោភដីធ្លីប្រាប់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដើម្បីឲ្យអ្នកស្រីដាក់ជាអនុសាសន៍ទៅកាន់រដ្ឋាភិបាល ស្វែងរកដំណោះស្រាយ។
ការលើកឡើងនេះ គឺនៅក្នុងជំនួបរវាងតំណាងក្រុមការពារសិទ្ធិដីធ្លី និងលំនៅឋានជាង ១០ ជាមួយអ្នកស្រី រ៉ូណា ស្មីត នាការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា។
ក្រុមអ្នកការពារសិទ្ធិដីធ្លី និងលំនៅឋាន គឺជាក្រុមអ្នកការពារសិទ្ធិមនុស្សទី៣ ដែលត្រូវបានអ្នកស្រី រ៉ូណា ស្មីត អនុញ្ញាតឲ្យចូលជួបដើម្បីស្ដាប់ពីកង្វល់នានា ពាក់ព័ន្ធនឹងការរំលោភដីធ្លីនៅកម្ពុជា។
នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា ជំនួបនេះគឺជាឱកាសសម្រាប់អង្គការរបស់លោក និងអង្គការផ្នែកការពារសិទ្ធិដីធ្លីនៅកម្ពុជា ដទៃទៀត ធ្វើបច្ចុប្បន្នភាពជូនអ្នកស្រី រ៉ូណា ស្មីត អំពីស្ថានភាពការរំលោភដីធ្លី និងការបណ្ដេញប្រជាពលរដ្ឋដោយបង្ខំពីលំនៅឋានពីសំណាក់ក្រុមហ៊ុន និងអាជ្ញាធរ។
លោកថា ក្រុមការងារលោកបានលើកឡើងពីបញ្ហាដែលនៅតែបន្តកើតមាននៅសហគមន៍បឹងកក់ និងបុរីកីឡា ពីការឈូសឆាយកម្ទេចផ្ទះប្រជាពលរដ្ឋ ការផ្តល់សំណងមិនយុត្តិធម៌ បញ្ហាដីសម្បទានសេដ្ឋកិច្ច ការរំលោភសិទ្ធិ និងដីធ្លីពលរដ្ឋជនជាតិភាគតិច ព្រមទាំងពីការគ្មានតម្លាភាពនៃការផ្តល់ដីសម្បទានសង្គមកិច្ចទៅដល់ប្រជាពលរដ្ឋជាដើម៖ «គាត់អរគុណសង្គមស៊ីវិលទាំងអស់ដែលបានលើកឡើងពីក្ដីបារម្ភ ពីព្រោះវាជាព័ត៌មានសំខាន់ សម្រាប់រូបគាត់ ពីព្រោះពេលគាត់ជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គាត់លើកអនុសាសន៍ ដើម្បីឲ្យរដ្ឋាភិបាលពិចារណា ដើម្បីជួយដោះស្រាយបញ្ហា»។
របាយការណ៍របស់សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ និងអង្គការក្លូបប៊ល ឌីលីជែន (GlobalDiligence) នៅខែកក្កដា ឆ្នាំ២០១៥ បង្ហាញថា ចាប់តាំងពីឆ្នាំ២០០០ រហូតដល់ពេលបច្ចុប្បន្ន ពលរដ្ឋខ្មែរដែលរងគ្រោះដោយការរឹបអូស និងការរំលោភដីធ្លី មានប្រមាណ៨សែន៣ម៉ឺននាក់។ ដោយឡែកអង្គការការពារព្រៃឈើអន្តរជាតិឈ្មោះ ហ្វរ៉ែស្ត ធ្រែនស៍ (Forest Trends) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានរកឃើញថា គិតត្រឹមឆ្នាំ២០១៣ រដ្ឋាភិបាលបាន ផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅក្រុមហ៊ុនឯកជនប្រមាណ ២លាន៦សែនហិកតារ គឺស្មើប្រមាណ ១៤% នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។
លោក សៀ ភារម្យ ដែលចាត់ទុកបញ្ហារំលោភបំពានដីធ្លីថាជាជំងឺរ៉ាំរ៉ៃ និងមហារីកនោះ ថ្លែង ថា មូលហេតុដែលបណ្ដាលឲ្យមានការរំលោភបំពានដីធ្លីនៅកម្ពុជា គឺដោយសារមន្ត្រី រដ្ឋាភិបាលមិនចូលរួមអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ អំពើពុករលួយ បក្សពួកនិយម និងប្រព័ន្ធយុត្តិធម៌គ្មានប្រសិទ្ធភាពជាដើម។
ដោយឡែកអតីតអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សូរិយា ស៊ូប៊ែឌី (Surya Subedi) ធ្លាប់បានអះអាងថា បញ្ហាដីធ្លី គឺជាមូលហេតុ សំខាន់បំផុតមួយក្នុងចំណោមមូលហេតុសំខាន់ៗដទៃទៀត ដែលធ្វើឲ្យមានការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ លោក សូរិយា ស៊ូប៊ែឌី បានទទូចឲ្យអ្នកនយោបាយខ្មែរដោះស្រាយ បញ្ហារំលោភដីធ្លីនេះឲ្យបាន។
មន្ត្រីនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ឲ្យដឹងថា អ្នកស្រី រ៉ូណា ស្មីត ធ្វើដំណើរទៅកាន់ខេត្តកោះកុងចំនួន២ថ្ងៃ គឺថ្ងៃទី១៨ និង១៩ កញ្ញា ដើម្បីជួបសកម្មជនការពារបរិស្ថានចំនួន៣នាក់ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីពេលថ្មីៗនេះ ព្រមទាំងជួបមន្ត្រីសិទ្ធិមនុស្ស សហគមន៍ដីធ្លី និងថ្នាក់ដឹកនាំខេត្តកោះកុងផងដែរ។ អ្នកស្រី រ៉ូណា ស្មីត មានគម្រោងជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២១ ខែ កញ្ញា និងមន្ត្រីរដ្ឋាភិបាលសំខាន់ៗមួយចំនួនទៀត។
លោក សៀ ភារម្យ សង្ឃឹមថា ក្រោយពីទទួលបានមតិយោបល់របស់សង្គមស៊ីវិល និងពី អង្គការសហប្រជាជាតិនៅពេលខាងមុខនេះ រដ្ឋាភិបាលនឹងធ្វើការពិចារណាលើអនុសាសន៍ ទាំងអស់នោះ រួចស្វែងរកដោះស្រាយឲ្យប្រជាពលរដ្ឋរងគ្រោះ ដោយសារការរំលោភបំពាន ដីធ្លី និងលំនៅឋាននៅកម្ពុជា៕
No comments:
Post a Comment