Tue, 15 September 2015
ប៉ិច សុធារី
| តំណាងសហគមន៍ព្រៃឈើក្នុងសមាជរុក្ខសាស្ត្រពិភពលោក លើកទី១៤ នាទីក្រុង ឌូបាន សាធារណរដ្ឋអាហ្រិកខាងត្បូង។ រូបថត សហការី |
***
School of Vice: Define the act of 'de-forestation' any way one wishes - be it "legal" or "anarchic" in nature - yet the act itself inevitably leads to the same result: wholesale destruction of forests and environmental catastrophe. This is certainly the case in a country with poor rights record, weak civil society culture and, the ruling state exercising unchecked powers such as witnessed in today's Cambodia.
***
ក្រុងឌូបាន៖ តំណាងប្រជាសហគមន៍ព្រៃឈើនៅកម្ពុជា និងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ចំនួន ៦ នាក់ បានអំពាវនាវទៅកាន់រាជរដ្ឋាភិបាលរបស់ពួកគេ និងអ្នកធ្វើសេចក្តីសម្រេចចិត្តក្នុងវិស័យព្រៃឈើនៅជុំវិញពិភពលោក ធ្វើការវិនិយោគលើការកសាងសមត្ថភាព និងផ្តល់សិទ្ធិអំណាចដល់សហគមន៍ក្នុងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តភាព។
ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងសមាជរុក្ខាសាស្ត្រលើកទី ១៤ នាទីក្រុង ឌូបាន សាធារណរដ្ឋអាហ្រិកខាងត្បូង ដែលប្រព្រឹត្តិទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី១១ ខែកញ្ញានេះ តាមរយៈការផ្ញើសារទៅកាន់ពិភពលោកថា «ខ្ញុំគឺជាព្រៃឈើ»។
អនុប្រធានសហគមន៍ព្រៃឈើ និងជាប្រធានសហគ្រិនឬស្សីជ្រោះស្វាយ ក្នុងខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា លោក ឯម សុភន់ បានថ្លែងថា ព្រៃឈើជាប្រភពប្រាក់ចំណូលដ៏សំខាន់សម្រាប់ប្រជាសហគមន៍ តាមរយៈការទាញនូវអនុផលព្រៃឈើនិងដកហូតឬស្សីសម្រាប់លក់ ដូច្នេះប្រជាសហគមន៍បានស្នើសុំអាជ្ញាធរបង្កើតសហគ្រាសឬស្សីខ្នាតតូច ដើម្បីរកចំណូលបន្ថែម។
លោកបានបន្តថា បើទោះជាសហគ្រិនឬស្សីមានដំណើរការទៅមុខ ប៉ុន្តែពួកគាត់នៅជួបបញ្ហាប្រឈមមួយចំនួន ទាំងសមត្ថភាពនៃការគ្រប់គ្រងសហគ្រាស ការរកទីផ្សារ និងពុំទាន់មានអំណាចគ្រប់គ្រាន់ក្នុងគ្រប់គ្រងព្រៃឈើនៅឡើយ។
លោកបានអំពាវនាវដល់រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់ថា «សូមជួយវិនិយោគទៅដោយប្រសិទ្ធភាព និងបង្កើនសមត្ថភាព ព្រមទាំងផ្តល់សិទ្ធិដល់សហគមន៍គ្រប់គ្រងព្រៃឈើដោយនិរន្តភាព ដោយផ្អែកលើតម្រូវការរបស់មូលដ្ឋាន»។
ម្ចាស់កសិដ្ឋានព្រៃឈើខ្នាតតូចមកពីខេត្ត ស្រះកែវ ប្រទេសថៃ លោក KrirkMeemungkit បាននិយាយពីសារប្រយោជន៍នៃព្រៃឈើដែរថា ប្រសិនបើសហគមន៍មានការដាំដើមឈើនៅក្នុងកសិដ្ឋាន នោះពួកគេនឹងអាចប្រមូលផលពីដើមឈើទាំងនោះ សម្រាប់កាត់បន្ថយភាពក្រីក្រ ឬបំណុលបាន ហើយរស់នៅដោយក្តីសង្ឃឹម។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមនៅប្រទេសថៃនោះ គឺការដាំ និងគ្រប់គ្រងព្រៃឈើនៅក្នុងដីកសិដ្ឋានរបស់រដ្ឋ មានភាពស្មុគស្មាញ ដោយសារអ្វីៗត្រូវគ្រប់គ្រងដោយច្បាប់រដ្ឋ ខណៈដែលសហគមន៍មិនត្រូវបានលើកទឹកចិត្តឲ្យដាំដើមឈើនៅឡើយ។
លោកស្នើឲ្យរាជរដ្ឋាភិបាល បន្ថែមការគាំទ្រ និងផ្តល់សិទ្ធិអំណាចថែមទៀតដល់សហគមន៍មូលដ្ឋាន ដើម្បីទទួលបានផលប្រយោជន៍ជាអតិប្បរមាដែលបានមកពីការដាំដើមឈើ។
ចំណែកអ្នកនាង Hoang Thi Chuyen ជនជាតិដើមភាគតិច ថាយ មកពីខេត្ត យេនបៃ ប្រទេសវៀតណាម បានកត់សម្គាល់ថា នៅក្នុងប្រទេសវៀតណាម ក៏ដូចជាប្រទេសនៅក្នុងតំបន់អាស៊ី បានជួបនូវគ្រោះទឹកជំនន់ កាលពីខែ សីហា ឆ្នាំ ២០១៥ នេះ ដោយសារការប្រែប្រួលអាកាសធាតុដែលបង្កមកពីការកាប់បំផ្លាញព្រៃឈើនេះ។ ការកាប់បំផ្លាញព្រៃឈើ បានធ្វើឲ្យបរិស្ថានមានការបំពុល និងបំផ្លាញនូវតុល្យភាពនៃប្រព័ន្ធអេកូធម្មជាតិ។
អ្នកនាងបានផ្ញើសារថា «អ្នកនិងខ្ញុំ ត្រូវចាប់ផ្តើមដាំ ថែរក្សា និងការពារព្រៃឈើ។ ចូលរួមទាំងអស់គ្នា ដើម្បីធ្វើឲ្យផែនដីមានពណ៌បៃតង និងមានផាសុខភាពឲ្យកាន់តែច្រើន»។
បើតាមនាយកប្រត្តិបត្តិមជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោកបណ្ឌិត Tint LwinThaung បានឲ្យដឹងថា មានប្រជាពលរដ្ឋក្រីក្រជាង ៣៥០ លាននាក់នៅលើពិភពលោករស់នៅអាស្រ័យទៅលើព្រៃឈើស្ទើរទាំងស្រុង ក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគេ និង ១,៦ ពាន់លាននាក់ទៀត ពឹងផ្អែកតិច ឬច្រើនទៅលើព្រៃឈើ ដែលនេះជាចំនួនដ៏ច្រើនដែលមិនអាចមើលរំលងបាន។
លោកថា «ប្រជាជនទាំងនោះ គឺជាកម្លាំងចលករដ៏សំខាន់ ដែលនាំទៅរកការផ្លាស់ប្តូរនៅក្នុងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តភាព និងមានសមត្ថភាពគ្រប់គ្រាន់ ប្រសិនបើពួកគេត្រូវបានបញ្ចូលទៅក្នុងការសម្រេចចិត្តក្នុងវិស័យព្រៃឈើ»។
ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីការិយាល័យសហគមន៍ព្រៃឈើនៃរដ្ឋបាលព្រៃឈើកម្ពុជា កញ្ញា ច័ន្ទ រត្ថា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះបញ្ហាព្រៃឈើ និងបានបង្កើតកម្មវិធីព្រៃឈើជាតិ ដើម្បីផ្តល់សិទ្ធិឲ្យសហគមន៍មូលដ្ឋានចូលរួមក្នុងការធ្វើវិនិយោគព្រៃឈើ។
កញ្ញាបានថ្លែងថា «ការស្នើនេះ គឺស្របទៅនឹងកម្មវិធីព្រៃឈើជាតិដែលបង្កើតឡើងក្រោមជំនួយរបស់រាជរដ្ឋាភិបាល អង្គការដៃគូរពាក់ព័ន្ធ និងវិស័យឯកជនក្នុងការផ្តល់សិទ្ធិដល់សហគមន៍មូលដ្ឋានក្នុងការវិនិយោគព្រៃឈើ។ យើងគ្រោងឲ្យគាត់មានកម្មសិទ្ធិ និងបង្កើតសហគ្រាសខ្នាតតូច និងជំរុញឲ្យវិនិយោគិនជួយវិនិយោគដើម្បីបង្កើនជីវភាពសហគមន៍ បង្កើតសមត្ថភាព ដោះស្រាយទំនាស់ និងជួយឲ្យគាត់ចេះមានគំនិតច្នៃប្រឌិតផលដែលបានមកពីព្រៃឈើ ហើយដាំឈើលក់ ដោយមានការចុះកិច្ចព្រមព្រៀងត្រឹមត្រូវជាមួយដៃគូរ»។
គួរបញ្ជាក់ថា សមាជរុក្ខាសាស្ត្រដែលរៀបចំដោយសាធារណរដ្ឋអាហ្វ្រិកខាងត្បូង និងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) នេះ មានការចូលរួមពីមន្ត្រីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងអ្នកធ្វើសេចក្តីសម្រេចចិត្តក្នុងវិស័យព្រៃឈើមកពីប្រទេសចំនួន ១៤២ ដែលមានចំនួនសរុបប្រមាណ ៤ ០០០ នាក់ ។
បន្ទាប់ពីប្រជុំពិភាក្សា ចែករំលែកបទពិសោធន៍ ការផ្តល់អនុសាសន៍ និងការអំពាវនាវនៅក្នុងសមាជនេះ អង្គការ FAO បានចេញសេចក្តីព័ត៌មានដោយលើកឡើងថា ព្រៃឈើមានតួនាទី និងសក្កានុពលយ៉ាងខ្លាំងក្នុងការបញ្ចប់ភាពអត់ឃ្លានឬរក្សានូវសន្តិសុខស្បៀង ការកែលម្អជីវភាព និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ សមាជពិភពលោកនេះ គឺជាការកំណត់នូវចក្ខុវិស័យមួយក្នុងការគ្រប់គ្រងព្រៃឈើនាពេលអនាគតរហូតដល់ឆ្នាំ ២០៥០។
អង្គការ FAO បានបន្តថា សមាជនេះ បានកំណត់នូវសារគោលដៅអភិវឌ្ឍន៍ព្រៃឈើប្រកបដោយនិរន្តភាពចំនួន ១៧ចំណុច ដែលនឹងត្រូវដាក់ទៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ នៅចុងខែកញ្ញានេះ នាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ដើម្បីអនុម័តលើរបៀបវារៈអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០៣០៕
No comments:
Post a Comment