Tuesday, 6 October 2015

តើ​បញ្ហា​អ្វី​ខ្លះ ដែល​បណ្ដាល​ឲ្យ​កសិករ​បោះបង់​ការងារ​កសិកម្ម?

តើ​បញ្ហា​អ្វី​ខ្លះ ដែល​បណ្ដាល​ឲ្យ​កសិករ​បោះបង់​ការងារ​កសិកម្ម?
ដោយ អ៊ុំ រង្សី
2015-10-05 rfa
ក្រុម​កសិករ​ផលិត​ពូជ​ស្រូវ​ភ្នំ​តូច​សាមគ្គី ដក​ស្ទូង នៅ​ភូមិ​ភ្នំតូច ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Chin Chetha

អ្នក​ជំនាញ​ផ្នែក​ សេដ្ឋកិច្ច និង​កសិកម្ម បាន​លើក​ឡើង​ថា ចំនួន​ប្រជាជន​កម្ពុជា ដែល​ធ្វើ​ការ​ក្នុង​វិស័យ​កសិកម្ម កំពុង​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ទាំង​អ្នក​សេដ្ឋកិច្ច ទាំង​អ្នក​កសិកម្ម បង្ហាញ​ថា ករណី​នេះ​ដោយសារ​ចរន្ត​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​ទ្រង់ទ្រាយ​ធំ ទាំង​ក្នុង និង​ក្រៅ​ប្រទេស រួម​ផ្សំ​នឹង​ការ​រីក​ចម្រើន​ខាង​ផ្នែក​ឧស្សាហកម្ម​សេដ្ឋកិច្ច។

នៅ​ពេល​កសិករ​ខ្មែរ​បោះបង់​ការងារ​កសិកម្ម​កាន់​តែ​ច្រើន តើ​កម្ពុជា អាច​នឹង​ប្រឈម​បញ្ហា​អ្វី​ខ្លះ?

អ្នក ​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​កសិកម្ម បារម្ភ​ថា ប្រសិន​បើ​ចរន្ត​នៃ​ការ​បន្ត​ធ្លាក់​ចុះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​ កសិកម្ម​នេះ អាច​នឹង​បង្ក​ជា​ក្តី​បារម្ភ​ដល់​លទ្ធភាព​ផ្គត់ផ្គង់​ស្បៀង​នៅ​កម្ពុជា និង​អាច​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ដែល​ជា​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​មួយ​នេះ។

ការ​លើក​ឡើង​ របស់​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​កសិកម្ម នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​កសិកម្ម បាន​បង្ហាញ​របាយការណ៍​បូក​សរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រចាំ​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៥ និង​ទិសដៅ​អនុវត្តន៍​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៦ បង្ហាញ​ថា ចំនួន​ប្រជាជន​កម្ពុជា ដែល​ធ្វើ​ការ​ក្នុង​វិស័យ​កសិកម្ម​កំពុង​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

របាយការណ៍ ​បូក​សរុប​ការងារ​កសិកម្ម​របស់​ក្រសួង​កសិកម្ម បង្ហាញ​ថា បច្ចុប្បន្ន វិស័យ​កសិកម្ម​បាន​ចូលរួម​ចំណែក​ជិត ៣០% (២៨,៧%) នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ឆ្នាំ​២០១៤។ ដោយឡែក​វិស័យ​ឧស្សាហកម្ម បាន​ចូលរួម​ចំណែក​ប្រមាណ​ជាង ២៥% (២៥,៥%) និង​វិស័យ​សេវាកម្ម​ប្រហែល​ជាង ៤០% (៤០,៥%)។

របាយការណ៍​ដដែល​បង្ហាញ​ទៀត​ថា ការ​ថយ​ចុះ​នៃ​ការ​ចូលរួម​របស់​វិស័យ​កសិកម្ម គឺ​អាស្រ័យ​ទៅ​លើ​ការ​រីក​លូតលាស់​នៃ​ផ្នែក​ពីរ​សំខាន់​ផ្សេង​ទៀត​ក្នុង​ វិស័យ​សេដ្ឋកិច្ច ដែល​មាន​ដូចជា វិស័យ​ឧស្សាហកម្ម សំណង់ និង​វិស័យ​សេវាកម្ម ហើយ​ករណី​នេះ​បង្ហាញ​ថា ការ​ចូលរួម​ចំណែក​របស់​វិស័យ​កសិកម្ម មាន​ការ​ប្រែប្រួល​ដោយ​ថយ​ចុះ​ពី ៣៣,៩% ទៅ ២៨,៧% ក្នុង​ចន្លោះ​ឆ្នាំ​២០១០-២០១៤ ដោយសារ​ប្រជាពលរដ្ឋ​កម្ពុជា បោះបង់​ការងារ​កសិកម្ម ហើយ​ងាក​ទៅ​រក​វិស័យ​ឧស្សាហកម្ម​កាន់​តែ​មាន​ការ​កើន​ឡើង។

ទាក់ទិន ​ទៅ​នឹង​បញ្ហា​កសិករ​បោះបង់​ការងារ​កសិកម្ម ងាក​ទៅ​រក​ការងារ​សេដ្ឋកិច្ច​កាន់​តែ​ច្រើន​នេះ ត្រូវ​បាន​ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា សេដាក (CEDAC) លោក យ៉ង សាំងកុមារ បាន​ឲ្យ​ដឹង​ថា មាន​កត្តា​ជាច្រើន​ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បោះបង់​ការងារ​ក្នុង​វិស័យ​ កសិកម្ម។ លោក​បន្ត​ថា ទោះ​ជា​រដ្ឋាភិបាល​កម្ពុជា មាន​វិធានការ ឬ​គោល​នយោបាយ​លើក​ស្ទួយ​វិស័យ​នេះ​ក្តី ក៏​គោល​នយោបាយ​នៅ​តែ​អនុវត្ត​មិន​ទាន់​មាន​ប្រសិទ្ធភាព និង​មិន​ទាន់​សមស្រប​ជួយ​សម្រួល​ដល់​កសិករ​ក្នុង​ការ​ពង្រឹង​លទ្ធភាព ដើម្បី​ឈាន​ទៅ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​នៅ​ឡើយ។ លោក​បន្ត​ថា ការ​ប្រែប្រួល​អាកាសធាតុ តម្លៃ​កសិផល​កសិកម្ម​ទាប និង​ឱកាស​ទទួល​បាន​ឥណទាន​ពាណិជ្ជកម្ម​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម គោល​នយោបាយ ភាព​ខ្វះខាត​នៅ​ក្នុង​ការ​គ្រប់គ្រង​តម្លៃ​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម និង​ការ​រីក​ចម្រើន​នៃ​បណ្ដា​រោងចក្រ​សហគ្រាស ចំណាក​ស្រុក កំពុង​ក្លាយ​ជា​មូលហេតុ​ចម្បង​ដែល​ជំរុញ​ឲ្យ​កសិករ​មិន​ចង់​បន្ត​ការងារ​ កសិកម្ម៖ «កត្តា​ដែល​រុញ​ឲ្យ​មនុស្ស​ចាក​ចេញ​ពី​ការងារ​កសិកម្ម ដោយសារ​ការងារ​កសិកម្ម​នៅ​ស្រុក​ខ្មែរ​យើង​ហ្នឹង​វា​មាន​តម្លៃ​ទាប​ពេក វា​អត់​សូវ​ចំណេញ​ច្រើន វា​ខាត​ច្រើន ចឹង​ប្រជា​កសិករ​យើង​ធ្វើ​ការ​ក្នុង​វិស័យ​កសិកម្ម​កាន់​តែ​លំបាក»។

អ្នក ​ជំនាញ​កសិកម្ម​រូប​នេះ​បារម្ភ​ថា កាល​ណា​ក្នុង​ប្រទេស​មួយ​មាន​ការ​ផលិត​អន់​ថយ វា​នឹង​បង្ក​ឲ្យ​មាន​អសន្តិសុខ​ស្បៀង​អាហារ មិន​តែ​ប៉ុណ្ណោះ ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ការ​នាំ​ចូល​ពី​បរទេស​កាន់​តែ​ច្រើន។ បញ្ហា​នេះ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ បញ្ជូន​អ្នក​បច្ចេកទេស​កសិកម្ម ទៅ​បណ្តុះបណ្តាល​កសិករ គាំទ្រ​ដល់​សហគមន៍​កសិករ ដើម្បី​សំដៅ​បង្កើន​ប្រាក់​ចំណូល​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ កម្ពុជា៖ «រដ្ឋាភិបាល​យើង​មាន​គោល​នយោបាយ​ល្អ មាន​យុទ្ធសាស្ត្រ តែ​ឃើញ​តែ​នៅ​លើ​ក្រដាស តែ​ការ​អនុវត្ត​ជាក់ស្តែង​នៅ​តែ​មិន​ប្រសិទ្ធភាព។ ដូច្នេះ រដ្ឋាភិបាល​ត្រូវ​តែ​ធានា​លើ​ការ​អនុវត្ត​គោល​នយោបាយ​ទាំង​នោះ​ឲ្យ​ប្រសើរ និង​អាច​ទប់ស្កាត់​ការ​បោះបង់​ការងារ​កសិកម្ម»។

ចំណែក​ សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​កសិកម្ម នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម លោក សេង វេយ៉ាណែត បាន​ឲ្យ​ដឹង​ថា ការ​ថយ​ចុះ​នៃ​កម្លាំង​ពលកម្ម​ដែល​ចូលរួម​ក្នុង​វិស័យ​កសិកម្ម គឺ​ជា​ការ​វិវឌ្ឍ​ធម្មតា​ក្នុង​និន្នាការ​សេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​ អភិវឌ្ឍ ព្រោះ​នៅ​ពេល​ដែល​សេដ្ឋកិច្ច​ចាប់​ផ្ដើម​មាន​កំណើន វិស័យ​កសិកម្ម​ក៏​ចាប់​ផ្ដើម​ថយ​ចុះ ដោយសារ​ពលរដ្ឋ​ខ្មែរ​ងាក​ទៅ​រក​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​កាន់​តែ​ច្រើន។ លោក​បាន​ឲ្យ​ដឹង​ថា តាម​ការ​ស្រាវជ្រាវ​កន្លង​មក​មាន​មូលហេតុ​ពីរ​សំខាន់ៗ ដែល​ជំរុញ​ឲ្យ​កសិករ​ខ្មែរ​មួយ​ចំនួន បោះបង់​ការងារ​កសិកម្ម ដោយសារ​តែ​តម្លៃ​ទីផ្សារ​កសិផល​កសិកម្ម​មាន​តម្លៃ​ទាប និង​ការ​ចំណាយ​របស់​កសិករ​ទៅ​លើ​ធាតុ​ចូល​ក្នុង​វិស័យ​កសិកម្ម ដូចជា ជី ថ្នាំ​កសិកម្ម មាន​តម្លៃ​ថ្លៃ។

សាស្ត្រាចារ្យ​សេដ្ឋកិច្ច​ បន្ត​ថា ខណៈ​កសិករ​ខ្មែរ​បោះបង់​ការងារ​កសិកម្ម​រត់​ទៅ​រក​ការងារ​សេដ្ឋកិច្ច​កាន់​ តែ​ច្រើន​នោះ ដើម្បី​កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​ខ្លាំង រដ្ឋាភិបាល​ត្រូវ​មាន​គោល​នយោបាយ​ជំរុញ​លើ​ការ​វិនិយោគ​ផ្នែក​ កសិឧស្សាហកម្ម៖ «កសិករ​ខ្មែរ​យើង​ភាគ​ច្រើន​គាត់​មាន​ដី​តូចៗ ចឹង​ហើយ​រដ្ឋាភិបាល​យើង​គួរ​តែ​មាន​វិធានការ ឬ​យន្តការ​យ៉ាង​ម៉េច ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគទុន​មក​កាន់​តែ​ច្រើន ព្រោះ​បើ​សិន​ជា​រីក​ចម្រើន​ទាំង​ផ្នែក​កសិឧស្សាហកម្ម វា​នឹង​រីក​ចម្រើន​ទាំង​គុណភាព ទាំង​បរិមាណ»។

សិក្ខាសាលា​បូក​ សរុប​លទ្ធផល​នៃ​ការ​អនុវត្ត​គម្រោង​គ្រប់គ្រង​ព្រៃ​ឈើ​ដោយ​និរន្តរភាព និង​ការ​លើក​កម្ពស់​របរ​ចិញ្ចឹម​ជីវិត​តាម​រយៈ​សហគមន៍​ព្រៃ​ឈើ កាល​ពី​ថ្ងៃ​ទី​១៨ កញ្ញា កន្លង​ទៅ ពលរដ្ឋ​ដែល​ប្រកប​របរ​កសិកម្ម បាន​បង្ហាញ​បញ្ហា​ប្រឈម​មិន​ចង់​បន្ត​ការងារ​កសិកម្ម មក​ពី​បញ្ហា​ទីផ្សារ ប្រសិទ្ធភាព​នៃ​តម្លៃ​ផលិតផល​កសិកម្ម ចំណេះ​ដឹង​បច្ចេកទេស សមត្ថភាព​កែច្នៃ​ផលិតផល​កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញ​ប្រព័ន្ធ​ធារាសាស្ត្រ ដើម​ទុន និង​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ពី​ប្រទេស​ជិត​ខាង និង​ក្នុង​តំបន់ ការ​រំលោភ​ដីធ្លី សិទ្ធិ​ទទួល​បាន​ប្រើប្រាស់ និង​គ្រប់គ្រង​ដី​កសិកម្ម ហើយ​កសិករ​ថា បញ្ហា​នេះ​បាន​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ផលិតកម្ម​កសិកម្ម។

របាយការណ៍ ​បូក​សរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រចាំ​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៥ និង​ទិសដៅ​អនុវត្តន៍​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ​២០១៥-២០១៨ ហើយ​នៅ​តែ​ចាត់​ទុក​វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាព ដោយ​បាន​កំណត់​យ៉ាង​ច្បាស់​ថា ការ​លើក​កម្ពស់​កសិកម្ម ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​ចីរភាព ពិសេស​ធនធាន​ព្រៃ​ឈើ និង​ជលផល គឺ​ជា​មុខ​ព្រួញ​ដ៏​សំខាន់ ដើម្បី​ចូលរួម​កំណើន​សេដ្ឋកិច្ច និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា។ ជាង​នេះ​ទៀត រដ្ឋាភិបាល​នឹង​ជំរុញ​កំណើន​កសិកម្ម​ឲ្យ​បាន​ក្នុង​រង្វង់ ៥% ក្នុង​មួយ​ឆ្នាំ តាម​រយៈ​ការ​លើក​កម្ពស់​ផលិតភាព ការ​លើក​កម្ពស់​ការ​ចិញ្ចឹម​សត្វ និង​វារីវប្បកម្ម ដោយ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​ការពារ និង​គ្រប់គ្រង​ធនធាន​ព្រៃ​ឈើ និង​ជលផល​ប្រកប​ដោយ​ចីរភាព។

ចំណែក​របាយការណ៍​របស់​ វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ស្ដីពី​ការ​លុប​បំបាត់​ឧបសគ្គ​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​ កម្ពុជា បង្ហាញ​ថា សម្រាប់​សន្តិសុខ​ស្បៀង ចាំបាច់​ត្រូវ​ពិនិត្យ​ពី​ការ​អភិវឌ្ឍ​កសិកម្ម​ក្នុង​បរិបទ​សកល​នៃ​កំណើន​ តម្រូវ​ការ​អាហារ​មនុស្ស និង​ចំណី​សត្វ ដោយសារ​កំណើន​ប្រជាជន ការ​អភិវឌ្ឍ​សង្គម និង​ការ​ផ្លាស់ប្ដូរ​ក្នុង​លំនាំ​នៃ​ការ​ប្រើប្រាស់ ហើយ​នៅ​កម្ពុជា វិស័យ​កសិកម្ម​បាន​ផ្តល់​ស្បៀង​អាហារ​ដល់​ប្រជាជន​ជិត ១៥​លាន​នាក់ ដែល​កំពុង​កើន​ឡើង និង​កើន​ចំណាយ​ប្រើប្រាស់​ក្នុង​មនុស្ស​ម្នាក់ៗ។ ដូច​នេះ ការ​គាំទ្រ​ឲ្យ​ពលរដ្ឋ​កម្ពុជា បន្ត​ការងារ​កសិកម្ម គឺ​ជា​ការ​ធានា និង​រក្សា​ការ​ផ្គត់ផ្គង់​ស្បៀង​អាហារ​ឲ្យ​មាន​ស្ថិរភាព៕

No comments: