អាជ្ញាធរគ្រោងរៀបចំតំបន់ចម្ការឈើនិងវាលផ្កាព្រៃជាកន្លែងទេសចរណ៍មួយទៀតនៅសៀមរាប
ដោយ ហង្ស សាវយុត
2015-09-30 rfa
អ្នក
ជំនាញផ្នែកទេសចរណ៍បានសម្លឹងឃើញតំបន់ចំការឈើគ្រញូង
និងវាលផ្កាព្រៃ ទំហំជិត ២ពាន់ហិកតារ
នៅជាប់ព្រំប្រទល់ស្រុកបន្ទាយស្រី និងស្រុកស្វាយលើ ខេត្តសៀមរាប
ថាជាកន្លែងទេសចរណ៍ធម្មជាតិថ្មីមួយទៀត
ដែលអាចមានសក្ដានុពលទាក់ទាញភ្ញៀវទេសចរនៅពេលអនាគត។
មន្ត្រី
មន្ទីរទេសចរណ៍ និងខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប
កំពុងសហការគ្នាជំរុញឱ្យតំបន់ចម្ការឈើគ្រញូង
និងវាលផ្កាព្រៃធម្មជាតិមួយ ទំហំជិត ២ពាន់ហិកតារ
ព្រមទាំងមានសត្វព្រៃជាច្រើនប្រភេទរស់នៅផង
អាចក្លាយទៅជាតំបន់អេកូទេសចរណ៍ថ្មី
និងមានសក្ដានុពលអាចទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។
ចម្ការ
ឈើគ្រញូងនិងវាលផ្កាព្រៃធម្មជាតិ ដែលស្ថិតនៅភូមិខ្នារង្វះ
ឃុំឃុនរាម ស្រុកបន្ទាយស្រី ចម្ងាយជិត ៧០គីឡូម៉ែត្រ
ភាគខាងជើងឆៀងខាងលិចពីទីរួមខេត្តសៀមរាប នោះ
កំពុងការពារនិងគ្រប់គ្រងដោយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី។
ប្រធាន
មន្ទីរទេសចរណ៍ខេត្តសៀមរាប គឺលោក ង៉ូវ សេងកាក់។
លោកមានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារ ទី២៩ ខែកញ្ញា ថា
តំបន់ចម្ការឈើគ្រញូង និងធ្នង់
ដែលស្ថិតនៅជាប់ព្រំប្រទល់គ្នារវាងស្រុកបន្ទាយស្រី
និងស្រុកស្វាយលើ នោះ
ក្រៅតែពីមានដើមឈើកម្រដ៏ស្រស់ស្អាតរាប់ម៉ឺនដើម គឺនៅខែកក្កដា
រហូតដល់ខែកញ្ញា ជារៀងរាល់ឆ្នាំ ក៏មានផ្កាព្រៃប្រភេទត្រថុក
និងផ្កាចាហួយ រីកស្គុះស្គាយ ហើយកន្លែងខ្លះទៀត មានទេសភាពត្រពាំងទឹក
និងវាលស្មៅស្រស់ស្អាតដែលអាចនឹងធ្វើឱ្យអ្នកទេសចរណ៍ចង់គយគន់។
លោក
ង៉ូវ សេងកាក់ បញ្ជាក់ថា មន្ទីរទេសចរណ៍ជាមួយនឹងខណ្ឌរដ្ឋបាលព្រៃឈើ
កំពុងសហការគ្នារៀបចំតំបន់នោះ
ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិមួយ
ដែលមានសក្ដានុពលទាក់ទាញភ្ញៀវទេសចរបន្ថែមពីលើប្រាសាទបុរាណ
និងបឹងទន្លេសាប ដែលកំពុងទាក់ទាញភ្ញៀវទេសចរនេះ៖
«យើងនឹងរៀបចំកម្មវិធីមួយ
ហើយយើងនឹងផ្សាយឱ្យគ្រប់បណ្ដាទីភ្នាក់ងារទេសចរណ៍
រៀបចំកញ្ចប់ទស្សនា
ដើម្បីលក់ឱ្យភ្ញៀវទេសចរបរទេសទៅកម្សាន្តទីនោះ»។
មន្ត្រី
ខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប
មានបំណងពង្រីកការដាំដើមឈើជាច្រើនប្រភេទនៅទីនោះនៅលើផ្ទៃដីធំ
ទូលាយថែមទៀត ហើយក៏មានគម្រោងរៀបចំឱ្យក្លាយទៅជាសួនចម្ការឈើ
អនុស្សាវរីយ៍នៃគូអាពាហ៍ពិពាហ៍ថ្មោងថ្មីណាដែលចង់ទៅដាំដែរ។
នាយក
ខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប លោក ទា គឹមសុទ្ធ ជឿថា
ចំការឈើគ្រញូងនេះគឺតំបន់តែមួយគត់ដែលមាននៅក្នុងខេត្តសៀមរាប
ហើយក៏ប្រហែលជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ លោក ទា គឹមសុទ្ធ
យល់ថា ប្រសិនបើភ្ញៀវទេសចរបរទេសចង់ទៅទស្សនាចម្ការឈើគ្រញូងនោះ
គឺមិនត្រឹមតែបានឃើញប្រភេទឈើដ៏មានតម្លៃបំផុតប៉ុណ្ណោះទេ ពេលខ្លះ
ពួកគេក៏អាចទស្សនាសត្វព្រៃជាច្រើនប្រភេទ ដូចជាក្ងោក ឈ្លូស
ដែលរស់នៅជុំវិញដែរ៖ «នៅក្នុងព្រៃវាមានភាពទាក់ទាញជាមួយជីវចម្រុះ
ដុះលូតលាស់ដោយធម្មជាតិ អ៊ីចឹងវាអាចមានផ្កាព្រៃ
ជាពិសេសសត្វព្រៃនៅតំបន់នេះ គឺឃើញមានច្រើន»។
ពេល
បច្ចុប្បន្ន ការរៀបចំដំណើរកម្សាន្តទៅកាន់ចម្ការឈើគ្រញូងនោះ
គឺទីភ្នាក់ងារអាចដឹកជញ្ជូនភ្ញៀវរបស់ខ្លួនតាមរថយន្តបាន
ប៉ុន្តែនៅពេលទៅដល់គឺអ្នកទេសចរណ៍ត្រូវចំណាយពេលជិះកង់ដោយមាន
អ្នកជូនដើរទស្សនាធម្មជាតិជាច្រើនប្រភេទ។
កាលពី
ថ្ងៃទី២៧ ខែកញ្ញា កន្លងទៅ មន្ត្រីមន្ទីរទេសចរណ៍
និងខណ្ឌរដ្ឋបាលព្រៃឈើ
បានដឹកនាំទីភ្នាក់ងារទេសចរណ៍ឯកជនមួយចំនួនទៅកាន់ចម្ការឈើគ្រញូង
នោះ ដើម្បីនាំគ្នាប្រារព្ធពិធីអបអរទិវាទេសចរណ៍ពិភពលោក
ហើយមានទីភ្នាក់ងារទេសចរណ៍ខ្លះបានចាប់អារម្មណ៍លើការនាំភ្ញៀវទៅ
ទស្សនាតំបន់ធម្មជាតិនោះ៕
No comments:
Post a Comment