Monday, 16 November 2015

លោក សម រង្ស៊ី នឹង​វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​នៅ​យប់​ថ្ងៃ​ច័ន្ទ ទី​១៦ វិច្ឆិកា

លោក សម រង្ស៊ី នឹង​វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​នៅ​យប់​ថ្ងៃ​ច័ន្ទ ទី​១៦ វិច្ឆិកា
ដោយ ម៉ម មុនីរតន៍
2015-11-15
មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង លោក កឹម សុខា ថ្លែង​ទៅ​កាន់​ពលរដ្ឋ​នៅ​ខាង​មុខ​រដ្ឋសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ធ្នូ ២០១៤។
RFA/Tin Zakariya

មន្ត្រី​ជាន់​ គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា ប្រធាន​គណបក្ស​ជំទាស់​អាច​នឹង​មក​ដល់​កម្ពុជា វិញ​ដូច​ការ​គ្រោង​ទុក ប្រសិន​បើ​ពុំ​មាន​ការ​ប្រែប្រួល​ណា​មួយ​ជា​ចាំបាច់​ទេ។ ការ​វិល​ត្រឡប់​មក​កម្ពុជា វិញ​នេះ គឺ​បន្ទាប់​ពី​តុលាការ​បាន​ចេញ​ដីកា​ចាប់​ខ្លួន លោក សម រង្ស៊ី តាម​បណ្ដឹង​របស់ លោក ហោ ណាំហុង កាល​ពី ៧​ឆ្នាំ​មុន ក្រោយ​ពី លោក ហ៊ុន សែន ព្រមាន​ថា លោក​នឹង​មិន​ជួយ​សម្រួល​ដល់​ការ​លើក​លែង​ទោស​ដល់ លោក សម រង្ស៊ី ទៀត​ឡើយ។ អ្នក​ច្បាប់​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល ចាត់​ទុក​ថា នេះ​ជា​ការ​អនុវត្ត​ដែល​ផ្ទុយ​ពី​ច្បាប់ ហើយ​ថា ដីកា​ចាប់​ខ្លួន​នេះ​ជា​ហេតុផល​នយោបាយ។

មន្ត្រី​ជាន់​ ខ្ពស់​គណបក្ស​ជំទាស់​បញ្ជាក់​ថា ការ​វិល​ត្រឡប់​មក​វិញ​លើក​នេះ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ម៉ោង ១០​យប់​ថ្ងៃ​ទី​១៦ វិច្ឆិកា។

លោក អេង ឆៃអ៊ាង មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា ថា ការ​ផ្លាស់ប្ដូរ​ជើង​យន្តហោះ​ដែល​គ្រោង​ទុក គឺ​ត្រូវ​ចុះ​ចត​នៅ​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប នោះ ប៉ុន្តែ​បែរ​ជា​ត្រូវ​ប្ដូរ​មក​ភ្នំពេញ​វិញ​នេះ ព្រោះ​តែ​ជើង​យន្តហោះ​របស់​កូរ៉េ ពុំ​មាន​យន្តហោះ​ដែល​ត្រូវ​ចុះ​ចត​នៅ​ខេត្ត​សៀមរាប។ ក្រៅ​ពី​នេះ គណបក្ស​សង្គ្រោះ​ជាតិ ពុំ​បាន​កោះ​ហៅ​សកម្មជន​របស់​ខ្លួន​ដើម្បី​ត្រៀម​ចាំ​ទទួល លោក សម រង្ស៊ី ឡើយ។ បន្ថែម​ពី​លើ​នេះ​ទៀត លោក​បញ្ជាក់​ថា បើ​ពុំ​មាន​ការ​កែប្រែ​ជា​ចាំបាច់​ណា​មួយ​ទេ គឺ​ប្រធាន​គណបក្ស​ជំទាស់ នឹង​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង ១០​យប់​ថ្ងៃ​ទី​១៦ វិច្ឆិកា។ លោក​បន្ត​ថា «ដំណើរ​នេះ​នឹង​អាច​មាន​ការ​ប្រែប្រួល មាន​ការ​ប្រែប្រួល​ប្រសិន​បើ​ជា​មាន​ឧបសគ្គ​ជា​យថាហេតុ​ណា​មួយ។ ប្រែប្រួល​ហ្នឹង គឺ​មិន​មាន​ប្រែប្រួល​យូរ​ទេ នឹង​មាន​រយៈពេល​ខ្លី»។

លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ លោក សម រង្ស៊ី កំពុង​ព្យាយាម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ជាមួយ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង ហើយ​បើ​មាន​ការ​ចាប់​ខ្លួន​មែន លោក​នឹង​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច មិន​ចាំបាច់​បង្ខំ​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត សកម្មជន​គណបក្ស​ជំទាស់ គឺ​ខាង​គណបក្ស​ពុំ​បាន​ជូន​ដំណឹង​ដើម្បី​ឲ្យ​រៀបចំ​ចាំ​ទទួល​ណា​មួយ​នោះ​ ដែរ។

លោក សម រង្ស៊ី ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ស៊ឺ វណ្ណនី ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា។ បណ្ដឹង​ក្រោម​បទ​ចោទ បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង ដែល​បាន​បន្សល់​ទុក​តាំង​ពី ៧​ឆ្នាំ​មុន​របស់ លោក ហោ ណាំហុង នេះ គឺ​បន្ទាប់​ពី លោក ហ៊ុន សែន ប្រតិកម្ម​ភ្លាមៗ​នៅ​ពេល​មាន​សារ​ឆ្លើយ​ឆ្លង​គ្នា​រវាង​លោក​នាយក​ រដ្ឋមន្ត្រី និង​លោក សម រង្ស៊ី តាម​បណ្ដាញ​សង្គម (Facebook) ចាប់​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា មក។

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​ទាក់ទង លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ដើម្បី​ឆ្លើយ​តប​បាន​ភ្លាមៗ​ទេ​នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា។

បើ ​ទោះ​ជា​បែប​ណា លោក នី ចរិយា អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) យល់​ឃើញ​ថា នេះ​ជា​ការ​អនុវត្ត​ដែល​រំលោភ​ទាំង​ស្រុង​ប្រឆាំង​ទៅ​នឹង​ច្បាប់​បោះ​ឆ្នោត ដែល​បាន​ធានា​រួច​ហើយ​នូវ​អភ័យ​ឯកសិទ្ធិ​ដ៏​ពេញលេញ​របស់​មេ​បក្ស​ជំទាស់។ លោក​បន្ត​ថា «គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ទទួល​ស្គាល់​ឯកឧត្ដម សម រង្ស៊ី ជា​បេក្ខជន​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៤។ អ៊ីចឹង គឺ​ថា​បទល្មើស​ទាំងឡាយ​ដែល​កើត​ឡើង​មុន​ដែល​គាត់​បាន​ដាក់​ពាក្យ​សុំ ហើយ​ជា​តំណាង​រាស្ត្រ​ហ្នឹង គឺ​ត្រូវ​រលប់​អស់​លែង​មាន​បទល្មើស​ត​ទៅ​ហើយ»។

ច្បាប់ ​បោះ​ឆ្នោត​ថ្មី​មាត្រា​២៤ ចែង​ថា ជន​ដែល​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​ឧក្រិដ្ឋ ឬ​បទ​មជ្ឈិម ហើយ​ដែល​មិន​ទាន់​មាន​នីតិសម្បទា​ឡើង​វិញ ឬ​ជន​ដែល​ត្រូវ​ផ្ដន្ទាទោស ត្រូវ​ដក​សិទ្ធិ​បោះ​ឆ្នោត ឬ​ដក​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត។ ស្ថិត​ក្រោម​ហេតុផល​នេះ លោក នី ចរិយា អះអាង​ថា ការ​ពិត​ទោស​ទាំង​អម្បាលម៉ាន​របស់ លោក សម រង្ស៊ី ត្រូវ​បាន​ផុត​រលត់​រួច​ទៅ​ហើយ​ក្រោយ​ពី គ.ជ.ប បាន​ផ្ដល់​នីតិសម្បទា​ឲ្យ​ឈរ​ឈ្មោះ​ជា​អ្នក​តំណាង​រាស្ត្រ​ឡើង​វិញ នៅ​មុន​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣។

បើ​ទោះ​ជា​បែប​ នេះ​ក៏ដោយ​ចុះ មន្ត្រី​រដ្ឋាភិបាល​អះអាង​ហើយ​ថា គេ​បាន​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​អនុវត្ត​ទៅ​តាម​ច្បាប់ ក្នុង​ការ​ចាប់​ខ្លួន លោក សម រង្ស៊ី។ ជុំវិញ​រឿង​នេះ លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​ចុះ​ផ្សាយ​ថា រដ្ឋាភិបាល​ពុំ​បាន​ចេញ​បម្រាម​ដល់​ក្រុម​អាកាសចរណ៍​ស៊ីវិល មិន​ឲ្យ​លក់​សំបុត្រ​យន្តហោះ​សម្រាប់ លោក សម រង្ស៊ី វិល​ត្រឡប់​មក​កម្ពុជា វិញ​ទេ។

លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​ឲ្យ លោក សម រង្ស៊ី និយាយ​ថា នេះ​ជា​កំហុស​បច្ចេកទេស​របស់​តុលាការ​ក្រុង​ភ្នំពេញ និង​ជា​ចេតនា​នយោបាយ ដើម្បី​ទុក​ចាត់​វិធានការ​ប្រឆាំង​មេ​បក្ស​ជំទាស់។ លោក​បន្ត​ថា តាម​ពិត​ផ្អែក​លើ​គោលការណ៍​ច្បាប់ កាល​ណា​ព្រះមហាក្សត្រ​ព្រះអង្គ​ព្រះរាជទាន​លើក​លែង​ទោស​ហើយ គឺ​បណ្ដឹង​ក៏​ត្រូវ​រលត់​ទៅ​តាម​នោះ​ដែរ៕

No comments: