Monday, 21 September 2015

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្ត​ស្ទឹងត្រែង​បោះ​បង្គោល​កំណត់​ព្រំ​ដី​សហគមន៍

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ឃុំ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង លើក​ស្លាក​សញ្ញា​កំណត់​ព្រំប្រទល់​ដី​សហគមន៍ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៥។
រូបភាព​សហគមន៍
សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្ត​ស្ទឹងត្រែង​បោះ​បង្គោល​កំណត់​ព្រំ​ដី​សហគមន៍
ដោយ ម៉ែន សុធីរ
2015-09-20  rfa


សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ឃុំ​ក្បាលរមាស ខេត្ត​ស្ទឹងត្រែង បាន​នាំ​គ្នា​លើក​ស្លាក​សញ្ញា​កំណត់​ព្រំ​ដី​សហគមន៍ ដើម្បី​ទប់ស្កាត់​ការ​វាតទី​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ស៊ីវហ្គិច (Saiv Hkech) និង​ដើម្បី​អភិរក្ស​ធនធាន​ធម្មជាតិ។

សហគមន៍​ចាត់​ទុក​ការ​លើក​ស្លាក​កំណត់​ព្រំប្រទល់​នោះ ថា​ជា​ការ​ចូលរួម​ចំណែក​អភិរក្ស​ព្រៃ​ឈើ​សហគមន៍ និង​ការពារ​មិន​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។

តើ​ក្រុមហ៊ុន និង​អាជ្ញាធរ​យល់​ឃើញ​យ៉ាង​ណា ចំពោះ​ការ​លើក​ស្លាក​សញ្ញា​សម្គាល់​របស់​សហគមន៍?

ការ​បោះ​បង្គោល​កំណត់​ព្រំ​ដី​ជាក់ស្តែង​សម្រាប់​សហគមន៍​គ្រប់គ្រង​ជា​សមូហភាព គឺ​ជា​ជម្រើស​ចុង​ក្រោយ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ឃុំ​ក្បាលរមាស គោល​បំណង​អភិរក្ស​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​ផ្សេង​ទៀត​ដែល​នៅ​សេសសល់​ចុង​ក្រោយ។

អ្នក​ភូមិ​ចាត់​ទុក​ការ​កំណត់​ព្រំ​ដី​ជាក់ស្តែង​នេះ ជា​សញ្ញា​វិជ្ជមាន​សំខាន់ ដើម្បី​ដឹង​ពី​ទំហំ​ដី​ព្រៃ​សហគមន៍​ជាក់ស្តែង និង​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ត្រឹម​ណា​ពិត​ប្រាកដ និង​ដើម្បី​ពង្រឹង​យន្តការ​គ្រប់គ្រង​ដី​ព្រៃ​ឈើ​ជា​សមូហភាព​សហគមន៍​ឲ្យ​ប្រសើរ។ អ្នក​ភូមិ​អះអាង​ថា ភាព​ចម្រូងចម្រាស​រវាង​ដី​សហគមន៍ និង​ដី​ដែល​រដ្ឋាភិបាល​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ស៊ីវហ្គិច នៅ​មិន​ទាន់​សម្រប​សម្រួល ឬ​ដោះស្រាយ​បញ្ចប់​បាន​នៅ​ឡើយ​ទេ ទាក់ទង​ការ​បែង​ចែក​កំណត់​ព្រំប្រទល់។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង លោក ស្រ៊ុន ស្រៀន និយាយ​ថា សហគមន៍​បាន​លើក​ស្លាក​សញ្ញា​សម្គាល់​ជា​ដី​សហគមន៍​ចំនួន​ពីរ​កន្លែង គឺ​ទី​១ ច្រក​ចូល​ផ្លូវ​លំ​ចូល​ក្នុង​ភូមិ​សហគមន៍​ជាប់​នឹង​ផ្លូវ​ចូល​ឃុំ​ស្រែគរ និង​ទី​២ ច្រក​ផ្លូវ​ចូល​ស្ពាន​អូរផ្ដៅ ហើយ​ស្លាក​សញ្ញា​សម្រាប់​សម្គាល់​នោះ​សរសេរ​ថា ព្រំប្រទល់​ដី​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង។ ជាង​នេះ​ទៅ​ទៀត ការ​ដាក់​ស្លាក​សញ្ញា​សម្គាល់​នេះ សម្រេច​បាន​ប្រហែល ៨០​ភាគរយ​នៃ​ការ​ហ៊ុមព័ទ្ធ​ដី​សហគមន៍​ទាំង​មូល។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​ឃុំ​ក្បាលរមាស ជា​តំបន់​ដែល​ត្រូវ​ជម្លៀស​ពលរដ្ឋ​ក្នុង​ឃុំ​ទាំង​មូល​ចេញ​ពី​លំនៅឋាន​ក្តី ក៏​អ្នក​ភូមិ​ប្រមាណ​ជាង ៥០​គ្រួសារ នៅ​តែ​ស៊ូ​ស្លាប់​មិន​ព្រម​ចាក​ចេញ​ពី​ភូមិ​កំណើត ដោយសារ​ពួក​គេ​នៅ​អាឡោះអាល័យ​ដី​ភូមិ​កំណើត និង​មិន​អាច​ចោល​នូវ​អត្តសញ្ញាណ​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​បាន ដូចជា​ដី​ព្រៃ​សមូហភាព ដី​ផ្នូរ​ដូនតា ដី​ចម្ការ​វិល​ជុំ និង​ដី​ព្រៃ​អារក្ស​ជាដើម។ មូលហេតុ​ទាំង​នេះ ទើប​ធ្វើ​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​តែ​ព្រួយ​បារម្ភ និង​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ដែល​កំពុង​រង​ការ​គំរាម​កំហែង។

លោក​បញ្ជាក់​ថា សហគមន៍​បាន​ប្រជុំ​ពិភាក្សា​ដើម្បី​រក​មធ្យោបាយ ដែល​ធានា​ពី​សុវត្ថិភាព​ព្រៃ​សហគមន៍​ដែល​កំពុង​រង​នូវ​ហានិភ័យ​ធ្ងន់ធ្ងរ។ លោក ស្រ៊ុន ស្រៀន ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឲ្យ​សហគមន៍​រក្សា​ព្រៃ​ឈើ​ក្នុង​មូលដ្ឋាន​ជា​អត្ថិភាព ដើម្បី​ចូលរួម​អភិរក្ស​បរិស្ថាន​ធនធាន​ធម្មជាតិ។ ដោយឡែក​ការ​លើក​ស្លាក​សញ្ញា​សម្គាល់ និង​បោះ​បង្គោល​ដី​សហគមន៍ ក៏​ជា​ផ្នែក​មួយ​ដើម្បី​ពង្រឹង​យន្តការ​អភិរក្ស​ព្រៃ​ឈើ និង​ដី​សហគមន៍​ដែល​កំពុង​ប្រឈម​ការ​បាត់បង់៖ «ការ​មិន​កំណត់​ព្រំប្រទល់​ដី​ឲ្យ​ច្បាស់លាស់ ទី​១ កាប់​បំផ្លាញ​អស់​ព្រៃ​ឈើ។ ទី​២ ទៀត ដី​ស្រែ​ចម្ការ​ដែល​ប្រជាពលរដ្ឋ​ខ្ញុំ​ធ្លាប់​ធ្វើ​ហ្នឹង ពួក​ចិន ឈូស​ឆាយ​យក​អស់។ បើ​ចឹង ពួក​ខ្ញុំ​ត្រូវ​តែ​តស៊ូ​ដើម្បី​យក​ដី​ពួក​ខ្ញុំ​មក​វិញ ដើម្បី​ឃាត់​ហាម​អ្នក​ចូល​ប្រព្រឹត្ត​បទល្មើស​ព្រៃ​ឈើ​ហ្នឹង កុំ​ឲ្យ​ចូល​មក​ទៀត។ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្ញុំ​ប្រើ​ការ​នៅ​ក្នុង​ភូមិ»។

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ស៊ីវហ្គិច វិនិយោគ​ដំណាំ​ឧស្សាហកម្ម​កៅស៊ូ​ទទួល​សិទ្ធិ​វិនិយោគ​បន្ត​ពី​ក្រុមហ៊ុន អាន មារ៉ាឌី កាល​ពី​ឆ្នាំ​២០១០ លើ​ផ្ទៃ​ដី​ចំនួន ១​ម៉ឺន​ហិកតារ។

ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជាច្រើន គឺ​អ្នកស្រី គីន បាង។ អ្នកស្រី​ចាត់​ទុក​ព្រៃ​ឈើ ឬ​ធនធាន​ធម្មជាតិ គឺ​ជា​ឆ្នាំង​បាយ​ជនជាតិ​ដើម​ភាគ​តិច​ព្នង។ អ្នកស្រី​បន្ត​ថា ការ​បោះ​បង្គោល​ព្រំប្រទល់​ដី​សហគមន៍ និង​ដាក់​ស្លាក​សញ្ញា​សម្គាល់​ថា​ដី​សហគមន៍ ដើម្បី​បញ្ជាក់​ថា ដី​នៅ​តំបន់​នោះ គឺ​ជា​ដី​សមូហភាព​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង អភិរក្ស៖ «ថ្ងៃ​ក្រោយ​ខ្លាច​បាត់បង់ ពួក​ខ្ញុំ​ជា​ជនជាតិ​ដើម​ភាគ​តិច​អី មាន​ពឹង​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ។ បាត់បង់ ហើយ​មាន​ក្រុមហ៊ុន​ចូល​លុក​លុយ។ សព្វថ្ងៃ​ហ្នឹង​មាន​អ្នក​ខាង​ក្រៅ​មក​កាប់​ព្រៃ​ឈើ​ជិត​អស់ គឺ​អស់​ពាក់​កណ្ដាល​ឲ្យ​ឥឡូវ»។

ដី​ព្រៃ​សហគមន៍​ឃុំ​ក្បាលរមាស ស្រុក​សេសាន លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ចំនួន​ជាង ១​ម៉ឺន​ហិកតារ ដែល​មាន​ព្រំប្រទល់​ពី​ភូមិ​ក្របីជ្រុំ ឃុំ​ក្បាលរមាស ជាប់​មាត់​ទន្លេ​ស្រែពក និង​ជាប់​អូរផ្ដៅ។

កាល​ពី​ថ្ងៃ​ទី​១២ កញ្ញា សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង បាន​ឃាត់​ម៉ាស៊ីន​អារ​ឈើ​ស្វ័យ​ប្រវត្តិ ឬ​ត្រង់ស៊ឺន័រ​ចំនួន ៣​គ្រឿង ដែល​ក្រុម​ឈ្មួញ​កំពុង​អារ​ឈើ​រលំ​ឋិត​ក្នុង​បរិវេណ​ដី​សហគមន៍ ហើយ​នឹង​យក​រក្សា​ទុក​នៅ​ក្នុង​ភូមិ ដើម្បី​ប្រគល់​ឲ្យ​អាជ្ញាធរ ឬ​មន្ត្រី ដើម្បី​អនុវត្ត​នីតិវិធី។ ចំណែក​ជន​បង្ក​ចំនួន ៧​នាក់ បាន​រត់​គេច​ខ្លួន។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​តំណាង​ក្រុមហ៊ុន​ស៊ីវហ្គិច លោក ដួង វណ្ណី បាន​ទេ​នៅ​ថ្ងៃ​ទី​១៦ កញ្ញា។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង និង​ជា​អភិបាល​រង​ខេត្ត លោក ដួង ពៅ មាន​ប្រសាសន៍​បញ្ជាក់​ថា សហគមន៍​បោះ​ស្លាក​សញ្ញា​កំណត់​ព្រំ​ដី​ដើម្បី​អភិរក្ស ពុំ​មាន​អ្វី​ខុស​នោះ​ទេ ប្រសិន​បើ​ការ​បោះ​នោះ​ពិត​ជា​កំណត់​ព្រំ​ដី​សមូហភាព​សម្រាប់​សហគមន៍​គ្រប់គ្រង​ពិត​ប្រាកដ​មែន។ តែ​យ៉ាង​ណា​ក៏ដោយ លោក​ថា អាជ្ញាធរ​នឹង​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​សិក្សា​ស្រាវជ្រាវ​អំពី​ការ​បោះ​ស្លាក​សញ្ញា​នោះ តើ​ស្រប​នឹង​បទដ្ឋាន​ផែនដី​សម្រាប់​សហគមន៍ និង​ផែនទី​វិនិយោគ​របស់​ក្រុមហ៊ុន ឬ​យ៉ាង​ណា? លោក​បញ្ជាក់​ថា មន្ត្រី​ជំនាញ​បាន​កំណត់​ព្រំប្រទល់​ផែនទី​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​នោះ ហើយ​ក៏​ធ្លាប់​បាន​ចុះ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ទៀង​ផង ទាក់ទង​ការ​កំណត់​ព្រំ​ដី​សម្រាប់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន និង​ដី​ដែល​គ្រប់គ្រង​ដោយ​សហគមន៍។ លោក​បារម្ភ​ថា ប្រសិន​បើ​ការ​បោះ​ស្លាក​សញ្ញា​របស់​សហគមន៍ ធ្វើ​ឡើង​មិន​អនុលោម​នឹង​ផែនទី​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​នោះ និង​ដី​ព្រៃ​សហគមន៍​ដែល​បាន​កំណត់​ដោយ​មន្ទីរ​ជំនាញ វា​អាច​នឹង​កើត​មាន​បាតុភាព​កើត​ឡើង​រវាង​ក្រុមហ៊ុន និង​សហគមន៍៖ «គាត់​ដាក់​សិន​ទៅ អា​ហ្នឹង​រឿង​របស់​គាត់​ទេ។ ឥឡូវ​ជំនាញ​យើង​នឹង​សិក្សា​ជាមួយ​គាត់​ទៀត តើ​ព្រំ​ដី​សហគមន៍​យ៉ាង​ម៉េច? ជួន​កាល​វា​មិន​មែន​ជា​រឿង​ព្រំ​ដី​សហគមន៍ អ្នក​ខ្លះ​ជួល​ឲ្យ​គាត់​ទៅ​ដាក់ ដើម្បី​យក​ពលរដ្ឋ​នៅ​ពី​ក្រោយ​ខ្នង យើង​ព្រួយ​បារម្ភ​អ៊ីចឹង​ទេ។ ប៉ុន្តែ​គាត់​ទុក​សម្រាប់​សហគមន៍​ប្រើប្រាស់​អា​ហ្នឹង​មិន​អី​ទេ»។

កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥ ក្រុមហ៊ុន​ស៊ីវហ្គិច បាន​បោះ​បង្គោល​ស៊ីម៉ងត៍​ជាច្រើន​មាន​ទំហំ ២​តឹក​បួន​ជ្រុង ប្រវែង ១​ម៉ែត្រ​កន្លះ ដើម្បី​កំណត់​ព្រំប្រទល់​ដី​ក្រុមហ៊ុន ក៏ប៉ុន្តែ​ការ​បោះ​បង្គោល​នេះ សហគមន៍​ចោទ​ប្រកាន់​ថា​ចូល​ដីធ្លី​ប្រើប្រាស់​អាស្រ័យ​ផល​របស់​ពួក​គាត់​ចំនួន ៥​គ្រួសារ ហើយ​អ្នក​ភូមិ​ខ្លះ​ទៀត ក៏​សម្រេច​ដក​ចោល​អស់​មួយ​ចំនួន។

ស្រដៀង​គ្នា​នេះ​ដែរ ឃុំ​ក្បាលរមាស ស្រុក​សេសាន ក៏​ជា​គម្រោង​ជម្លៀស​អ្នក​ភូមិ​ចេញ​ពី​លំនៅឋាន ហើយ​មន្ត្រី​ជំនាញ​សិក្សា​ផល​ប៉ះពាល់​បរិស្ថាន​វាយ​តម្លៃ​ថា នៅ​ពេល​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ បើក​ឲ្យ​ដំណើរ​ការ ឃុំ​ក្បាលរមាស ទាំង​មូល​នឹង​ប្រឈម​ទឹក​លិច​លង់។ តែ​យ៉ាង​ណា​ក៏ដោយ អ្នក​ភូមិ​ប្រកាន់​ជំហរ​ថា ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង រស់នៅ​ភូមិ​ក្បាលរមាស ចំនួន ៥៣​គ្រួសារ ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ចំនួន ១២៧​គ្រួសារ ស៊ូ​ស្លាប់​មិន​ព្រម​ចាក​ចេញ បើ​ទោះ​បី​ជា​ភូមិដ្ឋាន​ទាំង​មូល ត្រូវ​ប្រឈម​នឹង​ទឹក​ជំនន់​គំរាម​កំហែង​ក្តី។ បន្ថែម​ពី​លើ​នេះ អាជ្ញាធរ​ខេត្ត​ក៏​ធ្លាប់​អះអាង​ថា ទោះ​បី​អ្នក​ភូមិ​រង​ផល​ប៉ះពាល់ មិន​ព្រម​ចាក​ចេញ​ពី​ភូមិ​កំណើត​ក្តី ក៏​អាជ្ញាធរ​មាន​យន្តការ​ច្បាស់លាស់ ដើម្បី​ត្រៀម​ផ្ទះ​សម្បែង ដីធ្លី​កសិកម្ម​ជាដើម​ដល់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ ដើម្បី​ឲ្យ​អនុលោម​តាម​គោល​នយោបាយ​ដោះស្រាយ​ផល​ប៉ះពាល់​របស់​រដ្ឋាភិបាល។

ករណី​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល និយាយ​ថា ការ​លើក​ស្លាក​សញ្ញា​សម្គាល់​ដើម្បី​កំណត់​ព្រំប្រទល់​ដី​សហគមន៍​មាន​សារសំខាន់​ណាស់ ដែល​ពួក​គាត់​តែងតែ​ព្រួយ​បារម្ភ​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដោយ​ក្រុម​ឈ្មួញ ព្រម​ទាំង​ការ​វាតទី​របស់​ក្រុមហ៊ុន។ លោក​កត់​សម្គាល់​ថា រដ្ឋាភិបាល​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ស៊ីវហ្គិច វិនិយោគ តែ​ហាក់​មិន​ចុះ​សិក្សា​ស្រាវជ្រាវ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​កំណត់​ព្រំប្រទល់​ដី​ជាក់ស្តែង​រវាង​ដី​ក្រុមហ៊ុន និង​ដី​ព្រៃ​អភិរក្ស​ជា​សមូហភាព​សហគមន៍។ ការ​ធ្វេសប្រហែស​នេះ ក៏​ជា​គុណ​វិបត្តិ​អាច​បង្ក​ជា​ជម្លោះ​រវាង​សហគមន៍ និង​ក្រុមហ៊ុន ដោយសារ​តែ​ការ​ដណ្ដើម​ដី​ព្រៃ​គ្រប់គ្រង។ លោក​ថា រដ្ឋាភិបាល ឬ​អាជ្ញាធរ​ខេត្ត គួរ​តែ​បើក​ការ​ពិភាក្សា​ឲ្យ​ទូលំទូលាយ​ជាមួយ​តំណាង​សហគមន៍ តំណាង​ក្រុមហ៊ុន និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដើម្បី​រក​ដំណោះស្រាយ​ជាក់លាក់​ទាក់ទិន​ការ​កំណត់​ព្រំប្រទល់​ដី​ជាក់ស្តែង និង​ការ​បោះ​បង្គោល​ចំណាំ៖ «បើ​សិន​ជា​គាត់​មិន​ហ៊ុម​ទេ ឬ​មួយ​ក៏​មិន​ចុច ជី.ភី.អេស (GPS) យក​ដី​ស្រែ​របស់​គាត់​ទេ អ៊ីចឹង​ថ្ងៃ​ក្រោយ​អាច​ក្រុមហ៊ុន​ស៊ីវហ្គិច ហ្នឹង ឈូស​ចូល​ទៅ​ទៀត ព្រោះ​អី​មាន​សហគមន៍​ទៅ ពួក​គាត់​ការពារ​ព្រៃ​ឈើ​បាន​ច្រើន​ណាស់។ បើ​យើង​ពឹង​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល គឺ​ការពារ​មិន​ទាន់​អ្នក​កាប់​ឈើ​នោះ​ទេ ចង់​និយាយ​អ៊ីចឹង ព្រោះ​អី​អ្នក​កាប់​ឈើ​ហ្នឹង គឺ​នៅ​ក្នុង​ព្រៃ ព្រោះ​អី​ជំនាញ​មួយ​ចំនួន​គាត់​មិន​បាន​ចុះ​ព្រៃ​ទៅ​តាម​ដាន​រាល់​ថ្ងៃ​នោះ​ទេ»។

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង បាន​ចុះ​ល្បាត​ព្រៃ​ប្រទះ​ឃើញ​ឈ្មួញ​លួច​ចូល​កាប់​ឈើ​ក្នុង​ដី​អភិរក្ស​សហគមន៍ ដូចជា​ប្រភេទ​ឈើ​សុក្រំ កកោះ ផ្ចឹក និង​ប្រភេទ​ឈើ​ចម្រុះ​ដែល​មាន​មុខ​កាត់​ចាប់​ពី ៥​តឹក ដល់​ជិត ១​ម៉ែត្រ អស់​ជិត ១០០​ដើម។ ចំណែក​ឈ្មួញ​ជាច្រើន​នាក់​ដែល​កំពុង​តែ​អារ​រលំ​ឈើ និង​បាន​ប្រទះ​ឃើញ​សហគមន៍​ចុះ​ល្បាត​ដល់​ទី​កន្លែង ក៏​រត់​គេច​ខ្លួន​បាត់ នៅ​សល់​តែ​ទីតាំង​ស្នាក់​អាស្រ័យ និង​សម្ភារៈ​កាប់​ឈើ​ជាដើម។

ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​ព្នង ដូចជា​ការ​ដង​ជ័រ​ទឹក បោច​វល្លិ រក​ឃ្មុំ បរបាញ់ ឬ​ដាក់​អន្ទាក់​សត្វ និង​បេះ​បន្លែ​ផ្លែ​ឈើ​ជាដើម។ ការ​អភិរក្ស​ព្រៃ​ឈើ​ឲ្យ​គង់វង្ស គឺ​ជា​បំណង​ប្រាថ្នា​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ដែល​ជា​ផ្នែក​មួយ​ជួយ​អភិរក្ស​បរិស្ថាន​ធម្មជាតិ៕

No comments: