មន្ត្រី៖ កម្ពុជាអាចដោះស្រាយបញ្ហាប្រឈមដោយសារគ្រោះមហន្តរាយធម្មជាតិបាន
ដោយ ខែ សុណង
2015-10-02 rfa
អង្គការសង្គមស៊ីវិលជាង ១០ស្ថាប័ន និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរួមគ្នាផ្សព្វផ្សាយអំពីភាពរងគ្រោះដោយការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ។ ការផ្សព្វផ្សាយនេះធ្វើឡើងមុនផែនការរៀបចំទិវាអាស៊ានស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥។
មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់ទុកថា កម្ពុជាអាចដោះស្រាយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិដែលបានកើតមានឡើង ដែលមិនទាន់ទាមទារឲ្យគណៈកម្មាធិការអាស៊ាន ជួយដោះស្រាយនៅឡើយ។
អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លោក រស់ សុវណ្ណ មានប្រសាសន៍ថា ថ្វីត្បិតតែនៅកម្ពុជា បានប្រឈមនឹងគ្រោះទឹកជំនន់ ខ្យល់ព្យុះ និងគ្រោះរាំងស្ងួតជាច្រើនក្ដី ប៉ុន្តែកម្ពុជានៅមានលទ្ធភាពច្រើនក្នុងការដោះស្រាយបញ្ហាដោយខ្លួនឯង ពីព្រោះកម្រិតនៃគ្រោះមហន្តរាយនេះនៅមានលក្ខណៈយឺត មិនគំហុកដូចបណ្ដាប្រទេសដទៃក្នុងតំបន់នោះទេ។
ថ្វីបើលោកអះអាងយ៉ាងនេះក្ដី ប៉ុន្តែលោកបញ្ជាក់ថា កម្ពុជាក៏កំពុងប្រឈមមុខចំពោះគ្រោះមហន្តរាយធម្មជាតិដូចប្រទេសក្នុងតំបន់ដែរ ដែលទាមទារឲ្យកម្ពុជា ត្រៀមខ្លួនបន្តទៀត៖ «ប៉ុន្តែកន្លងមកយើងអត់ទាន់ដែលបានស្នើសុំឲ្យអាស៊ាន ជួយយើងទេ ដោយសារយើងអត់មានលទ្ធភាពដោះស្រាយ ជាពិសេសយើងពឹងផ្អែកទៅលើធនធាននៅក្នុងស្រុករបស់រដ្ឋាភិបាល ហើយនិងអង្គការដៃគូរបស់យើងទាំងអស់ដែលតែងតែសហការ ផ្ដល់ធុងចម្រោះ ផ្ដល់តង់ ផ្ដល់ការសម្របសម្រួល ជម្លៀសទីទួលសុវត្ថិភាព គឺយើងដោះស្រាយបានក្នុងកម្រិតមួយដែលគេហៅថា អាស៊ាន ក៏គិតថា កម្ពុជាធ្វើបានខ្លួនឯងនៅឡើយ មិនទាន់ចាំបាច់ត្រូវការអាស៊ានទេ។ ប៉ុន្តែទោះជាយ៉ាងក៏ដោយបើសិនជាយើងត្រូវការគឺយើងមានយន្តការនៃការប្រតិបត្តិការរួមគ្នាហើយស្រេច»។
ការលើកឡើងរបស់លោកដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានរបស់អង្គការសង្គមស៊ីវិល នៅស្នាក់ការអង្គការការីតាស់ (Caritas) នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥។
កម្ពុជាគឺជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ឆ្នាំ២០១៥ សហការជាមួយលេខាធិការអាស៊ាន និងអង្គការដៃគូមួយចំនួន នឹងប្រារព្ធទិវាអាស៊ានស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយក្រោមប្រធានបទ "អាស៊ានធន់នឹងគ្រោះមហន្តរាយតែមួយ" នៅថ្ងៃទី៩ ថ្ងៃទី១០ ខែតុលា។ រីឯប្រធានបទបន្ទាប់នៃទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយឆ្នាំនេះដែរ គឺធ្វើការរួមគ្នាដើម្បីឲ្យកុមារនៅតាមសាលារៀននិងសហគមន៍របស់ពួកគេធន់នឹងគ្រោះមហន្តរាយ។
ផ្សារភ្ជាប់ទៅនឹងបញ្ហាគ្រោះមហន្តរាយ និងការអប់រំរបស់កុមារនេះ មន្ត្រីជំនាញគ្រប់គ្រងគ្រោះមហន្តរាយនៃអង្គការផ្លេនអន្តរជាតិ (Plan) លោក ប៉ិល ពិសិដ្ឋ ថ្លែងថា អង្គការផ្លេន និងអង្គការដៃគូដែលទទួលបានឧបត្ថម្ភពីសហភាពអឺរ៉ុប និងរដ្ឋាភិបាលអូស្ត្រាលី កំពុងធ្វើសកម្មភាពចម្បងក្នុងអប់រំដល់សហគមន៍ និងកុមាររស់ក្នុងតំបន់ងាយរងគ្រោះឲ្យមានភាពធន់នៅក្នុងគ្រោះមហន្តរាយ។
លោកថា ការអប់រំបានផ្ដោតទៅលើមុខសញ្ញាគ្រោះថ្នាក់សំខាន់ៗ ដូចជា គ្រោះទឹកជំនន់ ខ្យល់ព្យុះ និងរន្ទះ ដល់ក្រុមគោលដៅ ដូចជា សិស្ស គ្រូបង្រៀន និងមន្ត្រីអប់រំ ឲ្យធ្វើផែនការកាត់បន្ថយហានិភ័យក្នុងសាលា និងផែនការគ្រប់គ្រងគ្រោះមហន្តរាយ៖ «សាលាដែលរងគ្រោះដោយសារទឹកជំនន់ ឬនៅតាមតំបន់ដែលរងគ្រោះដោយសារទឹកជំនន់ពេលដែលសិស្សទៅសាលារៀនត្រូវមានការការពាររបៀបម៉េច? ដោយសារគាត់ជិះទូក ឬក៏ដើរឆ្លងកាត់ទឹកកុំឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ឬក៏ខូចខាតសម្ភារៈអប់រំ កុមារត្រូវមានវិធីការពារខ្លួន។ ក្នុងសហគមន៍ដូចគ្នា ប្រជាពលរដ្ឋក៏ត្រូវធ្វើផែនការកាត់បន្ថយហានិភ័យក្នុងសហគមន៍ហើយធ្វើសកម្មភាពកាត់បន្ថយ»។
របាយការណ៍ហានិភ័យឆ្នាំ២០១៤ របស់អង្គការសហប្រជាជាតិ ឲ្យដឹងថា ប្រទេសកម្ពុជា គឺជាប្រទេសទី៩ ដែលងាយរងគ្រោះជាងគេដោយសារគ្រោះមហន្តរាយនៅលើពិភពលោកដែលជាឧបសគ្គដល់ដំណើរការអភិវឌ្ឍន៍សម្រាប់ប្រទេសនេះ។ ជាក់ស្ដែងទឹកជំនន់នៅឆ្នាំ២០១៤ បានធ្វើឲ្យពលរដ្ឋ ៤៩នាក់ស្លាប់ និងពលរដ្ឋជាង ១៦ម៉ឺន ៦ពាន់នាក់រងផលប៉ះពាល់។ ក្រៅពីនេះផ្ទៃដីកសិកម្មជាច្រើនពាន់ហិកតាររងការបំផ្លិចបំផ្លាញ ប៉ះពាល់ដល់សត្វធាតុ និងហេដ្ឋារចនាសម្ព័ន្ធរងការខូចខាតធ្ងន់ធ្ងរ។ គ្រោះទឹកជំនន់នេះ បានធ្វើឲ្យខូចខាតដល់វិស័យសំខាន់ៗមួយចំនួនដូចជា កសិកម្ម សេដ្ឋកិច្ច សុខភាព និងអប់រំជាដើម។
ដោយឡែកក្រសួងបរិស្ថានឲ្យដឹងថា ទឹកប្រាក់ប្រមាណ ១.២០០លានដុល្លារអាមេរិក នឹងត្រូវចំណាយទៅលើការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុក្នុងរយៈពេល ៥ឆ្នាំ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨៕
No comments:
Post a Comment