Monday, 14 September 2015

វៀតណាម​ត្រៀម​ទទួល​ម៉ុងតាញ៉ា​ខណៈ UNHCR​ មិន​ទុក​ចិត្ត

វៀតណាម​ត្រៀម​ទទួល​ម៉ុងតាញ៉ា​ខណៈ UNHCR​ មិន​ទុក​ចិត្ត
Mon, 14 September 2015 ppp
Alice Cuddy

ភ្នំពេញៈ ប្រទេស​វៀតណាម​ «​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ទទួល​» ​​ជនជាតិ​ម៉ុងតាញ៉ា​​ជាង​ ២០០ ​នាក់​បន្ថែម​ទៀត​​ដែល​បច្ចុប្បន្ន​កំពុង​សុំ​សិទ្ធិ​ជ្រកកោន​នៅ​កម្ពុជា​ ដែល​នឹង​ប្រឈម​មុខ​ការ​ធ្វើ​បាប​ប្រសិន​បើ​ពួកគេ​មិន​ត្រឡប់​ទៅវិញ​ក្នុង​​ រយៈពេល​បី​ខែ​។ នេះ​បើ​តាម​ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការ​សហប្រជាជាតិ​។

លោកស្រី Vivian Tan អ្នក​នាំពាក្យ​ប្រចាំ​តំបន់​របស់​អង្គការ UNHCR បាន​ថ្លែង​ថា​រដ្ឋាភិបាល​វៀតណាម​កំពុង​បើក​ដៃ​​ទទួល​យក​​ជនជាតិ​ម៉ុងតាញ៉ា​ ជាច្រើន​ដែល​​ជា​ក្រុម​ជនជាតិ​ភាគតិច​មកពី​តំបន់​ខ្ពង់រាប​ភាគ​កណ្តាល​នៃ​ ប្រទេស​វៀតណាម​ដែល​បាន​នាំ​គ្នា​សម្រុក​រត់​គេច​មក​កម្ពុជា​ក្នុង​រយៈកាល​ ឆ្នាំ​ចុងក្រោយ​នេះ​​ដោយ​ចោទប្រកាន់​ថា​ពួកគេ​ទទួល​រង​ការ​ធ្វើ​ទុក្ខ​ បុកម្នេញ​។

លោកស្រី​បាន​ថ្លែង​ថា​ប្រទេស​វៀតណាម​ «បាន​និយាយ​ថា​ខ្លួន​​បាន​​​ត្រៀម​ខ្លួន​រួច​ហើយ​​​ក្នុង​ការ​ទទួល​យក​​ ជនជាតិ​ម៉ុងតាញ៉ា​ដែល​​កំពុង​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​កម្ពុជា​ត្រឡប់​ ទៅ​ប្រទេស​វៀតណាម​វិញ​ និង​ផ្តល់​ការ​ធានា​ថា​នឹង​មិន​រើសអើង​ ឬ​ដាក់​ទោស​ចំពោះ​ពួកគេ​ទេ​។ ប្រទេស​វៀតណាម​ក៏​បាន​ធានា​ផង​ដែរ​ថា​អង្គការ​ UNHCR ​នឹង​អាច​ទៅ​សួរ​សុខទុក្ខ​ពួកគេ​បាន​បន្ទាប់ពី​ពួកគេ​ត្រឡប់​ទៅ​ស្រុក​កំណើត ​វិញ​»។

អត្ថាធិប្បាយ​របស់​អង្គការ​ UNHCR ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ​បាន​​ថ្លែង​កាល​ថ្ងៃ​សុក្រ​ថា​ ខ្លួន​នឹង​ដាក់​រយៈពេល​កំណត់​​ ៣ ​ខែ​​ចំពោះ​ជនជាតិ​ម៉ុងតាញ៉ា​ដែល​មិន​ទាន់​​ទទួល​បាន​ការ​ចុះ​ឈ្មោះ​សុំ​ សិទ្ធិ​ជ្រកកោន​ ឬ​ការ​វាយតម្លៃ​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ ​និរទេស​ទាំង​បង្ខំ។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា​រដ្ឋាភិបាល​បាន​ស្នើ​សុំ​ អង្គការ UNHCR ជួយ​ជនជាតិ​ម៉ុងតាញ៉ា​ដែល​លោក​​បាន​ដាក់​ចំណាត់​ថ្នាក់​ថា «​អ្នក​ចំណាក​ស្រុក​សេដ្ឋកិច្ច​» ក្នុង​ការ​បញ្ជូន​​ពួកគេ​ត្រឡប់​ទៅ​វិញ​មុន​ពេល​កាលបរិច្ឆេទ​បាន​កំណត់​។

លោកស្រី ​ Tan កាលពី​ម្សិលមិញ​​បាន​ថ្លែង​ថា​អង្គការ​ UNHCR «​មិន​គាំទ្រ​ការ​បញ្ជូន​ទៅវិញ​ដោយ​គ្មាន​ការ​ស្ម័គ្រចិត្ត​» ​​នោះ​ទេ​។ ប៉ុន្តែ​លោកស្រី​បាន​បន្ថែម​ថា​ខណៈ​អង្គការ​ជា​ធម្មតា​ «​មិន​ពាក់ព័ន្ធ​ក្នុង​ការ​​បញ្ជូន​មនុស្ស​ដែល​មិន​ទាន់​ត្រូវ​បាន​ចុះ​ ឈ្មោះ​ជា​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​» ​ត្រឡប់​ទៅ​វិញ​អង្គការ​​កំពុង​រៀបចំ​សម្រួល​ចំពោះ​ការ​បញ្ជូន​​​បុគ្គល​ណា​ ដែល​មាន​ការ​សម្រេច​ដោយ​សេរី​ និង​មាន​ការ​​ជូន​ដំណឹង​ជា​មុន​»។

លោកស្រី ​ថ្លែង​ថា​អង្គការ​បន្ត​ជំរុញ​​ «​​ឲ្យ​អាជ្ញាធរ​មាន​ការ​ទទួល​ខុស​ត្រូវ​» ​​ក្នុង​ការ​ចុះ​បញ្ជី​ជនជាតិ​ម៉ុងតាញ៉ា​​សុំ​សិទ្ធិ​ជ្រកកោន​ទាំងអស់​​ដែល​ បច្ចុប្បន្ន​កំពុង​រស់នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់​ក្នុង​រាជធានី​ភ្នំពេញ។

កាលពី ​ខែ​តុលា​ឆ្នាំ​មុន​ជនជាតិ​ម៉ុងតាញ៉ា​រាប់​រយ​នាក់​​បាន​គេច​ខ្លួន​មក​​ ប្រទេស​កម្ពុជា​។ ជនជាតិ​ម៉ុងតាញ៉​ទើប​តែ​មាន​​ ១៣ ​នាក់​​ដែល​ត្រូវ​បាន​វាយតម្លៃ​ និង​កំណត់​ថា​​ជា​ជនភៀស​ខ្លួន។ មនុស្ស​រាប់​សិប​នាក់​ត្រូវ​បាន​និរទេស​​ទៅ​វៀតណាម​វិញ។
លោក Phil Robertson នាយករង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​អាស៊ី​បាន​ថ្លែង​ថា​ការ​ ធានា​របស់​វៀតណាម​មិន​អាច​ទុក​ចិត្ត​បាន​ទេ​។

លោក​បាន​ពន្យល់​ថា​៖ «​ទីក្រុង​ ហាណូយ​​ បាន​ចេញ​ការ​ធានា​ស្រដៀង​គ្នា​ចំពោះ​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​​ដែល​​រត់​គេច ​មក​ប្រទេស​កម្ពុជា​​ ដើម្បី​គេច​ពី​ការ​បង្ក្រាប​ហិង្សា​ក្នុង​តំបន់​ខ្ពង់​រាប​កណ្តាល​​កាលពី​ ឆ្នាំ​ ២០០១ ​និង​ ២០០៤ ប៉ុន្តែ​ការ​សន្យា​នោះ​ គឺ​មិន​ពិត​ទេ​ហើយ​អ្នក​ដែល​ត្រឡប់​ទៅ​វិញ​គឺ​ប្រឈម​​នឹង​ការ​សួរ​ចម្លើយ​ ការ​បំភិត​បំភ័យ និង​ករណី​ខ្លះ​រង​ការ​ធ្វើ​ទារុណកម្ម​ហើយ​គឺ​ដូច​អ្នក​មួយ​ចំនួន​​​​ដែល​ ត្រូវ​បាន​​បញ្ជូន​ទៅវិញ​ទាំង​បង្ខំ​ដោយ​រដ្ឋាភិបាល​កម្ពុជា​​កាលពី​ដើម​ ឆ្នាំ​នេះ»។

«​ជនជាតិ​ម៉ុងតាញ៉ា​បាន​ទទួល​នូវ​មេរៀន​​អំពី​ការ​សន្យា ​ក្លែងក្លាយ​របស់​វៀតណាម។​ ឥឡូវ​នេះ​អង្គការ​ UNHCR ក៏​ទទួល​ស្គាល់​ផង​ដែរ​ថា​វៀតណាម​មិន​អាច​ទុក​ចិត្ត​បាន​ទេ​ក្នុង​ការ​សន្យា ​នេះ​ហើយ​​នឹង​ត្រៀម​ខ្លួន​ចូលរួម​ពាក់ព័ន្ធ​ចំពោះ​ករណី​នៃ​ការ​បញ្ជូន​ ជនជាតិ​ម៉ុងតាញ៉ា​នេះ​»៕ PS


No comments: