Sunday, 4 October 2015

បក្ស​អំណាច​ខ្មែរ ​មិន​ចង់​រួបរួម​​ជាមួយ​បក្ស​ជាប់​ឆ្នោត

បក្ស​អំណាច​ខ្មែរ ​មិន​ចង់​រួបរួម​​ជាមួយ​បក្ស​ជាប់​ឆ្នោត

ភ្នំពេញៈ លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​​អំណាច​ខ្មែរ​ដែល​បាន​មក​ដល់​​កម្ពុជា​កាលពី​ម្សិលមិញ​ដើម្បី ​ចូលរួម​ក្នុង​ការ​​​បោះឆ្នោត​នា​ពេល​ខាង​មុខ​មិន​ចាប់​អារម្មណ៍​លើ​​​​ការ​ បង្រួប​បង្រួម​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច និង​គណបក្ស​​ប្រឆាំង​ទេ​ប៉ុន្តែ​ចង់​បង្រួប​បង្រួម​ជាមួយ​នឹង​គណបក្ស​នយោបាយ ​ដែល​​គ្មាន​អាសនៈ​ក្នុង​រដ្ឋសភា។
ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​ពេល​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ ភ្នំពេញ​ដោយ​មាន​​​អ្នក​គាំទ្រ​ប្រហែល ១០០ នាក់​លោក សេរីរដ្ឋា ដែល​​​ជា​ពលរដ្ឋ​ខ្មែរ​កាន់​សញ្ជាតិ​អាមេរិក​បាន​រិះគន់​លោក ហ៊ុន សែន គណបក្ស​​ប្រជាជន​ដែល​​កាន់​អំណាច​យូរ និង​លោក សម រង្ស៊ី និង​លោក កឹម សុខា ថា​អសមត្ថភាព​ក្នុង​ការ​ដឹកនាំ​ទើប​លោក​មិន​​ចាប់​អារម្មណ៍​ក្នុង​ការ​ ចូលរួម​ជាមួយ​គណបក្ស​ទាំង​ពីរ​នេះ​។
លោក​​ថ្លែង​ថា៖ «​ប្រសិន​បើ​ខ្ញុំ​ឃើញ​ថា​ពួកគេ​ជា​មេដឹកនាំ​នយោបាយ​ដែល​មាន​សមត្ថភាព​នោះ​​ ខ្ញុំ​នឹង​រួបរួម​ជាមួយ​នឹង​ពួកគេ​ខ្ញុំ​មិន​ចាំបាច់​បង្កើត​គណបក្ស​ថ្មី​ នេះ​ទេ។ ដូច្នេះ ​ខ្ញុំ​មិន​ចាប់​អារម្មណ៍​​លើ​ចំណុច​ទាំងអស់​នៃ​ការ​អំពាវនាវ​របស់​ពួកគេ​ទេ ​ព្រោះ​ការ​អំពាវនាវ​របស់​ពួកគេ​ពុំ​មាន​តម្លៃ​សម្រាប់​យើង​ពិចារណា​ទេ​»។
ទោះបី​ជា​យ៉ាង​ណា​ លោក​​​ថា​ លោក​នឹង​ពិចារណា​បង្រួប​បង្រួម​នឹង​គណបក្ស​សង្គ្រោះជាតិ​ប្រសិន​បើ​មេដឹកនាំ ​គណបក្ស​ទាំង​ពីរ​មាន​របៀប​វារៈ​នយោបាយ​ត្រឹមត្រូវ​ហើយ​អញ្ជើញ​គណបក្ស​ នយោបាយ​ទាំងអស់​ជា​ផ្លូវការ​ដើម្បី​បង្រួបបង្រួម​គ្នា។
លោក សុខ ឥសាន្ដ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចាប់​អារម្មណ៍​លើ​ការ​ដែល​លោក សួន សេរីរដ្ឋា ចូលរួម​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ ២០១៧ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៨ ទេ។
លោក សុខ ឥសាន្ដ ថ្លែង​ថា​មាន​គណបក្ស​ខ្លាំងៗ​ជាច្រើន​ដែល​ចូលរួម​កាន់តែ​ច្រើន​ឡើង​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​សប្បាយ​នឹង​ប្រកួត​ប្រជែង។
Content image - Phnom Penh Post
លោក សេរីរដ្ឋា និង​មន្ត្រី​បក្ស​អំណាច​ខ្មែរ​ទទួល​ពរជ័យ​ពី​ព្រះសង្ឃ​ពេល​មក​ដល់។ ម៉ៃ វីរៈ

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា៖ «​ប្រសិន​បើ​គាត់​ធ្វើការ​ដើម្បី​ប្រជាធិបតេយ្យ​គាត់​មិន​និយាយ​បែប​នេះ​ទេ។ គាត់​មិនមែន​ជា​គូ​ប្រជែង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​»។
លោក ឥសាន្ដ បាន​ថ្លែង​ថា៖ «​​គាត់​រិះគន់​រិះគន់​ទៅ។ ប្រសិន​បើ​គាត់​រិះគន់​ត្រឹមត្រូវ​គណបក្ស​នឹង​​ពិចារណា​យើង​នឹង​ស្វាគមន៍។ ប៉ុន្តែ​ប្រសិន​បើ​គាត់​រិះគន់​ក្នុង​ន័យ​ប្រមាថ​ជា​អំពើ​ព្រហ្មទណ្ឌ​នេះ​ជា ​បញ្ហា​គាត់​»​។
នៅពេល​សួរ​ថា​តើ​គណបក្ស​ប្រជាជន​គាំទ្រ​​ឲ្យ​បង្កើត​គណបក្ស​​អំណាច​ខ្មែរ ​​ដើម្បី​បំបែក​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ ឬ​​​​ យ៉ាង​ណា​ លោក ឥសាន្ដ បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ហើយ​បាន​បង្វែរ​សំណួរ​ទៅ​លោក រដ្ឋា ផ្ទាល់។ ទាំង​លោក ឥសាន្ដ និង​​លោក រដ្ឋា បាន​អះអាង​ថា​ការ​ចោទប្រកាន់​ដែល​ថា​ការ​បង្កើត​គណបក្ស​អំណាច​ខ្មែរ​គឺ​ ដើម្បី​បំបែក​សំឡេង​គណបក្ស​ប្រឆាំង​ថា​គ្រាន់តែ​ជា​ការ​លាប​ពណ៌​តែ​ ប៉ុណ្ណោះ។
ប៉ុន្តែ​លោក អ៊ូ វីរៈ ប្រធាន Future Forum នៅ​តែ​លើក​ឡើង​ថា​គណបក្ស​របស់​លោក រដ្ឋា គឺជា​សេចក្តី​ត្រូវ​ការ​របស់​គណបក្ស​ប្រជាជន​ដែល​​ចង់​បំបែក​សំឡេង​​របស់​ គណបក្ស​សង្គ្រោះ​ជាតិ​ព្រោះ​លោក សេរីរដ្ឋា ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​លោក ហ៊ុន សែន ថា​ប៉ុនប៉ង​ផ្តួល​រលំ​រដ្ឋាភិបាល​ហើយ​​បន្ទាប់មក​គាត់​ត្រូវ​បាន​អនុញ្ញាត​ ឲ្យ​បង្កើត​គណបក្ស​ដោយ​លោក ហ៊ុន សែន ដើម្បី​ចូលរួម​ការ​បោះឆ្នោត។
«​គណបក្ស​កាន់​អំណាច​ចង់​បាន​បែប​នេះ។ គាត់​​ជា​អ្នក​ចោទ​លោក សួន សេរីរដ្ឋា ហើយ​បាន​ត្រួសត្រាយ​ផ្លូវ​ឲ្យ​លោក​ រដ្ឋា ចូល​ស្រុក​»។
ប៉ុន្តែ​ លោក​​​​​បញ្ជាក់​​ថា ​វា​ក៏​ល្អ​ចំពោះ​គណបក្ស​សង្គ្រោះជាតិ​នៅពេល​មាន​គណបក្ស​ដទៃ​ទៀត​ក្នុង​ឆាក​ នយោបាយ​ដើម្បី​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​និយាយ​​ពី​ជាតិ​និយម​បើ​មិន​ អ៊ីចឹង​ទេ​គណបក្ស​សង្ក្រោះ​ជាតិ​មិន​និយាយ​ពី​​ជាតិ​និយម​ទៀត​ទេ។
លោក សួន សេរីរដ្ឋា ត្រូវ​បាន​​ចោទប្រកាន់​ពី​បទ​រៀបចំ​គម្រោង​​ផ្តួលរលំ​រដ្ឋាភិបាល​​លោក ហ៊ុន សែន។
លោក​ត្រូវ​បាន​ផ្តន្ទាទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ ៧ ឆ្នាំ​នៅ​ឆ្នាំ ២០១៤ ប៉ុន្តែ​ត្រូវ​បាន​លើក​លែង​ទោស​ដោយ​ព្រះមហាក្សត្រ នរោត្តម សីហមុនី នៅ​ខែ​កក្កដា ឆ្នាំ ២០១៥ បន្ទាប់ពី​មាន​សំណើ​ពី​លោក ហ៊ុន សែន ​ហើយ​​​លោក​​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្កើត​គណបក្ស​​​អំណាច​ខ្មែរ​នៅ​ថ្ងៃ​ ទី ១៧ ខែ​កញ្ញា៕ TK

No comments: