ដោយ ប្រាជ្ញ ចេវ
2015-10-06 rfa
ព្រឹទ្ធសភាកម្ពុជា
Photo: RFA
|
សង្គមស៊ីវិលរិះគន់ថា ការតែងតាំងទីប្រឹក្សារបស់អនុប្រធានព្រឹទ្ធសភា ចំនួន ១៥រូប ជាចំនួនច្រើន ដែលខ្ជះខ្ជាយថវិកាជាតិ។ ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យព្រឹទ្ធសភា បញ្ជាក់ថា ចំនួនទីប្រឹក្សាទាំងនោះ មិនបានធ្វើឲ្យខ្ជះខ្ជាយលុយរដ្ឋនោះទេ ម៉្យាងវិញទៀត ការតែងតាំងទីប្រឹក្សាអនុប្រធានទី១ ព្រឹទ្ធសភា ដើម្បីជួយការងារ ព្រោះអនុប្រធានទើបតែឡើងកាន់តំណែង។
ការលើកឡើងបែប នេះ ព្រោះក្រុមសង្គមស៊ីវិលអង្កេតឃើញថា ស្ថាប័នមួយនេះពុំសូវមានសកម្មភាព និងមិនចង់ឲ្យចាយថវិការដ្ឋខ្ជះខ្ជាយ។
ប្រធាន អង្គការវេទិកាអនាគត លោក អ៊ូ វីរៈ និយាយថា ស្ថាប័នព្រឹទ្ធសភា បង្កើតគ្មានប្រយោជន៍ទាល់តែសោះ ដូច្នេះមិនចាំបាច់ឲ្យមានទីប្រឹក្សាអនុប្រធានព្រឹទ្ធសភា នោះទេ។ ជាងនេះទៅទៀត លោកយល់ថា គួរតែរំលាយស្ថាប័នមួយនេះចោលតែម្តង៖ «ខ្ញុំថាមិនមានប្រយោជន៍ មិនមានការងារ មិនមានអំណាចជាក់លាក់ ក្នុងការជួយដល់ប្រជាពលរដ្ឋ ឬក៏អនុម័តច្បាប់ទេ។ ស្ថាប័ននេះ ជាស្ថាប័នបំផ្លាញលុយជាតិ។ ព្រឹទ្ធសភា បើតាមចិត្តខ្ញុំ បិទចោលតែម្តង មិនមានតួនាទីអីសោះ ទុកធ្វើអី»។
ព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ដែលចុះហត្ថលេខាដោយ លោក សាយ ឈុំ ជាប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី១៥ ខែកញ្ញា បានតែងតាំង និងផ្តល់ឋានៈទីប្រឹក្សាអនុប្រធានទី១ នៃព្រឹទ្ធសភា លោក នៃ ប៉េណា ចំនួន ១៥រូប។ ទីប្រឹក្សាទាំងនោះ មានឋានៈស្មើរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។
មន្ត្រី ជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ថា ការតែងតាំងទីប្រឹក្សាទាំងនេះ គឺជាការចាយថវិកាជាតិច្រើន មិនសមនឹងការចំណាយ។ លោក អំ សំអាត ស្នើថា មុននឹងឲ្យមានការតែងតាំងទីប្រឹក្សារបស់ប្រមុខស្ថាប័នរបស់រដ្ឋ នីមួយៗ គួរសិក្សាឲ្យបានច្បាស់លាស់ពីតម្រូវការការងារ មុននឹងតែងតាំង៖ «ខ្ញុំឯកភាពថា តែងតែមានទីប្រឹក្សា ប៉ុន្តែប្រហែលកម្ពុជា ទេដែលថ្នាក់ដឹកនាំមានទីប្រឹក្សាច្រើននោះ។ ខ្ញុំគិតថា គួរមានកម្រិតមួយជាក់លាក់ ដែលកំណត់ពីប្រឹក្សា អ្នកជួយធ្វើការប្រធាន ឬអនុប្រធានព្រឹទ្ធសភា ឬរដ្ឋសភា»។
សង្គម ស៊ីវិល តែងតែរិះគន់ថា ប្រមុខស្ថាប័នរបស់រដ្ឋមានទីប្រឹក្សាច្រើន បើធៀបទៅនឹងប្រទេសផ្សេងៗទៀត ប៉ុន្តែអ្នកខ្លះយកងារជាទីប្រឹក្សាទៅរំលោភយកដីពលរដ្ឋក៏មាន។
ស្ថាប័ន ព្រឹទ្ធសភា បង្កើតឡើងកាលពីឆ្នាំ១៩៩៨ ខណៈដែលមានវិបត្តិនយោបាយ ដែលគេដឹងថា បង្កើតឡើងដើម្បីរកកន្លែងឲ្យ លោក ជា ស៊ីម ដែលកាលនោះលោកជាប្រធានគណបក្សប្រជាជនកម្ពុជា។
ឆ្លើយ តបនឹងការលើកឡើងរបស់សង្គមស៊ីវិល អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម នាង មានប្រសាសន៍ថា ចំនួនទីប្រឹក្សាទាំងអស់ គឺជាអ្វីដែលអនុប្រធានព្រឹទ្ធសភា ត្រូវទទួលបាន ព្រោះ លោក នៃ ប៉េណា ទើបតែឡើងកាន់តំណែងថ្មី។ លោកបន្តថា ទីប្រឹក្សាទាំង ១៥រូបនេះ នឹងជួយការងារផ្នែកច្បាប់នៅខុទ្ទកាល័យអ្នកស្រាវជ្រាវ និងមានអ្នកផ្សេងទៀត ដើម្បីជួយការងាររដ្ឋបាល៖ «គាត់ (អនុប្រធានព្រឹទ្ធសភា) ទើបតែស្នើតែងតាំងទីប្រឹក្សាថ្មី ព្រោះគាត់ត្រូវឡើងកាន់មុខតំណែងថ្មី កាលពីមុនគាត់ប្រធានគណៈកម្មការទី៧ ទេ។ ចឹង គឺគាត់សុំស្នើទីប្រឹក្សាជាន់ខ្ពស់ អ្នកច្បាប់ និងអ្នកផ្សេងទៀត ដើម្បីបម្រើការងាររបស់គាត់»។
អ្នកនាំពាក្យដដែល ពន្យល់ថា ក្នុងចំណោមទីប្រឹក្សាទាំង ១៥រូប មានទីប្រឹក្សាខ្លះមិនទទួលបានប្រាក់បៀវត្សរ៍បន្ថែម គ្រាន់តែបន្ថែមមុខងារបច្ចុប្បន្ន។ លោកថា ទីប្រឹក្សាដែលជួយសម្រួលដល់អនុប្រធានព្រឹទ្ធសភា ជាអ្នកច្បាប់ និងអ្នកបច្ចេកទេស។
យ៉ាងណាក៏ដោយចុះ សង្គមស៊ីវិលតែងតែហៅស្ថាប័នរដ្ឋ ថាមានក្បាលធំជាងខ្លួន ខណៈដែលការតែងតាំងទីប្រឹក្សាគ្មានប្រសិទ្ធភាព ធ្វើឲ្យខ្ជះខ្ជាយលុយជាតិ និងគ្មានតម្លាភាព។ នៅអាណត្តិទី៥ នេះ រដ្ឋាភិបាល លោក ហ៊ុន សែន អមដោយឧបនាយករដ្ឋមន្ត្រី ៩រូប ទេសរដ្ឋមន្ត្រី ១៥រូប និងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីចំនួន ១៣នាក់ ដែលគេមិនទាន់រាប់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ និងទីប្រឹក្សារាប់រយនាក់ផ្សេងទៀតផង៕
No comments:
Post a Comment