ដោយ ខែ សុណង
2015-10-05 rfa
ក្រុមគ្រូបង្រៀនលើកបដាទាមទារដំឡើងប្រាក់បៀវត្ស ក្នុងនៃទិវាគ្រូបង្រៀនពិភពលោកឆ្នាំ២០១៥ នាទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៥ ខែតុលា។ |
គ្រូបង្រៀនជាង ២០០នាក់មកពីទូទាំងខេត្ត-ក្រុង បានជួបប្រជុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីអបអរសាទរទិវាគ្រូបង្រៀនពិភពលោក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥។ ក្នុងពិធីនេះ លោកគ្រូអ្នកគ្រូ បានថ្លែងសាររៀបរាប់ពីទុក្ខលំបាករបស់ពួកគាត់ គឺជីវភាពក្នុងអាជីពជាគ្រូបង្រៀន ប្រឈមនឹងបញ្ហាខ្វះខាត។ ទោះយ៉ាងណា ការប្រារព្ធទិវាដែលគ្មានក្រសួងអប់រំ ចូលរួមនេះ ពួកគាត់បានយកញត្តិដាក់ជូនស្ថាប័នមួយចំនួន សុំឲ្យដំឡើងប្រាក់ខែជូនពួកគាត់។
«សំឡេងស្រែក»
ក្រុមគ្រូបង្រៀននៅតាមបណ្ដាខេត្ត-ក្រុងចំនួន២៤ បានទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែជូនពួកគាត់ឲ្យបានចំនួន ១លាន ៥សែនរៀលក្នុងមួយខែ ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ និងពង្រឹងគុណភាពបង្រៀន នៅខណៈទំនិញសព្វសារពើនៅលើទីផ្សារ កាន់តែឡើងថ្លៃនោះ។
គ្រូបង្រៀននៃសាលាបឋមសិក្សាសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ អ្នកស្រី ប្រាង្គ ចំណាន ជាគ្រូបង្រៀនម្នាក់ក្នុងចំណោមគ្រូបង្រៀនមកពីបណ្ដាខេត្តដទៃ បានរៀបរាប់ពីទុក្ខលំបាកខាងជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារអ្នកគ្រូយល់ថា មកពីការផ្ដល់ប្រាក់បៀវត្សរ៍ឲ្យគ្រូបង្រៀននៅមានកម្រិតទាបពេក ដែលធ្វើឲ្យពួកគាត់ប្រព្រឹត្តទង្វើជាច្រើនមិនសមប្រកបទៅនឹងវិជ្ជាជីវៈ ហើយក្បត់នឹងមនសិការរបស់ខ្លួន។ អ្នកគ្រូ បានស្នើសុំដំឡើងប្រាក់ខែគោលជូនពួកគាត់ទៅដល់ ១លាន ៥សែនរៀល៖ «នាងខ្ញុំជាគ្រូបង្រៀនម្នាក់ដែលតែងតែក្បត់សីលធម៌ខ្លួនឯង ប្រើគ្រប់វិធីសាស្ត្រដើម្បីឲ្យកូនសិស្សគាត់ទិញនំខ្ញុំ។ គាត់រៀនគួរជាមួយខ្ញុំ ខ្ញុំធ្វើដើម្បីការរស់នៅរបស់ខ្ញុំបានប្រសើរតិចតួច។ ខ្ញុំសូមអំពាវនាវទៅដល់រដ្ឋមន្ត្រីក្រសួងអប់រំ ដែលលោកចង់ឲ្យគ្រូបង្រៀន ចង់ឲ្យសាលារៀនខ្មែរដើរតាមអាស៊ាន ចុះប្រាក់ខែលោកមានគិតទេ? ខ្ញុំជឿថា ប្រាក់ខែគេប្រាកដជាមិនដូចខ្ញុំទេ»។
នៅប្រទេសកម្ពុជា មានគ្រូបង្រៀនទូទាំងប្រទេសជាង ១០ម៉ឺននាក់។ បច្ចុប្បន្ន ពួកគាត់មានប្រាក់ខែគោលទាបបំផុតចំនួន ៤២ម៉ឺនរៀល និងខ្ពស់បំផុតចំនួន ៧៥ម៉ឺនរៀលក្នុងមួយខែ ប៉ុន្តែចំនួននេះពួកគាត់បានត្អូញត្អែរថា មិនអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានទេ ដោយសារតែទំនិញនៅលើទីផ្សារមានតម្លៃខ្ពស់។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រី និងអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសុំការឆ្លើយតបចំពោះការទាមទាររបស់គ្រូបង្រៀនបានទេ នៅថ្ងៃទី៥ ខែតុលា។
ប៉ុន្តែកាលពីថ្ងៃទី១៤ ខែសីហា កន្លងទៅ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន បានថ្លែងនៅក្នុងសន្និសីទកាសែត ស្ដីពីការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថា ជាគោលការណ៍របស់ក្រសួង ដើម្បីលើកកម្ពស់គុណភាពអប់រំស្របពេលរឹតបន្តឹងការប្រឡង ក្រសួងមានផែនការដំឡើងប្រាក់ខែជូនគ្រូបង្រៀនទៀតនៅឆ្នាំ២០១៦។
ទិវាគ្រូបង្រៀនពិភពលោក រៀបចំដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី៥ តុលា មានគ្រូជាង ២០០នាក់ចូលរួម ក្រោមប្រធានបទ "ការលើកកម្ពស់អំណាចគ្រូបង្រៀន"។
ក្រៅអំពីការជួបប្រជុំគ្នានេះ សាលារាជធានីភ្នំពេញ មិនបានអនុញ្ញាតឲ្យពួកគាត់ហែក្បួនយកញត្តិដាក់នៅតាមស្ថាប័នមួយចំនួននោះទេ ប៉ុន្តែសាលារាជធានីភ្នំពេញ បានផ្ដល់រថយន្តមួយសម្រាប់ដឹកជញ្ជូនតំណាងគ្រូបង្រៀន ឲ្យដាក់ញត្តិនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋសភា និងក្រសួងអប់រំ។ ញត្តិនោះ បានទាមទារឲ្យដំឡើងប្រាក់ខែគោលជូនពួកគាត់ចំនួន ១លាន ៥សែនរៀលក្នុងមួយខែ និងស្នើសុំប្រាក់ឧបត្ថម្ភបន្ទាប់បន្សំនានាមួយចំនួនទៀត។
ទោះជាយ៉ាងណា អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ដែលបានចូលរួមទិវានេះដែរ បានគាំទ្រចំពោះសំណើសុំរបស់លោកគ្រូអ្នកគ្រូ។ លោកថា ក្នុងនាមអ្នកតំណាងរាស្ត្រ លោកនឹងបន្តតស៊ូមតិ ដាក់សំណូមពររបស់គ្រូបង្រៀនទៅក្នុងសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៦ ខាងមុខ៖ «ការដំឡើងរបស់រដ្ឋាភិបាលសព្វថ្ងៃ វាអត់សមទៅនឹងតម្លៃនៅលើទីផ្សារ និងការរស់នៅរបស់គាត់។ យើងត្រូវការយ៉ាងតិច ១លានរៀលក្នុងពេលបច្ចុប្បន្ន ប៉ុន្តែពីរបីឆ្នាំទៅមុខទៀត មិនមែននៅត្រឹមតែ ១លានរៀលទេ»។
នៅថ្ងៃទី៧ ខែតុលា ក្រសួងអប់រំ នឹងប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ "លើកកម្ពស់សក្ដានុពលគ្រូបង្រៀន ដើម្បីកសាងសង្គមប្រកបដោយនិរន្តរភាព"។ ការប្រារព្ធនេះ មានបំណងធំ គឺជាការដឹងគុណដល់គ្រូបង្រៀន ដែលបានបូជាកម្លាំងកាយ និងប្រាជ្ញាស្មារតី ក្នុងការបង្ហាត់បង្រៀនសិស្សទទួលបានលទ្ធផលល្អ៕
No comments:
Post a Comment