បក្សប្រឆាំងប្រតិកម្មនឹងសារព្រមានរបស់ចៅហ្វាយខេត្តតាកែវរឿងដីព្រំដែនតំបន់ថ្ម៣ដុំ
ដោយ ម៉ម មុនីរតន៍
2016-01-31 rfa
អ្នក
ឃ្លាំមើលបញ្ហាព្រំដែន និងគណបក្សប្រឆាំង យល់ឃើញថា
ប្រតិកម្មរបស់អភិបាលខេត្តតាកែវ
ប្រឆាំងអ្នករិះគន់ថាដីនៅបរិវេណថ្ម ៣ដុំ ក្នុងខេត្តតាកែវ
ត្រូវបានគេរកឃើញថា ត្រូវបានវៀតណាម គ្រប់គ្រងទៅហើយនោះ
ថាជារបៀបគ្រប់គ្រងអំណាចនិយម និងផ្ទុយពីច្បាប់។ កាលពីថ្ងៃទី២៧
មករា ចៅហ្វាយខេត្តតាកែវ ព្រមានវ៉ៃខ្នោះអ្នកដែលដើរនិយាយថា
ដីនៅបរិវេណថ្ម ៣ដុំ នៅស្រុកបូរីជលសារ ជាប់ព្រំដែនវៀតណាម
ថាជាកម្មសិទ្ធិរបស់វៀតណាម ទៅហើយនោះ។
ក្រុមអ្នក
ឃ្លាំមើលការអភិវឌ្ឍ និងគណបក្សក្រៅរដ្ឋាភិបាល ចាត់ទុកថា
សារព្រមានរបស់អភិបាលខេត្តតាកែវ រហូតវ៉ៃខ្នោះ និងចាប់ដាក់គុក
ចំពោះជនទាំងឡាយណាដែលហ៊ានរិះគន់ថា ដីនៅបរិវេណថ្ម ៣ដុំ
ត្រូវបាត់បង់ទៅប្រទេសវៀតណាម។
ការខ្វែងគំនិតគ្នា
រឿងដីនៅបរិវេណថ្ម ៣ដុំ
បានក្លាយទៅជាមានភាពចម្រូងចម្រាសមួយថ្មីទៀត
បន្ទាប់ពីតំបន់ដទៃទៀតនៅជាប់ព្រំដែនកម្ពុជា-វៀតណាម
នៅតែមិនទាន់ដាច់ស្រេចនៅឡើយត្រង់ចំណុចខ្លះ។
តំណាង
រាស្ត្រមណ្ឌលតាកែវ មកពីគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន
យល់ឃើញថា នេះជាការបំបិទសិទ្ធិ ដែលអនុវត្តផ្ទុយទៅនឹងច្បាប់។
លោកបន្តថា ថ្វីបើនៅពេលនេះ ដីនៅតំបន់ថ្ម ៣ដុំ
និងទីតាំងផ្សេងទៀតជិតៗនោះ ពុំទាន់អាចបញ្ជាក់បានថា
ជារបស់កម្ពុជា ឬវៀតណាម ក្តី ជាក់ស្ដែងការចេញចូលទៅកាន់តំបន់ថ្ម
៣ដុំ គឺពុំត្រូវបានអនុញ្ញាតដោយងាយស្រួលឡើយ។ ម្យ៉ាងវិញទៀត
ការព្រមានប្រើប្រព័ន្ធតុលាការប្រឆាំងសកម្មជនព្រំដែន
និងអ្នកតំណាងរាស្ត្រ ដោយគ្រាន់តែពិនិត្យទីតាំងបោះបង្គោល
បែរជាចាត់ទុកថាជាកំហុសឆ្គងទៅវិញនោះ បានន័យថា
ជាការប្រើប្រាស់អំណាចលើសលប់ផ្ទុយពីច្បាប់។ លោកបន្តថា
«នេះជាការរំលោភអំណាច យកអំណាចប្រើប្រាស់ដោយប្រាសចាកពីច្បាប់។
ច្បាប់ធានាអភ័យឯកសិទ្ធិ
ហើយច្បាប់ក្នុងរដ្ឋធម្មនុញ្ញបានចែងកាតព្វកិច្ច
និងតួនាទីរបស់ពលរដ្ឋខ្មែរ មានតួនាទីការពារទឹកដី»។
នៅ
ក្នុងសន្និបាតបូកសរុបការងារនៅខេត្តតាកែវ កាលពីថ្ងៃទី២៧
ចុងខែមករា កន្លងទៅនេះ អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ
បានព្រមានចាត់វិធានការប្រឆាំងអ្នកដែលរិះគន់ដីនៅថ្ម
៣ដុំដែលថាបាត់ទៅវៀតណាម គឺត្រូវប្រឈមមុខជាប់ពន្ធនាគារ
និងវ៉ៃខ្នោះដៃថែមទៀតផង មិនថាអ្នកនោះជាតំណាងរាស្ត្រឡើយ។
វិទ្យុ
អាស៊ីសេរី
ពុំទាន់អាចសុំការបំភ្លឺបន្ថែមជុំវិញបញ្ហានេះពីអភិបាលខេត្ត
តាកែវ លោក ឡាយ វណ្ណៈ បានទេនៅថ្ងៃទី៣១ មករា។
ឆ្លើយតប
រឿងនេះ មេឃុំកំពង់ក្រសាំង ពីខាងគណបក្សប្រជាជនកម្ពុជា
ស្រុកបូរីជលសារ ខេត្តតាកែវ លោក សុខ រឿន អះអាងថា ដីនៅបរិវេណថ្ម ៣ដុំ
គឺកម្ពុជា ជាអ្នកគ្រប់គ្រងសព្វថ្ងៃនេះ។ លើសពីនេះទៀត
ពលរដ្ឋអាចចេញចូលបានដោយសេរី។ មិនតែប៉ុណ្ណោះ ដីនៅចំណុចថ្ម ៣ដុំ
មានកម្លាំងសមត្ថកិច្ចរបស់កម្ពុជា កំពុងគ្រប់គ្រង
និងឈរជើងយ៉ាងមាំថែមទៀតផង។ លោកបន្តថា «ថ្ម
៣ដុំហ្នឹងវានៅយ៉ាងម៉េច ខ្ញុំមិនដឹងទេ ប៉ុន្តែបច្ចុប្បន្ន កម្ពុជា
គ្រប់គ្រង។ ចុះមានអី យើងទៅមើល
មានកម្លាំងការពារទីនោះក្បែរប៉ុស្តិ៍នោះតើ»។
ផ្ទុយ
ពីការថ្លែងនេះ លោក សុខ រឿន ទទួលស្គាល់ថា ដីនៅថ្ម ៣ដុំ
ពិតជាបានបាត់មែន។ លោកបញ្ជាក់ប្រាប់កាសែត ខេមបូឌា ដេលី (Cambodia
Daily) កាលពីថ្ងៃទី២៨ មករា ថា តាមពិត ដីនៅបរិវេណថ្ម ៣ដុំ
ត្រូវបានវៀតណាម គ្រប់គ្រងបានដីក្នុងចំណែកថ្ម
២ដុំរួចទៅហើយនៅពេលនេះ។
ជុំវិញបញ្ហានេះ លោក កែម
ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម
ហើយធ្លាប់ចុះអង្កេតដោយផ្ទាល់នៅបរិវេណថ្ម ៣ដុំ
ចាត់ទុកការព្រមានរបស់ លោក ឡាយ វណ្ណៈ ថាជាការគួរឲ្យសោកស្ដាយ
ដែលសារនយោបាយនេះមិនបានឆ្លុះបញ្ចាំងពីការទទួលខុសត្រូវ
ហើយទាមទារឲ្យមានការបកស្រាយឡើងវិញ។ លើសពីនេះ លោក កែម ឡី ថ្លែងថា
អ្នកដែលខ្វល់ខ្វាយរឿងព្រំដែននេះ ពលរដ្ឋក៏មានសិទ្ធិ
និងកាតព្វកិច្ចក្នុងការការពារ ជាពិសេសបើរកឃើញថា
ការដឹកនាំមានចំណុចខ្វះខាត គឺរដ្ឋាភិបាលត្រូវបំពេញបន្ថែម
មិនត្រូវទប់ស្កាត់ ហើយប្រឆាំងការរិះគន់ដូច្នេះនោះទេ។ លោកបន្តថា
«ធានានូវអធិបតេយ្យភាព និងបូរណភាពទឹកដី មិនមែនមានតែអាជ្ញាធរទេ
គឺពលរដ្ឋគ្រប់រូបត្រូវមានសិទ្ធិនៅក្នុងការដឹងការឮ
ហើយបើសិនជាដឹងឮវាខ្វះខាត វាត្រូវប្រាប់ទៅអនុវត្ត
ដែលជាខ្ញុំបម្រើរបស់ប្រជាពលរដ្ឋ
មិនមែនជាចៅហ្វាយចាប់ចងវ៉ៃដាក់ខ្នោះទេ។
អ៊ីចឹងអាហ្នឹងត្រូវបកស្រាយឡើងវិញ ហើយបើសិនថ្នាក់គិតខុស
និងនិយាយខុស អាចពិចារណាឡើងវិញ»។
ដីនៅចំណុចថ្ម
៣ដុំ ដែលជាប់នឹងខេត្តអានយ៉ាង (An Dang) ប្រទេសវៀតណាម
គឺស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ២៦៦ និងលេខ២៦៧។ កម្ពុជា
និងវៀតណាម មានព្រំដែនគោកជាប់គ្នាប្រមាណ ១.២៧០គីឡូម៉ែត្រ។
បើ
ទោះជាបែបនេះក៏ដោយចុះ ទីតាំងថ្ម ៣ដុំ
មិនត្រូវបានអាជ្ញាធរខាងកម្ពុជា
បើកសិទ្ធិសេរីភាពឲ្យទៅពិនិត្យមើលដោយងាយស្រួលឡើយ។ ការចុះពិនិត្យ
គឺមានការអមដំណើរដោយកម្លាំងការពារព្រំដែន។
ក្រុមមន្ត្រីដែលការពារព្រំដែនខាងកម្ពុជា និយាយថា
ការរឹតបន្តឹងដូចនេះ គឺជាការស្នើរបស់ភាគីវៀតណាម។
រឹតតែជាបញ្ហាទៀតនោះ គឺថា វៀតណាម
ហាមដាច់ខាតមិនឲ្យមានការថតរូបជាវីដេអូ
សូម្បីថតជារូបសន្លឹកក៏ដោយនៅលើទឹកដីកម្ពុជា ក្បែរទីតាំងថ្ម
៣ដុំ៕
No comments:
Post a Comment