Tuesday, 10 November 2015

តំណាងរាស្ត្រ​ដែល​រង​ការ​វាយ​ប្រហារ​ប្ដឹង​ទារ​សំណង​ក្នុង​ម្នាក់​១០០​លាន​រៀល

តំណាងរាស្ត្រ​ដែល​រង​ការ​វាយ​ប្រហារ​ប្ដឹង​ទារ​សំណង​ក្នុង​ម្នាក់​១០០​លាន​រៀល
ដោយ ប្រាជ្ញ ចេវ
2015-11-10 rfa
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​របួស​ដោយ​ការ​វាយ​ប្រហារ​ពី​មនុស្ស​មួយ​ក្រុម លោក ញ៉យ ចំរើន (ឆ្វេង) និង​លោក គង់ សភា (កណ្ដាល) ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ទីស្នាក់ការ​គណបក្ស​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ កាល​ពី​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៥។
RFA/Brach Chev

តំណាងរាស្ត្រ ២​រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​របួស​ដោយ​ការ​វាយ​ប្រហារ​ដោយ​ក្រុម​បាតុករ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្ដឹង​ក្រុម​បាតុករ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា នេះ។ ក្នុង​បណ្ដឹង​ដែល​ធ្វើ​ឡើង​តាម​រយៈ​មេធាវី​របស់​ខ្លួន តំណាងរាស្ត្រ​ម្នាក់ៗ ទាមទារ​សំណង​ជា​ទឹកប្រាក់​ចំនួន ១០០​លាន​រៀល និង​ប្ដឹង​ជន​បង្ក​ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​គិត​ទុក​ជា​មុន និង​ធ្វើ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។

បណ្ដឹង​ដែល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ពាក្យ​ប្ដឹង​នោះ ចែក​ចេញ​ពីរ​ដាច់​ពី​គ្នា ពោល​លោក ញ៉យ ចំរើន ធ្វើ​មួយ​បណ្ដឹង និង​លោក គង់ សភា ប្ដឹង​មួយ​បណ្ដឹង​ទៀត ប៉ុន្តែ​ប្ដឹង​ពី​បទ​ចោទ​ដូច​គ្នា និង​ទាមទារ​ប្រាក់​សំណង​ដូច​គ្នា។

​មេធាវី​ការពារ​ក្ដី​របស់​តំណាងរាស្ត្រ​ទាំង​ពីរ គឺ​លោក ជូង ជូងី ប្រាប់​ពី​មូលហេតុ​នៃ​ការ​ដាក់​បណ្ដឹង​នេះ​ថា ដើម្បី​ធ្វើ​ឲ្យ​ភាគី​តំណាងរាស្ត្រ​មាន​សិទ្ធិ​ឈរ​ជាដើម​បណ្ដឹង ដែល​អាច​ទាមទារ​សំណង និង​សុំ​ឲ្យ​សមត្ថកិច្ច​ដាក់ទោស​ជនល្មើស​តាម​ច្បាប់។  លោក​បន្ត​ទៀត​ថា លោក​បាន​ដាក់​បណ្ដឹង​ទៅ​តុលាការ​តាម​បែបបទ​រដ្ឋបាល និង​តុលាការ​បាន​ទទួល​បណ្ដឹង​របស់​លោក​រួច​ហើយ​ដែរ៖ «បើ​កាល​ណា​យើង​មិន​ប្ដឹង យើង​មិន​ទាន់​អាច​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង ចឹង​យើង​មិន​អាច​ចូល​ទៅ​ដើម្បី​ទាមទារ​សិទ្ធិ និង​សំណង។ ខ្ញុំ​រំពឹង​ថា សមត្ថកិច្ច​នឹង​ធ្វើ​ការ​តាម​បច្ចេកទេស ដើម្បី​ចាប់​ខ្លួន​ជនល្មើស​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់»។



​គិត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​មិន​ទាន់​បាន​ចាប់​ខ្លួន​អ្នក​បង្ក​ហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត​បាន​នៅ​ឡើយ​ទេ ក្រៅ​ពី​មាន​ជនសង្ស័យ ៣​នាក់ ចេញ​មុខ​មក​សារភាព។ អ្នក​ទាំង ៣​នាក់​នោះ ត្រូវ​បាន​តុលាការ​ចោទ​ចំនួន ២​ករណី គឺ​បទ​បង្ក​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​មួយ​ករណី​ទៀត គឺ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត យល់​ថា ការ​ដាក់​ពាក្យ​បណ្ដឹង​នេះ ជា​សិទ្ធិ​របស់​តំណាងរាស្ត្រ​ដែល​រង​របួស​ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌​និង​សំណង។ ទោះ​ជា​ប្រព័ន្ធ​តុលាការ​សព្វ​ថ្ងៃ​រង​ការ​ចោទ​ប្រកាន់​ស្ថិត​ក្រោម​គំនាប​របស់​អ្នក​នយោបាយ​ក្ដី  ប៉ុន្តែ​លោក អំ សំអាត លើក​ឡើង​ថា នេះ​ជា​កាតព្វកិច្ច​ផ្លូវ​ច្បាប់​ដែល​ជនរងគ្រោះ​ស្វែង​រក​ការ​អន្តរាគមន៍​ពី​សមត្ថកិច្ច និង​ពី​តុលាការ៖ «ជន​រងគ្រោះ និង​មេធាវី​តំណាង ត្រូវ​តែ​ខិតខំ​តាម​លទ្ធភាព ដើម្បី​ស្វែងរក​យុត្តិធម៌ ប៉ុន្តែ​ទាក់ទង​នឹង​ដំណើរ​ការ និង​ការ​ស្វែងរក​យុត្តិធម៌​យ៉ាង​ណា​នោះ យើង​ចាំ​មើល​បន្ត​ទៀត»។

​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់​មាន​ប្រសាសន៍​ថា គណៈកម្មការ​ជំនាញ​របស់​ក្រសួង​មហាផ្ទៃ នៅ​តែ​បន្ត​ធ្វើ​ការងារ​នេះ ដើម្បី​ស្វែង​រក​ជន​ប្រព្រឹត្តិ​ផ្សេង​ទៀត។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២​រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ត្រូវ​ក្រុម​បាតុករ​ព្រួត​គ្នា​វាយ​ឲ្យ​របួស​ធ្ងន់ ក្នុង​ពេល​ក្រុម​បាតុករ​តវ៉ា​នៅ​ខាង​មុខ​រដ្ឋ​សភា ធ្វើ​បាតុកម្ម​ទាមទារ​ទម្លាក់​លោក កឹម សុខា ពី​តំណែង​ជា​អនុ​ប្រធាន​ទី​១ រដ្ឋសភា​នោះ។

សង្គម​ស៊ីវិល​រិះគន់​ថា ការ​អនុវត្ត​ការងារ​របស់​សមត្ថកិច្ច​មាន​ស្តង់ដារ​ពីរ​ផ្សេង​គ្នា ខណៈ​ដែល​ជនសង្ស័យ​គំរាម​សម្លាប់​មន្ត្រី​រដ្ឋាភិបាល ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ភ្លាមៗ។  ប៉ុន្តែ​ជន​បង្ក​ហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង បើ​ទោះ​ជា​មាន​ការ​បង្ហាញ​រូបថត និង​ខ្សែ​វីដេអូ​តាម​បណ្ដាញ​សង្គម​យ៉ាង​ណា​ក្ដី គេ​មិន​ទាន់​ឃើញ​សមត្ថកិច្ច​បង្ហាញ​ពី​លទ្ធផល​ការងារ​របស់​ខ្លួន​នៅ​ឡើយ​ទេ៕

No comments: